ភ្នំពេញៈ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ថ្លែងថា ការអំពាវនាវ​របស់​ក្រសួង​ការបរទេស​​អាមេរិក​ឲ្យ​មានការ​ទម្លាក់​បទចោទប្រកាន់​លោក កឹម សុខា គឺ​ធ្វើ​ឡើង​តាម​ «​អារម្មណ៍​»​។

លោក ផៃ ស៊ីផាន បាន​ប្រតិកម្ម​ចំពោះ​ការអំពាវនាវ​របស់​ក្រសួង​ការបរទេស​អាមេរិក​ដែល​ស្នើ​ឲ្យ​មាន​ការដោះលែង​លោក កឹម សុខា ពី​បទ​ក្បត់ជាតិ​ដោយ​លោក​ថ្លែង​ថា ការ​អំពាវនាវ​នោះ​គឺ​ «​គ្មាន​មូលដ្ឋាន​»​។

លោកស្រី Morgan Ortagus អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក បាន​ធ្វើការ​អំពាវនាវ​ឲ្យ​មាន​ការដោះលែង​លោក កឹម សុខា នៅក្នុង​វីដេអូខ្លីប​មួយ​ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​អង្គារ​។

លោកស្រី​បាន​ថ្លែងថា រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​កាត់ទោស​លោក កឹម សុខា ឬ​មាន​ភ័ស្តុតាង​ណាមួយ​ដែល​អាច​ជឿជាក់​បាន​ដើម្បី​គាំទ្រ​ការអះអាង​របស់​ខ្លួន​ដែល​ប្រើ​នៅក្នុង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​បំផុត និង​នៅក្នុង​ការដក​តំណែង​តំណាង​គណបក្ស​ជាង​ ៥០០០ ដែល​ជាប់ឆ្នោត​។ លោកស្រី​បាន​ថ្លែង​ថា​សកម្មភាព​បែប​នេះ​ «​បន្ទាប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែល​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​»​។

លោកស្រី Morgan Ortagus បាន​ថ្លែងថា​៖ «​ជាថ្មី​ម្តង​ទៀត​សហរដ្ឋ​អាមេរិក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លើកលែង​ការចោទប្រកាន់​លោក កឹម សុខា ស្តារ​សិទ្ធិ​ស៊ីវិល និង​សិទ្ធិ​នយោបាយ​ឡើងវិញ និង​ដោះលែង​សកម្មជន​ដែល​ជាប់ឃុំ​ទាំងអស់​» ។

លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​នៅ​យប់​ថ្ងៃទី​ ០៣ ខែ​កញ្ញា ឆ្នាំ​ ២០១៧ ​នៅផ្ទះ​របស់​លោក​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ លោក​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ «​ឃុបឃិត​ជាមួយ​បរទេស​» ជា​បទចោទប្រកាន់​មួយ​ដែល​អាចធ្វើ​ឲ្យ​លោក​ជាប់​ពន្ធនាគារ​ពី​ ១៥ ​ទៅ​ ៣០ ​ឆ្នាំ​ប្រសិន​បើ​រកឃើញ​ថា មានទោស​។ លោក​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​កាលពី​ខែកញ្ញា ឆ្នាំមុន​។

ក្រសួង​ការបរទេស​អាមេរិក​ក៏បាន​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ចាត់វិធានការ​លើកកម្ពស់​ការ​សម្រុះសម្រួល​ដោយ​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល​ប្រតិបត្តិការ​ដោយ​មិនមាន​ការភ័យខ្លាច​ការ​បំភិត​បំភ័យ ឬ​ការ​ធ្វើបាប​ចំពោះ​ការប្រើ​សិទ្ធិ​សេរីភាព និង​ការបញ្ចេញមតិ និង​ការប្រមូលផ្តុំ​ស្រប​ទៅ​តាម​ច្បាប់​។

លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា​៖ «​នោះ​គឺ​គ្រាន់តែ​ជា​អារម្មណ៍​នៃ​អ្នក​ដែល​បញ្ចេញ​មតិយោបល់ ។ មតិយោបល់​នោះ​មិន​ស្រប​ទៅ​នឹង​ការគោរព​ច្បាប់​។ នៅពេល​យើង​និយាយ​អំពី​ការគោរព​ច្បាប់ យើង​ផ្អែក​ទៅ​លើ​ការពិត​ និង​ច្បាប់​។ ដូច្នេះ​អ្វី​ដែល​ពួកគេ​និយាយ​គឺ​ធ្វើ​ឡើង​ជាមួយ​របៀបវារៈ​នយោបាយ​»​។

ដូចគ្នា​ដែរ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា សហរដ្ឋ​អាមេរិក​មាន​សិទ្ធិ​និយាយ​ដូច្នេះ ប៉ុន្តែ​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​ឯករាជ្យ​។

លោក ឥសាន ថ្លែង​ថា​៖ «​នីតិវិធី​​តុលាការ​មិនអាច​ជ្រៀតជ្រែក​បាន​ដោយ​នរណា​នោះទេ​។ យើង​ទាំងអស់​គ្នា​រួមទាំង​បរទេស​ចង់​មាន​តុលាការ​ឯករាជ្យ​។ ដូច្នេះ ឥឡូវនេះ​តុលាការ​កំពុង​បំពេញ​ភារកិច្ច​របស់ខ្លួន​ដោយ​ឯករាជ្យ​។ ហេតុអ្វី​ពួកគេ​ចង់​ជ្រៀតជ្រែក​ជាមួយ​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ​?»​។

លោក មាស នី អ្នកវិភាគ​សង្គម​បាន​ថ្លែងថា វា​មិនមែន​ជា​លើក​ទី​ ១ ​ទេ ដែល​អាមេរិក​ថ្លែង​បែប​នេះ ករណី​លោក កឹម សុខា គឺ​មិន​ស្រប​ទៅ​តាម​បទប្បញ្ញត្តិ​អន្តរជាតិ ដោយសារ​មិន​មាន​អ្វី​គាំទ្រ​ចំពោះ​ការឃុំខ្លួន​លោក កឹម សុខា រយៈពេល​យូរ​។

លោក​បាន​ថ្លែងថា​៖ «​ប៉ុន្តែ​នៅ​កម្ពុជា បើទោះបី​ជា​រដ្ឋាភិបាល​និយាយ​ថា វា​ជា​បញ្ហា​ច្បាប់​ក៏ដោយ ក៏​ការឃុំ​ខ្លួន​គាត់​យូរ​បាន​ធ្វើឲ្យ​គាត់​ក្លាយ​ជា​អ្នកទោស​នយោបាយ ។ នៅពេល​គាត់​ជា​អ្នកទោស​នយោបាយ គាត់​មិន​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​ធ្វើ​នយោបាយ ដោយសារ​គណបក្ស​កាន់​អំណាច​ភ័យ​»​។

លោក​ថា​៖ «​ដូច្នេះ​នៅពេល​ភាពតានតឹង​នយោបាយ​ធូរស្បើយ ឬ​នៅពេល​អ្នកនយោបាយ​សម្រុះ​សម្រួល​គ្នា ឬ​រីករាយ ពួកគេ​នឹង​ដោះលែង​គាត់​។ ប៉ុន្តែ​ប្រសិនបើ​គ្មាន​អ្វី​ប្រយោជន៍​សម្រាប់​ពួកគេ (​អ្នកនយោបាយ​) ពួកគេ​នឹង​ឃុំ​គាត់​រហូត​ដល់​ ១០ ​ឆ្នាំ​។ ខ្ញុំ​ឃើញ​ថា កឹម សុខា ឥឡូវ​នេះ​គឺជា​អ្នកទោស​នយោបាយ​»​។

លោក Arend Zwartjes អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​រាជធានី​​ភ្នំពេញ បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា លោក​មិន​មាន​មតិយោបល់​អ្វី​ច្រើន​ជាង​ក្រសួង​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​ទេ​៕ PS

វីដេអូ៖