ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​ចេញ​សេចក្ដី​សម្រេច​ស្តីពី​ការបង្កើត​ក្រុម​ការងារ រៀបចំ​ខ្លឹមសារ​នៃ​កិច្ចប្រជុំ ពន្លឿន​នីតិវិធី​ជំនុំ​ជម្រះក្តី និង​ចេញ​សាលក្រម ឬ សាលដីកា​ស្ថាពរ​ដើម្បី​ដោះស្រាយ​បញ្ហា និង​ក្តីបារម្ភ​ទាក់ទង​នឹង​ពន្ធនាគារ​ណា​ដែល​កំពុង​មាន​ភាព​ចង្អៀត​ណែន​ខ្លាំង​។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី​ ២៧ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨ បាន​ចុះហត្ថលេខា​សម្រេច​បង្កើត​ក្រុម​ការងារ​បញ្ហា​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​។ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​​នគរបាលជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​​ពន្ធនាគារ អង្គភាព​ពាក់ព័ន្ធ និង សាមីខ្លួន ត្រូវ​ទទួល​បន្ទុក​អនុវត្ត​សេចក្ដី​សម្រេច​នេះ​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​តទៅ​។

យោង​តាម​សេចក្តី​សម្រេច​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ក្រុមការងារ​នេះ​មាន​តួនាទី​ភារកិច្ច​រៀបចំ តាក់តែង ចងក្រង ឯកសារ ពាក់ព័ន្ធ​ដល់​ដំណើរការ​នៃ​កិច្ចប្រជុំ​ក្នុង​គោលដៅ​ជំរុញ​ពិនិត្យ​នីតិវិធី​ឱ្យ​សាលា​ជម្រះក្តី​គ្រប់​ជាន់​ថ្នាក់​ពន្លឿន​នីតិវិធី​ជំនុំជម្រះ​ក្តី និង​ចេញ​សាលក្រម ឬ សាលដីកា​ស្ថាពរ​។ ក្រោយពី​រៀបចំ​ឯកសារ​រួចរាល់ ប្រធាន​ក្រុម​ការងារ​ត្រូវ​ដាក់​ឆ្លង​ឯកសារ​នេះ គោរព​ជូន សម្តេច​ក្រឡាហោម ស ខេង ដើម្បី​ពិនិត្យ និង​សម្រេច​»​។

លោក ជិន ម៉ាលីន បាន​ថ្លែង​ថា​ការបង្កើត​ក្រុម​ការងារ​នេះ​គឺ​ធ្វើ​តាម​ការឯកភាព​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

សមាសភាព​ក្រុម​ការងារ​នេះ​មាន​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ជា​ប្រធាន​ក្រុម​ការងារ​នេះ​លោក ប៉ាវ ហមផាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង លោក កើត រិទ្ធ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ជា​អនុប្រធាន និង​មាន​សមាជិក​ ១០ ​រូប​ទៀត​មាន​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លោក ឡាំ ជា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​លោក នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង លោក នាយ​ឧត្តមសេនីយ៍​ ចាន់ គីមសេង អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​ពន្ធនាគារ​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹងថា ក្រុម​ការងារ​ដែល​បង្កើត​នេះ​នឹង​រៀបចំ​លើ​ខ្លឹមសារ និង​យន្តការ​ និង​សេណារីយោ​មួយ​ចំនួន​ហើយ​នឹង​ដាក់​ចូល​ក្នុង​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​នោះ​មាន​មន្ត្រី​ក្រសួង​យុតិ្តធម៌​ដូចជា មន្ត្រី​សាលាដំបូង​រាជធានី-ខេត្ត ស្ថាប័ន អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ត​ដើម្បី​ដោះស្រាយ​បញ្ហា​ចង្អៀត​នៃ​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។

លោក​បញ្ជាក់​ថា​៖ «​មុន​នឹង​ឈាន​ដល់​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម វា​ចាំបាច់​ត្រូវ​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ខ្លឹមសារ​។ ក្រុម​នេះ​នឹង​ធ្វើការ​ប្រជុំ​ឆាប់ៗ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ និង​រៀបចំ​នូវ​សេណារីយោ និង​យន្តការ​មួយ​ចំនួន​ក្នុង​ការ​ដោះស្រាយ​ហ្នឹង ហើយ​បន្ទាប់មក​នៅពេល​ដែល​យើង​រៀបចំ​លើ​ខ្លឹមសារ និង​យន្តការ​ និង​សេណារីយោ​មួយ​ចំនួន​ហើយ​នឹង​ដាក់ចូល​ក្នុង​កិច្ចពិភាក្សា​នៃ​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម​»​។

លោក​បន្ថែម​ថា​បន្ទាប់ពី​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ការដាក់​ចេញ​ទៅ​យន្តការ​ណា​មួយ​ដើម្បី​អនុវត្ត​ដោះស្រាយ​ការ​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ហើយ​ក្រុម​ការងារ​នេះ​អាច​នឹង​ជួប​គ្នា​សប្តាហ៍​ក្រោយ​ដើម្បី​ពិភាក្សា ព្រោះ​ពេល​នេះ​ក្រសួង​កំពុង​សិក្សា​ស្រាវជ្រាវ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទៅ​លើ​ច្បាប់​មួយ​ចំនួន​ដូចជា​ទោស​សហគមន៍​ជាដើម ដើម្បី​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​។

កាល​ដើម​ខែ​ធ្នូ ឆ្នាំ​ ២០១៨ តាម​របាយការណ៍​ចេញ​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​បង្ហាញ​ថា ចំនួន​អ្នក​ជាប់ឃុំ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដោយ​ធ្វើឲ្យ​មាន​ភាព​ចង្អៀត​ណែន និង​ពុករលួយ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ទៅ​លើ​អ្នក​ជាប់ឃុំ​ផ្តល់​ផលវិបាក​ដល់​មន្ត្រី​ពន្ធនាគារ និង​សង្គមជាតិ​ទាំង​មូល​ហើយ​ថា ការរំលោភបំពាន​សិទិ្ធ​ជន​ជាប់ចោទ និង​អំពើ​ពុករលួយ​រីករាលដាល​នៅក្នុង​ប្រព័ន្ធ​ពន្ធនាគារ​បាន​ធ្វើឲ្យ​ស្ថានភាព​ពន្ធនាគារ​យ៉ាប់យ៉ឺន ហើយ​បាន​ស្នើឲ្យ​ប្រើប្រាស់​នីតិវិធី​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​បទល្មើស​តូចៗ​ដែល​មិន​មាន​ហិង្សា និង​ផ្តល់​ប្រយោជន៍​ដល់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ជារួម​។ នេះ​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការចាត់​អាទិភាព​នៃ​រឿងក្តី​ទៅ​តាម​ភាពធ្ងន់ធ្ងរ​របស់​ករណី​នីមួយៗ និង​កាត់បន្ថយ​ការងារ​ច្រើន​ហួសហេតុ​របស់​ស្ថាប័ន​តុលាការ​។

លោក​ ជិន ម៉ាលីន បាន​ថ្លែង​ថា​ក្រសួង​ពាក់ព័ន្ធ​មិន​អាច​ធ្វើ​តាម​ការស្នើសុំ​របស់​អង្គការ សង្គម​ស៊ីវិល​ទេ ព្រោះ​វា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការស៊ើបអង្កេត​ និង​ធ្វើឲ្យ​ចលាចល​នៅក្នុង​សង្គម​។

លោក​បាន​អះអាង​ថា​ទោះ​ជា​យ៉ាងណា​ក៏ដោយ​ក្រុម​ការងារ​នេះ​មិន​អាច​ដាក់​បញ្ជូល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ទេ​ ដោយសារ​តែ​ក្រុម​នេះ​គឺជា​ក្រុម​ជំនាញ និង​បច្ចេកទេស​ទាក់ទង​នឹង​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ និង​តុលាការ​។

លោក​បញ្ជាក់​ថា​៖ «​ក្នុង​នាម​មន្ត្រី​អនុវត្ត​ច្បាប់​យើង​ពិបាក​នឹង​ធ្វើ​ដោយសារ​អ្វី​ដែល​យើង​ធ្វើ​គឺ​ទៅ​តាម​បញ្ញតិ្ត​ច្បាប់​មុន​នឹង​ឃុំ​ខ្លួន​គេ បណ្តោះអាសន្ន​គេ​ត្រូវ​បំពេញ​លក្ខណៈ​មួយ​ចំនួន​ក្នុង​ច្បាប់​ហើយ​ចៅក្រម​ស៊ើបសួរ​គាត់​បាន​ពិនិត្យ​ទៅ​មើល​ឃើញ ថា​មាន​លក្ខណៈ​មួយ​ចំនួន​ដែល​មិន​អាច​ឲ្យ​អ្នក​ហ្នឹង​នៅ​ក្រៅ​ឃុំ​បាន គាត់​សម្រេច​ឲ្យ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​។ ដូច្នេះ​អ្វី​ដែល​គាត់​ស្នើសុំ​ដើម្បី​ដោះ​បញ្ហា​ចង្អៀត​ណែន​តាមរយៈ​ការដោះលែង​អ្នក​ទាំងអស់​នោះ​ និង​ឃុំខ្លួន​បណ្តោះអាសន្ន​តិច​វា​មិន​ឆ្លើយតប​ទៅ​គោលនយោបាយ​ព្រហ្មទណ្ឌ​របស់​យើង​។ បើ​យើង​ធ្វើ​បែប​ហ្នឹង​វា​នឹង​បង្ក​អសន្តិសុខ​នៅក្នុង​សង្គម​កាន់តែ​ខ្លាំង​»​។

លោក សន កែវ អ្នក​នាំពាក្យ​នាយកដ្ឋាន​ពន្ធនាគារ​បាន​ឲ្យ​ដឹងថា ក្រុម​ការងារ​នេះ​អាច​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ចង្អៀតណែន​នៃ​អ្នក​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ដែល​បច្ចុប្បន្ន​នេះ​មាន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ប្រមាណ ៣១០០០ នាក់​ដែល​អាច​ផ្ទុក​តាម​ស្តង់ដារ​បាន​ត្រឹមតែ​ប្រមាណ​ពី​ ១១០០ ​នាក់​ទៅ​ ២០០០ ​នាក់​ជាង​ ខណៈ​ពេល​ដែល​មណ្ឌល​អប់រំ​កែប្រែ ម​១ មាន​អ្នក​ជាប់ឃុំ​ប្រមាណ​ជាង​ ៧០០០ ​នាក់ តែ​មណ្ឌល​នេះ​អាច​ផ្ទុក​បាន​ត្រឹម​តែ​ប្រមាណ​ ២០០០ ​នាក់​ជាង ដូច្នេះ​បង្ក​ឲ្យ​មាន​បញ្ហា​ជាច្រើន​ទាំង​សុខភាព​ និង​ការអប់រំ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ជាក់ស្តែង​កន្លង​មក​យើង​បាន​ដោះស្រាយ​ភាព​ចង្អៀត​ណែន​តាម​ ២ ​រូបភាព​។ ទាំង​ថ្នាក់​ក្រសួង ទាំង​រាជរដ្ឋាភិបាល​គឺ​បាន​រៀបចំ​សាងសង់​ពន្ធនាគារ​ថ្មី​តាមរយៈ​ថវិកាជាតិ​ផង​ និង​ក្រសួង​ផង​។ ជាក់ស្តែង​យើង​បាន​សាងសង់​ពន្ធនាគារ​ថ្មី​មួយ​ចំនួន​ដូចជា​នៅ​ខេត្ត​តាកែវ ក្រចេះ​ហើយ​ ២ ​ទៅ​ ៣ ​កន្លែង​ទៀត និង​បាន​សាងសង់ ៨ ​អគារ​នៅ​មណ្ឌល​​អប់រំ​កែប្រែ​ ៤»​។

ការបង្កើត​ក្រុម​ការងារ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​ឱ្យ​ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​រៀបចំ​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ណែន​ចង្អៀត​នៅក្នុង​ពន្ធនាគារ​តាម​សំណើ​របស់​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​បង្ហាញ​ក្ដីបារម្ភ​អំពី​ចំនួន​ទណ្ឌិត​នៅ​ទូទាំង​ប្រទេស​មាន​ការ​កើនឡើង​កាន់តែ​ច្រើន​ និង​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​លោកស្រី រ៉ូណា ស្ម៊ីត កាលពី​ដើម​ខែ​ធ្នូ​ឆ្នាំ​ ២០១៨ និង អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​ពី​ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​។

កាលពី​ថ្ងៃទី​ ៧ ​ខែ​ធ្នូ​លោក ស ខេង ​បាន​ថ្លែង​ប្រាប់​លោកស្រី ស្ម៊ីត ថា​ការបង្ក្រាប​គ្រឿងញៀន​ជា​កត្តា​ធ្វើឲ្យ​ចំនួន​អ្នកទោស​នៅ​ពន្ធនាគារ​មាន​ការកើនឡើង​ខ្ពស់​៕