ព្រៃវែងៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបាន​លើក​ទឹក​ចិត្តឲ្យ​ប្រជា​ពល​រដ្ឋ​​​យក​កូន​ឲ្យ​បាន​ជា​មធ្យម​ ៥ នាក់​ ក្នុង​ ១ គ្រួសារ​ ដើម្បី​​អាច​ធ្វើ​ឲ្យ​ចំនួន​ប្រជា​ពល​ដ្ឋ​កម្ពុជា​​កើ​ន​​ឡើង​ទ្វេដងដល់​ជាង ៣២ លា​ន​​នាក់ដោយ​សារ​ទឹក​ដី​កម្ពុជា​នៅ​ធំ ខណៈ​ដែល​ជំរឿន​កាលពី​ពេ​ល​ថ្មីៗ​នេះបាន​​រក​ឃើញ​ថា ​កម្ពុ​ជា​មាន​ប្រជាជន​សរុប​ចំនួន ១៥,​២ លាន​នាក់។

នៅ​​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា​ព្រះវិហារ នៅ​ក្នុង​ខេត្ត​ព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី ១៣ ខែ កក្កដា លោក​ ស ខេង បាន​ថ្លែង​ថា​ ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ធ្វើ​​ជំរឿន​សរុបនៅទូទាំង​ប្រទេ​ស​​​ដោយ​រក​ឃើញ​ប្រជា​ជន​មាន​​ចំនួន ១៥ លាន​ ២ សែន​នាក់។ លោក​បន្ត​ថា ប្រទេសមួយ​ចំនួ​ន ​នៅលើ​ពិភព​លោក​​គេ​ចាប់ផ្តើម​ភ័យ​ពី​រឿង​ការ​មិន​មាន​កំណើន​ចំនួន​ប្រជាជនជាពិសេស​ប្រទេ​ស​ដែលមាន​សេដ្ឋកិច្ច​ជីវភាព​រស់​នៅ​រីកលូតលាស់ ​ធ្វើ​ឲ្យ​មនុស្ស មួយ​ចំនួនមិន​ចង់​បានកូន​​ដោ​យ​​​សារតែ​ពួកគេ​រវល់​ប្រកប​ការងារ។

លោក​បញ្ជាក់​ថា៖ «យើង​អត់​មាន​លុយ​ថែម​ទេ បើ​មាន​កូន​​ច្រើន​កាលណា​ ល្អ​កាល​ហ្នឹ​ង តែ​ច្រើន​ពេក​ក៏​យ៉ាប់ដែរ ត្រឹម ៥ ទៅ ៦ អីហ្នឹងល្មម​ហើយ ជា​មធ្យម​បាន ៥ ពីព្រោះ​នៅ​ឆ្នាំ ១៩៧៩ ខ្មែរក្រហម​សម្លាប់​អស់​នៅសល់​ប្រហែល ៥​​ លាន​នាក់។ ប៉ុន្តែ​ឥឡូវ​ឡើង​ដល់​ជា​ង ១៥ លាន​នាក់​តែ​មិន​ទាន់​គ្រប់»។

លោក​បញ្ជាក់​ថា៖ «គិត​តែ​ពី​រឿង​​ការងារ ព្រលឹម​ឡើង​ទៅ​បាត់ ព្រលប់​ចូលមក គាត់អត់​មាន​ពេល​ណា​ថែទាំកូន​ទេ នេះ​ហើយ​ស្រុក​គេ​ ខណៈពេល​ស្រុក​យើង មិនទាន់​ដល់​ទេ ហើយ​យើងនៅ​ឆ្ងាយ​ណាស់ ពីព្រោះ​យើង​បាត់បង់​ដោយ​​សារ​សង្គ្រាម និង​ប្រល័យ​ពូជសាសន៍​​ផង ដូច្នេះ​ហើយ យើង​មិនទាន់​ដល់​ទេ»។

លោក​​បន្តថា រាជ​រដ្ឋាភិបាល​កម្ពុជា​ មិន​ហាមឃាត់​ការពន្យារ​កំណើត​ទេ​ ហើយ​ថា ​ការពន្យារ​កំណើតជា​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ។ «បើ​គាត់​ចង់​ពន្យារ​ក៏​ពន្យារ​ទៅ ហើយ​គាត់​ចង់យក​កូន​ក៏​យក​ទៅ ក៏ប៉ុន្តែ​ជា​ទស្សនៈ​បុគ្គល​ខ្ញុំទេ កុំ​ឲ្យ​លាយឡំ​ថា ១៥,២ សែន ​វា​តិចពេក​សម្រាប់​ខ្មែរ​យើង យ៉ា​ង​​ហោច​ណាស់​បាន ១៥,២ សែ​ន​​ ២ ដង បានន័យថា​ ជាង ៣០ លាន​ពីព្រោះ​ទឹកដី​វា​នៅ​ធំ»។

ទន្ទឹម​នឹង​នេះ​លោក ស ​ខេង ក៏បាន​​អំពាវ​ដល់​ប្រជា​​ពលរដ្ឋ​ឲ្យ​ជួយ​កាត់​បន្ថ​យ​អំពើ​ហិង្សា​ក្នុង​គ្រួសារហើយ​ថា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ វា​ក៏​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខុមា​ល​ភាព​សង្គម ការ​​ថែ​រទាំ​ និង​ការ​​ពារសុខភាព​បន្ត​ពូជ​ផងដែរ។

លោក​បាន​លើក​ឧទាហរណ៍ ករណី​ ១​ កាល​ពី​ ១​​ សប្តាហ៍​​មុន ដែល​ប្តី​​ខឹង​ប្រពន្ធចាប់​ប្រព​​​ន្ធ​ចង ហើយ​ប្រពន្ធ​មាន​ផ្ទៃពោះ​ កូន​ប៉ុន្មាន​ខែ​ទៀត​នោះ ដោយ​​ប្តី​បាន​យក​សាំង​ចាក់​ជុំវិ​ញ​ផ្ទះ​ ហើ​យ​ដល់​សាំង​វា​ឆេះ​ស្លា​ប់​​ទាំង​អស់គ្នា​។ «ចុះ​រឿង​អី​ធ្វើ​ដល់​ថ្នាក់ហ្នឹងមុននឹង​ធ្វើការ​សម្រេច​អ្វីមួយ​ ត្រូវ​តែ​ពិ​និ​ត្យ​​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយនិង​ពិចារណា​ឲ្យបានហ្មត់​ចត់ប្រហែ​ល​ជា​មិន​ខុស ហើយ​យ៉ាង​ហោច​ ណា​ស់​យើង​កាន់​ពុទ្ធសា​សនា»។

កញ្ញា សេង រាសី ​នាយិកា​ប្រតិបត្តិ​អង្គការ​សីល​ការបាន​ថ្លែង​​ថា នៅពេល​ចំនួន​ប្រជា​ជន មាន​ការ​កើន​ឡើង​​ច្រើន តម្រូវ​ការ​ក៏មាន​ការកើន​ឡើង​ដែរ​ ដូច្នេះរាជរដ្ឋាភិបាល​​​ក៏ត្រូវ​តែ​រៀប​ចំ​ផែនការ​ ដើម្បីបំពេញ​តម្រូវការ​​ចម្បងៗ​​របស់​ប្រជា​ពល​រដ្ឋ​​ដូច​ជា​ «​ទាំង​តម្រូវការ​ជីវភាព​ប្រចាំថ្ងៃ ការ​អប់រំ សេវា​សាធារណៈ សេវា​កម្ម​សុខភាព​និង​សេវា​កម្ម​ផ្សេងៗ យើង​ក៏ត្រូវ​រៀបចំការ​ផ្គត់​ផ្គង់​ទាំង​នេះ​ឲ្យ​បាន​រួច​រាល់​ផងដែរ»។

ទន្ទឹម​នេះ​ដែរ កញ្ញា​បាន​ស្វា​​គមន៍​ការអំពាវ​នាវ​របស់​លោក ​ស ខេង ​ឲ្យ​​ពល​រដ្ឋ​ជួយ​កាត់​បន្ថយ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ តែ​កញ្ញាបាន​ស្នើ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ឲ្យ​ជួយ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ដើម្បី​ជួយផ្តល់​យុត្តិធម៌​ដល់​ជនរង​គ្រោះ​ និង​ជួយ​អប់រំ​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​មូលដ្ឋាន​ឲ្យ​កាន់តែ​យល់​ច្បា​ស់​អំពី​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​​​ ដោយ​សារតែ​​បច្ចុប្បន្ន​ការ​យល់​ដឹង​របស់​មន្ត្រី​មូលដ្ឋាន​មួយ​ចំនួន​នៅ​មាន​កម្រិត។

កញ្ញា​បានបញ្ជាក់​ថា៖ «​យើង​មើលឃើញ​ថា​ អំពើ​ហិង្សា​នៅ​ក្នុងគ្រួសារ​នៅតែ​កើត​មាន​ឡើង បើទោះបី​មិនមាន​ទិ​ន្នន័យ​​បញ្ជាក់​ច្បាស់​ថា​ តើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ មានការ​កើន​ឡើង​ឬ​​ថយចុះ​ក៏ដោយ ​តែ​យើ​ង​​ឃើញ​រូបភាព​នៃ​អំពើ​ហិង្សាកាន់​តែ​មាន​ភាព​ឃោរឃៅ​ឡើង»។

លោក ណុប កនណាវុឌ្ឍ អគ្គ​នាយក​រងនៃអគ្គនាយ​ដ្ឋាន​ផែន​​ការ នៃ​ក្រសួង​ផែនការ​មិន​អាច​ទាក់​ទង​សុំការ​បភ្លឺ​បន្ថែម​ជំុវិញ​លទ្ធផលនៃ​ការ​ធ្វើ​ជំរឿន​ប្រជាជន​​ពី​ពេល​ថ្មីៗ​នេះ​បាន​ទេ៕