ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានការពារដល់ដំណើរការបង្កើតឲ្យមានកន្លែងឃុំឃាំងបង់ថ្លៃដោយលោកថា ជាការជួយសម្រួល និងកាត់បន្ថយភាពចង្អៀតក្នុងពន្ធនាគារហើយគោរពតាមស្តង់ដារ តែវាមិនក្លាយជាសណ្ឋាគារនោះទេ ខណៈមានការលើកឡើងថាដំណើរការនេះបានប្រយោជន៍តែលើក្រុមហ៊ុនអ្នកធ្វើ និងអ្នកមានលុយ។
ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីលោក ស ខេង បានធ្វើឡើងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានភ័ស្ដុភារ និងហិរញ្ញវត្ថុកាលពីម្សិលមិញដោយបានបញ្ជាក់ថាមន្ទីរឃុំឃាំងបង់ថ្លៃនឹងដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំនេះ ខណៈដែលវាអាចជួយសម្រួលទាំងអ្នកជាប់ឃុំមានលុយ និងអ្នកជាប់ឃុំក្រីក្រ ពីព្រោះពេលអ្នកមានទៅនៅកន្លែងឃុំឃាំងត្រូវបង់លុយវានឹងធ្វើឲ្យកន្លែងនៅចាស់ទូលាយ និងថាមានអ្នកខ្លះវិភាគមិនបានគ្រប់ជ្រុងជ្រោយទេពីរឿងនេះ។
លោកបានបញ្ជាក់ថា៖ «អ្នកវិភាគ វិភាគត្រូវដោយវិភាគថា ធ្វើមន្ទីរឃុំឃាំងសម្រាប់តែអ្នកមាន និងអ្នកមានលុយ...វាពិតជាអ៊ីចឹងមែន បើអត់លុយឲ្យគាត់ទៅនៅទីនោះម៉េច? ប៉ុន្តែមិនគិតដល់មួយជ្រុងទៀតថា អ្នកមានដែលកំពុងនៅជាមួយអ្នកក្រដែលណែនតាន់តាប់។ នៅពេលអ្នកមាន និងមានលុយចេញទៅជួលនៅអគារនោះ វានឹងធ្វើឲ្យមន្ទីរឃុំឃាំងសម្រាប់អ្នកក្រទូលាយ និងស្រឡះ...។ គាត់និយាយតែមួយជ្រុង។ ធម្មតាវាអ៊ីចឹងហើយ សេរីភាពនៃការបញ្ចេញមតិ ប៉ុន្តែយើងអ្នកធ្វើ យើងបានគិតថាដូច្នេះ»។
លោកបានបន្ថែមថា៖ «អ្នកមានលុយបង់ទើបអាចទៅនៅបាន ប៉ុន្តែអ្នកគ្មានលុយបង់មិនអាចទៅនៅបានទេ។ ប៉ុន្តែយ៉ាងហោចណាស់ពេលគាត់ចេញទៅអ្នកដែលគ្មានលុយបងគាត់នឹងធូរ។ គោលដៅគឺវាដូច្នេះ...ខ្ញុំគិតថាចំណុចនេះជាចំណុចថ្មី ហើយខ្ញុំគិតថា យើងគួរតែសាកល្បងប្រតិបត្តិការទៅវាយ៉ាងម៉េច?»។
ទោះយ៉ាងណាលោកថ្លែងថាកាលណាវាទៅហួសដល់សណ្ឋាគារ ឬផ្ទះសំណាក់ក៏វាជ្រុលដែរ។
លោកបានព្រមានថា៖ «ប៉ុន្តែកុំឲ្យកន្លែងឃុំនោះវាមិនមែនកន្លែងឃុំតែបែរទៅជាអូតែល ឬសណ្ឋាគារ ឬ ផ្ទះសំណាក់នៅពេលដែលវាទៅដល់នោះវាជ្រុលហើយ និងខុសហើយ។ យើងត្រូវមានស្តង់ដាររបស់វាគឺស្តង់ដារសម្រាប់អ្នកជាប់គុក...ប្រទេសខ្លះខ្ញុំមើលថា ដូចវាលើសផ្ទះសំណាក់ មានគ្រែមានពូកហើយមានអ្វីហូរហែទៅហើយអាចដោះស្រាយនៃការទាល់ច្រកម្តងម្កាលបាន ហើយសង្សារ និងប្រពន្ធទៅលេងបាននេះជារឿងរបស់គេ យើងមិនធ្វើដល់ថ្នាក់នោះទេ»។
តាមរបាយការណ៍ឆ្នាំ ២០១៧ និងទិសដៅការងារឆ្នាំ ២០១៨ របស់អគ្គនាយកដ្ឋានពន្ធនាគារបានឲ្យដឹងថា ជនជាប់ឃុំចូលថ្មីក្នុងឆ្នាំ ២០១៧ មាន ១៧៤៨០ នាក់ក្នុងនោះមានស្រី ១៦៨៩ នាក់ដោយកើនឡើង ២៩,២១ ភាគរយធៀបនឹងឆ្នាំ ២០១៦ ដែលមាន ៦៤២៥ នាក់ក្នុងនោះមានស្រី ៦៦២ នាក់។
របាយការណ៍ដដែលថាជនជាប់ឃុំទាំងនេះត្រូវបានចោទពីបទល្មើសគ្រឿងញៀន ៥១,៧៦ ភាគរយពីបទប្លន់ និងលួចមានស្ថានទម្ងន់ទោស ១៨,៨៨ ភាគរយបទឃាតកម្ម និងមនុស្សឃាត ៧,៦៨ ភាគរយ និងបទល្មើសផ្សេងៗ ១៣,៧៧ ភាគរយ។
ការកើនឡើងនៃជនជាប់ឃុំនេះធ្វើឲ្យស្ថានភាពក្នុងពន្ធនាគារប្រឈមនឹងភាពចង្អៀតបណ្ដាលឲ្យការរៀបចំឃុំឃាំងតាមនីតិវិធីច្បាប់ និងការឃុំឃាំងដោយឡែកសម្រាប់បទល្មើសគ្រឿងញៀនពុំអាចដំណើរការបានល្អធ្វើឲ្យមានហានិភ័យដល់សន្តិសុខ សណ្ដាប់ធ្នាប់ ប៉ះពាល់ដល់អនាម័យសុខភាព និងការបង្ការជំងឺឆ្លងជាដើម។
លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូកាលពីម្សិលមិញមិនអាចសុំការអត្ថាធិប្បាយបានទេ ប៉ុន្តែកាលពីថ្ងៃអង្គារលោកបានថ្លែងថាការសាងសង់អគារឃុំខ្លួនបង់លុយនេះបានប្រយោជន៍តែលើក្រុមហ៊ុន និងអ្នកមានលុយ ឯអ្នកគ្មានលុយនៅតែគ្មានលទ្ធភាពដដែល តែលោកក៏បារម្ភពីការកើនឡើងអ្នកទោសដែលធ្វើឲ្យពន្ធនាគារចង្អៀតផងដែរ៕