ភ្នំពេញៈ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ លោក​ ពេជ្រ ស្រស់ ថ្លែង​ថា លោក​បាន​ដាក់​សំណួរ​ដល់ លោក​ ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល អំពី​គោល​ជំហរ​របស់​ក្រសួង​រ៉ែ និង​ថាមពល​ចំពោះ​ក្រុមហ៊ុន ​ទ្រី ភាព ដែល​ស្នើសុំ​គម្រោង​ធ្វើការ​សម្អាត​ទន្លេ​ពី​បាវិត ខេត្ត​ស្វាយរៀង ទៅ​ដល់​ខេត្ត​ក្រចេះ។

លោក ​ពេជ្រ ស្រស់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ម្សិលមិញ​ថា លោក​មានការ​ព្រួយបារម្ភ​ពី​ការ​យក​ការ​សម្អាត​ច្រាំង​ទន្លេ​ដាក់​មុខ ហើយ​ធ្វើឱ្យ​បាត់បង់​ខ្សាច់។

លោក​បញ្ជាក់ថា៖ «ដល់ពេល​អស់​ខ្សាច់​ទៅ ខ្លាច​ទប់​ច្រាំង​វា​មិន​ជាប់ ឬ​ធ្វើឱ្យ​ទន្លេ​រង​ឥទ្ធិពល​អាក្រក់​ពី​ការ​បូម​ខ្សាច់​យក​នេះ»។

លោក ​ពេជ្រ ស្រស់ បានដាក់សំណួរ​ដូច្នេះ ក្នុងពេល​ធ្វើ​បទបង្ហាញ​ដល់​ឧត្តម​ក្រុម​ប្រឹក្សា​ពី​លោក​ ស៊ុយ សែម និង​អគ្គិសនី​កម្ពុជា នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី ២៣ ខែ ​ឧសភា។

លោក ​ពេជ្រ ស្រស់ បញ្ជាក់ថា លោក​ចង់ឱ្យ​ក្រសួង​រ៉ែ និង​ថា​មពល ធ្វើការ​សិក្សា​ស្រាវជ្រាវ​ភូមិសាស្ត្រ​ពី​ផល​ប៉ះពាល់​នៃ​ការ​បូម​ខ្សាច់​ពី​ទន្លេ​នេះ។

មន្ត្រី​នាំពាក្យ​ក្រសួង​រ៉ែ ​និង​ថាមពល លោក​ យស មុនីរ៉ាត ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ ​ម្សិលមិញថា ​លោក ​ទ្រី ភាព​ បាន​ស្នើ​ទៅ​រាជរដ្ឋាភិបាល ​ហើយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ក៏បានឱ្យ​លោក​ លឹម គាន​ហោ ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​ ដឹកនាំ​ធ្វើការ​សិក្សា​វាយ​តម្លៃ ​និង​ផ្តល់​មតិ។ ពេលនេះ​ក្រសួង​រ៉ែ ​និង​ថាមពល ​មិនទាន់​មាន​គោល​ជំហរ​អ្វីទេ ​ព្រោះ​ត្រូវ​រង់ចាំ​មើល​ការសិក្សា​វាយ​តម្លៃ​សិន។

លោក​ យស មុនីរ៉ាត់ ​បញ្ជាក់ថា​៖ «​អ៊ី​ចឹង ​យើង​សិក្សា​មើល​ថា​តើ​ការបូម​ស្តារ​ហ្នឹង ​បូម​ទៅ ​វា​បូម​យ៉ាងម៉េច? ​បាន​ប៉ុន្មាន ​យកទៅ​ធ្វើ​ច្រាំង​ទន្លេ​ទប់​យ៉ាង​ម៉េចៗ។ នៅ​ពេល​ក្រោយពី​ការសិក្សា ​ប្រហែល​ជានៅ​ទាមទារ​រយៈពេល​យូរ​ទៀត​ ព្រោះ​ការ​សិក្សានោះ​ត្រូវទាមទារ​ការ​សិក្សា​ច្រើន​លម្អិត​តាម​ជំនាញ​នីមួយៗ»។

លោក​ យស មុនីរ៉ាត់ ​បានឱ្យ​ជា​ឧទហរណ៍​ថា ​ក្រសួង​ធនធាន​ទឹក​សិក្សា​អំពី​ច្រាំង​ទន្លេ ​ហើយ​អាច​ពាក់ព័ន្ធ​ក្រសួង​ផ្សេងៗ​ទៀត ​ដូចជា​ក្រសួង​រ៉ែ​ និង​ថាមពល​ពាក់ព័ន្ធ​នឹងការ​គ្រប់គ្រង​ធនធាន​ខ្សាច់​ដែល​ជាធនធាន​រ៉ែ។ ប្រសិន​បើ​ការបូម ​តើ​ត្រូវ​យក​ទៅ​ណា? បើសិន​ជាយក​ទៅ​លក់ ​ត្រូវ​ចេញ​អាជ្ញាប័ណ្ណ ​ដាក់​ចំណូល​ចូល​រដ្ឋ ​ឬ​រដ្ឋ​យក​ចំណូល​មក​ធ្វើ​ច្រាំង​ទន្លេ។ល។

អ្នកនាំ​ពាក្យ​រូបនេះ​បន្តថា ​រហូត​មក​ដល់​ពេលនេះ ​ក្រោយពី​សេចក្តី​ជូនដំណឹង​របស់​រាជរដ្ឋាភិបាល​ដែល​ឱ្យក្រ​សួង​ធនធាន​ទឹក​ និង​ឧតុនិយម​ដឹក​នាំ​ធ្វើការងារ​សិក្សា​វាយតម្លៃ ​ក្រសួង​រ៉ែ ​និង​ថាមពល​ក៏​មិនទាន់បាន​ប្រជុំ​គ្នា​នៅឡើយ​ដែរ។ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម ​បាន​ធ្វើការ​ងារ​នេះ​បណ្តើរៗ​ហើយ​ទៅ​តាម​វិធីសាស្ត្រ​ដែល​ក្រសួង​នេះ​មាន។

លោក ​មុនីរ៉ាត់ ​ថ្លែងថា​៖ «យើង​មិន​ទាន់​បាន​ប្រជុំ​គ្នា​ថា​យ៉ាងម៉េច​នៅ​ឡើយទេ ​ត្រូវការ​សិក្សា​វាយតម្លៃ​រយៈពេល​យូរ​ទៀត បាន​យើងអាច​ផ្តល់​មតិ​ជូន​រាជ​រដ្ឋាភិបាល​បានថា​គួរ​ធ្វើ​យ៉ាង​ម៉េច? គួរ​បូម​ឬ​មិន​គួរ​បូម? ​ហើយ​បើបូម​ត្រូវ​បូម​យ៉ាង​ម៉េច ​បាន​ប៉ុន្មាន? និយាយ​ទៅ​ការងារ​នៅ​វែង​ឆ្ងាយ»។

យោងតាម​លិខិត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ចុះ​ថ្ងៃទី ៧ ​ខែ ឧសភា ​បានឱ្យ​ដឹងថា ​រាជរដ្ឋាភិបាល​សម្រេច​ឱ្យ​លោក​ លឹម គានហោ​ ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ​និង​ផ្តល់​មតិ​លើ​ករណី​ក្រុម​ហ៊ុន​ ទ្រី ភាព ​អេន​ជី​នារីង ​& ខនស្រ្តាក់​សិន ​ដែល​បាន ​«ស្នើសុំ​គោលការណ៍​អនុញ្ញាត»​ ចុះ​សិក្សា ​បូម​ស្តារ ​និង​ធ្វើ​ច្រាំង​ទន្លេ​មេគង្គ ​ចាប់​ពី​ចំណុច​មាត់ច្រក​ព្រំដែន​កម្ពុជា-​វៀតណាម ​(ក្អម-​សំណ) ​រហូតដល់​ចំណុច​ភូមិសាស្ត្រ​ព្រំប្រទល់​ខេត្ត​កំពង់ចាម ​ក្រចេះ ​និង​តាម​ដង​ទន្លេ​បាសាក់។

ក្រៅពី​បញ្ហា​ខាងលើ​លោក ​ពេជ្រ ស្រស់ ​ក៏បាន​សួរ​លោក​ ស៊ុយ សែម ​បន្ថែម​ទៀត​៖ ទី១. ​ប្រើប្រាស់​ភ្នំ ​ការប្រើប្រាស់​ខ្សាច់ ​ការទទួល​យក​សួយសារ​រ៉ែ​ចូល​រដ្ឋ​មាន​ចំនួន​ប៉ុន្មាន? ​និង​មាន​តុល្យភាព​ទៅនឹង​ការចំណាយ​លើ​ធនធាន​ធម្មជាតិ​នោះ​ដែរ​ឬទេ?​ ទី២.​ ដី​មួយចំនួន​ដែល​មេឃុំ​អះអាងថា​ជាដី​របស់ ​[ក្រសួង]​ រ៉ែ ​ដែល​ពាក់ព័ន្ធ​នឹង​ដី​របស់​ប្រជា​ពលរដ្ឋ​ដែរ ​តើ​ក្រសួង​អាចឱ្យ​ទៅ​ប្រជាពលរដ្ឋ​វិញ​ទេ? ទី៣.​ ការគ្រប់​គ្រង​អគិ្គសនី​មិន​គ្រប់ ​តើ​មាន​គម្រោង​បម្រុង​ទី ២​ ទេ​នៅពេល​មិនមាន​ទឹក​ផលិត​អគ្គិសនី ​ដែល​សំណួរ​នេះ ​លោក​ ពេជ្រ ស្រស់ ​ដាក់​ទៅ​កាន់​លោក​ កែវ​ រតនៈ​ ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​អគ្គិសនី​កម្ពុជា។

លោក​ ពេជ្រ ស្រស់ ​បញ្ជាក់ថា​៖ «យើង​មិនអាច​យក​ជម្រើស​តែ​ទឹក​មួយ​ទេ។ ការដាច់​ភ្លើង​ញឹកញាប់​ ប៉ុន្តែ​បរិមាណ​ចំនួន​លុយ​ឡើង ​តើ​អគ្គិសនី​ដោះស្រាយ​យ៉ាងណា​ចំពោះ​ប្រជាពលរដ្ឋ​ ដោយសារ​ប្រជាពលរដ្ឋ​រអ៊ូរទាំ​ទូទាំង​ប្រទេស ​រឿង​អត់​ប្រើ​ភ្លើង​ផង​ តែ​លុយ​បែរ​ទៅ​ឡើង​វិញ»។

ចំពោះ​សំណួរ​ទៅ ​លោក​ កែវ រតនៈ ​លោក​ ពេជ្រ ស្រស់ ​បញ្ជាក់ថា ​លោក​កែវ រតនៈ​បន្ទោស​ទៅលើ​សីតុណ្ហ​ភាព ​និងមាន​ការប្រើប្រាស់​ច្រើន​ របស់​ប្រជា​ពលរដ្ឋ។

លោក ​ពេជ្រ ស្រស់ ​ថា​៖ «ខ្ញុំ​អត់​យល់​កន្លែង​ហ្នឹង​ ខ្ញុំ​មាន​បទ​ពិសោធ ​គឺពេល​ខ្លះ​ផ្ទះ​ខ្ញុំ​អត់​ប្រើ​ផង​ សីតុណ្ហភាព​ក៏អត់​មាន​ក្តៅ​អី​ដែរ​ តែ​វា​ឡើង ​ហើយ​ប្រើ​នោះ ​មិនមែន​ជាប្រចាំ​ទៀត​ យូរៗ​ម្តង​ទេ​ ដូច​ម៉ាស៊ីន​ត្រជាក់​ ទូ​ទឹកកក​អីហ្នឹង»។

លោក ​វ៉ិចទ័រ​ ហ្សូនា ​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ ​និង​ថាមពល ​មិន​អាច​ទាក់ទង​ដើម្បី​សុំការ​បញ្ជាក់​ពី​បញ្ហា​អគ្គិសនី​បាន​ទេ​កាលពី​ម្សិលមិញ៕