ភ្នំពេញៈ លោក សម សេរី ប្រធាន​រណស្សិ​រំដោះជាតិ​ខែ្មរ​ (KNLF) កាលពី​ម្សិលមិញ​បាន​បង្ហាញ​ពី​ជំនឿ​របស់​លោក​ថា នឹង​ទទួល​បាន​ព្រះរាជទាន​លើកលែងទោស​ពី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោយពី​បាន​ប្រកាស​ថា​គ្រោង​វិល​ចូល​មក​ក្នុង​ស្រុក​ដើម្បី​ធ្វើ​នយោបាយ​វិញ ខណៈ​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ប្រកាស​ស្វាគមន៍​ពី​គម្រោង​ចុះបញ្ជី​ឲ្យ​ទៅ​ជា​គណបក្ស​នយោបាយ​ថ្មី​របស់​លោក​។

លោក​ សម សេរី ប្រធាន​រណស្សិ​រំដោះ​ជាតិ​ខ្មែរ​ (KNLF) បាន​និរទេស​ខ្លួនឯង​ទៅកាន់​ប្រទេស​ដាណឺម៉ាក ហើយ​ទទួល​បាន​សិទ្ធិ​ជ្រកកោន និង​នៅ​ឆ្នាំ​ ២០១៦ បាន​បង្កើត​រដ្ឋាភិបាល​និរទេស​មួយ​នៅ​ទឹកដី​នោះ ហើយ​បាន​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​អំពី​សំណុំ​រឿង​ជួញដូរ​អាវុធ និង​អំពើ​ភេរវកម្ម​ជាច្រើន​ករណី​។ លោក​ សម សេរី ត្រូវ​បាន​ចោទប្រកាន់​ថា​ជា​មេ​ឧទ្ទាម​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា លោក​មាន «​សេចក្ដី​រីករាយ​» ចំពោះ​ការស្វាគម៍​គម្រោង​នៃ​ការចុះបញ្ជី​គណបក្ស​រំដោះជាតិ​ខ្មែរ​ (KNLP) ​ពី​សំណាក់​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ពិតជា​មាន​សេចក្តី​រីករាយ​ដែល​ដឹង​ដំណឹង​ថា ភាគី​ (​រដ្ឋាភិបាល​) ​លោក ហ៊ុន សែន ស្វាគមន៍​នូវ​ការចុះបញ្ជី​គណបក្ស​រំដោះ​ជាតិខ្មែរ​របស់​យើង​ខ្ញុំ​»​។

លោក សេរី ថ្លែង​ថា​៖ «​រដ្ឋាភិបាល​បាន​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​យើង​ចុះបញ្ជី​គណបក្ស និង​អាច​ឈាន​តាម​នីតិវិធី​ច្បាប់​ដោះលែង​សមាជិក និង​លើកលែងទោស​ដល់​ខ្ញុំ​»​។

លោក សេរី បាន​អះអាង​ថា​មន្ត្រី​របស់​លោក​នឹង​ទៅ​ចុះ​បញ្ជិកា​គណបក្ស​រំដោះជាតិ​ខ្មែរ​នៅ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃទី​ ១២ ខែ​ធ្នូ ឆ្នាំ​ ២០១៨ យោង​តាម​ការគ្រោងទុក ក្រោយពី​បានរៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ​គណបក្ស និង​លក្ខន្តិកៈ​គណបក្ស​រួចមក​។

លោក សេរី ថ្លែង​ថា​៖ «​ពួកយើង​បាន​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​សមាជិក​ស្ថាបនិក​ចំនួន​ ៨០ ​នាក់​រួច​អស់​ហើយ ហើយ​ត្រៀម​នឹង​យក​ទៅ​ដាក់ជូន​ក្រសួងមហាផ្ទៃ​ពិនិត្យ​។ អ្វី​​ដែល​ខ្ញុំ​ធ្វើ​នេះ​គឺ​ចេញ​ពី​បេះដូង​ពិតប្រាកដ​ចង់​ឲ្យ​ប្រទេស​មាន​សន្តិភាព​»​។

នាយឧត្តមសេនីយ៍​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ថា​ក្រសួង​ស្វាគមន៍​ ១០០ ភាគរយ​ចំពោះ​ការចុះបញ្ជី​គណបក្ស​នយោបាយ​ថ្មី​នៅ​កម្ពុជា ដោយ​ក្រសួង​នឹង​មិន​ជំទាស់​ទេ តែ​ស្នើ​ឲ្យ​ពួកគេ​គោរព​ទៅ​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​។

លោក​ សុភ័គ ថ្លែង​ថា​៖ «​ការចុះ​ ឬ​មិន​ចុះ​អាហ្នឹង​គឺជា​រឿង​របស់​គាត់ ចុះ​បាន ឬ​មិន​បាន​អាហ្នឹង​គឺជា​រឿង​ផ្សេង​មួយទៀត ក្រោយ​យើង​ពិនិត្យ​មើល​សិន​។ ទោះ​យ៉ាង​ណា​យើង​ស្វាគមន៍​ទាំងអស់​គណបក្ស​នយោបាយ​ណា​ដែល​ត្រឹមត្រូវ​តាមច្បាប់ យើង​មិន​ជំទាស់​អី​ទេ ព្រោះ​ពួកគេ​ «​មាន​សិទ្ធិ​» ​ក្នុង​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ថ្មី​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ដែល​បាន​ចែង​។ ឲ្យ​តែ​ធ្វើ​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទៅ យើង​ស្វាគមន៍​ ១០០ ​ភាគរយ បើ​ខុស​ពី​ច្បាប់​មិន​ដឹង​ធ្វើ​ម៉េច ឧទាហរណ៍​បើ​ច្បាប់​មិន​អនុញ្ញាត តើ​ក្រសួង​មហាផ្ទៃ​ឯណា​ដែល​ធំ​ជាង​ច្បាប់​?»​។

លោក​ ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ដើម​សប្ដាហ៍​នេះ​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ការស្វាគមន៍​ចំពោះ​ការ​ប្រែក្លាយ​ក្រុម​ឧទ្ទាម មក​ជា​គណបក្ស​នយោបាយ ព្រោះថា​ទណ្ឌិត​ដែល​ទទួល​ស្គាល់​កំហុស​ក៏​អាច​បើក​ផ្លូវ​ឲ្យ​មាន​ការ​លើកលែង​ទោស​ផង​ដែរ​។

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​រូប​នេះ​ថ្លែង​ថា​៖ «​ដូច្នេះ​ការសម្រេចចិត្ត​ក្លាយ​ទៅ​ជា​គណបក្ស ល្អ​បំផុត​រួមរស់ រួមសុខ ជាមួយ​មហាជន​...​។ យើង​ដឹង​ថា​មាន​តែ​ទណ្ឌិត​ទាំងអស់​នោះ​ទទួល​បាន​ការសម្រេច​ចុងក្រោយ​របស់​តុលាការ ហើយ​ទណ្ឌិត​ទាំងអស់​នោះ​ទទួល​ស្គាល់​ទោសកំហុស​របស់​ខ្លួន និង​មិន​ប្រឆាំង​សាលដីកា​នោះ​នឹង​បើកផ្លូវ​ជូន​សម្ដេចតេជោ​ប្រើប្រាស់​បុព្វសិទ្ធិ​របស់​លោក​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​ទទួល​ការកាត់បន្ថយ​ទម្ងន់​ទោស​ ឬ​ក៏​ (​តម្រូវ​ឲ្យ​មាន​ការដោះលែង​) ​ឲ្យ​មាន​សេរីភាព​ឡើងវិញ​»៕