ភ្នំពេញៈ លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បាន​ថ្លែងប្រាប់​លោក Narikazu SUZUKI អនុរដ្ឋមន្ត្រី​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​សភា​នៃ​ប្រទេស​ជប៉ុន​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​នូវ​គ្រប់​វិធានការ​ដែល​បាន​ដាក់ចេញ​ក្នុង​ការពង្រឹង​លម្ហប្រជាធិបតេយ្យ និង​លម្ហ​នយោបាយ​នៅ​កម្ពុជា​។ នេះ​បើ​តាម​លោក កេត សោផាន់ អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

ការលើក​ឡើង​របស់​លោក​ ប្រាក់ សុខុន ធ្វើ​ឡើង​នៅពេល​ដែល​លោក Norikazu SUZUKI ចូលជួប​សម្តែង​ការគួរសម​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​នៅ​ទីស្តីការ​ក្រសួង​ការបទេស​។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​រយៈពេល​ ៣ ​ថ្ងៃ​នៅ​កម្ពុជា​គឺ​ចាប់ពី​ថ្ងៃទី​ ២១ ​ដល់​ថ្ងៃទី​ ២៣ ខែ​សីហា​ក្រៅពី​ជួប​លោក ប្រាក់ សុខុន លោក Norikazu SUZUKI ក៏​នឹង​ចូលជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ​។

លោក​ កេត សោផាន់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ជំនួប​កាលពី​ម្សិលមិញ​ថា​លោក ប្រាក់ សុខុន បាន​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ ​របស់​លោក Narikazu SUZUKI នៅ​កម្ពុជា​ហើយ​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងប្រាប់​លោក​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​គឺ​បាន​បន្ត​រីកចម្រើន​ជា​លំដាប់​។

លោក​បន្ត​ថា​លោក​ ប្រាក់ សុខុន ក៏បាន​លើកឡើង​ប្រាប់​លោក Narikazu SUZUKI ផងដែរ​ពាក់ព័ន្ធ​នឹង​កង្វល់​របស់​សហភាព​អឺរ៉ុប ហើយ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​នូវ​គ្រប់​វិធានការ​ដែល​បាន​ដាក់​ចេញ​នាពេល​កន្លងមក​។

លោក​បញ្ជាក់​ថា​៖ «​ក្នុង​ការពង្រឹង​លម្ហ​លទ្ធិប្រជាធិបតេយ្យ និង​លម្ហ​នយោបាយ​នៅ​កម្ពុជា​គឺ​កម្ពុជា​បាន​ឆ្លើយតប​យ៉ាង​ពេញលេញ​ជាមួយ​កង្វល់​ផ្នែក​នយោបាយ​របស់ EU តាម​អ្វី​ដែល​កម្ពុជា​បានប្រកាស​កាលពី​ថ្ងៃទី​ ៣ ខែ​ធ្នូ ឆ្នាំ​ ២០១៨ ស្តីពី​វិធានការ​នានា​ក្នុង​ការពង្រឹង​លម្ហនយោបាយ​នៅ​កម្ពុជា​»​។

លោក​បន្ថែម​ថា​៖ «​យើង​ដឹង​គ្រប់គ្នា​ហើយ​ប្រទេស​ជប៉ុន​គាំទ្រ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ រាជរដ្ឋាភិបាល​បាន​អនុវត្ត​នូវ​គ្រប់​វិធានការ​ទាំងអស់​យ៉ាង​ខ្ជាប់ខ្ជួន​យ៉ាង​ពេញលេញ​នូវ​អ្វី​ដែល​យើង​បានប្រកាស​មានដូចជា​ការកែទម្រង់​ច្បាប់ ការធ្វើ​នីតិសម្បទា ដល់​អតីត​អ្នកនយោបាយ ក៏ដូចជា​ការដោះលែង​សកម្មជន​នយោបាយ​សកម្មជន​ដីធ្លី​ការអនុញ្ញាត​ឲ្យ​បើក​នូវ​ការិយាល័យ​សារព័ត៌មាន​វីអូអេ​»​។ ទន្ទឹមនេះ​លោក​ឲ្យ​ដឹងថា​ក្នុង​ជំនួប​រវាង​លោក សុខុន និង​លោក Narikazu SUZUKI ក៏បាន​លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ និង​បញ្ហា​តំបន់​ផងដែរ​។

លោក​ សោផាន់ បញ្ជាក់​ថា៖ «​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏ដូចជា​អនុរដ្ឋមន្ត្រី​ (​ជប៉ុន​) ​បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​កិច្ចការ​មួយ​ចំនួន​គឺ​កិច្ចការ​តំបន់ និង​អន្តរជាតិ​បញ្ហា​កូរ៉េ​ខាង​ជើង និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​»​។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ​នយោបាយ​បាន​ថ្លែងថា​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ប្រឈម​នឹង​បញ្ហា EBA ដោយសារ​តែ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​អនុវត្ត​បាន​ពេញលេញ​នូវ​អ្វី​ដែល​សហភាព​អឺរ៉ុប​បាន​ទាមទារ​។

លោក​បញ្ជាក់​ថា​៖ «​កម្ពុជា​ថា​ខ្លួនឯង​ធ្វើបាន​ល្អ​តាម​គោលការណ៍​មួយ​ចំនួន​នៅក្នុង​សន្ធិសញ្ញា​ស្តីពី​សិទ្ធិមនុស្ស​សកល​ក៏​ខ្ញុំ​គិតថា​អ្វី​ដែល​បាន​លើក​ឡើង​អត់​ទាន់​បាន​ឆ្លើយតប​នូវ​​អ្វី​ដែល​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ឲ្យ​កម្ពុជា​ធ្វើ​ដូចជា​ដោះលែង​អតីត​មេបក្ស​ប្រឆាំង​ទម្លាក់​ការចោទប្រកាន់​លើ​ឥស្សរជន​គណបក្សប្រឆាំង​ ១០០ ​នាក់​ជាង​យើង​មិនទាន់​បាន​ធ្វើ​ទេ​...​លក្ខខណ្ឌ​សំខាន់ៗ​យើង​នៅ​មិនទាន់​ធ្វើបាន ដូច្នេះ​បញ្ហា EBA នៅតែ​ជា​បញ្ហា​ចោទ​ដដែល​»​។

លោក​ សុខ ទូច ​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​នូវ​វិធានការ​មួយ​ចំនួន​ធំ​ដែល​ខ្លួន​បានប្រកាស​ដាក់​ចេញ​ក្នុងការ​ពង្រឹង​លម្ហ​ប្រជាធិបតេយ្យ និង​លម្ហ​នយោបាយ​នៅ​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​យើង​ឃើញថា ដំណើរការ​ទៅ​រលូន​ហើយ​។ យើង​ឃើញ​លម្ហ​នៃ​ការតវ៉ា​ដែល​ប្រើប្រាស់​កម្លាំង​ ឬ​កូដកម្ម​គឺ​មិន​ត្រូវ​បានអនុញ្ញាត​ហើយ​លម្ហ​នេះ នៅ​ចង្អៀត​នៅ​ឡើយ​ (​ប៉ុន្តែ​) ​យើង​ឃើញ​គេ​បើក​ទូលាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​»៕