ស្ទឹងត្រែងៈ ​នាយ​ឧត្ដមសេនីយ៍ សៅសុខា ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជា​ឱ្យ​រៀបចំ​គណៈកម្មការ​ចំពោះ​កិច្ច​ដើម្បី​ស៊ើបអង្កេត​ករណី​ដក​បញ្ឈរជើង និង​ចាប់ខ្លួន​អតីត​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ស្រុក​សៀម​បូក​ខេត្ត​ស្ទឹងត្រែង​ដាក់​ពន្ធនាគារ​។ នេះ​បើតាម​លោក​ឧត្ដមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។

ការបង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ដើម្បី​ស៊ើបអង្កេត​នេះ​ធ្វើ​ឡើង បន្ទាប់ពី​អ្នកស្រី ប៊ុត កញ្ញា ជា​ភរិយា​របស់​លោក វរសេនីយ៍ត្រី ចន សាម៉ន អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង​បាន​ធ្វើ​លិខិត​សុំ​អន្តរាគមន៍​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ដើម្បី​អន្តរាគមន៍​ស្វែងរក​ភាពយុត្តិធម៌​ជូន​ស្វាមី​អ្នកស្រី​ដោយ​ចោទប្រកាន់​លោក​​ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​ថា បាន​ដក​បញ្ឈរជើង និង​ចាប់​ស្វាមី​គាត់​ដាក់​ពន្ធនាគារ​។

លោក​ឧត្ដមសេនីយ៍ត្រី អេង ហ៊ី បាន​សរសេរ​នៅក្នុង​ហ្វេសប៊ុក​របស់​លោក កាលពី​ព្រឹក​ម្សិលមិញ​ថា​៖ «​ពាក់ព័ន្ធ​នឹង​រឿងហេតុ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​បញ្ជា​ឱ្យ​រៀបចំ​គណៈកម្មការ​ចំពោះ​កិច្ច​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ហើយ​»​។

លោក អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​បំភ្លឺ​ជុំវិញ​ករណីនេះ​ដោយ​បង្វែរ​សំណួរ​ឲ្យ​ទៅ​សួរ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​វិញ​។

បើ​តាម​ការបញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី ឲ្យ​ដឹងថា គណៈកម្មការ​ចំពោះ​កិច្ច​កំពុង​រៀបចំ​ស៊ើប​អង្កេត​ទៅលើ​ករណី​នេះ​ហើយ​នៅ​​ពេល​បិទ​បញ្ចប់​ការស៊ើបអង្កេត​នឹង​ផ្សព្វផ្សាយ​ពី​លទ្ធផល​។

លោក​បាន​បញ្ជាក់​ថា​៖ «​នៅពេល​គេ​ធ្វើ​ចប់ គេ​នឹង​ផ្សាយ​ព័ត៌មាន​នេះ​»​។

គួររំឭក​ថា​កាលពី​ថ្ងៃទី​ ១៧ ខែ សីហា ​ឆ្នាំ​នេះ អ្នកស្រី ប៊ុត កញ្ញា បាន​ធ្វើ​លិខិត​សុំ​អន្តរាគមន៍​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ស្វាមី​គាត់ ដោយ​អ្នកស្រី​បាន​បញ្ជាក់​ថា​នៅក្នុង​អំឡុង​ឆ្នាំ​ ២០១៥ លោក វរសេនីយ៍ត្រី ចន សាម៉ន ជា​ស្វាមី​ដែល​កាលនោះ​ជា​​មេបញ្ជាការ​កងរាជ​អាវុធ​ស្រុក​សៀមបូក ត្រូវ​បាន​ដក​បញ្ឈរជើង​នៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​អស់​រយៈពេល​ជិត​ ៥ ​ឆ្នាំ​ ដោយ​ចោទថា មិន​​គោរព​បទបញ្ជា​។

អ្នកស្រី​បាន​បន្ត​ថា​បន្ទាប់មក​គេ​បាន​បញ្ជូន​ស្វាមី​អ្នកស្រី​ឲ្យ​ទៅ​ធ្វើការ​នៅ​តំបន់​ព្រំដែន​ក្នុង​ស្រុក​សៀម​ប៉ាង​ជា​បណ្តោះអាសន្ន ហើយ​នៅ​ទីនោះ​ស្វាមី​អ្នកស្រី​បាន​ចែក​គ្រាប់​កាំភ្លើង​ឲ្យ​ទៅ​មន្ត្រី​កងកម្លាំង​ដូចគ្នា តែ​ត្រូវ​បាន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ចោទប្រកាន់​ថា​លក់​គ្រាប់​ខុសច្បាប់ ហើយ​ដាក់ពិន័យ​នៅ​បន្ទាយ​អស់​រយៈពេល​ជិត​ ៥ ​ឆ្នាំ​។

លិខិត​នោះ​បញ្ជាក់​ថា​៖ «​ទើបតែ​នៅ​ថ្ងៃទី​ ១៥ ខែ​ សីហា ឆ្នាំ​ ២០១៩ លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី (​បាន​ហៅ​គ្រួសារ​នាង​ខ្ញុំ​) ​ឲ្យ​ធ្វើ​ពាក្យ​ស្នើសុំ​ទៅ​បម្រើ​ការងារ​នៅ​អូរ​វែង​ ឬ​ស្នើសុំ​ជា​នាយរង​សេនាធិការ តែ​គ្រួសារ​ខ្ញុំ​មិន​ព្រម គាត់​សុំ​ទៅ​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សៀម​បូក​វិញ​ដដែល​»​។

តាម​លិខិត​ដដែល​ថា បន្ទាប់ពី​ស្វាមី​អ្នកស្រី​មិន​ព្រម​ធ្វើតាម​ក៏​កើត​ជា​កំហឹង រហូត​ដល់​លោក អៀង ​វ៉ាន់ឌី ឈប់​និយាយ​រក​គាត់​ (​ស្វាមី​) ​ហើយ​បាន​ឲ្យ​កម្លាំង​ចាប់​ខ្លួន​ស្វាមី​អ្នកស្រី​ឈ្មោះ ចន សាម៉ន បញ្ជូន​ទៅ​ឃុំឃាំង​ដោយ​ឲ្យ​ស្លៀក​ខោខ្លី​ ២ ​យប់​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ដោយ​ចោទប្រកាន់​ពី​​រឿង​លក់​គ្រាប់កាំភ្លើង និង​បាន​លុបឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​៕