ភ្នំពេញៈ លោក​ឧប​នា​យក​រ​ដ្ឋមន្ត្រី ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ដាក់​បញ្ជា​ឲ្យ​មន្ត្រី​នគ​របាល​រឹត​បន្ដឹង​ការ​ត្រួត​ពិនិត្យ​តាម​ច្រក​ទ្វារ​ចេញ​ចូល​ប្រទេស ​កម្ពុជា​ ទាំង​ផ្លូវ​គោក ​ផ្លូវទឹក ​និង​ផ្លូវ​អាកា​ស​ ដើម្បី​ទប់​ស្កាត់​ការ​លាងលុយ​កខ្វក់ ដោយ​លោក​ចាត់​ទុក​បទល្មើស​នេះ​ថា​ អាច​ក្លាយ​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​កម្ពុជា។

ការ​ដាក់​បញ្ជា​របស់​លោក ស ខេង​ បែប​នេះ បាន​ធ្វើ​ឡើ​ង​កា​លពី​ថ្ងៃទី ១៧ ខែ​ កក្កដា ឆ្នាំ ២០១៩ ក្នុង​ពេល​ដែលលោ​កចូ​ល​រួម​ជា​អធិបតីភាព​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​លទ្ធ​ផល​ការ​ងារ​ដកហូត​ឯក​សារ​រដ្ឋ​បាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជន​បរទេ​ស​កាន់​កាប់​ ប្រើ​ប្រាស់​និង​ការ​ទទួល​ពាក្យសុំ​ប្រកាស​ទទួល​ស្គាល់​ជា​ជន​បរ​ទេស​អន្តោ​ប្រវេ​សន្ត​និង​បណ្ណ​ស្នាក់​នៅ​អចិន្រៃ្តយ៍។

លោក ស ខេង​ ​បាន​បញ្ជាក់​ថា៖ «ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លាង​លុយ​និង​កា​រស​ម្អា​តប្រាក់​នៅ​តាម​ច្រក​ទ្វារ​ចេញ​ចូលប្រ​ទេស​យើង​មិន​ត្រូវ​រាថយ​ទេ​បញ្ហា​នេះ ​ពី​ព្រោះ​វា​ពាក់​ព័ន្ធ​កិត្តិ​យស​ និង​មុខ​មាត់​ច្បាប់​អន្តរ​ជាតិ​ដូច​ខ្ញុំ​ធ្លាប់​លើក​ឡើង​ ប្រសិន​បើ​គេ​ចាត់​ទុក​ប្រ​ទេស​កម្ពុជា​ជា​ប្រទេស​ដែល​លាង​លុយ​ ប្រទេស​ដែល​ខ្មៅ ​អា​ហ្នឹង​វា​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ធនា​គារ​របស់​យើង​រាប់​ទាំង​ធនា​គារ​ជាតិ​ផង​ មិន​ថា​តែធនា​គារ​ឯកជន​នោះ​ទេ»។

លោក​បន្ថែម​ថា៖ ​«នេះ​ជា​ឧប​សគ្គមួយ​ធំ​ណាស់​ អ៊ីចឹ​ង​ហើយ​ យើង​ត្រូវ​យល់​បញ្ហា​នេះ​ឲ្យ​បាន​ស៊ី​ជម្រៅ​ទាំង​អស់​គ្នា​ហើយ​ចាប់​ផ្តើម​អនុ​វត្ត​ឲ្យ​បាន​ និង​មិន​ត្រូវ​ស៊ុម​គ្រ​លំ​ទេ វា​បាន​ផល​ប្រយោ​ជន៍​ទៅ​បុគ្គល​នេះ​ ឬ​បុគ្គល​នោះ​មែន​ ប៉ុន្តែ​យើង​ត្រូវ​ផ្តល់​ផល​ប្រ​យោ​ជន៍​ជាតិ​ជាធំ​និង​ប្រជា​ពលរដ្ឋ​ជាធំ​ អ៊ីចឹ​ង​ហើយ​ត្រូវ​ប្ដេជ្ញា​ធ្វើ​បញ្ហា​នេះ​ឲ្យ​បាន»។

ការ​លើក​ឡើ​ង​របស់​លោក​ ស​ ខេង ​នេះ​ គឺបន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​បាន​ឃាត់​ខ្លួន​មនុស្ស​ ៩​ នាក់​ និង​បាន​រឹបអូស​លុយ​ខុស​ច្បាប់​ដែលនាំ​ចូល​មក​កម្ពុជា​នៅ​តាម​ច្រក​អន្តរ​ជាតិ​​រហូត​ដល់​ទៅ ៧,៤ លាន​ដុល្លារ ​ស្របពេលដែល​ក្រុមការងា​រ​​ស​កម្ម​ភាព​ហិរញ្ញវ​ត្ថុ​ដែល​ហៅ​កាត់​ថា «FATF» បាន​ដាក់​ប្រ​ទេស ​កម្ពុជា​ ទៅ​ក្នុង​បញ្ជី​ប្រផេះ។

លោក​នាយ​ឧ​ត្ត​ម​សេ​នីយ៍ គៀត ច័​ន្ធ​ថា​រិ​ទ្ធ​ អ​គ្គនា​យក​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហា​​ផ្ទៃ​បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មា​ន បន្ទាប់​ពី​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​នោះ​ដែរ​ថា​ មន្ត្រី​នគរ​បាល​ជាតិ​បាន​ និង​កំពុង​ស៊ើប​អង្កេត ​និងស្រាវ​ជ្រាវ​ស៊ី​ជម្រៅ​ទៅ​លើ​បទ​ល្មើស​លាង​សម្អាត​ប្រាក់​ដែល​អា​ជ្ញា​ធរ​កម្ពុជាបង្ក្រាបបាននា​ពេល​កន្លង​មក​ តាម​រយៈ​កិច្ចសហការ​ជា​មួយ​ស្ថាប័ន​អន្តរជាតិ។

លោក​បញ្ជាក់​ថា៖​ «ឥឡូវ​ហ្នឹង​វា​ស្ថិត​នៅ​ក្នុងការ​ស៊ើប​អង្កេត​ ប៉ុន្តែពេល​ដែល​យើង​សួរ​គាត់​ និង​តាម​ចម្លើយ​គាត់​យើង​អាច​សន្និ​ដ្ឋា​ន​ជំហា​ន​ដំបូង​ថា​ វា​អាច​ពាក់​ព័ន្ធ​នឹង​ប្រភព​លុយ​មិន​ច្បាស់​លាស់​​ ដូច្នេះ​ហើយដើម្បី​បញ្ជាក់​តទៅ​ទៀត​យើង​ទៅ​ឲ្យ​ដល់​កន្លែង​ដែល​គាត់​យក​ចេញ​មក»​។

លោក​ថា៖​ «គាត់​ឆ្លើយ​ដូចគ្នា​ទាំង​អស់​ គាត់​ថា​ គាត់​យក​មក​វិនិ​យោគ​ទិញ​ដី​ ទិញ​អចលន​ទ្រព្យ​នៅ​ស្រុក​យើង​ តែ​មាន​ករណី​ក្រោយ​នៅសៀម​រាប​ គាត់​ថា​ គាត់​ស៊ីឈ្នួល​គេ​ យក​លុយ​ឲ្យ​គេ​ គាត់​លាក់អត្ត​សញ្ញាណ​ គាត់​អត់​ប្រាប់​យើង​ថា​ នរណា​ទេ»។

លោក​បាន​បន្តថា ​សមត្ថកិច្ចបាន​ចាប់ផ្តើ​ម​​រឹត​បន្តឹង​កា​រត្រួ​ត​ពិ​និត្យ​តាម​ច្រក​ទ្វា​រ​អន្ត​រជាតិ​ បន្ទាប់​ពី​ទទួល​បាន​គោល​ការ​ណ៍ពី​ក្រសួង​មហា​ផ្ទៃ​ហើយ​បាន​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់​ចត់​ដែល​ធ្វើ​ឲ្យមន្ត្រី​អាជ្ញា​ធរ​កម្ពុជា​ត្រួត​ពិនិត្យ​ឃើញ​ការ​នាំ​លុយ​ខុស​ច្បាប់​មក​កម្ពុជា​នា​ពេល​កន្លង​មក។

លោក ស៊ឹង ​សែន​ករុណា អ្នក​នាំ​ពាក្យ​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​អាដហុ​ក​បាន​ស្វា​គម​ន៍​វិធាន​ការ​​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​លាង​លុយ​កខ្វក់នេះ ប៉ុន្តែលោក​ថា​ ប្រសិនបើ​កម្ពុជា​មិន​ទប់​ស្កាត់​ទេ​ នោះ​អាច​នឹង​ធ្លាក់​ចូល​ពណ៌​ខ្មៅ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​លំបាក​ក្នុងការ​ធ្វើលំហូ​រ ហិរញ្ញវត្ថុ​ទៅ​អន្តរជាតិ។

លោក​ថា៖ «យើង​មាន​ការ​បារម្ភ​ដោយ​សារ​សព្វ​ថ្ងៃ​យើងនៅក្នុង​ពណ៌​ប្រផេះ​ ហើយ​ថ្ងៃក្រោ​យយើង​អាច​ក្លាយ​ទៅ​ជា​ពណ៌​ខ្មៅ​ យើង​នឹង​មាន​បញ្ហា​លំហូរ​លុយ​ក្នុង​ប្រព័ន្ធ​ធនា​គារ​អន្ត​រជាតិ ​ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​មានទំ​នុកចិត្ត​ឡើង​វិញ​រដ្ឋាភិ​បា​ល​ត្រូវ​បង្ហាញ​យន្ត​ការ​ទប់​ស្កាត់​ចំពោះ​អ្នក​ដែល​ប្រើ​ប្រាស់​កម្ពុជា​ដើម្បី​លាង​លុយ​កខ្វក់​នេះ »។

កាល​ពី​ថ្ងៃ​ ១៣ ខែ ​កក្កដា ​​ថ្មីៗ​នេះ ​លោក ​ស ខេង​ ធ្លាប់​បាន​ណែនាំ​ឲ្យ​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌​ដែល​បញ្ជូន​សំណុំ​រឿង​ជន​ណា​ម្នា​ក់​ពាក់ព័​ន្ធ​នឹង​គ្រឿង​ញៀន​ទៅ​តុលា​ការ​ ត្រូវសុំ​ឲ្យ​បង្កក​ទ្រព្យ​សម្បត្តិ​ពួក​គេ​ផង​ ពីព្រោះ​វា​អាច​បម្រើ​ឲ្យ​ភេរ​វកម្ម​ និង​ឧក្រិដ្ឋ​ម្ម​ផ្សេង​ទៀត៕