ភ្នំពេញៈ ​លោក​ សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​កាលពី​ម្សិលមិញ បាន​អំពាវនាវ​ឲ្យ​អូស្ត្រាលី​ជួយ​ «​ធ្វើ​ឲ្យ​រស់រាន​ឡើងវិញ​» ​ចំពោះ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ដោយ​ថ្លែង​ថា ភាព​នៅ​ស្ងៀម​របស់​ប្រទេស​អូស្ត្រាលី ចំពោះ​ភាព​ផ្តាច់ការ​កាន់តែ​ខ្លាំង​ឡើង និង​ការ​ដាក់​ពន្ធនាគារ​ពលរដ្ឋ​របស់​ខ្លួន​គឺ​ទំនង​ជា​ដោយសារ​កិច្ចព្រមព្រៀង​ជនភៀសខ្លួន ដែល​មាន​លក្ខណៈ​ចម្រូងចម្រាស​។

លោក​ សម រង្ស៊ី កាលពី​ម្សិលមិញ​​ បាន​ប្រាប់​អ្នកកាសែត នៅ​ក្លិប​សារព័ត៌មាន​ជាតិ​អូស្ត្រាលី​ថា ប្រទេស​កម្ពុជា​ត្រូវការ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​លោក​ខាង​លិច​ដទៃៗ​ទៀត ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ឲ្យ​បញ្ឈប់​យុទ្ធនាការ​បង្ក្រាប​ផ្នែក​នយោបាយ​របស់​លោក​។

លោក​ថ្លែង​ថា​៖ «​ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់ឯង​មិន​អាច​ធ្វើឲ្យ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​របស់​ខ្លួន​រស់​ឡើង​វិញ​ទេ​។ កម្ពុជា​ជា​ប្រទេស​តូច​ណាស់ និង​ងាយ​រងគ្រោះ​ណាស់​មិន​អាច​កំណត់​ជោគវាសនា​របស់​ខ្លួន​ដូច​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​នោះ​ទេ​»​។ «​កម្ពុជា​ជា​ចំណុច​ខ្សោយ​នៃ​ប្លុក​ផ្តាច់ការ​ក្នុង​អាស៊ី​»​។

ប៉ុន្តែ​លោក​ រង្ស៊ី ថ្លែង​ថា​ការ​ខកខាន​របស់​អូស្ត្រាលី​ក្នុង​ការ​ចូលរួម​ក្នុង​វិស័យ​នេះ និង​វិស័យ​ដទៃ​ទៀត​ទំនង​ដោយសារ​កិច្ចព្រមព្រៀង​ជន​ភៀសខ្លួន​ដែល​មាន​ទឹកប្រាក់​ខ្ពស់​របស់​ខ្លួន​។

កាលពី​ឆ្នាំ ២០១៤ អូស្ត្រាលី​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្តល់ ៤០ លាន​ដុល្លារ​អូស្ត្រាលី​សម្រាប់​កម្ពុជា​ដើម្បី​ទទួល​យក​ជនភៀសខ្លួន​ដែល​អូស្ត្រាលី​មិន​ចង់​បាន​។

លោក រង្ស៊ី ថា​៖ «​ខ្ញុំ​ខ្លាច​ដោយសារ​បញ្ហា​ជន​ភៀសខ្លួន​នេះ ទីក្រុង​កង់បេរ៉ា (Canberra) មិន​ចង់​មាន​បញ្ហា​ណា​មួយ​ជាមួយ​លោក ហ៊ុន សែន​។ ដូច្នេះ​លោក​ ហ៊ុន សែន ​មាន​អារម្មណ៍​ថា មាន​និទ្ទណ្ឌភាព​ទាំង​ស្រុង​សម្រាប់​លោក​»​។ «​វា​គួរ​ឲ្យ​ខ្មាស​ណាស់ ដែល​ទទួល​យក​ជនភៀសខ្លួន​ពី​កម្ពុជា នៅពេល​នាក់​បញ្ជូន​ជន​ភៀសខ្លួន​ទៅ​កម្ពុជា​»​។

លោក សម រង្ស៊ី បាន​គូស​បង្ហាញ​ករណី​ភរិយា​ និង​កូន​ ៥ ​នាក់​របស់​លោក កែម ឡី ​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ដែល​កំពុង​ស្នាក់នៅ​ប្រទេស​ថៃ រង់ចាំ​ទិដ្ឋាការ​ទៅ​អូស្ត្រាលី​។

លោក សម រង្ស៊ី ក៏​បាន​ថ្លែង​ផង​ដែរ​ថា លោក​មាន​ការ​ «​ភ្ញាក់ផ្អើល​» ​ដែល​ប្រទេស​អូស្ត្រាលី​មិន​ខិតខំ​ធ្វើ​ការងារ​បន្ថែម​ទៀត​ក្នុងការ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ផលិត​ភាពយន្ត​លោក James Ricketson ដែល​ប្រឈមមុខ​នឹង​ការដាក់​ពន្ធនាគារ ១០ ឆ្នាំ បន្ទាប់ពី​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ចោទ​ចារកម្ម​កាលពី​ខែ​មិថុនា​។

ក្រសួង​ការបរទេស​ និង​ពាណិជ្ជកម្ម​អូស្ត្រាលី​មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​អធិប្បាយ​។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ហៅ​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ថា​ «​គួរ​ឲ្យ​អស់​សំណើច​» ហើយ​លោក​ថា មិន​ចាំបាច់​បរទេស​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ទេ ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា​ទទួល​ស្គាល់​ហើយ​។ «​ការ​អំពាវនាវ​ឲ្យ​បរទេស​រួម​មាន​អូស្ត្រាលី​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត វា​ទៅ​មិន​រួច​ទេ គ្មាន​នរណា​ស្តាប់​គាត់​ទេ​»​។

លោក​បន្តថា ការ​អំពាវនាវ​ពី​គណបក្ស​បៃតង​របស់​អូស្ត្រាលី​ហាមប្រាម​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន មិន​ឲ្យ​ទៅ​ប្រទេស​អូស្ត្រាលី​កាលពី​ខែ​មីនា​គ្មាន​នរណា​ស្តាប់​ទេ​៕ PS