ភ្នំពេញៈ ​លោក​ឧប​នា​យ​ករ​ដ្ឋមន្ត្រី ​ស ខេង​ រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​អភិបាល​រាជធានី-ខេត្ត​ ឲ្យជំរុញ​ការ​ពង្រឹង​ប្រសិទ្ធភាព​គ្រប់​គ្រង និង​ត្រួត​ពិនិត្យ​​សំណង់​ ក្រោយ​​ពិនិត្យ​ឃើញ​​សំណង់​មួយ​ចំនួន​កំពុង​សាង​សង់​ដោយ​គ្មាន​​លិខិត​ឬ​ច្បាប់​អនុញ្ញាត និង​មិន​បាន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ។

នៅក្នុង​លិខិត​ផ្ញើ​ទៅ​អភិ​បាល​រាជ​ធានី​​ខេត្ត​ ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក ស ខេ​ង កាល​ពី​ថ្ងៃទី ១៥ ខែ កក្កដា បាន​សរសេរ​ថា​ មាន​សំណង់​មួយ​ចំនួន​ ត្រូវ​បាន​ដំណើរ​ការ​សាង​សង់​ជួ​សជុ​ល​ និង​កែប្រែ​ទ្រង់​ទ្រាយដោយ​គ្មាន​​លិខិតអនុញ្ញាត​ឬ​ខុសពី​លិខិត​អនុញ្ញាត​ និង​ពុំមាន​ការត្រួត​ពិនិត្យ​បច្ចេក​ទេសត្រឹម​ត្រូវ​ដែល​អាច​​ប៉ះពាល់​ដល់​សោ​ភណភាព ស្ថាបត្យ​កម្ម​ គុណ​ភាព​ សុវត្ថិ​ភាព​សំណង់​ និងសណ្តាប់​ធ្នាប់​សាធា​រណៈ រហូត​បង្ក​ឲ្យ​មាន​គ្រោះ​មហ​ន្ត​រាយ និង​ហានិភ័យ​ផ្សេងៗ។

ក្នុងលិខិតនោះ ​លោក​ ស ខេង​ បាន​ណែនាំ​ឲ្យ​អនុ​វត្ត​វិធាន​ការ​សំខាន់​ៗ​មួយ​ចំនួន ​រួម​មាន​ ត្រូវ​ណែនាំ​ដល់​មន្ទីរអង្គ​ភាព​ជំនាញ​ពាក់​ព័ន្ធ​ និង​រដ្ឋបាល​ក្រុង​ស្រុក​ ខណ្ឌ ឃុំ ​សង្កាត់ ​ឲ្យ​ទទួល​ខុសត្រូវ​ពង្រឹង​ការងារ​គ្រប់​គ្រង និង​ត្រួត​ពិនិត្យ​សំណង់​ ព្រម​ទាំង​ធានា​ថា​មិន​មាន​ការ​សាង​សង់​សំណង់​ដោយ​គ្មាន​លិខិត​អនុ​ញ្ញាតឬ​ខុស​ពី​លិខិត​អនុញ្ញាត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

ទន្ទឹម​នឹង​នេះ​ លោក ស ខេង ក៏បាន​ជំរុញឲ្យ​ព​ន្លឿន​នីតិវិធី​ក្នុង​ការផ្តល់​លិខិត​អនុ​ញ្ញាត​សាង​សង់​ជូន​ម្ចាស់​សំណង់​ឲ្យ​បាន​ឆាប់​ស្រប​តាម​គោល​ការ​ណ៍ផ​ងដែ​រ ​ដោយ​ឈរលើមូល ដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​។ ត្រូវ​អប់រំ ផ្សព្វ​ផ្សាយ​ដល់​ម្ចាស់​សំណង់​ឲ្យ​យល់​ដឹង និង​គោរព​តាម​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិ​យុត្ត ពាក់​ព័ន្ធ​​នឹង​វិស័យ​សំណង់​ សុវត្ថិ​ភាព​ក្នុង​ការ​សាង​សង់​សំណង់​ និង​ផល​វិបាកនៃ​ការ​សាង​សង់​ដែល​មិន​គោរព​តាម​ច្បាប់​ និង​បទដ្ឋាន​បច្ចេកទេស។

នៅក្នុង​កិច្ច​ប្រជុំ​ជា​មួយ​អភិ​បាល​ខណ្ឌ​ទាំង​ ១៤ ​និង​មន្ដ្រី​មន្ទីរ​ជំនាញ​ពាក់​ព័ន្ធកាល​ពី​ថ្ងៃ​ ១៥ កក្កដា​​ លោក ឃួង ស្រេង អភិ​បាល​សាលារាជ​ធានី​ភ្នំពេញបាន​ណែ​នាំមន្ត្រី​ឲ្យបន្ដ​ចុះ​ពិនិត្យ​សំណង់ឲ្យ​បាន​ហ្មត់​ច​ត់មុ​ន​នឹង​អនុ​ញ្ញាត​ច្បាប់ឲ្យ​សាង​សង់លើ​ការ​ដ្ឋាន​សំណង់​ ការ​ចាក់​ដី​បំពេញ​ ការ​បូម​ខ្សាច់។​

លោក​ថា៖ «ការ​រំឭក​រឿង​ទាំង​អស់​នេះដោយ​សារ​កន្លង​មក​មាន​ការធ្វេស​ប្រហែស​ច្រើន​ចំពោះ​អាជ្ញា​ធរ​ខណ្ឌ​ហើយ​ខ្ញុំ​ចង់​បញ្ជាក់​ក្នុង​ថ្ងៃនេះ​ថា​ អ្វីៗ​ទាំង​ឡាយ​ដែល​កើត​មាន​ឡើង​ក្នុង​ដែន​សមត្ថ​កិច្ច​ អាជ្ញាធរ​ដែន​ដី​ជា​អ្នក​ទទួល​ខុស​ត្រូវ​ មិន​មែន​មន្ទីរ​ដែន​ដី​នោះ​ទេ។​ ​ដូច​ជា ​ករណី​ជាក់​ស្តែង ​ដែល​បាន​កើត​ឡើង​ថ្មីៗ​នេះ​នៅ​ខេត្ត​ព្រះសីហនុ»។

កាល​ពីម្សិល​មិញ លោ​ក ឃួង ស្រេង ​ក៏បាន​​រំឭកបន្ថែម​ឲ្យមន្រ្ដី​ជំនាញ​ក៏ដូច​ជា​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់​ពិនិត្យ​បញ្ហា​សំណង់​ធ្វើ​យ៉ាង​ណាធានា​ឲ្យ​បាន​នូវ​គុណ​ភាព និង​មិន​ឲ្យ​រាំង​ស្ទះ​ដល់​ការ​សាងសង់​របស់​អ្នក​វិនិយោគ។

លោក​ថា​៖ «ក្នុង​នាម​អាជ្ញា​ធរ​ដែន​ដី គឺ​មាន​សេនាធិការ គឺ​អ្នក​ជំនាញដូច​ខាង​ខណ្ឌ​មាន​សេនា​ធិការ​ផ្នែក​បច្ចេកទេស​នេះ គឺ​ភូមិ​បាល​ខណ្ឌ នៅ​ក្នុង​រាជ​ធានី​មាន​មន្ទី​រដែន​ដី នគ​រូបនីយ​កម្ម​ និង​សំណង់ជា​សេនាធិការ។ ក្នុង​ករណី​សំណង់​​អត់​ច្បាប់គឺ​ត្រូវ​ណែនាំឲ្យ​ទៅ​សុំ​ច្បាប់ និង​ត្រូវ​ទៅ​ពិ​និត្យ​បញ្ហា​បច្ចេក​ទេស​ឲ្យ​ធានា​បាន​ថា​ប្រ​កប​ដោយ​ចីរភាព​ទៅ​អនាគត»។

លោ​ក ឃាង ភារម្យ ​អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​ខេត្ដ​ព្រះ​សីហនុ ​បាន​​ឲ្យ​ដឹង​ថា ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃនេះ គឺ​ជា​ការ​ក្រើន​រំឭក​បន្ថែមឲ្យ​​ត្រួត​ពិនិត្យ​​លើ​បច្ចេកទេស និង​សុវត្ថិ​ភាព​សំណង់ ស្រប​ពេល​ខេត្ដ​ព្រះសីហនុ​កំពុង​អនុវត្ដ​ក្រោយ​មាន​បទ​ពិសោ​ធរលំ​អគារ​ស្លាប់​ និង​របួស​មនុស្ស។

លោក​ថា​៖ «ការ​ងារ​នេះ​រដ្ឋ​បាល​ខេត្ដ​យើង​បាន​ និង​កំពុង​តែ​ធ្វើ​ហើយ​។ ដូច​ដឹង​ស្រាប់​ហើយ​ថា ដោយសារ​យើង​មាន​ប្រតិ​កម្ម​ចំពោះការ​បាក់​រលំ​អ​គារ ជា​បទ​ពិ​សោធ​នេះ​ហើយ​ ដែល​ធ្វើឲ្យ​យើ​ងពង្រឹង​ការ​ងារ​ត្រួត​ពិនិត្យ​សំណ​ង់​នេះ​»។

លោក សុខ សុទ្ធី អ្នក​នាំពា​​ក្យ​ខេត្ដ​កោះ​កុងបា​ន​ថ្លែង​ថា រដ្ឋ​បាល​ខេត្ដ​កោះ​កុង​ បាន​រៀប​ចំ​សេច​ក្ដី​ព្រាងស្ដី​ពី​ការ​គ្រប់​គ្រង​វិស័យ​សំណង់​នេះ តាំង​ពីមុន​មាន​ឧបទ្ទវ​ហេតុ​នៅ​ខេត្ដ​ព្រះសីហនុ​ទៀត​ដោ​យ​បាន​ជូន​ដំណឹង​ទៅ​អ្នក​វិនិយោ​គ និង​ពល​រដ្ឋ​ក្នុង​ខេត្ដ​ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​មុន​នឹង​ចាប់ផ្ដើម​សាង​សង់​សំណង់​ផ្សេងៗ​។

លោក​ថា​៖ «ព្រឹក​មិញ (ថ្ងៃ​អង្គារ) រដ្ឋ​បាល​ខេត្ដ​យើង​មាន​លោក​ជំទាវ​អភិបាល​ខេត្ដ បាន​ប្រជុំ​ផ្សព្វ​ផ្សាយណែនាំ​ដល់​អាជ្ញាធរ​ទាំងអស់​ឲ្យ​ក្រើន​រំឭក​ដល់​ប្រជា​ពលរ​ដ្ឋ វិនិ​យោគិន និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ៗចំពោះ​ការ​សាង​សង់​សំណង់​ផ្សេងៗ ដោយ​តម្រូវឲ្យ​ពួកគាត់​ មុន​នឹង​សាង​សង់​ត្រូវ​សុំ​ច្បាប់»។

លោក សេង ឡូត អ្នក​នាំ​ពាក្យ​​​ក្រ​សួង​​​រៀបចំដែ​ន​ដី ​ន​គ​រូ​ប​នី​យ​កម្ម​ និង​សំណង់​ មិន​អាច​ទាក់​ទ​ង​សុំ​ការ​បក​ស្រាយ​ពីបញ្ហា​​សំណ​ង់​នេះ​បាន​ទេ​ កាល​ពីម្សិល​មិញ ដោយ​​ទូរ​ស័​ព្ទលោកមិន​មាន​អ្នក​ទទួ​ល។​ ​ចំណែក​ លោក​ ឡៅ ទិព្វសីហា ​រ​ដ្ឋ​​​លេខា​ធិ​ការ​ក្រ​សួង​នេះ​បាន​បដិ​សេធ​ធ្វើ​អត្ថាធិប្បាយ​​ដោយ​ថ្លែងថា ជាប់​ប្រជុំ៕