ភ្នំពេញៈ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចេញ​សេចក្តី​ណែនាំ​ដល់​មេបញ្ជាការ​គ្រប់​ជាន់ថ្នាក់​ទូទាំង​ប្រទេស ឲ្យ​ប្រគល់​ចលនទ្រព្យ អចលនទ្រព្យ និង​រតនវត្ថុ​ផ្សេងៗ​ដែល​ពួកគេ​បាន​ខ្ចី​ពី​តុលាការ​សម្រាប់​ការប្រើប្រាស់​បណ្តោះអាសន្ន​ឲ្យ​ត្រឡប់​ទៅ​សាលាដំបូង​រាជធានី‑ខេត្ត​វិញ​ជា​កំហិត​។

យោង​តាម​សេចក្តី​ណែនាំ​ចុះ​ថ្ងៃទី​ ១០ ខែ​កញ្ញា​ដែល​ភ្នំពេញប៉ុស្តិ៍​ ទើប​ទទួល​បាន​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​ឲ្យ​ដឹងថា លោក សៅ សុខា ​ដែល​ក៏​ជា​អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​ផង​នោះ​បាន​ថ្លែងថា រាល់​ចលនទ្រព្យ អចលនទ្រព្យ និង​រតនវត្ថុ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ហើយ​កងរាជ​អាវុធហត្ថ​ខ្ចី​ពី​សាលា​ដំបូង​រាជធានី‑ខេត្ត ត្រូវ​ប្រគល់​ទៅ​សាលាដំបូង​រាជធានី-ខេត្ត​វិញ​ជា​កំហិត​។

លោក សៅ សុខា បន្ត​ថា​៖ «​ចំពោះ​នាយទាហាន​នាយ​ទាហានរង​នៃ​កងរាជ​អាវុធហត្ថ​ដែល​បាន​ខ្ចី​ចលនទ្រព្យ អចលនទ្រព្យ និង​រតនវត្ថុ​ផ្សេងៗ​ដូចជា រថយន្ត ម៉ូតូ កង់ កាំភ្លើង​វែង‑ខ្លី ទូរស័ព្ទដៃ កុំព្យូទ័រ​...​។​ល​។ ពី​សាលាដំបូង​រាជធានី‑ខេត្ត​យក​មក​ប្រើប្រាស់​ជា​មធ្យោបាយ​សម្រាប់​ធ្វើ​ការងារ​នោះ​គឺ​ត្រូវ​ប្រគល់​ជូន​សាលាដំបូង​រាជធានី‑ខេត្ត​វិញ​ជា​កំហិត​»​។

ជាង​នេះ​ផង​ដែរ លោក សៅ សុខា បាន​បញ្ជា​ឲ្យ​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​រាជធានី​‑​ខេត្ត និង​មេបញ្ជាការ​គ្រប់​បណ្តា​អង្គភាព​ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​បញ្ជូន​រាល់​ទិន្នន័យ​មធ្យោបាយ​សម្ភារ​ដែល​បាន​ខ្ចី​ពី​សាលាដំបូង​រាជធានី​‑​ខេត្ត​មក​ស្នងការដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ត្រឹម​ថ្ងៃ​ចន្ទ​ម្សិលមិញ​។

សេចក្តី​ណែនាំ​របស់​លោក សៅ សុខា បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅលើ​សេចក្តី​សម្រេច​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ស្តីពី​ការ​រឹបអូស​ និង​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន និង​ក៏​ផ្អែក​ផងដែរ​ទៅលើ​លិខិត​របស់​ក្រសួង​យុត្តិធម៌ ស្តីពី​របៀប​ដោះស្រាយ​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​នឹង​បទល្មើស​។

លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ថ្លែងថា សេចក្តី​ណែនាំ​នេះ​បាន​ធ្វើ​ឡើងទៅ​កងរាជ​អាវុធហត្ថ បន្ទាប់ពី​មាន​សំណើ​ពី​តុលាការ​។ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា កងរាជអាវុធហត្ថ​ពិតជា​ខ្ចី​ទ្រព្យសម្បត្តិ​ទាំងនោះ​ពី​សាលាដំបូង​រាជធានី​‑​ខេត្ត​នោះទេ​។ លោក​ថ្លែង​ថា​៖ «​តុលាការ​បានស្នើ​ទៅ​ក្រសួង​យុត្តិធម៌​ [​ឲ្យ​ធ្វើ​ដូច្នេះ​] ប៉ុន្តែ​ខ្ញុំ​មិនដឹង​ទេ​ថា តើ​មានទ្រព្យ​សម្បត្តិ​ដែល​បាន​ខ្ចី​ពី​តុលាការ ឬ​អត់​នោះទេ​»​។

អ្នកជំនាញ​ច្បាប់​លោក សុក សំអឿន បាន​ថ្លែង​ថា​រដ្ឋ​អាច​រឹបអូស​ទ្រព្យសម្បត្តិ​ខុសច្បាប់​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​។ ប៉ុន្តែ​ទ្រព្យសម្បត្តិ​ដែល​ប្រើប្រាស់​ជា​ភ័ស្តុតាង​នៅក្នុង​សំណុំរឿង​តុលាការ​ត្រូវ​តែ​ប្រគល់​ត្រឡប់​ទៅ​ម្ចាស់​វិញ​។

ប៉ុន្តែ​លោក​បាន​ថ្លែង​ថា លោក​មិន​ប្រាកដ​ទេ​ថា តើ​ទ្រព្យសម្បត្តិ​ដែល​និយាយ​នៅក្នុង​សេចក្តី​ណែនាំ​របស់​លោក​ សៅ សុខា សំដៅ​ទៅលើ​ទ្រព្យសម្បត្តិ​ខុសច្បាប់ ឬ​ទ្រព្យសម្បត្តិ​ដែល​ប្រើ​គ្រាន់​តែ​ជា​ភ័ស្តុតាង​ឬ​អត់​នោះទេ​។ លោក​ថា​៖ «​ប្រសិនបើ​រដ្ឋ​រឹបអូស​ទ្រព្យសម្បត្តិ​នោះ តុលាការ​នឹង​ចេញ​សេចក្តី​សម្រេច​និយាយ​ថា ទ្រព្យសម្បត្តិ​នោះ​អាច​ត្រូវ​ដុត​កម្ទេច​ ឬ​ប្រើប្រាស់​ដោយ​រដ្ឋ​ ឬ​ស្ថាប័នរដ្ឋ​ណា​មួយ​»​។

លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ពន្យល់ថា​តាម​គោលការណ៍​ច្បាប់ ទ្រព្យសម្បត្តិ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​មិនត្រូវ​ឲ្យ​ខ្ចី និង​ប្រើប្រាស់​មុនពេល​មាន​សាលក្រម​ស្ថាពរ​នោះទេ​។

លោក​បន្តថា​៖ «​ប៉ុន្តែ​នៅក្នុង​ការអនុវត្ត​ជាក់ស្តែង ទ្រព្យសម្បត្តិ​ខ្លះ​អាច​នឹងត្រូវ​ជួសជុល ប្រសិនបើ​យើង​ទុក​វា​មិន​ប្រើប្រាស់​យូរពេក​។ ដូច្នេះ​ដើម្បី​ជា​ប្រយោជន៍ អាជ្ញាធរ​អាច​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ខ្លះ អាស្រ័យ​ទៅ​លើ​ការវាយតម្លៃ​ឃើញថា ការប្រើប្រាស់​ទ្រព្យសម្បត្តិ​ទាំងនោះ​មិន​ប៉ះពាល់​ដល់​បទល្មើស​ដែល​ពាក់ព័ន្ធ​នោះទេ​»​។

លោក​ពន្យល់​បន្តថា​៖ «​វត្ថុតាង​មួយ​ចំនួន​ទាមទារ​ឲ្យ​មាន​ការប្រើប្រាស់​ជាប្រចាំ និង​ការថែទាំ​ព្រោះ​បើ​ទុកចោល វា​ធ្វើឲ្យ​ខូច​តម្លៃ​របស់​វា​។ អ៊ីចឹង​ហើយ​បាន​ជា​មាន​ការអនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​។ ប៉ុន្តែ​ពេល​នេះ​ពេល​​សាលក្រម​ចូល​ជា​ស្ថាពរ​គេ​ត្រូវ​​ប្រមូលយក​របស់​ទាំងអស់​នោះ​មក​លក់​ឡាយឡុង​ចូល​ជា​សម្បត្តិ​រដ្ឋ​។ ហេតុ​ដូច្នេះ​ហើយ​បាន​មាន​ការចេញ​ការណែនាំ​នេះ ដើម្បី​ឲ្យ​ប្រគល់​វត្ថុតាង​ទាំងអស់​នោះ​មកវិញ​ដោយសារ​តែ​មាន​សាលក្រម​ស្ថាពរ​ដែល​ត្រូវ​លក់​ឡាយឡុង​»៕ PS

វីដេអូ៖