ភ្នំ​ពេញ៖ ​លោក​ ​ទៀ ​បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​បាន​ថ្លែង​ទៅ​កាន់​យោធា​ និង ​មន្ត្រី​នៃ​គណ​បក្ស​កាន់​អំ​ណាច​ដោយ​បាន​ប្រៀប​ធៀប​អំ​ពី​ការ​ដាក់​ទណ្ឌ​កម្ម​និង​ការ​ដាក់​សម្ពាធ​ពី​ប្រ​ភព​ខាង​ក្រៅ​មក​លើរាជ​រដ្ឋា​ភិបាល​បច្ចុ​ប្បន្ន​ វា​មិន​ធ្ងន់​ធ្ងរ​ដូច​ការ​រស់​នៅ​ក្នុង​របប​ ​ប៉ុល​ ​ពត​នោះ​ទេ។​

​ក្នុង​ពីធី​ ​អប​អរ​សាទរ​ ពិធី​ខួប ​៤២​ ឆ្នាំ ទិ​វា​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុ​ល​ពត​ ២​០​ ​មិថុនា ១៩៧៧-​២០ ​មិថុនា​ ២០១៩​ នៅ​ភូមិ​កោះ​ថ្ម ​ឃុំ​ទ​ន្លូង​ ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ ​លោក​ ទៀ ​បាញ់​បាន​ថ្លែង​ថា​៖ ​«​ខ្ញុំ​ចាត់​ទុក​ថា​ ការ​ដាក់​ទណ្ឌ​កម្ម​ ការ​ដាក់​សម្ពាធ​យ៉ាង​ណា​ក៏​ដោយ​គឺ​មិន​មាន​ស្អី​ហួស​ពី​សម័យ​ដែល​ ប៉ុល​ ពត វា​បង្កើត​គុក​ឥត​ជញ្ជាំង​ ហើយ​ដំ​ណើរ​ការ​របស់​វា​គឺ​ដល់​អាយុ​ជីវិត​ចាំ​តែ​ម៉ោង​ណា ​ពេល​ណា ​វេលា​ណា ​យក​ទៅ​វៃ​ចោល​ តែ​ប៉ុ​ណ្ណឹង​»​។​

លោក​ ទៀ ​បាញ់​ ក៏​បាន​អំ​ពាវ​នាវ​ផង​ដែរ​ដល់​នាយ​ទា​ហាន​និង​ពល​ទាហាន​ ត្រូវ​ពង្រីក​ពង្រឹង​ការ​យល់​ដឹង​ ដើម្បី​ប្រែក្លាយ​ឲ្យ​ទៅ​ជា​ភាព​រឹង​មាំ​ក្នុង​ការ​បំ​ពេញ​​ភារ​កិច្ច​ ​ប្រឈម​ជា​មួយ​នឹ​ង​ទិដ្ឋ​ភាព​ថ្មី​នៃ​គ្រោះ​ថា្នក់​ដែល​អាច​កើត​មាន​ដោយ​ក្រុម​អគតិ​ និង​សត្រូវ​ដែល​មាន​បំណង​ធ្វើ​ឲ្យ​ប្រែ​ក្រឡាស់​នូវ​ការ​ដឹក​នាំ​របស់​គណ​បក្ស​ប្រជា​ជន ​ក៏​ដូច​ជា​ការ​ដឹកនាំ​របស់​នាយក​រដ្ឋ​មន្ត្រី​នា​ពេល​បច្ចុ​ប្បន្ន​។​

​លោក​ ​ទៀ ​បាញ់​ ​ថ្លែង​ថា​៖​«​ខ្ញុំ​គិត​ថា​វា​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​ពង្រឹង​សុខ​សន្តិភាព​ ​ពង្រឹង​សមិទ្ធ​ផល​ទាំង​ឡាយ​ដែល​យើ​ង​មាន​សព្វ​ថ្ងៃ ​តាំង​ពី​នៅ​ជុំវិញ​ខ្លួន​រហូត​ដល់​ខ្លួន​យើង​ម្នាក់ៗ​ផង​ដែរ​»​៕​