ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​បដិសេធ​ថា​លោក​មិន​បាន​បញ្ជ​ទៅ​អភិបាល​រាជធានី-ខេត្ត ឲ្យ​ណែនាំ​សមត្ថកិច្ច​ធ្វើការ​រារាំង​ ឬ​គាប​សង្កត់​ប្រជាពលរដ្ឋ​ណា​ម្នាក់ មិន​ឲ្យ​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដូច​ការបកស្រាយ​បំផ្លើស​មួល​បង្កាច់​របស់​បុគ្គល​ និង​សារព័ត៌មាន​មួយ​ចំនួន​ដែល​មាន​និន្នាការ​ប្រឆាំង​នោះ​ឡើយ​។

បើ​តាម​សារ​ជា​សំឡេង​របស់​លោក ស ខេង ​បាន​ផ្ញើ​ទៅ​អភិបាល​រាជធានី-ខេត្ត​កាលពី​ថ្ងៃទី​ ១០ ​ខែ​កញ្ញា​លោក​មាន​ប្រសាសន៍​ថា​៖ «​សូម​ជម្រាបជូន លោក​ជំទាវ​ឯកឧត្តម អភិបាល​រាជធានី-ខេត្ត​ទាំងអស់​មេតា្ត​ជ្រាបថា ពួក​ប្រឆាំង​ក្រៅច្បាប់​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ហ្នឹង វា​បាន​ណែនាំ​ឲ្យ​គ្នីគ្នា​គេ​ចុះទៅ​តាម​វត្ត​ឲ្យ​បាន​ច្រើន​ពេល​ភ្ជុំបិណ្ឌ​ដើម្បី​ជា​ឱកាស​ជួបជុំគ្នា​ហើយ​និង​គេ​ពិភាក្សា ឬ​ក៏​រៀបចំ​ផែនការ​ខ្មៅ​របស់​គេ​នោះ​។ ដូច្នេះ​ហើយ​ឥឡូវ​នេះ យើង​នាំគ្នា​រៀបចំ​តាម​ខ្ញុំ រៀបចំ​មន្ត្រី​ចុះ​តាម​វត្ត​ហើយ​ម្យ៉ាង​បុណ្យ​ភ្ជុំបិណ្ឌ ម្យ៉ាង​ទៀត​គឺ​យើង​ត្រូវ​គ្រប់គ្រង​សភាពការណ៍​ឲ្យ​បានល្អ​ផង​»​។

យោងតាម​គេហទំព័រ ហ្វេសប៊ុក​របស់​លោក​ ស ខេង កាលពី​ថ្ងៃទី​ ១៧ ខែ​កញ្ញា​លើកឡើង​ថា សំឡេង​របស់​លោក​ដែល​បាន​ផ្ញើ​ទៅ​អភិបាល​រាជធានី- ខេត្ត​គឺ​មិន​បាន​បញ្ជា​ឲ្យ​រារាំង ឬ​គាបសង្កត់​ប្រជាពលរដ្ឋ​ណា​ម្នាក់​មិន​ឲ្យ​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​នោះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​កាលពី​ថ្ងៃទី​ ១០ ខែ​កញ្ញា ឆ្នាំ​ ២០១៩ ខ្ញុំព្រះករុណាខ្ញុំ បាន​ផ្ញើ​សារ​សំឡេង​ទៅ​អភិបាល រាជធានី-ខេត្ត ណែនាំ​ឲ្យ​ខិតខំ និង​គ្រប់គ្រង​សភាពការណ៍ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ឱកាស​ដែល​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កំពុង​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​...​មាន​បុគ្គល​​ និង​សារព័ត៌មាន​មួយ​ចំនួន​ដែល​មាន​និន្នាការ​ប្រឆាំង​បាន​យក​ទៅ​ធ្វើ​អាជីវកម្ម បកស្រាយ​បំផ្លើស និង​មួលបង្កាច់​ក្នុងន័យ​ថា​ខ្ញុំ​ព្រះករុណា​បាន​រារាំង ឬ​គាបសង្កត់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ទៅវិញ​»​។

លោក​បាន​បន្ថែម​ថា​៖ «​នេះ​ជា​ចេតនា​អាក្រក់​ដែល​ខ្ញុំ​ព្រះករុណា​ខ្ញុំ​មិន​ទទួល​យក​បាន​ឡើយ​។ ក្នុងនាម​ជា​អ្នកទទួល​ខុសត្រូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​សម្រាប់​ប្រទេស​ជាតិ​ខ្ញុំ​ព្រះករុណា​ខ្ញុំ មាន​សិទ្ធិ និង​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់​ក្នុង​ការដាក់​ចេញ​បទបញ្ជា ដើម្បី​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​សម្រាប់​គ្រប់គ្រង​ព្រឹត្តិការណ៍​នានា​»​។

ប៉ុន្តែ​លោក​ថា​លោក​មាន​សិទ្ធិ​ចេញ​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ក្នុង​ការគ្រប់គ្រង សភាពការណ៍ ហើយ​សកម្មភាព​ទាំងឡាយ​ណា​ដែល​ប៉ុនប៉ង​បំផ្លាញ​សុខសន្តិភាព​ស្ថិរភាព​នយោបាយ បំផុសបំផុល​ឲ្យ​មាន​អំពើ​ហិង្សា​ចលនា​បំបែកបំបាក់​ផ្ទៃក្នុង​ជាតិ​ឈាន​ទៅ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​មាន​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ហើយ​លោក​ក៏​បាន​ឆ្លៀតឱកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ចូលរួម​ថែរក្សា​សុខសន្តិភាព​ផងដែរ​។

លោក ស៊ឹង សែនករុណា ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ថ្លែង​ថា ការបកស្រាយ​របស់​ស្ថាប័ន​​ព័ត៌មាន ឬ​ស្ថាប័ន​សិទ្ធិ​មនុស្ស​ទៅលើ​សារ​ ឬ​ក៏​ទង្វើ​របស់​មន្ត្រី​ជាន់​ខ្ពស់​គឺជា​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​ក្នុង​ការបញ្ចេញមតិ ហើយ​ការបញ្ចេញ​មតិ​របស់​ពួកគេ​គឺ​មិន​បាន​រំលោភបំពាន​ច្បាប់​នោះ​ទេ​។

លោក​ថា​៖ «​សម្រាប់​អ្នក​ដែល​យើង​ធ្វើការ​ផ្នែក​សង្គម​ស៊ីវិល យើង​ពិនិត្យ​មើល​ទៅ​ទិដ្ឋភាព​បែប​ហ្នឹង​ និង​ដោយ​ផ្អែកលើ​មូលដ្ឋាន​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។ គេ​ធ្វើការ​វាស់វែង​ទៅ​លើ​សិទិ្ធ​សេរីភាព ឬ​ច្បាប់​ជាតិ​ និង​អន្តរជាតិ ដើម្បី​វាយតម្លៃ​ទៅ​សារ​របស់​គាត់​ (​ថ្នាក់ដឹកនាំ​)​។ វា​មិនមែន​ជា​ការបកស្រាយ​ខុស​នោះ​ទេ​ដោយសារ​នេះ​គឺជា​ការមើលឃើញ​​របស់​បុគ្គល​មួយ​ចំនួន​»​។

លោក​បន្ថែម​ថា​ការចេញ​សារ​បកស្រាយ​របស់​លោក ស ខេង ធ្វើ​ឡើង​ដើម្បី​លុប​បំបាត់​ការចោទប្រកាន់ និង​ការរិះគន់​ផ្សេងៗ​ដោយសារ​តែ​មាន​អ្នក​រិះគន់​លើ​សារ​របស់​លោក​ថា បាន​រំលោភ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​។

ប៉ុន្តែ​លោក គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ថា​សារ​របស់​លោក ស ខេង មិន​មាន​ចំណុច​ណាមួយ​ដែល​បង្ហាញ​ថា លោក​មាន​ចេតនា​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នោះទេ​តែ​បែរ​ជា​មាន​បុគ្គល និង​សារព័ត៌មាន​មួយ​ចំនួន​យក​ទៅ​ផ្សព្វផ្សាយ​ខុសពី​ខ្លឹមសារ​ពិតប្រាកដ​របស់​លោក​តាម​បណ្តាញ​សង្គម​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​បានឮ​សារ​របស់​សម្តេច ក្រឡាហោម តាម​វិទ្យុ​បារាំង​ហើយ​សារ​របស់​លោក​នោះ​គឺ​ក្នុងន័យ​ផ្តល់​ការណែនាំ​ទៅដល់​ថ្នាក់​រាជធានី​-​ខេត្ត ឲ្យ​យកចិត្ត​ទុកដាក់​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ហើយ​និង​ឃ្លាំមើល​ការប្រមូលផ្តុំ​ខុសច្បាប់ ដែល​ទទួល​លោក សម រង្ស៊ី ហើយ​សារ​នេះ​មិនមាន​ចំណុច​ណា​មួយ​ដែល​បង្ហាញថា សម្តេច​ក្រឡាហោម មាន​ចេតនា​រារាំង​ប្រជាពលរដ្ឋ មិន​ឲ្យ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នោះទេ​»​។ «​នៅ​ស្រុក​យើង សម្បូរ​អ្នក​ដែល​យកសារ​របស់​ថ្នាក់ដឹកនាំ​បកស្រាយ​រួមទាំង​កាសែត មួយចំនួន និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​។ ពួកគាត់​ពេល​ខ្លះ​ធ្វើការ​បកស្រាយ​ខុស​ពី​ខ្លឹមសារ​ ឬ​សាច់រឿង​ខុសពី​គំនិត​ដើម​របស់លោក​»​។

ការណែនាំ​របស់​លោក ស ខេង នាពេល​ថ្មីៗ​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់ពី​លោក សម រង្ស៊ី បាន​ប្រកាស​វិល​មក​កម្ពុជា​វិញ​ហើយ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ស្វាគមន៍​គាំទ្រ​រូបលោក​៕