ភ្នំពេញ: លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងពីការចង់កំណត់ឲ្យមានវិធានការហាមបើកបររថយន្តពេញ ១ ជីវិត ចំពោះអ្នកបើកបរទាំងឡាយណា ដែលរកឃើញមានប្រើប្រាស់គ្រឿងញៀន និងត្រូវដកហូតបណ្ណបើកបរ (ពាក់មី) យានយន្តចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង ខណៈដែលលោកចង់ឲ្យមានការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ជាថ្មីទៀត ដោយបង្កើនកម្រិតនៃការផាកពិន័យឲ្យបានធ្ងន់ធ្ងរ។
លោក ស ខេង ដែលក៏ជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរនោះបានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ ២០១៩ និងទិសដៅការងារឆ្នាំ ២០២០ ដែលធ្វើឡើងកាលពីម្សិលមិញថា ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាវិធានការដ៏ចាំបាច់មួយដែលមន្ត្រីអនុវត្តច្បាប់ត្រូវបង្កើនការយកចិត្តទុកដាក់។
លោកកត់សម្គាល់ថា កម្រិតផាកពិន័យនាពេលបច្ចុប្បន្នហាក់នៅធូររលុង និងស្រាលៗនៅឡើយ ដែលលោកថាជាហេតុនាំឲ្យអ្នកប្រព្រឹត្តលើ្មសច្បាប់ចរាចរណ៍មិនសូវខ្លាច។
លោកបន្តថា លោកចង់ឲ្យមានការធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឬកែប្រែលើអនុក្រឹត្យ ដើម្បីបង្កើនកម្រិតផាកពិន័យអ្នកប្រព្រឹត្តល្មើសច្បាប់បើកបរឲ្យបានធ្ងន់ធ្ងរជាងពេលនេះរហូតឈានដល់ការដកបណ្ណបើកបររបស់អ្នកបើកបរក្នុងស្ថានភាពស្រវឹង និងអ្នកបើកបរញៀនគ្រឿងញៀនត្រូវពិន័យលែងឲ្យបើកបរ ១ ជីវិត។
លោក ស ខេង បញ្ជាក់ថា៖ «ខ្ញុំកត់សម្គាល់ឃើញថា ការផាកពិន័យក្នុងករណីចរាចរណ៍របស់យើង គឺពិតជាស្រាលៗមែន។ ខ្ញុំចង់ឲ្យឃាត់យកបណ្ណបើកបរគាត់ (អ្នកល្មើសច្បាប់) គឺលើកទី ១ យកប្រដាប់ចោះមកចោះបណ្ណបើកបរគាត់ លើកទី ២ ចោះមួយទៀត ហើយលើកទី ៣ មិនបាច់ចោះទៀតទេ រឹបអូសយកតែម្ដងបានន័យថា អ្នកដែលត្រូវពិន័យនេះនឹងត្រូវបញ្ឈប់ការបើកបររយៈពេលកំណត់ ១ ឆ្នាំ ឬច្រើនឆ្នាំ គឺយើងចុះក្នុងបញ្ជីខ្មៅតែម្ដង»។
លោកបន្ថែមថា៖ «ទាំងអ្នកបើកបរស្រវឹងក៏ដោយ រីឯអ្នកប្រើគ្រឿងញៀន គឺឈប់ឲ្យបើកបរ ១ ជីវិតតែម្ដង ព្រោះគ្រឿងញៀនវាមិនអាចព្យាបាលជាសះស្បើយបានទេអ៊ីចឹងបើរកឃើញនៅក្នុងក្រុមហ៊ុនណា ប្រើប្រាស់អ្នកបើកបរមានគ្រឿងញៀន គឺក្រុមហ៊ុនហ្នឹងត្រូវតែមកទទួលខុសត្រូវចំពោះមុខច្បាប់។ គឺយើងត្រូវតែដកសិទ្ធិហ្នឹង ចំពោះអ្នកញៀនគ្រឿងញៀន គឺលែងឲ្យបើកបរ ១ ជីវិតតែម្ដង»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជាបានថ្លែងថា ចំពោះចំណាត់ការដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងនេះ ជាអ្វីដែលអង្គការសង្គមស៊ីវិលធ្លាប់ប្រជុំ និងដាក់របាយការណ៍ទៅអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពាំនាំអនុសាសន៍មួយចំនួនទៅក្រសួងមហាផ្ទៃពិនិត្យ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ធ្វើវិសោធនកម្មច្បាប់ចរាចរណ៍។
លោកថ្លែងថា លោកគាំទ្រចំពោះវិធានការដកហូតបណ្ណបើកបរ (ពាក់មី) យានយន្តក្នុងស្ថានភាពដែលអ្នកបើកបរស្រវឹង ប៉ុន្ដែអ្នកបើកបរដែលមានប្រើប្រាស់គ្រឿងញៀន មិនគួរហាមពួកគាត់មិនឲ្យបើកបររហូតពេញ ១ ជីវិតនោះទេពោលគឺ គួរសិក្សារកវិធីណាល្អជាងនេះ ដោយគួរតែហាមនៅក្នុងរយៈពេលណាមួយដូចជា ៥ ឆ្នាំ ឬ ១០ ឆ្នាំ ហើយត្រូវប្រឡងយកបណ្ណបើកបរជាថ្មីថែមទាំងត្រូវត្រួតពិនិត្យរកសារធាតុញៀនសាជាថ្មីទៀត។
លោកបញ្ជាក់ថា៖ «យើងផ្ដល់ឱកាសឲ្យគាត់កែខ្លួនបើគាត់ចង់បើកបរយានយន្តវិញ គឺយើងតម្រូវឲ្យគាត់ចូលប្រឡងយកបណ្ណបើកបរថ្មី ហើយធ្វើតេស្តសុខភាពរកគ្រឿងញៀនក្នុងខ្លួនគាត់ បើរកមិនឃើញសារធាតុគ្រឿងញៀនទេអនុញ្ញាតឲ្យគាត់បើកបរ តែបើនៅតែមានគ្រឿងញៀន គឺនៅតែហាមបន្តទៀត»។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ពេញ ១ ឆ្នាំ ២០១៩ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតចំនួន ៤ ១២១ លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១ ៩៨១ នាក់ និងរងរបួស ៦ ១៤១ នាក់ ខណៈគិតជាមធ្យមភាគក្នុង ១ ថ្ងៃ មានមនុស្សស្លាប់ ៥,៤ នាក់។ គ្រោះថ្នាក់ចរារណ៍កើតឡើងភាគច្រើននៅក្នុងរាជធានីភ្នំពេញដែលបណ្តាលឲ្យមនុស្សស្លាប់ ៣៤៨ នាក់ ខណៈខេត្តព្រះសីហនុស្លាប់ ១៤៩ នាក់ និងខេត្តកណ្តាលស្លាប់ ១៤៣ នាក់។
របាយការណ៍បន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមានការបើកបរលើសល្បឿនកំណត់ ៣៨ ភាគរយ, មិនគោរពសិទ្ធិ ២៣ ភាគរយ, មិនប្រកាន់ស្តាំ ១៣ ភាគរយ, វ៉ាជែង ៩ ភាគរយ, ស្រវឹង ៥ ភាគរយ, កត្តាយានយន្ត ២ ភាគរយ និងងងុយដេក ១ ភាគរយ។
របាយការណ៍គូសបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១៩ កន្លងទៅនេះ រថយន្តដឹកកម្មករ និយោជិតជួបគ្រោះថ្នាក់ចរាចរណ៍មានចំនួន ១៤ លើក បណ្តាលឲ្យមនុស្សស្លាប់ ៥ នាក់ និងរងរបួសចំនួន ៣៣៤ នាក់។ ក្នុងចំណោមអ្នកបើកបរ និងព្រូរថយន្តដែលត្រួតពិនិត្យប្រមាណ ៩៧ នាក់ មាន ៣៤ នាក់ផ្ទុកសារជាតិញៀន។
របាយការណ៍ក៏បានបញ្ជាក់ដែរថាអត្រាគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ ២០១៩ កើនឡើង ៨៤៥ លើកស្មើនឹង ២៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។ ក្នុងនោះអ្នកស្លាប់កើន ២២០ នាក់ស្មើនឹង ១២ ភាគរយ ខណៈអ្នករងរបួសកើន ១ ៣៧១ នាក់ស្មើនឹងប្រមាណ ២៩ ភាគរយ។
ក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ ភាគច្រើនជាអ្នកជិះម៉ូតូដែលមានចំនួន ១ ៥៤២ នាក់ នៃចំនួនអ្នកស្លាប់សរុប ១៩៨១ នាក់ ស្មើនឹង ៧៨ ភាគរយ។ ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន ១ ១៨៦ នាក់ស្មើនឹង ៧៧ ភាគរយ៕
វីដេអូ៖