ភ្នំពេញៈ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ម្សិលមិញ​បាន​បើក​កិច្ចប្រជុំ​មួយ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ជាមួយ​ប្រតិភូ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់យោបល់​ដើម្បី​បង្ហាញ​ និង​ពន្យល់​ពី​បញ្ហា​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ជិតខាង ជាពិសេស​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​វៀតណាម ដែល​ប្រទេស​ទាំង​ ២ ​នេះ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ៥ ខែ​តុលា ឆ្នាំ​ ២០១៩ លើ​ឯកសារ​ច្បាប់​ចំនួន​ ២ ​មាន​សន្ធិសញ្ញា​​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​ ១៩៨៥ ​និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​ ២០០៥ និង​ពិធីសារ​ខណ្ឌ​​សីមា និង​បោះបង្គោល​ព្រំដែន​គោក​។

កិច្ចប្រជុំ​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បាន​ដាក់​លិខិតស្នើ​ទៅ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ឲ្យ​មាន​ការបំភ្លឺ​ឲ្យ​បាន​ច្បាស់​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​រួមទាំង​ប្រទេស​ជិតខាង​មួយ​ចំនួន​ទៀត​។

ក្រោយពី​កិច្ចប្រជុំ​បិទទ្វារ​លោក​ ពេជ្រ ស្រស់ បាន​ថ្លែង​ទៅកាន់​អ្នកកាសែត​ដោយ​ព្រម​ទទួល​យក​ការបំភ្លឺ​លើ​បញ្ហា​ព្រំដែន​ដែល​បាន​ពន្យល់​ដោយ​លោក វ៉ា គឹមហុង ប៉ុន្តែ​ក៏បាន​អះអាង​ផងដែរ​ថា​នឹង​បន្ត​ការស៊ើបអង្កេត​បន្ថែមទៀត​។

លោក ពេជ្រ ស្រស់ ថ្លែង​ថា​៖ «​ការបំភ្លឺ​នេះ​គឺ​លក្ខណៈ​បច្ចេកទេស ហើយ​អ្វីដែល​ខ្ញុំ​សួរ ហើយ​គាត់​បាន​ធ្វើការ​បំភ្លឺ​គឺ​ខ្ញុំ​អាច​​ទទួល​យកបាន តែបើ​ខ្ញុំ​ស្រាវជ្រាវ​ជាក់ស្តែង​មក​ប្រៀបធៀប​អ្វីដែល​គាត់​បាន​ឆ្លើយ ហើយ​វា​ខុសគ្នា​យើង​នឹង​ធ្វើការ​សើរើ ពីព្រោះ​រឿងនេះ​មិនមែន​ចប់​ត្រឹមនេះ​ទេ​។ ទី​ ១ យើង​ទុក​ឲ្យ​គាត់​ឆ្លើយបំភ្លឺ​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​ និង​អ្វីដែល​គាត់​បាន​ធ្វើ​ដោយសារ​តែ​ក្នុង​នាម​គណបក្ស​នយោបាយ​មួយ យើង​មិន​ត្រឹម​តែ​ស្តាប់​ទេ​យើង​ថែម​ទាំង​ចុះ​ស្រាវជ្រាវ​ផងដែរ​»​។

លោក ពេជ្រ ស្រស់ បាន​ចាត់ទុក​ការរិះគន់​ និង​ការចោទប្រកាន់​របស់​គណបក្ស​ប្រឆាំង​គឺ​គ្រាន់តែ​ជា​វោហារស័ព្ទ​នយោបាយ ដើម្បី​ទទួល​បាន​ការចាប់អារម្មណ៍​ពី​មហាជន​​តែ​ប៉ុណ្ណោះ​ដែល​វា​ផ្ទុយ​ពី​ការអនុវត្ត​ជាក់ស្តែង​របស់​មន្ត្រី​ដែល​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ហើយ​ថា ការបំភ្លឺ​របស់​លោក វ៉ា គឹមហុង ក៏​អាច​នឹង​ជួយ​ផ្សព្វផ្សាយ​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ផងដែរ​។

លោក ស្រស់ បាន​ថ្លែង​ថា​៖ «​សម្រាប់​ខ្ញុំ​ជំនាន់​ក្រោយ​ខ្ញុំ​មិន​ចង់​ប្រើ​វោហារស័ព្ទ​នយោបាយ​ផ្ទុយ​ពី​ការពិត​ដូច្នេះ​ហើយ​បាន​ខ្ញុំ​អញ្ជើញ ឯកឧត្តម វ៉ា គឹមហុង គឺ​មក​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃនេះ​ពី​កិច្ចការ​របស់​គាត់​»​។

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា មាន​មន្ត្រី​អតីត​គណបក្ស ប្រឆាំង​មួយ​ចំនួន​តែងតែ​យក​បញ្ហា​ព្រំដែន​យក​មក​ធ្វើការ​វាយប្រហារ​ទៅលើ​រាជរដ្ឋាភិបាល និង​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​ដើម្បី​បម្រើ​គោលនយោបាយ​របស់​គណបក្ស​គេ បើទោះបី​ជា​គេ​ដឹងថា ការចោទប្រកាន់ និង​ការរិះគន់​នោះ​គ្មាន​មូលដ្ឋាន និង​ហេតុផល​ច្បាស់លាស់​ក៏ដោយ​។

លោក គឹមហុង បាន​ថ្លែង​​ថា​៖ «​វា​មាន​និន្នាការ​នយោបាយ វា​យក​បញ្ហា​ព្រំដែន​ជា​អាជីព​ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​របស់​ខ្លួន ទោះបី​ជា​ខ្លួន​ដឹងថា ការពិត​វា​មិន​ដូច្នេះ​ទេ​។ អ្នកខ្លះ​ដឹង​ការពិត​ហើយ​តែ​នៅតែ​បន្ត​ការភូតភរ​របស់​ខ្លួន​។ វា​និយាយ​ដើម្បី​ប្រយោជន៍​បម្រើ​នយោបាយ​របស់​វា​។ យើង​មិនអាច​ឃាត់​គេ​បាន​ទេ​។ យូរ​ទៅ​គេ​លែង​ជឿ​ហើយ​ដូច​គេ​ថា ភូត​ច្រើន​ចាញ់​អាត្មា​»​។

យោង​តាម​លិខិត​របស់​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ប្រតិភូ​គណបក្ស​យុវជន​កម្ពុជា​ដែល​ដាក់​សំណួរ​ទៅ​លោក វ៉ា គីមហុង នៅ​ថ្ងៃទី​ ១០ ខែ​តុលា ឆ្នាំ​ ២០១៩ លោក វ៉ា គឹមហុង បាន​ឆ្លើយថា ការវាស់វែង និង​កំណត់ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេស​ជិតខាង​គឺ​យក​ផែនទី​ដែល​បាន​មកពី​ការផ្ទៀងផ្ទាត់​គ្នា​នៃ​ផែនទី​ឧបសម្ព័ន្ធ​រវាង​កម្ពុជា-ឡាវ​កម្ពុជា-វៀតណាម កម្ពុជា-ថៃ និង​កម្ពុជា-ចិន ដែល​ដូចគ្នា​ជាមួយ​ផែនទី​ដែល​បាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​។

លោក គឹមហុង បាន​អះអាង​ថា​ការយក​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​ ២០០៥ មក​អនុវត្ត​លើ​កិច្ចការ​ព្រំដែន​នេះ​គឺ​កម្ពុជា​មិន​បាន​បាត់បង់​ដី​នោះ​ទេ មាន​តែ​បាន​ផលចំណេញ​មកវិញ​ដូចជា​ការកំណត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ តាម​ខ្សែទឹកជ្រៅ​ពោល​គឺ​ពាក់​កណ្តាល​ម្នាក់​នៃ​ច្បាប់​អន្តរជាតិ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ប្រើប្រាស់​ទឹក​បាន​ដោយ​មិនចាំបាច់​ទិញ​ទឹក​ដូច​ពីមុន ព្រោះ​កម្ពុជា​ប្រើប្រាស់​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​ ១៩៨៥ ​កន្លងមក​។

លោក គឹមហុង ថ្លែង​ថា​៖ «​ចំពោះ​ការផ្លាស់ប្ដូរ​ដី​​គ្នា​រវាង​កម្ពុជា និង​វៀតណាម អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​អាច​ធានា​បាន​ថា កម្ពុជា​មិន​បាន​បាត់​ដី​នោះ​ទេ ពោលគឺ​កម្ពុជា​បាន​ធ្វើការ​ដោះដូរ​តំបន់​ចំនួន ​៣៤ ​តំបន់​ជាមួយ​វៀតណាម​ដោយ​សន្តិវិធី និង​ព្រមព្រៀងគ្នា​ទាំងស្រុង​»​។

លោក​ក៏​បាន​ឲ្យ​ដឹង​ទៀតថា​ចំពោះ​ការបោះបង្គោល​ព្រំដែន​រវាង​កម្ពុជា-វៀតណាម​នៅ​សេសសល់​ ១៦% ​ទៀត​លោក​ថា កម្ពុជា-វៀតណាម មិន​ទាន់​ឯកភាព​គ្នា​នោះ​ទេ​ដោយ​តំបន់​នោះ​ភាគច្រើន​សុទ្ធតែ​ប្រជាជន​វៀតណាម និង​កំពុង​ចរចា​គ្នា​ឲ្យ​មាន​ការឯកភាព​គ្នា​លើ​គោលការណ៍​អន្តរជាតិ​ផងដែរ​។

លោក វ៉ា គីមហុង បាន​អះអាងថា​៖ «​ចំពោះ​ជំហរ​របស់​ភាគី​កម្ពុជា​ជុំវិញ​តំបន់​ដាក់​ដាំ​ដាក់​ហ៊ូត ដែល​ពី​មុន​ជា​តំបន់ កូសាំងស៊ីន​គ្រប់គ្រង​នោះ​មាន​ ៣ ​ចំណុច​នៃ​គោលការណ៍​គឺ​វៀតណាម​មាន​ ២ ​ចំណុច រួមមាន ៖ ទី​១- ប្រជាជន​វៀតណាម​បាន​កាន់កាប់​លើ​ដី​ជាក់ស្តែង​ផ្ទាល់ និង​ទី​២- ​វៀតណាម​មាន​ផែនទី រីឯ​កម្ពុជា​មាន​មួយ​ចំណុច​គឺ​មាន​ច្បាប់​។ ដូច្នេះ​ចំពោះ​បញ្ហា​នេះ អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ទុក​ឲ្យ​សម្តេច​តេជោ​ជា​អ្នកសម្រេច​ និង​បន្ត​នីតិវិធី​បន្តទៀត​»​។

អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ូ ច័ន្ទរ័ត្ន បាន​អះអាង​ថា​គណបក្ស​ប្រឆាំង​គឺ​គ្រាន់តែ​ចង់បង្ហាញ​បញ្ហា​ពី​ក្តីបារម្ភ​របស់​ខ្លួន ដោយ​ខ្លាច​បាត់បង់​ទឹកដី​កម្ពុជា​តែប៉ុណ្ណោះ​ហើយ​គណបក្សប្រឆាំង​គ្រាន់តែ​លើកឡើង​នូវ​ការព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ដែល​បាត់បង់​ដី​តែប៉ុណ្ណោះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ការលើក​ឡើង​ពី​បញ្ហា​ព្រំដែន​នេះ​គឺជា​ការព្រួយបារម្ភ​ពី​ការបាត់បង់​ទឹកដី​ដូច្នេះ​មិនមែន​ជា​រឿង​ដែល​គណបក្ស​ប្រឆាំង​យក​មក​ធ្វើ​ជា​ប្រធានបទ​ដើម្បី​ទាក់ទាញ​ការគាំទ្រ​នោះទេ​។ ប្រជាពលរដ្ឋ​ខ្មែរ​តែង​មាន​ការព្រួយបារម្ភ​ពី​ការបាត់បង់​ទឹកដី​។ ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដែល​បាន​អះអាង​ថា​បាន​បាត់បង់​ដី​»៕