ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ច្រានចោល​ព័ត៌មាន​នៅក្នុង​របាយការណ៍​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​បាន​ធ្វើ​របាយការណ៍​អំពី​ស្ថានភាព​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ចោទប្រកាន់​ថា​មានការ​គំរាមកំហែង​ និង​គាបសង្កត់​ទៅលើ​ពួកគេ​។

នៅ​កម្មវិធី​បិទ​សិក្ខាសាលា​ជាតិ​ស្តីពី​ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​ ២០២០ នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​នៅ​រសៀល​ថ្ងៃទី​ ៥ ខែ​ធ្នូ ឆ្នាំ​ ២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​លោក ស ខេង បាន​ថ្លែង​ទៅកាន់​ដៃគូ​អភិវឌ្ឍន៍​ដែល​បាន​​ចូលរួម​ក្នុង​សិក្ខាសាលា​ថា​៖ «​យើង​ក៏បាន​សរសេរ​ក្នុង​របាយការណ៍​ឆ្លើយតប​ទៅ​សហគមន៍​អឺរ៉ុប​បែបនេះ​ដែរឮ​ថា​មាន​ការត្អូញត្អែរ​អំពី​ការគំរាមកំហែង ការគាបសង្កត់ ក៏ប៉ុន្តែ​ព័ត៌មាន​ជាក់លាក់​យើងខ្ញុំ​អត់​មាន​ទេ​។ ជាគោលការណ៍​តែងតែ​ធ្វើការ​ណែនាំ ទោះបី​នៅ​ទីនេះ​ក្តី ឬ​តាមរយៈ​លិខិតស្នាម​ក្តី​តាមរយៈ​ចុះទៅ​តាម​មូលដ្ឋាន​ក្តី ខ្ញុំ​តែងតែបាន​រំឭក​អំពី​ការលើក​កម្ពស់​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​សង្គមស៊ីវិល​នេះ បើ​ភាគី​ម្ខាង​តាំងចិត្ត​ពង្រឹង​ភាពជា​ដៃគូ តែ​ម្ខាង​ទៀត​មិន​តាំងចិត្ត ក៏​វា​ទៅ​មិន​រួច សុំ​ឲ្យ​ភាគី​ទាំង​ ២ ​តាំងចិត្ត​ដូច​គ្នា​»​។

លោក ស ខេង ​បន្ត​ថា​ក្រសួង​មហាផ្ទៃ​តែងតែ​យកចិត្ត​ទុកដាក់​ដើម្បី​ដោះស្រាយ​នូវ​កង្វល់​ និង​សំណូមពរ​នានា​របស់​អង្គការ​សង្គម​ស៊ីវិល​នៅពេល​ដែល​ក្រសួង​ទទួលបាន​នូវ​ព័ត៌មាន​ជាក់លាក់ និង​ពិតប្រាកដ​នោះ ក្រសួង​មិនដែល​ព្រងើយកន្តើយ​ក្នុង​ការដោះស្រាយ​ជូន​អង្គការ​សង្គម​ស៊ីវិល​នោះទេ​។

លោក ស ខេង ថ្លែងថា​៖ «​ប៉ុន្តែ​ព័ត៌មាន​ខ្លះ​វា​មិន​ដល់ វា​មិន​ដល់​យើងខ្ញុំ សូម្បី​ព័ត៌មាន​ហ្នឹង​ផ្តល់​មក​ដោយផ្ទាល់ ឬ​ក៏​តាម​ប្រព័ន្ធ​សារព័ត៌មាន​ក៏ដោយ យើងខ្ញុំ​មិនបាន​ទទួល​​ព័ត៌មាន​នោះ ដោយសារ​តែ​មិនបាន​ទទួល​ព័ត៌មាន​នោះ យើង​ក៏​មិនដឹង​ដោះស្រាយ​របៀប​ម៉េច​! នេះ​គឺជា​ការពិត​។ ក្រសួង​មហាផ្ទៃ​រក​ពុំ​ឃើញថា មាន​ករណី​គំរាមកំហែង ការ​គាបសង្កត់ ដូច​ការលើក​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​នោះទេ​»​។

លោក ស ខេង បាន​អះអាង​ថា​រាល់​កង្វល់​នានា​ទាក់ទង​នឹង​ច្បាប់ NGOs ក្រសួង​មហាផ្ទៃ​បាន​យកចិត្ត​ទុកដាក់​បំផុត​តាមរយៈ​ការ​បង្កើត​ជា​វេទិកា​អង្គការ​សង្គម​ស៊ីវិល​រយៈពេល​ ៦ ខែ​ម្តង ដើម្បី​នឹង​ផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ទៅវិញ​ទៅមក អំពី​កង្វល់ និង​បញ្ហា​ផ្សេងៗ ហើយ​រដ្ឋាភិបាល​ក៏មាន​យន្តការ​អចិន្រៃ្តយ៍​មួយ​ដែល​ដឹកនាំ​ដោយ​រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ម្នាក់​ដែល​ជំនាញ​ខាងច្បាប់ និង​មាន​សមាសភាព​មន្ត្រី​ពី​ក្រសួង​ការបរទេស ក្រសួងយុត្តិធម៌ និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត ចូលរួម​ដើម្បី​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​។ មន្ត្រី​ក្រសួងមហាផ្ទៃ និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​បាន​កំពុង​ជួប​ពិភាក្សាគ្នា​ស្តីពី​សំណើ​វិសោធនកម្ម​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។

លោក ស ខេង បញ្ជាក់ថា​៖ «​យើង​មិនបាន​ទុកចោល​នូវ​កង្វល់​ ឬ​មតិ​នានា​របស់​អង្គការ​សង្គម​ស៊ីវិល​នោះទេ​ទាំង​អង្គការ​សង្គម​ស៊ីវិល ធ្វើ​ការងារ​តស៊ូ​មតិ និង​អង្គការ​សង្គម​ស៊ីវិល​អភិវឌ្ឍន៍​។ យើង​បន្ត​ធ្វើ​ទៅទៀត ហើយ​បញ្ហា​នេះ​យើង​ក៏បាន​សរសេរ​នៅក្នុង​របាយការណ៍ ដើម្បី​ឆ្លើយ​ទៅ​សហគមន៍​អឺរ៉ុប​ផងដែរ ឧទាហរណ៍​ថា​មាន​ករណី ១០០ រក​ទៅ​វា​មិនឃើញ បើសិន​ព័ត៌មាន​នោះ​វា​ជាក់លាក់​សូម​ផ្តល់​ឲ្យ​យើងខ្ញុំ​ជាក់លាក់ បើ​យើងខ្ញុំ​មិន​ដោះស្រាយ​មានន័យថា យើងខ្ញុំ​គ្មាន​ឆន្ទៈ ប៉ុន្តែ​បើ​ព័ត៌មាន​នោះ​វា​មិន​ច្បាស់​យើង​មិនដឹង​ដោះស្រាយ​របៀប​ម៉េច​? មិនមែន​យើង​មិន​មាន​ឆន្ទៈ​នោះទេ​»​។

លោក ស ខេង ថ្លែងថា​ក្នុង​ជួរ​រាជរដ្ឋាភិបាល​តាំងពី​ថ្នាក់ក្រោម​ជាតិ​រហូត​ដល់​ថ្នាក់ជាតិ​នឹង​នៅតែ​បន្ដ​លើកកម្ពស់​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ហើយក៏​អំពាវនាវ​ដល់​អង្គការ​សង្គម​ស៊ីវិល បន្ដ​លើក​កម្ពស់​ភាព​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​សហការ​គ្នា​ធ្វើការងារ​ជា​ផលប្រយោជន៍​រួម​ក្នុង​ន័យ​សំដៅ​ឲ្យ​ប្រទេសជាតិ​កាន់តែ​មានការ​រីកចម្រើន​ទៅមុខ​បន្ដទៀត​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ទាក់ទង​នឹង​បញ្ហា​ភាពជា​ដៃគូ​ជាមួយ​សង្គម​ស៊ីវិល​នេះ យើងខ្ញុំ​នឹង​បន្ដ​ហើយ​លើក​ទឹកចិត្ត​ដើម្បី​ទាំងសងខាង ទាំង​ជួរ​រដ្ឋាភិបាល​តាំង​ពីលើ​រហូត​ដល់​ក្រោម គឺ​លើកកម្ពស់​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល [...] យើងខ្ញុំ​មិន​ចាត់ទុកថា អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​តស៊ូ​មតិ​នោះ គឺជា​អ្នក​ប្រឆាំង​ទេ ប៉ុន្ដែ​ជា​មតិ​ជំទាស់ មតិផ្ទុយ ដែល​នេះ​វា​មាន​ប្រយោជន៍​នាំ​ឲ្យ​យើង​យល់​បញ្ហា​»​។

លោក ស ខេង បាន​ថ្លែង​ទៅកាន់​អ្នកយក​ព័ត៌មាន​ផងដែរ​ថា ក្រសួង​មហាផ្ទៃ​បាន​ធ្វើ​របាយការណ៍​ឆ្លើយតប​ដាក់​ទៅ​សហភាព​អឺរ៉ុប​ទាក់ទង​ទៅ​នឹង​ស្ថានភាព​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា​ទៅ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​រួចហើយ ដើម្បី​រៀបចំ​បញ្ជូន​ដាក់​ទៅ​សហភាព​អឺរ៉ុប​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​ ១២ ខែ​ ធ្នូ ឆ្នាំ​ ២០១៩​។

លោក ស ខេង ថ្លែង​ថា​៖ «​យើង​នឹង​ឆ្លើយ ប៉ុន្តែ​តាម​ពេលវេលា​ដូចជា​យ៉ាង​យូរថ្ងៃ​ ១២ ធ្នូ ឥឡូវ​ហ្នឹង​ដូចជា​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន ហើយ​ក្រសួង​នានា​ដែល​ពាក់ព័ន្ធ​នឹង​ប្រហែល​បាន​បញ្ជូន​ទៅ​ក្រសួង​ការបរទេស​ដើម្បី​ឲ្យ​គេ​វេចខ្ចប់​បញ្ជូន​ទៅ​។ ជា​ការពិតហើយ​យើង​បាន​បង្ហាញ​ការពិត​អស់​តែម្តង ពីព្រោះ​យើង​មិន​អាច​ភូត​គេ​បានទេ​។ អ្វី​ដែល​ជា​ការពិត យើង​និយាយ​ការពិត​»​។

លោក កុយ គួង ​អ្នក​នាំពាក្យ​ក្រសួងការបរទេស​បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា ក្រសួង​នៅ​មិន​ទាន់​បញ្ជូន​របាយការណ៍​ទាំងនោះ​នៅឡើយ​ទេ​។

លោក​ ស៊ឹង សែនករុណា អ្នក​នាំពាក្យ​អាដហុក​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​បញ្ហា​ដែល​កើតឡើង​នាពេល​កន្លង​មក​ឃើញ​មាន​ការបិទ​អង្គការ​អន្តរជាតិ មានការ​ផ្អាក​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន និង​មាន​ការរារាំង​ការបំពេញ​ការងារ​ជាដើម​៕

វីដេអូ​៖