ភ្នំពេញៈ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​ថ្លែង​ទៅកាន់​កងទ័ព​ជើងទឹក​កាលពី​ម្សិលមិញ​ថា ត្រូវ​ចូលរួម​រក្សា​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សង្គម ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​តាម​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ក្នុង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ប្រឆាំង​បទល្មើស​ខុសច្បាប់​ឲ្យ​បាន​ទាន់​ពេលវេលា​។

លោក ទៀ បាញ់ បាន​ថ្លែង​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៩ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ​ ២០២០ របស់​បញ្ជាការ​កងទ័ព​ជើង​ទឹក​ដោយ​បាន​បញ្ជាក់​ដល់​កងទ័ព​ជើងទឹក​​ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់​ពង្រឹង​ប្រព័ន្ធ​ការពារជាតិ​នៅ​តាម​បណ្តា​កោះ និង​ឆ្នេរសមុទ្រ​នៅ​ទូទាំង​ប្រទេស​។

លោក ទៀ បាញ់ បាន​ថ្លែងថា​៖ «​ពង្រឹង​ការដាក់​ប៉ុស្តិ៍​សង្កេតការណ៍​នៅតាម​បណ្តា​កោះ​ និង​ធ្វើ​ល្បាត​ត្រួតពិនិត្យ​ភូមិសាស្ត្រ​ទទួល​ខុសត្រូវ​របស់ខ្លួន​ឱ្យបាន​ជាប់​ជា​ប្រចាំ​។ ត្រូវយក​ចិត្ត​ទុកដាក់​ម្ចាស់​ការចូលរួម​រក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង សហការ​ជាមួយ​សមត្ថកិច្ច​តាម​ស្ថាប័ន​ពាក់ព័ន្ធ គ្រប់​លំដាប់​ថ្នាក់ ចូលរួម​ឱ្យ​បាន​សកម្ម​ក្នុង​ការពង្រឹង ការអនុវត្ត​ច្បាប់ បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ភាពអនាធិបតេយ្យ​ខុសច្បាប់ និង​បទល្មើស​ផ្សេងៗ​ឱ្យ​បាន​ទាន់ពេលវេលា ដើម្បី​ចូលរួម​គាំទ្រ​ការប្រមូល​ថវិកាជាតិ​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​»​។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា កងទ័ព​ជើងទឹក​ក៏ត្រូវ​គិតគូរ​ទុកជាមុន​នូវ​រាល់​ការ​ប្រឈម​ទាំងឡាយ​ដែល​នឹង​អាច​កើតមានឡើង​នៅលើ​លម្ហ​សមុទ្រ​កម្ពុជា​ទាំង​សន្តិសុខ​បែប​ប្រពៃណី និង​មិន​ប្រពៃណី ដូចជា បញ្ហា​អធិបតេយ្យភាព​លើ​ដែនសមុទ្រ បញ្ហា​ភេរវកម្ម​ប្រដាប់អាវុធ អន្តោប្រវេសន៍​ខុសច្បាប់ ការជួញដូរ​គ្រឿងញៀន ការនេសាទ​ខុសច្បាប់ ការបំពុល​បរិស្ថាន គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​ទាមទារ​ឱ្យ​កងទ័ព​ជើងទឹក ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ជិតខាង ខិតខំ​រួមគ្នា​លើ​វិស័យ​នាវាចរ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​យូរអង្វែង លើ​ផ្ទៃសមុទ្រ​កម្ពុជា​។

លោក ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការ​កងទ័ព​ជើងទឹក​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០១៩ ​កងទ័ព​ជើងទឹក​បាន​យកចិត្ត​ទុកដាក់​ប្រមូលផ្ដុំ​ដឹកនាំ​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​យ៉ាងសកម្ម​ក្នុង​នោះ​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី ពង្រឹង​របៀប​ការពារ​ដែនទឹក កោះ ឆ្នេរ ដែនអាកាស និង​ធ្វើ​ល្បាត​ក្នុង​ភូមិសាស្ត្រ​ទទួល​​ខុសត្រូវ​បាន​ជាប់​ជាប្រចាំ​។

លោក​ថ្លែងថា​៖ «(​យើង​) ​ចាត់តាំង​កម្លាំង និង​មធ្យោបាយ​ចេញ​ធ្វើ​សកម្មភាព​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​រក្សា​សន្តិសុខ ចូលរួម ជួយសង្គ្រោះ​គ្រោះមហន្តរាយ​ផ្សេងៗ​ព្រមទាំង​ចេញ​ល្បាត​រួមគ្នា​នៅ​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ជាមួយ​កងទ័ពជើងទឹក​ប្រទេសជិតខាង​ផងដែរ​»​។

លោក ទៀ បាញ់ បានឱ្យ​ដឹងថា កងទ័ពជើងទឹក​ត្រូវ​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​មិត្ត​ទាំងអស់​តាមរយៈ​ការចូល​ចត​នាវា​នៅ​កំពង់ផែ​កម្ពុជា ដំណើរ​ទស្សនកិច្ច​ផ្លាស់ប្តូរ​យោបល់ ការជួប​ពិភាក្សា​គ្នា​ទៅវិញ​ទៅមក ការចូលរួម​ក្នុង​វេទិកា​ប្រជុំ​កងទ័ព​ជើងទឹក​អាស៊ាន និង​កម្មវិធី​ល្បាត​រួម​គ្នា​ជាមួយ​ប្រទេស​ជិតខាង​សំដៅ​ចែករំលែក​ព័ត៌មាន​ទៅវិញទៅមក ពង្រឹង​សមត្ថភាព​មន្ត្រី​យោធា ជំនាញ​អន្តរជាតិ លើក​កម្ពស់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ល្អប្រសើរ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ជាពិសេស​ជាមួយ​​ប្រទេស​ជិតខាង ដើម្បី​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ធ្វើឱ្យ​មាន​សណ្តាប់ធ្នាប់ និង​បរិស្ថាន​ល្អ​នៅក្នុង​ដែនសមុទ្រ​កម្ពុជា​។

លោក​ថា​កងទ័ព​ជើងទឹក​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ជាមួយ​កងទ័ព​ជើងទឹក ប្រទេស​ជិតខាង និង​ក្នុង​តំបន់​លើ​វិស័យ​សន្តិសុខ​លម្ហ​សមុទ្រ​ដែល​បច្ចុប្បន្ន​កំពុង​វិវត្ត​ទៅមុខ​។

លោក​បាន​បញ្ជាក់ថា​៖ «​កងទ័ព​ជើងទឹក​ត្រូវខិតខំ​ពង្រឹង​សមត្ថភាព​លើ​គ្រប់​វិស័យ​សំដៅ​ឱ្យមាន​ទាំង​សីលធម៌ គុណធម៌ វិន័យ និង​ឆន្ទៈ តាមរយៈ​ការបណ្តុះបណ្តាល ហ្វឹកហ្វឺន ការបំពាក់​ឧបករណ៍ សម្ភារ យុទ្ធោបករណ៍ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ទន់-រឹង​ឱ្យ​សមស្រប​ទៅនឹង​បច្ចេកវិទ្យា​ទំនើប និង​ភាពរីកចម្រើន​របស់​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​»៕