ភ្នំពេញ: លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានប្រាប់ឲ្យអភិបាលខេត្ត/ក្រុង ត្រូវថែរក្សាគុណភាព និងបរិមាណវត្ថុតាងដែលចាប់ពីបទល្មើសផល អនុផលព្រៃឈើ ដើម្បីទុកដាក់ដេញថ្លៃលក់ និងបង្វិលជាថវិកាជាតិ ដោយមន្ត្រីសន្យាគោរពតាមបទបញ្ជានេះ។
លោក សៅ សុខា បានចេញលិខិតណែនាំកាលពីថ្ងៃទី ៤ ខែធ្នូ ដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានកាលពីម្សិលមិញបានឲ្យដឹងថា ដើម្បីរក្សាបានគុណភាព និងបរិមាណវត្ថុតាងបទល្មើសផល អនុផលព្រៃឈើដែលចាប់យកបានក្នុងយុទ្ធនាការឆ្នាំ ២០១៩ កន្លងមកនេះដោយបានធ្វើការណែនាំដល់អភិបាលខេត្ត/ក្រុង និងសមាជិកទាំងអស់ត្រូវរក្សាឲ្យបាននូវគុណភាព និងបរិមាណវត្ថុតាងនៃបទល្មើសផល អនុផលព្រៃឈើ ដែលរក្សាទុកនៅក្នុងដែនសមត្ថកិច្ចរបស់រាជធានី ខេត្តនីមួយៗ។
លិខិតណែនាំដដែលនោះបានឲ្យដឹងទៀតថា មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវរក្សាឲ្យបានគង់វង្ស កុំឲ្យបាត់បង់ ឬភ្លើងឆេះដោយប្រការណាមួយ សម្រាប់ទុកដាក់ជូនដេញថ្លៃ ឬពិគ្រោះថ្លៃនាពេលខាងមុខ ដើម្បីចូលរួមចំណែកប្រមូលថវិកាជូនជាតិ។ លោកអភិបាលខេត្ត/ក្រុង ត្រូវចាត់តាំងផ្សព្វផ្សាយ និងមានវិធានការចាំបាច់ ទប់ស្កាត់ ការពារឲ្យបានហ្មត់ចត់ ដោយមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងកងកម្លាំងប្រដាប់អាវុធធ្វើជាសេនាធិការជូនលោកអភិបាលខេត្ត/ក្រុង។
សេចក្ដីណែនាំបញ្ជាក់ថា៖ «មន្ត្រីពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយការងារនេះ ជូនដល់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ហើយក្រោយពីផ្សព្វផ្សាយ និងបានចំណាត់ការរួចរាល់ ធ្វើរបាយការណ៍ដោយភ្ជាប់ជាមួយរូបភាព ផ្ញើមកក្រុមការងារលេខាថ្នាក់ជាតិ។ អភិបាលខេត្ត/ក្រុង ត្រូវចាត់តាំងអនុវត្តសេចក្ដីណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ»។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានថ្លែងថា ក្រុមមន្ត្រីជំនាញបានផ្ញើលិខិតណែនាំរបស់លោក សៅ សុខា ទៅដល់ដៃលោកអភិបាលខេត្ត/ក្រុងគ្រប់ៗគ្នាហើយដើម្បីឲ្យពួកគាត់អនុវត្តតាមសេចក្ដីណែនាំនេះ។
លោកបន្តថា គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅមិនទាន់បានទទួលរបាយការណ៍លម្អិតដែលពាក់ព័ន្ធវត្ថុតាងទាំងអស់ដែលសមត្ថកិច្ចរឹបអូសបានពីបទល្មើសព្រៃឈើទេ ដោយមិនទាន់ដឹងថា រថយន្តសរុបប៉ុន្មាន ឈើសរុបប៉ុន្មាន និងវត្ថុតាងដទៃទៀតប៉ុន្មានដែរ ព្រោះគណៈកម្មការកំពុងចុះត្រួតពិនិត្យ និងចុះវាស់វែងក៏ដូចជាកំពុងរៀបចំរបាយការណ៍មិនទាន់រួចរាល់នៅឡើយ។
លោក អេង ហ៊ី បញ្ជាក់ថា៖ «យើងបានចុះត្រួតពិនិត្យជាក់ស្ដែងគឺវត្ថុតាងមួយចំនួនពីមុនមកយើងចាប់បានឈើ ឬឡាន យើងដាក់វានៅកណ្ដាលវាល អ៊ីចឹងខ្លាចត្រូវភ្លៀង ឬទុកយូរៗទៅ វាពុកផុយ ខូចខាតជាដើម។ ម្យ៉ាងទៀតបើយើងទុកឈើចោលកណ្ដាលវាល ខ្លាចដល់ពេលខែប្រាំង មានភ្លើងឆេះ អ៊ីចឹងបានជាយើងណែនាំមន្ត្រីជំនាញរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវ។ ពេលយើងធ្វើរបាយការណ៍រួចរាល់ហើយ យើងនឹងធ្វើការដាក់ដេញថ្លៃលក់ ប៉ុន្ដែដាក់ដេញថ្លៃពេលណា ខ្ញុំអត់ទាន់ដឹងទេ»។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីដែលបានទទួលលិខិតហើយ បានថ្លែងពីម្សិលមិញថា លោកនឹងធ្វើការផ្សព្វផ្សាយទៅតាមអង្គភាពជំនាញ ដើម្បីបើកកិច្ចប្រជុំមួយទៀតពិភាក្សាជុំវិញករណីនេះ។
លោកបញ្ជាក់ថា៖ «ខ្ញុំនឹងចាត់មន្ត្រីជំនាញរៀបចំកន្លែងទុកដាក់ឲ្យបានត្រឹមត្រូវ ហើយប្រសិនជាឡាន គឺយើងនឹងយកវាមកដាក់ក្នុងម្លប់ កុំឲ្យត្រូវថ្ងៃ ត្រូវភ្លៀង ខ្លាចវាពុកផុយ ខូចជាដើម រីឯឈើ យើងទុកដាក់វាយ៉ាងណាកុំឲ្យមានភ្លើងឆេះមកដល់ ហើយយើងនឹងដាក់កម្លាំងសមត្ថកិច្ចឃ្លាំមើលជាប្រចាំដែរថែមទៀត»។
លោក វ៉ា ថន អភិបាលខេត្តក្រចេះបានថ្លែងកាលពីម្សិលមិញថា លោកបានចាត់មន្ត្រីឲ្យចុះត្រួតពិនិត្យវត្ថុតាងដែលរឹបអូសពីបទល្មើសព្រៃឈើទាំងអស់នេះ។ វត្ថុតាងដែលរឹបអូសបាននៅខេត្តក្រចេះមានឈើមួយចំនួន រថយន្ត រណារយន្ត និងសម្ភារមួយចំនួនទៀត។
លោកបញ្ជាក់ថា៖ «យើងបង្ក្រាបបានហ្នឹងវាមិនច្រើនប៉ុន្មានទេ ខ្ញុំអត់ចាំចំនួនវាប៉ុន្មានទេ ហើយឡានដឹកឈើហ្នឹង យើងបានប្រគល់ឲ្យទៅរដ្ឋបាលព្រៃឈើ គាត់ថែរក្សា ហើយរឿងឈើ ខ្ញុំបានប្រាប់ឲ្យមន្ត្រីយើង ប្រមូលដាក់ជាគំនរទុកកន្លែងមានសុវត្ថិភាពហើយ គឺមិនមានត្រូវទឹកភ្លៀងទេ យើងទុកដាក់វាបានល្អហើយ»។
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុកបានថ្លែងគាំទ្រឲ្យមានការការពារ និងរៀបចំទុកដាក់វត្ថុតាងដែលរឹបអូសពីបទល្មើសព្រៃឈើទាំងអស់។
លោកបន្តថា ចំពោះការដាក់ដេញថ្លៃលក់វត្ថុតាងនេះលោកជំរុញឲ្យអាជ្ញាធរប្រកាសដាក់ដេញថ្លៃជាសាធារណៈ ដែលមិនមានការលាក់បាំងព័ត៌មាន ព្រមទាំងអនុញ្ញាតឲ្យមានសង្គមស៊ីវិលចូលរួមឃ្លាំមើលក្នុងដំណើរការដេញថ្លៃនេះ។
លោកបញ្ជាក់ថា៖ «ចំពោះវត្ថុតាងដែលមិនត្រូវបានគេទិញ ឬលក់មិនដាច់ដូចជា រណារយន្ត រថយន្តដឹកឈើ និងសម្ភារមួយចំនួនទៀតគឺអាជ្ញាធរត្រូវតែគ្រប់គ្រងឲ្យបានល្អ និងតម្លាភាព ព្រោះខ្ញុំព្រួយបារម្ភខ្លាចវត្ថុតាងទាំងនេះ ក្លាយទៅជាវត្ថុសម្រាប់បម្រើឲ្យការបំផ្លាញព្រៃឈើឡើងវិញ នៅពេលដែលការគ្រប់គ្រងធូររលុង និងមិនរឹតបន្ដឹងច្បាប់គ្រប់គ្រងវត្ថុតាងទាំងអស់នេះ។ នៅពេលបានលុយពីការលក់សម្ភារទាំងអស់នេះក៏គួរតែប្រកាសសាធារណៈដែរ ក្រែងមានពុករលួយ»៕