ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​រិះគន់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ ១ ​រូប​ ពាក់ព័ន្ធ​នឹង​ការកាត់​ដី​ទំហំ​ ១ ​ពាន់​ហិកតា ​ទៅ​ឲ្យ​បុគ្គល​ម្នាក់​កាលពីពេល​ថ្មីៗ​នេះ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ជាមួយ​ពលរដ្ឋ​ ខណៈ​ដែល​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​ និង​រដ្ឋមន្ដ្រី​ផ្សេង មិន​ទាំង​មាន​សិទ្ធិ​ធ្វើ​ដូចនេះ​ផង​នោះ​។

ការរិះគន់​របស់​លោក​ ស ខេង បែបនេះ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​បើក​សន្និបាត ត្រួតពិនិត្យ​ការងារ​ឆ្នាំ​ ២០១៩ និង​លើក​ទិសដៅ​ឆ្នាំ​ ២០២០ របស់​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ ១៩ ​ខែ​កុម្ភៈ ​ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​ប្រមាណ​ ៧០០ ​នាក់​។ ប៉ុន្តែ​​លោក​មិនបាន​បញ្ចេញ​ឈ្មោះ​អ្នក​ដែល​បាន​ប្រព្រឹត្ត​នោះទេ​។

លោក ស ខេង បាន​ថ្លែងថា​៖ «​ថ្ងៃមួយ​នោះ​ខ្ញុំ​ឃើញ​មាន​ក្រុមប្រឹក្សា​មួយ​នោះ ខ្ញុំ​មិន​បញ្ចេញ​ឈ្មោះ​ទេ គាត់​ទៅ​កាត់​ដី​មួយ​ដុំ​ ១ ​ពាន់​ហិកតា ហើយ​សួរថា តើ​សិទ្ធិ​របស់​គាត់​ឬ​អត់​? គាត់​គ្មាន​សិទ្ធិ​ទេ រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​ក៏​គ្មាន​សិទ្ធិ​ដែរ ហើយ​ជឿថា រដ្ឋមន្ដ្រី​ផ្សេងទៀត​ក៏​គ្មាន​សិទ្ធិ​ដែរ​។ ​ចៅហ្វាយ​ខេត្ត​អត់​ទាំង​ដឹង​ទៀត ហើយ​ចៅហ្វាយ​ខេត្ត ក៏​គ្មាន​សិទ្ធិ​បែប​នោះ​ទៅទៀត​។ ​តែ​គាត់​ជា​ក្រុមប្រឹក្សា​មួយ​គាត់​មាន​សិទ្ធិ​ ដើម្បី​បង្ខាំង​ដី​ ១ ​កន្លែង​ជាង​ ១ ០០០ ​ហិកតា ដើម្បី​យក​ដី​ហ្នឹង​ទៅ​អភិវឌ្ឍ​ស្អី​អ៊ីចឹង​។ ដល់​អ៊ីចឹង​ទៅ​ប៉ះ​ជាមួយ​ប្រជាជន​នៅ​កន្លែង​ណុង​ស្រាប់​»​។

លោក​បន្ថែមថា​៖ «​ឥឡូវ​មិនទាន់​ដឹងថា ដោះស្រាយ​ចេញ​ហើយ​ឬទេ ឯកឧត្តម អ៊ំ រាត្រី​។ ក្រុម​ក្រសួង​គេ​ទៅ​វាស់វែង​។ ​ខ្ញុំ​ថា​ហើយ​ថា ឲ្យ​ខេត្ត​ធ្វើ​មិន​បានទេ ទាល់តែ​ក្រសួង​ទៅធ្វើ​បោះព្រំ​វាស់វែង​តែម្តង​។ ​(​ក្រសួង​) ​ធ្វើ​អ៊ីចឹង​​ត្រូវ​ហើយ​។ ប៉ុន្តែ​ធំ​បំផុត យោបល់​ខ្ញុំ​លុប​លិខិត​របស់​ក្រុមប្រឹក្សា​ហ្នឹង​ទៅ​ចប់​ហើយ បើ​មិន​ដូច្នេះ​ទេ ដើរ​តែ​បង្កើត​ហើយ​ក្រុមប្រឹក្សា​ណាមួយ​ដើរ​បង្ខាំង​ដី​អ៊ីចឹង​ទៀត វា​ខុស វា​នឹង​អន្តរធាន​»​។

លោក អ៊ំ រាត្រី ​អភិបាលខេត្ត​បន្ទាយមានជ័យ​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ​កាលពី​ម្សិលមិញ​។

រីឯ​លោក អាង ណារិទ្ធ ប្រធាន​មន្ទីរ​​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​ និង​សុរិយោដី ខេត្តបន្ទាយមានជ័យ​បាន​ថ្លែងថា លោក​មិនអាច​អត្ថាធិប្បាយ​បានទេ​ដោយ​ត្រូវ​សិក្សា​ពី​​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់​សិន​។

ទោះបី​ជា​យ៉ាងណា​លោក ប៉ាង វណ្ណាសេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ដី​ចំនួន​ ១ ​ពាន់​ហិកតា​នោះ​ ស្ថិត​នៅ​តំបន់​តាបែន​ ២ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ជាប់​ព្រំប្រទល់​ឃុំ​សិង្ហ​ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។ ​

លោក​ថា អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​មន្ត្រី​ជំនាញ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ចុះទៅ​កំណត់​ព្រំដី​របស់​រដ្ឋ​នៅ​ទីនោះ​​ហើយ​កាលពី​ថ្ងៃ​ ១៨ កុម្ភៈ​។

បើតាម​លោក វណ្ណាសេដ្ឋ ដី​តំបន់​នេះ​ធ្លាប់មាន​ជនខិលខូច​មក​បោះបង្គោល​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ និង​មាន​ពលរដ្ឋ​ចំនួន ​១ ៥០០ ​គ្រួសារ​ ក៏​បានមក​ចាប់យក​ដី​នេះដែរ​។ ​ប៉ុន្ដែ​ត្រូវ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានចេញ​លិខិត​ឲ្យ​ចាកចេញ​ពី​ដី​នេះ​វិញ​ដោយ​ក្រុម​ការងារ​អន្តរក្រសួង​បាន​បង្កើត​គណៈកម្មការ​ចុះ​ត្រួតពិនិត្យ និង​បោះបង្គោល​រក្សា​ដី​រដ្ឋ​ឡើងវិញ ប៉ុន្ដែ​ពេលនេះ​មន្ត្រី​បាន​វាស់វែង​រួចរាល់​ហើយ តែ​មិនទាន់​​បោះបង្គោល​ទេ​។

លោក​បញ្ជាក់ថា​៖ «​យើង​អត់​ទាន់​បាន​បោះបង្គោល​ទេ​តែ​យើង​ចុះ​វាស់វែង​រួចរាល់​ពី​ថ្ងៃ​ទី​ ១៨ ខែ​កុម្ភៈ ហើយដោយ​យើង​ត្រៀម​បង្គោល​ធំៗ​ប្រហែល​ជាង​ ១០០ ​បង្គោល និង​បង្គោល​​តូចៗ​មាន​ច្រើន​ទៀត​។ កន្លងមក​មាន​​ការរំលោភបំពាន​យក​ដី​ហ្នឹង​មាន​ទាំង​ពលរដ្ឋ និង​មាន​ទាំង​មន្ត្រី​ជាន់ខ្ពស់​ខេត្ត​ខ្លះ​នៅ​ពីក្រោយ​ការយក​​ដី​ហ្នឹង​។ ហ្នឹង​មន្ត្រី​ពាក់ព័ន្ធ​ដី​ហ្នឹង​គឺ​មាន​ឋានៈ​ខ្ពស់ៗ​ដូច​សម្ដេច​ក្រឡាហោម​មានប្រសាសន៍​អ៊ីចឹង​ដែរ​»​។

លោក លឿង សុភ័ក្ត្រ អភិបាលស្រុក​ស្វាយចេក​បាន​ថ្លែងថា លោក​មិនបាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​វាស់វែង​កំណត់​ព្រំដី​នេះ​ទេ ប៉ុន្តែ​ក្រុមមន្ត្រី​ជំនាញ​ពី​សាលាខេត្ត​បន្ទាយមានជ័យ​ និង​អន្តរក្រសួង​ជា​អ្នកចាត់ចែង​លើ​​ករណីនេះ​។ «​ខ្ញុំ​អត់​ដឹង​រឿងនេះ​ទេ ព្រោះ​ខ្ញុំ​អត់​បាន​ចូលរួម​វាស់វែង​ដី​ហ្នឹង​ខាង​​មន្ត្រីខេត្ត និង​អន្តរក្រសួង​ជា​អ្នកធ្វើ​»​។

លោក លី សារី អភិបាលរង​ខេត្ត​​បន្ទាយមានជ័យ​បាន​ថ្លែងថា ករណីនេះ​លោក​បាន​ចុះទៅ​ជាមួយ​អន្តរក្រសួង​ ដើម្បី​ពិនិត្យ​លើ​ខ្លឹមសារ និង​ស្ថានភាព​ជាក់ស្ដែង​។ ​បន្ទាប់មក​តម្រូវ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​កំណត់​ព្រំដី​របស់​រដ្ឋ​ឲ្យ​បាន​​ច្បាស់លាស់​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់​អាច​​បញ្ជាក់ថា នរណា​ខ្លះ​ពាក់ព័ន្ធ​នឹង​រឿង​ដី​រដ្ឋ​នេះ​ទេ ព្រោះ​បញ្ហា​នេះ​កំពុង​ស្មុគស្មាញ​ខ្លាំងណាស់​។ ខ្ញុំ​សូមបញ្ជាក់​តិច​ថា រដ្ឋ​ហ្នឹង​យើង​បាន​កាត់​ឆ្វៀល​ជូនទៅ​ប្រជាពលរដ្ឋ​មួយ​ចំនួន និង​នៅ​​សល់​ដី​មួយចំនួនទៀត ហើយ​នៅ​ឆ្នាំ ២០១៩ ដី​ដែល​សល់​នេះ​ត្រូវ​បាន​គេ​រំលោភ​យក​»៕