ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិថ្លែងថា ការលាបពណ៌គឺជាមូល ហេតុចម្បងដែលធ្វើឲ្យមានការស្អប់ខ្ពើមគ្នា យកគ្នាជាសត្រូវ និងការសងសឹកព្រមទាំងធ្វើឲ្យជាតិបែកបាក់ ខណៈការលាបពណ៌កំពុងតែបន្តកើតឡើងនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន។
លោកបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ការលាបពណ៌ជាមូលហេតុចម្បងដែលធ្វើឱ្យ ប្រជាជាតិយើងស្អប់គ្នា យកគ្នាជាសត្រូវ និងសងសឹកគ្នារហូតឈានដល់ការកកើតសង្គ្រាម ដែលមិននឹកស្មានដល់។ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នឹងស្វែងយល់អំពីរូបភាព និងផលវិបាកនៃការលាបពណ៌ និងរួមគ្នាទប់ស្កាត់ឱ្យខាងតែបាននូវរាល់សកម្មភាពលាបពណ៌នៅក្នុងសង្គមកម្ពុជា»។
នៅពេលទាក់ទងតាមទូរស័ព្ទកាលពីម្សិលមិញ លោក ទៀ បាញ់ ថ្លែងថា លោកគ្រាន់តែបានយកចំណុចខ្លះ ស្រង់ពីសៀវភៅ ស្ដីពីសន្តិភាព និងនយោបាយឈ្នះៗ មកចែករំលែកឲ្យសាធារណជនបានដឹង ដោយសារតែការលាបពណ៌ នៅតែកើតមាននៅក្នុងសង្គមខ្មែរបច្ចុប្បន្ន។
លោកថ្លែងថា៖ «កាលពីមុនគេតែងនិយាយថា អាយ៉ងយួន អីជាដើម។ ពួកគេចេះតែថាទៅ ឲ្យមានការបែកបាក់»។
លោកបន្តថា៖ «ការលាបពណ៌នៅតែកើតមាននៅក្នុងសង្គមយើង ដូចជាការចោទថា លទ្ធិប្រជាធិបតេយ្យស្លាប់បាត់ហើយ ហើយថា យើងមិនគោរពសិទ្ធិមនុស្សអីជាដើម។ ទាំងអស់នេះ គឺជាការលាបពណ៌ មួលបង្កាច់ខុសពីការពិតលើស្ថានការណ៍ពិត។ តើលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សបច្ចុប្បន្ននេះវាយ៉ាងម៉េច បើប្រៀបធៀបទៅនឹងពីមុន? តើសេរីភាពឥឡូវវាយ៉ាងម៉េច? ពួកគេចេះតែនិយាយថា កម្ពុជាមិនមានសេរីភាព។ វាយ៉ាងម៉េច?»។
ទោះយ៉ាងណាលោករដ្ឋមន្ត្រីការពារជាតិ មិនបានលើកចំឈ្មោះ អ្នកដែលលោកថា កំពុងលាបពណ៌លើកម្ពុជាទេ ប៉ុន្តែលោកថា ការលាបពណ៌ តែងកើតមានឥតឈប់នៅលើបណ្ដាញសង្គមហ្វេសប៊ុក។
លោកបានបញ្ជាក់ថា៖ «តែសភាពការណ៍ពិត គឺវាខុសពីអ្វីដែលពួកគេនិយាយឆ្ងាយណាស់។ប្រទេសរបស់យើងកំពុងមានសន្តិភាព និងសុខសប្បាយ។ អ្នកដែលពិបាក គឺមានតែអ្នកដែលធ្វើការចោទប្រកាន់មិនចេះចប់មិនចេះហើយ»។
នៅពេលសួរថា តើការលាបពណ៌អាចនឹងត្រូវលុបបំបាត់បានដោយវិធីណានោះ លោកនិយាយថា៖ «គ្មានអ្នកណាអាចបញ្ឈប់ការលាបពណ៌បានទេ ក្រៅពីសតិសម្បជញ្ញៈរបស់មនុស្សម្នាក់ៗដែលឃើញជាក់ស្ដែង ហើយធ្វើការឆ្លុះបញ្ចាំងដោយខ្លួនឯង។ មនុស្ស និងការចង់បានរបស់មនុស្សគ្មានទីបញ្ចប់ទេ។ ជាពិសេសគឺថាគេតែងនិយាយថា ពួកជនអគតិវាអត់មានភ័ស្តុតាងទេ វានិយាយគ្រប់រឿងគ្រប់យ៉ាងគ្រប់ពេលវេលា»។
លោកបានបញ្ជាក់ថា រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា មិនដែលលាបពណ៌អ្នកណាទេ។
អ្នកវិភាគនយោបាយ លោក ឡៅ ម៉ុងហៃ ថ្លែងថា៖ «វាជាចំណុចល្អមួយ ដែលថ្នាក់ដឹកនាំរបស់យើងបានទទួលស្គាល់ពីសភាពនៃអរិភាពនៅក្នុងសង្គមរបស់យើង។ លោកអាចនិងគួរតែអនុវត្តជំនាញក្នុងការដឹកនាំកិច្ចការសាធារណៈ ហើយប្រព្រឹត្តប្រកបដោយសីលធម៌ ហើយច្រានចោលការលាបពណ៌នោះ»។
អ្នកវិភាគម្នាក់ទៀត គឺលោក ឯម សុវណ្ណារ៉ា ថ្លែងថា ការលាបពណ៌ត្រូវបានគេប្រើប្រាស់អស់រយៈពេលជាយូរមកហើយ នៅក្នុងសង្គមកម្ពុជា ហើយវាក៏កំពុងកើតមាននាពេលបច្ចុប្បន្នដែរ គឺការលាបពណ៌ក្នុងបក្សកាន់អំណាច ក៏ដូចជាបក្សប្រឆាំង ឬពីបក្សមួយទៅបក្សមួយ។
លោកថា ការលាបពណ៌ភាគច្រើនកើតមាននៅក្នុងជួរបក្សកាន់អំណាច ដើម្បីចោទប្រកាន់ទៅលើសមាជិកបក្ស ដែលមិនសូវសកម្មហើយចោទ ពួកគេថា ជាពួកពណ៌ខ្មៅឬប្រផេះ ដែលមាននិន្នាការទៅបក្សប្រឆាំង។
ចំពោះគណបក្សប្រឆាំងវិញ ការលាបពណ៌ គឺការចោទទៅលើសមាជិកបក្សណាមួយ ដែលមិនយល់ស្របជាមួយគេ ហើយត្រូវបានគេចោទថា លម្អៀងទៅបក្សកាន់អំណាច។
លោកនិយាយថា៖ «និន្នាការនៃការលាបពណ៌កំពុងកើតឡើងនៅក្នុងសង្គមខ្មែរ ហើយធ្វើឲ្យសង្គមរបស់យើងឈានទៅរកការបែកបាក់»៕