ព្រះ​ស៊ីហនុៈ អភិបាល​ខេត្ដ​ព្រះសីហនុ លោក យន្ដ មីន បាន​ប្រាប់​ទៅ​​ឧកញ៉ា​ម្នាក់​ដែល​​ជា​ប្រធាន​ក្រុមហ៊ុន អេច​ធីធីអេច អាយ​លែន អុិន​វិស​មេន ឲ្យ​បញ្ឈប់​សកម្មភាព​ជីក​យក​អាចម៍​ដី​និង​ការ​ចាក់​ដី​បំពេញ​​តាម​ដង​​​ព្រែក​កោះ​ខ្យង ស្ថិត​ក្នុង​ឧទ្យានជាតិ​ព្រះសីហនុរាម ​ក្នុង​ភូមិ កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ដោយសារ​តែ​ការ​​ចាក់​ដី​នេះ​បាន​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាង​​ធ្ងន់​ធ្ងរ​។

តាម​រយៈ​លិខិត​របស់​រដ្ឋបាល​​ខេត្ដ​ព្រះសីហនុ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក យន្ដ មីន កាល​ពី​ថ្ងៃ​ចន្ទ​ បាន​សរសេរ​​ដោយ​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​ឧកញ៉ា​នោះ ដោយ​គ្រាន់​តែ​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី ១៧ ខែ មេសា ឆ្នាំ ២០១៨ ​ ក្រុម​ហ៊ុន អេច​ធីធីអេច អាយ​លែន អុិន​វិស​មេន បាន​ស្នើ​សុំ​សាងសង់​កំពង់​ចម្លង​មួយ​ជា​លក្ខណៈ​បណ្ដោះ​អាសន្ន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃ​នប់។

រហូត​ដល់​ថ្ងៃ​ទី​ ១៥ ខែមិថុនា ឆ្នាំ ២០១៨ រដ្ឋបាល​ខេត្ដ​ បាន​ឯកភាព​យល់​ព្រម​ឲ្យ​ក្រុម​ហ៊ុន​នេះ ជីក​យក​ដី​សម្រាប់​សាងសង់​​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម។

លិខិត​នេះ​បន្ថែម​ថា ប៉ុន្តែ ទន្ទឹម​នឹង​នេះ ដើម្បី​ចៀសវាង​នូវ​ផល​ប៉ះពាល់ អវិជ្ជមាន ផ្សេង​ៗ ជាយ​ថា​ហេតុ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ ក៏​បាន​ណែនាំ​ទៅ​ម្ចាស់​ក្រុមហ៊ុន​ខាង​លើ ឲ្យ​បំពេញ​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ជា ត្រូវ​ទំនាក់​ទំនង និង​សហការ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​ អង្គភាព​ជំនាញ និង ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដោយ​ស្រប​ច្បាប់​ ត្រូវ​រៀបចំ​ឲ្យ​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ដើម្បី​ត​ភ្ជាប់​​ពី​ទី​តាំង​កំពង់​ចម្លង​បណ្ដោះ​អាសន្ន​ទៅ​ផ្លូវ​ក្នុង​ភូមិ ដែល​មាន​ស្រាប់ សម្រាប់​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍ ក៏ដូច​ជា​គ្រោះ​ថ្នាក់​ផ្សេង​ៗ និង​ក្នុង​​ករណី​រដ្ឋ​មាន​តម្រូវ​ការ​​ចាំ​បាច់​ដោយ​ប្រការ​ណា​មួយ ម្ចាស់​ក្រុមហ៊ុន​ខាង​លើ​ត្រូវ​ប្រគល់​ទីតាំង​នោះ​ជូន​រដ្ឋ​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ។

លិខិត​ដដែល​​​បាន​បញ្ជាក់​ថា​៖​ «ប៉ុន្ដែ​​ករណី​នេះ ក្រុម​ហ៊ុន​របស់​លោក ឧកញ៉ា ពុំ​បាន​អនុវត្ដ​ស្រប​តាម​ខ្លឹម​សារ​លិខិត​​ទាំង​ ២ នោះ​ឡើយ។ ​ស្រប​ជាមួយ​នឹង​សកម្ម​ភាព​ករណី​ការ​ជីក​យក​អាចម៍​ដី ទៅ​ចាក់​ធ្វើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ របស់​ក្រុម​ហ៊ុន​លោក​ឧកញ៉ា ក្រសួង​បរិស្ថាន​ពិនិត្យ​ឃើញ​ថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាង​ធ្ងន់​ធ្ងរ ជា​ពិសេសធ្វើ​ឲ្យ​ខូច​ទី​ជម្រាលប៉ះពាល់​ជីវ​ចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់​ឆ្នេរ​»។​

តាម​រយៈ​លិខិត​របស់​លោក​ យន្ដ​ មីន​ ដដែល​នេះបញ្ជាក់​ថា​៖​ «ក្នុង​ន័យ​នេះ រដ្ឋបាល​ខេត្ដ​ព្រះ​សីហនុ ស្នើ​លោក​ឧកញ៉ា​បញ្ឈប់​សកម្មភាព​ជីក​យក​អាចម៍​ ដី និង​ការ​ចាក់​ដី​បំពេញ​តាម​ដង​ព្រែក​កោះ​ខ្យង ក្នុង​ឧទ្យាន​​ជាតិ​ព្រះ​សីហនុរាម​ ស្ថិត​នៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃ​នប់ ជា​បន្ទាន់​»។

លោក សាមុត សុធារិទ្ធិ ប្រធាន​មន្ទីរ បរិស្ថាន​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​កាល​​ពី​ម្សិលមិញ​ថា តាម​រយៈ​ការ​ដឹក​នាំ​​​​​របស់​លោក អភិបាល​ខេត្ដ ពេល​នេះអាជ្ញាធរបាន​សម្រេច​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ខាង​លើ​ បញ្ឈប់​សកម្មភាព​របស់​ខ្លួន​បណ្ដោះ​អាសន្ន​ហើយ ដើម្បី​បន្ដ​សុំ​ច្បាប់​ឡើង​ទៅ​ក្រសួង​ពាក់​ពន្ធ​​សិន។

លោក​បន្ដ​ថា​៖ «​ពេល​នេះសកម្មភាព​របស់​ក្រុមហ៊ុន​នោះ​បាន​ផ្អាក​ហើយ​ៗ ឥឡូវ​យើង​កំពុង​បន្ដ​ធ្វើ​ការងារ​ហ្នឹង​ដែរ​ ដើម្បី​ឲ្យ​ក្រុមហ៊ុនទៅ​សុំ​ច្បាប់​​នៅ​​ក្រសួង​ឡើង​វិញ​សិន​»។

លោក សុធារិទ្ធិ ​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​នេះ ដំបូង​ឡើយបាន​ស្នើ​សុំ​ទៅ​ខេត្ដ​ព្រះសីហនុ ក្នុង​ការ​អភិវឌ្ឍ​ផ្នែក​ទេសចរណ៍ ដោយ​មាន​ការ​ចាក់​ដី​ធ្វើ​កំពង់​​ផែ និង​ធ្វើ​ផ្លូវ​ពី​កំពង់​ផែមក​កាន់​ផ្លូវ​​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​។

ភ្នំពេញ​បុស្ដិ៍​​ មិន​អាច​​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក យន្ត​ មីន បាន​ទេកាល​ពី​ថ្ងៃ​ម្សិល​មិញ ខណៈ​អ្នក​នាំ​ពាក្យ​ខេត្ដ លោក ឱ សារឿន ​បាន​ថ្លែង​ថា លោក​មិន​ទាន់​អាច​ធ្វើ​អធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ​ ព្រោះ​លោក​មិន​ទាន់​បាន​ចុះ​ទៅ​ទីតាំង​កើត​ហេតុ​ផ្ទាល់។

បន្ទាប់​ពី​លោក នាយក​រដ្ឋ​មន្រ្ដី​ ហ៊ុន សែន កាល​ពី​ថ្ងៃ​សៅរ៍​​ បាន​បញ្ជា​ឲ្យ​​អាជ្ញាធរ​ស្តារ​មុខ​មាត់​ខេត្ត​ព្រះ​សីហនុ​ឡើង​វិញ លោក យន្ដ មីន អភិបាល​ខេត្ត​​ជាប់​មាត់​សមុទ្រ​មួយ​នេះ បាន​​ព្រមាន​ថា៖ «ខេត្ដ​លែង​យល់​មុខ​ យល់​មាត់​អី​ទៀត​ហើយ ខេត្ដ​ត្រូវ​​តែ​​ខិតខំ​ប្រឹងប្រែង​អនុវត្ដ​នូវ​ប្រសាសន៍​របស់​សម្ដេច ​ដូច​ដែល​បាន​លើក​ឡើង (គឺ​ត្រូវ​)លើក​មុខ​លើក​មាត់​និង​សណ្ដាប់​​​​ធ្នាប់​ខេត្ដ​»។

លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) បាន​លើក​ឡើង​ថា បន្ទាប់​ពី​មាន​បញ្ជា​ពី​ប្រមុខ​រាជ​​រដ្ឋាភិបាល​បែប​នេះ អាជ្ញាធរ​​ខេត្ដ​ព្រះ​សីហនុ គួរ​តែ​អនុវត្ដ​ឡើង​វិញ ចំពោះ​ទីតាំង​ដែល​គេ​រំលោភ​យក​ ដូច​ជា​មាន​ការ​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​ជា​ដើម។

លោក​បញ្ជាក់​ថា​ អាជ្ញាធរ​ត្រូវ​​តែ​អនុវត្ដ​វិធាន​ការ​តឹងរុឹង​តាម​ផ្លូវ​ច្បាប់​ឡើង​វិញ​ទាំង​អស់​ ​ចំពោះ​ការ​​ចាក់​ដី​​ ​នៅ​​ចំណុច ពយ​កំពេញ ចំណុច​ឆ្នេរ​ព្រែក​ត្រែង ចំណុច​ឃុំ​ទំនប់​រលក​ ស្ថិត​ក្នុង​ស្រុក​ស្ទឹង​ហាវ ជាដើម ​ដែល​សុទ្ធតែ​ជា​កន្លែង​ចាក់​ដី និង​ធ្វើ​សំណង់​រំលោភ​ចូល​ឆ្នេរ​ដោយ​អត់​មាន​ច្បាប់ អនុញ្ញាត​ពី​រាជ​រដ្ឋាភិបាល​៕