លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលម្សិលមិញ បានអះអាងថា កម្ពុជាមិនដែលហាមលោក សម រង្ស៊ី មិនឲ្យចូលស្រុកម្តងណាឡើយ ហើយថាការខកខាននេះ គឺជាចេតនាលោក សម រង្ស៊ី ខ្លួនឯង។ ប៉ុន្តែក្នុងនាមជារដ្ឋាភិបាលស្របច្បាប់ កម្ពុជាត្រូវតែរក្សាសិទ្ធិចាត់វិធានការតាមផ្លូវច្បាប់ចំពោះទង្វើទាំងឡាយដែលប៉ុនប៉ងបំផ្លិចបំផ្លាញដល់ប្រទេស។
លោក ស ខេង បានថ្លែងនៅក្នុងទំព័រហ្វេសបុករបស់លោកថា៖ «ការវិលត្រឡប់ចូលប្រទេសរបស់ទណ្ឌិត សម រង្ស៊ី និង បក្សពួក ក្នុងនាមជាពលរដ្ឋខ្មែរគឺពុំមានអ្វីរារាំងឡើយ។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសផងដែរពីការរក្សាសិទ្ធិក្នុងការចាត់វិធានការច្បាប់ចំពោះសកម្មភាពទាំងឡាយដែលប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាពសង្គម និងសន្តិសុខនៃរដ្ឋ ដើម្បីធានាការពារឲ្យបានជាដាច់ខាតនូវសន្តិភាព សន្តិសុខ និងសុវត្ថិភាពសង្គម ជូនជាតិនិងប្រជាជនកម្ពុជា»។
ការអះអាងយ៉ាងដូច្នេះ បានឆ្លើយតបនឹងទៅការខកខាននៃដំណើរវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី ដែលគ្រោងចូលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ខណៈបច្ចុប្បន្ននេះ លោក សម រង្ស៊ី កំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ី។
លោក ស ខេង បានថ្លែងថា ការវិវត្តន៍ចុងក្រោយនេះ បានធ្វើឲ្យមានការវិភាគវែកញែកតាមទស្សនៈផ្សេងៗគ្នាជាច្រើន ខណៈទស្សនៈខ្លះបានស្តីបន្ទោសដល់រាជរដ្ឋាភិបាលកម្ពុជា ថាបានចាត់វិធានការជាច្រើន រួមទាំងការប្រើប្រាស់កងកម្លាំង ក្នុងកិច្ចរារាំងដំណើរវិលត្រឡប់នេះ ។
លោកបញ្ជាក់ចំពោះបញ្ហានេះថា៖ «មិនមានអ្វីដែលត្រូវប្រកែកបានឡើយ ជាមួយនឹងការប្រកាសវិលត្រឡប់ចូលមកក្នុងប្រទេសវិញ លោក សម រង្ស៊ី បានថ្លែងជាបន្តបន្ទាប់ និងធ្វើសកម្មភាពមិនឈប់ឈរ តាមមធ្យោបាយ និងរូបភាពផ្សេងៗ ដោយបានបំផុសបំផុលដល់ប្រជាពលរដ្ឋដែលមានជំនឿលើខ្លួន ទាំងក្នុង និងក្រៅប្រទេស»។
លោកបន្តថា ការបង្កើតឡើងជាចលនាមហាជនដ៏ធំមួយនេះ គឺមានចេតនាដើម្បីនាំមកនូវការផ្លាស់ប្តូរ តាមរយៈការផ្តួលរំលំរាជរដ្ឋាភិបាល ការចាប់ខ្លួននាយករដ្ឋមន្ត្រី ព្រមទាំងបានប្រកាសញុះញងបំបែកបំបាក់កងទ័ពជាតិ ដោយបង្កើតមូលនិធិចិញ្ចឹមកងទ័ព ហើយហ៊ានរហូតដល់ប្រមាថព្រះចេស្តារបស់ព្រះមហាក្សត្រផងដែរ។
ក្នុងនាមជាអ្នកទទួលខុសត្រូវមួយរូប លើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៃរាជរដ្ឋាភិបាលកម្ពុជា លោក ស ខេង បានបញ្ជាក់ច្បាស់ថា ការពង្រាយកងកម្លាំងនៅតាមបណ្តោយព្រំដែន ជាពិសេសជាប់នឹងប្រទេសថៃនោះ គឺជាការត្រៀមអនុវត្តតាមដីកាតុលាការ ដើម្បីចាប់ខ្លួនសមាជិកក្រុមឧទ្ទាម និងដើម្បីថែរក្សាសន្តិសុខ សណ្តាប់សាធារណៈ និងរបៀបរៀបរយសាធារណៈ នៅតាមតំបន់ព្រំដែន គឺពុំមែនជាការបិទច្រកព្រំដែននោះឡើយ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា បើសិនជាលោក សម រង្ស៊ី ពិតជាមានបំណង់ពិតប្រាកដចង់ត្រឡប់មកកម្ពុជាមែននោះ មិនមានគ្មានវិធីនោះទេ ប៉ុន្តែ ទាំងនេះគឺចេតនារបស់គាត់ ព្រោះរដ្ឋាភិបាលមិនដែលប្រកាសហាមលោកនោះទេ។
លោកបញ្ជាក់ថា៖ «គាត់ជាបុគ្គលត្រូវបានតុលាការយកមកផ្តន្ទាទោសផង គាត់មិនហ៊ានចូលមកហើយគាត់ព្យាយាមបង្កើតហេតុផលផ្សេងៗ ដើម្បីបិទបាំងការខកខានរបស់គាត់ ដែលបានសន្យាជាមួយអ្នកគាំទ្ររបស់គាត់។ ព្រោះបើគាត់ចង់ចូល អាចធ្វើការហោះហើរពីតំបន់ផ្សេងមកត្រង់បានតើ ព្រោះមានការហោះហើរត្រង់ច្រើន ក្រៅតែពីបណ្តាប្រទេសមួយចំនួននៅអាស៊ាន»៕