ព្រះវិហារៈ លោក​ ទៀ បាញ់ ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ស្ថានភាព​ព្រំដែន​កម្ពុជា​-​ឡាវ មិនមាន​ភាព​តានតឹង ឬ​ការប្រឈមមុខ​ដាក់​គ្នា​ដូច​ការចុះផ្សាយ​របស់​សារព័ត៌មាន​មួយចំនួន​នោះទេ ហើយ​ថា​ស្ថានភាព​នឹង​វិលត្រឡប់​មករក​ភាពធម្មតា​វិញ​ឆាប់ៗ​នេះ​។

ការថ្លែង​បញ្ជាក់​របស់​ប្រមុខ​ក្រសួង​ការពារជាតិ​កម្ពុជា​រូបនេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​រាយការណ៍​ថា មាន​ការប្រឈម​មុខ​ដាក់គ្នា​ជាថ្មី​រវាង​កងទ័ព​កម្ពុជា​ និង​ឡាវ​ នៅ​ចំណុច​ទន្លេ​ពៅ​ក្នុង​តំបន់​មុំ ៣ ក្នុង​ខេត្ត​ព្រះវិហារ ហើយ​ថា​ភាគី​កម្ពុជា​បាន​បង្កើន​កម្លាំង​កងទ័ព និង​ត្រៀម​ជម្លៀស​ប្រជាជន​ចំនួន ៤ ​ភូមិ​ស្ថិត​នៅក្នុង​ឃុំ​ចំនួន​ ២ នៃ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​។

លោក ទៀ បាញ់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ស្ថានភាព​ព្រំដែន​កម្ពុជា​-​ឡាវ មិនមាន​ភាព​តានតឹង​ប្រឈមមុខ​ដាក់គ្នា​ដូច​ការចុះផ្សាយ​នោះ​ទេ ហើយ​ថា​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ប្រទេស​ទាំង​ ២ ​បាន​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ ស្ថានភាព​នឹង​វិលត្រឡប់​មករក​សភាព​ធម្មតា​វិញ​ឆាប់ៗ​។

លោក​បញ្ជាក់​ថា​៖ «​វា​នឹង​វិល​ទៅរក​សភាព​ប្រក្រតី​វិញ​យ៉ាង​លឿន​នាពេល​ខាងមុខនេះ​។ វា​មាន​ការប្រទ្រូស​ប្រទ្រះ​គ្នា​បន្តិចបន្តួច​ដោយសារ​តែ​ការចេញ​ផ្សាយ​ផ្សេងៗ​ដែល​ហួសហេតុ ហើយ​ថ្នាក់លើ​បាន​ជួប​ពិភាក្សា​គ្នា ហើយ​រក​ដំណោះស្រាយ​ និង​ឯកភាព​រួច​ជាស្រេច​ទៅ​ហើយ ដូច្នេះ​មិនមាន​អ្វី​ទេ​»​។

លោក​បាន​បន្ថែម​ថា បញ្ហា​ព្រំដែន កម្ពុជា-ឡាវ​ នេះ ​កើតឡើង​ដោយសារ​តែ​តំបន់​នោះ​ជា​តំបន់​មិនទាន់​បោះបង្គោល​ព្រំដែន​ដាច់ស្រេច​នៅ​ឡើយ ហើយ​ប្រជាជន​ខ្មែរ​បាន​ឃើញ​ដី​នោះ​ទំនេរ​ក៏​ទៅ​បង្កបង្កើនផល​ទីនោះ ហើយ​កងទ័ព​ឡាវ​បាន​មក​ដក​ដំណាំ​របស់​ពួកគាត់ ទើប​ប្រជាជន​បាន​រាយការណ៍​ដល់​កងកម្លាំង​យោធា​របស់​កម្ពុជា​ដែល​ធ្វើឲ្យ​មាន​ការយល់ច្រឡំ​។

លោក​ ទៀ បាញ់ បញ្ជាក់​ថា​៖ «​ពេល​ដំបូង​វា​មាន​ការយល់ច្រឡំ​គ្នា​បន្តិចបន្តួច​។ បន្តិចទៀត​វា​នឹង​វិល​មករក​ប្រក្រតីភាព​វិញ​ហើយ ហើយ​វា​មិនមាន​បញ្ហា​​ធំ​ដំ​ទេ​។ អត់​មាន​ស្អី​ទេ​ឥឡូវនេះ មិន​ដូច​ការចុះផ្សាយ​មួយ​ចំនួន​ហើយ​ឥឡូវ​យើង​បាន​កំពុង​ជួប​ពិភាក្សាគ្នា​ហើយ យើង​បាន​និង​កំពុង​តែ​រុញ​សភាពការណ៍​ឲ្យ​ទៅជា​ធម្មតា​»​។

ទន្ទឹម​នេះ​ដែរ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​រវាង​​កងទ័ព​កម្ពុជា និង​ឡាវ​នៅ​តាម​ព្រំដែន​ដោយ​លោក​បាន​ថ្លែង​ថា កងទ័ព​កម្ពុជា និង​ឡាវ​បាន​ដកថយ​រៀងៗ​ខ្លួន ហើយ​បន្ទាប់ពី​លោក​ជួប​ផ្ទាល់​តាម​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​លោក ថងលូន ស៊ីស៊ូលីត​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​សារព័ត៌មាន Fresh News ថា៖ «​នៅ​ព្រឹក​មិញ វេលា​ម៉ោង ៩ (​ព្រឹក​ថ្ងៃ​សៅរ៍​) ​ខ្ញុំ​បាន​ជួប​ផ្ទាល់​តាម​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី ឯកឧត្តម ថងលូន ស៊ីស៊ូលីត ដោយមាន​ការចរចា​ល្អ និយាយ​ជាមួយ​គ្នា​ដោយ​រីករាយ ហើយ​សម្រេច​ឲ្យ​កងទ័ព​នៃ​ប្រទេស​ទាំង ២ ដក​ចេញពី​តំបន់​មុំ​បី​ដែល​មិនទាន់​ដោះស្រាយ​ចប់ និង​បន្ត​ជួប​ចរចា​គ្នា​ទៀត ហើយ​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ភាពតានតឹង​នោះ​ទេ ដោយ​កងទ័ព​របស់​យើង​ទាំង​ ២ នៅ​ជាមួយ​គ្នា​ស៊ី​បាយ​ជាមួយ​គ្នា ដូច្នេះ​សូម​ប្រជាពលរដ្ឋ​របស់​យើង​ទាំងអស់​កុំ​មាន​ការបារម្ភ​ឲ្យ​សោះ​»​។

លោក មាស នី អ្នកវិភាគ​នយោបាយ​បាន​ថ្លែង​ថា​មាន​ការលំបាក​ក្នុងការ​វាយតម្លៃ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ឡាវ ដោយសារ​តែ​មាន​សារព័ត៌មាន​ខ្លះ​បាន​លើកឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​ត្រៀម​ជម្លៀស​ប្រជាជន​ចំនួន ៤ ​ភូមិ ស្ថិត​នៅក្នុង​ឃុំ​ចំនួន​ ២ នៃ​ស្រុក​ជាំក្សាន្ត​ក្នុង​ករណី​ដែល​មាន​ការផ្ទុះ​អាវុធ ​ខណៈពេល​ដែល​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​បាន​អះអាង​ថា​ពុំ​មាន​ភាពតានតឹង​នោះ​ទេ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការភ័ន្តច្រឡំ​ពី​ស្ថានភាព​ពិតប្រាកដ​។

លោក​បញ្ជាក់​ថា​៖ «​បើ​យើង​មើល​ទិដ្ឋភាព​នៃ​ព័ត៌មាន​ដែល​យើង​បានឃើញ និង​ឯកសារ​របស់​មន្ត្រី​មូលដ្ឋាន​វា​ទំនង​ជា​ធ្ងន់ធ្ងរ​ ខណៈ​ពេល​ដែល​ព័ត៌មាន​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ និង​លោក​នាយក​រដ្ឋមន្ត្រី​ឃើញ​ថា​វា​មិន​ធ្ងន់ធ្ងរ ដែល​ផ្ទុយគ្នា​។ យើង​កំពុង​តែ​ឆ្ងល់​ថា ហេតុអ្វី​បាន​ជាមាន​ភាពខុសគ្នា​បែបនេះ​ដូច្នេះ​យើង​មានការ​លំបាក​ក្នុង​វាយតម្លៃ​ពី​រឿងនេះ​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​បាន​លើកឡើង​ថា ស្ថានភាព​ព្រំដែន​កម្ពុជា​-​ឡាវ​ បាន​ស្ងប់ស្ងាត់​ទៅវិញ ដោយសារ​តែ​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហើយ​លោក​មើលឃើញ​បញ្ហា​ព្រំដែន​នេះ​អាច​បណ្តាល​មកពី​ភាគី​ប្រទេស​ឡាវ ដោយសារ​តែ​ប្រទេស​កម្ពុជា​ប្រកាន់​យក​ការរស់នៅ​ដោយ​សុខសន្តិភាព និង​មិន​បង្កជម្លោះ​ជាមួយ​ប្រទេស​ជិតខាង​ឡើយ​។

លោក​បញ្ជាក់​ថា​៖ «​បញ្ហា​នេះ​ត្រូវបាន​ស្ងប់ស្ងាត់​ទៅវិញ​ដោយ​ការចរចា​សន្តិវិធី​ពីព្រោះ​ប្រទេស​កម្ពុជា​មិន​បង្ករឿង​ជាមួយ​ប្រទេស​ណា​បើ​ទោះបី​ជា​ប្រទេស​នោះ​ខ្លាំង ឬ​ក៏​ខ្សោយ​ជាង​យើង ដោយសារ​តែ​យើង​ចង់​រស់នៅ​ដោយ​សុខសន្តិភាព​ជាមួយ​អ្នក​ជិតខាង​របស់​យើង​។ យើង​ត្រូវការ​ពេលវេលា​អភិវឌ្ឍន៍​ជាតិ ហើយ​យើង​មិន​មាន​បំណង​ឈ្លោះ និង​ដណ្តើម​ទឹកដី​ពី​ប្រទេស​ណាមួយ​ទេ​»​។

កាលពី​ខែ​សីហា ឆ្នាំ​ ២០១៧ កងទ័ព​កម្ពុជា​បាន​ប្រឈមមុខ​នឹង​កងទ័ព​ឡាវ​មួយរយៈ​ពេល​ខ្លី នៅពេល​ដែល​ឡាវ​បាន​បញ្ជូន​កងទ័ព​ចូល​មក​ទាមទារ​កាន់កាប់​នៅ​តំបន់​ព្រៃ​ធម្មជាតិ​លើ​បន្ទាត់​ព្រំដែន​ប្រទេស​ទាំង​ ២ ក្នុង​ខេត្តស្ទឹងត្រែង​។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​បញ្ហា​ត្រូវ​បាន​ដោះស្រាយ​ដោយ​សន្តិវិធី ដោយ​ពុំមាន​ការផ្ទុះអាវុធ​ឡើយ​៕