ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ពី​ម្សិលមិញ​បាន​អំពាវនាវ​ដល់​គ្រប់​សាសនា​នៅ​កម្ពុជា​ជួយ​ណែនាំ​ដល់​សាសនិក​ទាំងអស់​ឲ្យ​ជួយ​បញ្ជ្រាប​ការយល់ដឹង​អំពី​គ្រឿងញៀន​ និង​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​គ្រឿងញៀន​រីករាលដាល​ដល់​សាសនិក​។

ការអំពាវនាវ​របស់​លោក​ធ្វើ​ឡើង​នៅពេល​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​អង្គសិក្ខាសាលា​សន្ទនា​អន្ដរ​ជំនឿ​សាសនា​ដើម្បី​ពង្រឹង​សុខដុម​នីយកម្ម​សាសនា​នៅ​កម្ពុជា​លើក​ទី​ ៧ ក្រោម​ប្រធានបទ​ «​សាសនិក​គ្មាន​គ្រឿងញៀន និង​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​» ​កាលពី​ថ្ងៃទី​ ៦ ខែ​ធ្នូ នៅ​សាលសន្និសីទ​ចតុមុខ​ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង​ ៨០០ អង្គ​/​នាក់​។

លោក ស ខេង បាន​គូសបញ្ជាក់​ថា​គ្រឿងញៀន​បាន​បង្ក​បញ្ហា​ក្នុង​សង្គម​កម្ពុជា​ជាច្រើន​ហើយ​ថា បញ្ហា​នេះ​បាន​និង​កំពុង​តែ​រីករាលដាល​ ខណៈ​ពេល​ដែល​រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​បាន​និង​កំពុង​ព្យាយាម​ដោះស្រាយ និង​ទប់​ការរីក​រាលដាល​នៃ​បញ្ហា​គ្រឿងញៀន​នេះ​។ លោក​បាន​អំពាវនាវ​ដល់​សាសនា​ទាំងអស់​នៅ​កម្ពុជា​ឲ្យ​ជួយ​ទប់ស្កាត់​នៃ​ការរីក​រាលដាល​នៃ​គ្រឿងញៀន​ដោយសារ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​កាន់​សាសនា​ផ្សេងៗ​ផង​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​ធ្វើ​ម៉េច​កុំ​ឲ្យ​គ្រឿងញៀន វា​រីកសាយ​មក​ក្នុង​សាសនិក នៅក្នុង​សាសនា​នីមួយៗ និង​អ្នក​ដែល​គោរព​ប្រតិបត្តិ​រៀងរាល់​ថ្ងៃ​ជា​ព្រះសង្ឃ​ក្តី ជា​សាសនិក សាសនា​ផ្សេងៗ​ក្តី​។ វា​មាន​ទំនាក់ទំនង​ជាមួយ​គ្នា ប្រសិន​បើ​សង្គម​នៅ​មាន​បញ្ហា​ច្រើន គ្រឿងញៀន​នៅ​រាតត្បាត និង​រីកសាយ​ពី​ទីក្រុង​ដល់​ជនបទ​កាន់តែ​ច្រើន មនុស្ស និង​ប្រជាពលរដ្ឋ​យើង​ទទួល​រងគ្រោះ​កាន់តែ​ច្រើន ហើយ​អ្នក​ដែល​កាន់​សាសនា​ផ្សេង​ក៏​មិន​អាច​គេចផុត​ដែរ​»​។

លោក​បន្ថែម​ថា​៖ «​យើង​រួមចំណែក​ដើម្បី​នឹង​បញ្ជ្រាប​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ដល់​សង្គម​របស់​យើង​ផង​ដើម្បី​កុំ​ឲ្យ​មាន​ថ្នាំញៀន​នេះ ឬ​ក៏​កាត់បន្ថយ​ឲ្យ​បាន​ជា​អតិបរមា​។ កត្តា​សំខាន់​ឲ្យ​មនុស្ស​យល់​ជ្រាប និង​ឲ្យ​យល់​អំពី​គ្រោះថ្នាក់​នៃ​គឿង​ញៀន​»​។

លោក​បាន​បន្ត​ថា​អ្នក​ដែល​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​គឺ​មាន​ចំនួន​ច្រើន​ក្នុង​នោះ​មាន​អ្នក​លក់ដូរ ចែកចាយ​គ្រឿងញៀន​ដែល​បាន​បង្ក​ឲ្យ​មាន​ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ ហើយ​បញ្ហា​នេះ​បង្ក​ឲ្យ​មាន​ការ​ចោទប្រកាន់ និង​ការរិះគន់ តែ​រាជរដ្ឋាភិបាល និង​ក្រសួង​បាន​និង​កំពុង​ដោះស្រាយ​បញ្ហា​នេះ​។

លោក ស ខេង បាន​ថ្លែង​ទៀតថា​នៅតាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូចជា​កាណាដា អូស្ត្រាលី និង​តាម​បណ្ដា​រដ្ឋ​ខ្លះ​នៃ​សហរដ្ឋអាមេរិក ជាដើម​បាន​ធ្វើ​ច្បាប់​អនុញ្ញាត​ឲ្យ​ជក់ ដាំ​ដុះ និង​លក់​កញ្ឆា ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់ និង​ចរាចរ​គ្រឿងញៀន​ហើយ​ក្រសួង​នឹង​ធ្វើការ​ពិនិត្យ និង​សិក្សា​បញ្ហា​នេះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​តើ​វា​មាន​ហេតុផល​អ្វី​ដែល​រដ្ឋ​ទាំងអស់​នោះ​គេ​សម្រេច​ដូច្នេះ​? យើង​ត្រូវ​សិក្សា​សម្រាប់​ពេល​អនាគត​។ ស្ទង់​មួយរយៈ​មើល៍​ហេតុអ្វី​បាន​ជា​គេ​អនុវត្ត​ច្បាប់​ហ្នឹង ហើយ​តើ​វា​បាន​លទ្ធផល​យ៉ាង​ម៉េច ថា​តើ​ល្អ​ឬ​មិន​ល្អ​?»​។

លោក ស ខេង ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​នូវ​គោលនយោបាយ​បង្រួប​បង្រួម​ជាតិ​ក្នុង​គោលបំណង​ធ្វើឲ្យ​គម្លាត​ទាំងឡាយ​ដែល​មាន​នៅក្នុង​ផ្ទៃក្នុង​នៃ​ការប្រតិបត្តិ​តាម​ឱវាទ​ជំនឿ​សាសនា​នីមួយៗ​កាន់តែ​ខិតចូល​ជិត​គ្នា និង​កាន់តែ​ផ្សារ​ភ្ជាប់​គ្នា​ជាមួយ​ការគោរព​ដើរ​តាម​មាគ៌ា​នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​។

លោក​បន្ត​ថា​អង្គសិក្ខាសាលា​នេះ​នឹង​ផ្ដល់​ឱកាស​សម្រាប់​សមាជិក សមាជិកា នៃ​អង្គពិធី​ទាំងមូល​បាន​ពិភាក្សា ផ្លាស់ប្ដូរ​ទស្សនៈ គំនិត​យោបល់ និង​ចែករំលែក​បទពិសោធ​ល្អៗ​ជា​ប្រយោជន៍​ដើម្បី​ប្រមូលផ្ដុំ​នូវ​គំនិត និង​វិធានការ​ដ៏ហ្មត់ចត់ និង​សមស្រប​តាម​ការវិវឌ្ឍ​របស់​សង្គម ដើម្បី​រួម​ចំណែក​លើកស្ទួយ​សុខដុម​នីយកម្ម​ក្នុង​វិស័យ​សាសនា​នៅ​កម្ពុជា​។

ជាមួយ​គ្នា​នេះ​លោក​ ហ៊ឹម ឆែម រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា​ក៏​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ និង​បរិស័ទ​គ្រប់​សាសនា​ទាំងអស់​ចូលរួម​ផ្សព្វផ្សាយ​ដល់​សាសនិក​របស់​ខ្លួន​អំពី​គុណវិបត្តិ​នៃ​គ្រឿងញៀន និង​បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ និង​បរិស័ទ​គ្រប់​សាសនា​ទាំងអស់​ជួយ​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​សហគមន៍​។

បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៨ របស់​ក្រសួង​សុខាភិបាល​ស្តីពី​ការព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​ទូទាំង​ប្រទេស​បាន​ឲ្យ​ដឹងថា​ចំនួន​អ្នកញៀន​គ្រឿងញៀន​ដែល​មក​ទទួល​ការព្យាបាល​នៅ​តាម​សេវា​សុខាភិបាល​មាន​ចំនួន ៣២៣១ នាក់​ដែល​ក្នុង​នោះ​មាន​ប្រុស ៣០១៩ នាក់ ស្រី ២១២ នាក់​អ្នកញៀន​ប្រភេទ​អំហ្វេតាមីន ៣១០៨ នាក់ និង​អ្នក​ញៀន​ប្រភេទ​ហេរ៉ូអ៊ីន​ ១២៣ ​នាក់ ប៉ុន្តែ​កាលពី​ឆ្នាំ ២០១៧ ក្នុង​ឆមាស​ទី​ ១ មាន​អ្នកញៀន​គ្រឿងញៀន​ដែល​មក​ទទួល​ការព្យាបាល​នៅ​តាម​សេវា​សុខាភិបាល​មាន​ចំនួន​ត្រឹម​តែ​ ១៥៩៦ នាក់​ប៉ុណ្ណោះ​៕