ភ្នំពេញៈ ជាមួយ​នឹង​ការលើក​ឡើង​ថា ប្រទេស​ធំៗ​មួយ​ចំនួន​មើលងាយ​កម្ពុជា កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ថ្លែង​ថា​បញ្ជា​បរទេស​ស្រេច​តែ​ចិត្ត​នោះ​កម្ពុជា​មិន​អាច​ធ្វើ​តាម​ឡើយ ហើយ​ចោទ​ថា​ការ​ដែល​បរទេស​បញ្ជា​ឆ្វេង​ស្តាំ​នេះ​ក៏ដោយសារ​អ្នក​នយោបាយ​សញ្ជាតិ​ ២ ​រស់នៅ​ក្រៅ​ប្រទេស​ពឹងពាក់​បរទេស​ឲ្យ​មក​ដាក់​គំនាប​ដែរ​។

លោក​ ហ៊ុន ម៉ាណែត ដែល​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក និង​ជា​អគ្គមេបញ្ជាការរង​កងទ័ព​ជាតិ​ថ្លែង​បែប​នេះ បន្ទាប់ពី​សហភាព​អឺរ៉ុប​ជូន​ដំណឹង​ផ្លូវការ​ដល់​កម្ពុជា ​កាលពី​សប្តាហ៍​មុន​ថា ​ខ្លួន​ចាប់ផ្ដើម​ដំណើរការ​នីតិវិធី​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះពន្ធ ឬ​ហៅថា EBA ពី​ការនាំ​ទំនិញ​គ្រប់មុខ​របស់​កម្ពុជា ​លើកលែង​សព្វាវុធ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​ដ៏ធំ​ក្រោយ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើង​វិញ ប៉ុន្តែ​រដ្ឋាភិបាល​ហាក់​នៅ​ព្រងើយ​កន្តើយ​នោះ​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​សាលារៀន​អន្តរជាតិ អាល់រ៉ូសម៉ាន នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃទី​ ១៤ ខែ​តុលា​លោក​ ហ៊ុន ម៉ាណែត បាន​ចោទ​ថា អ្នក​នយោបាយ​មួយ​ចំនួន​បាន​រត់​ទៅ​ពឹង​បរទេស​ឲ្យ​មក​ដាក់​គំនាប​ធ្វើបាប​កម្ពុជា និង​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឱន​លន់តួ​ជាមួយ​បរទេស​។ លោក​ថា​ទង្វើ​បែប​នេះ​គឺ​មិន​អាច​ទៅ​រួច​ទេ ដោយសារ​កម្ពុជា​មាន​អធិបតេយ្យភាព និង​ឯករាជ្យ​ជាតិ​។

លោក​ថ្លែង​ថា​៖ «​អ្នក​ដែល​រាជរដ្ឋាភិបាល​ត្រូវ​ស្ដាប់​គឺ​ស្ដាប់​ប្រជាពលរដ្ឋ​ខ្មែរ​។ ប្រជាពលរដ្ឋ​ខ្មែរ​ចង់​បាន​អ្វី​គឺ​ចង់​បាន​សេចក្តីសុខ សន្តិភាព​។ ដូច្នេះ​សម្តេច​តេជោ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ថែរក្សា​សុខសន្តិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ដាច់ខាត​។ ប្រជាពលរដ្ឋ​ចង់​បាន​កិត្តិយស​ជាតិ​ខ្មែរ​ចង់​បាន​មោទនភាព​ជាតិខ្មែរ ចង់​បាន​ចេញ​ទៅ​ក្រៅ​ស្មើ​មុខ​ស្មើ​មាត់​នឹង​គេ មិន​ចង់​ឲ្យ​នៅ​ក្នុង​គំនាប​របស់​នរណា​ទេ​»​។

លោក​បន្ថែម​ថា​៖ «​យើង​ជា​ខ្មែរ យើង​ចង់​បាន​ជាតិ​ខ្មែរ​យើង​ថ្កុំថ្កើង បរទេស​ទទួល​ស្គាល់ និង​គោរព​យើង​ទៅវិញ​ទៅមក​។ ដូច្នេះ​សម្តេចតេជោ​ត្រូវ​ដឹកនាំ​ប្រទេស​មួយ​ដែល​មាន​អធិបតេយ្យភាព ឯករាជ្យ​ជាតិ កិត្តិយស​ជាតិ មិន​លន់តួ​ជាមួយ​បរទេស​ណា​មួយ​ទេ​។ ខ្ញុំ​និយាយ​នេះ​គឺជា​មោទនភាព​ជាតិ​ខ្មែរ​រួម​គ្នា​នៅ​ថ្ងៃ​នេះ ហើយ​ចង់​ផ្ញើ​សារ​ទៅ​​អ្នក​នយោបាយ​មួយ​ចំនួន​ដែល​មាន​សញ្ជាតិ​ ២ រស់នៅ​ក្រៅ​​ប្រទេស​ដែល​រត់​ទៅ​ពឹង​បរទេស​មក​ធ្វើ​បាប​ខ្មែរ​ចង់​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​យើង​លុតជង្គង់​តាម​គេ​ប្រាប់​ថា ឆ្វេង ឆ្វេង ស្ដាំ ស្ដាំ ទៅ​មិន​រួច​ទេ កុំ​សង្ឃឹម​ឲ្យ​សោះ​»​។

លោក​បន្ត​ថា​ថ្នាក់ដឹកនាំ​ខ្មែរ​ដែល​មាន​គំនិត​ជាតិនិយម បម្រើ​ប្រជាពលរដ្ឋ​ខ្មែរ គឺ​មិន​បម្រើ​ឲ្យ​បរទេស​ណា​នោះ​ទេ​។ ប៉ុន្តែ​​រដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​មិត្ត​ទាំងអស់​ដែល​ជា​មិត្ត​ពិតប្រាកដ មិនមែន​ក្លែងក្លាយ​ហើយ​ថា​មិត្ត​ពិត​គឺ​ជួយ​ដោយ​ចិត្ត​ស្មោះ​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។

លោក​បញ្ជាក់​ថា​៖ «​បើ​អ្នក​ជា​មិត្ត​ពិតប្រាកដ​របស់​កម្ពុជា​ត្រូវ​ឲ្យ​ច្បាស់​ជាមួយ​គ្នា កុំ​និយាយ​តែ​មិត្ត តែ​ពាក្យពេចន៍​នៅ​ពី​ក្រោយ​មាន​រូបភាព​បំផ្លាញ​យើង បំផ្លាញ​សន្តិភាព យើង​អត់​ទទួល​ទេ​។ មិត្ត​ដ៏ល្អ​មួយ​ទៀត​គឺជា​មិត្ត​ដែល​គោរព​គ្នា​ទៅវិញ​ទៅមក មិត្ត​ខ្លះ​អាង​តែ​ប្រទេស​ធំ មើលងាយ​យើង​ណាស់​។ វា​មិន​សំខាន់​ថា អ្នក​មាន​ប៉ុន្មាន​នោះ​ទេ សំខាន់​យើង​ធ្វើការ​ជាមួយ​គ្នា​ត្រូវ​គោរព​គ្នា​ទៅវិញ​ទៅមក​ព្រោះ​យើង​ក៏​ជា​ប្រទេស​ជាតិ​មួយ​ដូចគ្នា​»​។

ប៉ុន្តែ​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក ​អ៊ូ ច័ន្ទរ័ត្ន បាន​ថ្លែង​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​ចេតនា​ដើម្បី​ធ្វើ​បាប ឬ​ជំរុញ​ឲ្យ​មាន​ការ​ដាក់​សម្ពាធ ធ្វើ​បាប​ប្រទេស​ជាតិ​នោះ​ទេ​។ លោក​បាន​អះអាង​ថា អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​នេះ​ដើម្បី​កែ និង​ជួយ​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស និង​នយោបាយ​ឲ្យ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​សេរី​ពិតប្រាកដ​។

លោក​បញ្ជាក់​ថា​៖ «​គ្រាន់​តែ​ជា​រឿង ដើម្បី​កែ​ស្ថានភាព​ប្រទេស​យើង​ឲ្យ​វិលត្រឡប់​មក​រក​លទ្ធិប្រជាធិបតេយ្យ​យើង​វិញ​។ នៅពេល​ដែល​យើង​ជ្រើសរើស​ខុស ប្រទេស​យើង​មិន​អាច​ទៅ​មុខ​ទេ​។ ខ្ញុំ​គិត​ថា​ប្រទេស​យើង​ត្រូវ​ងាក​មក​រក​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ដើម្បី​ឲ្យ​ដំណើរការ​ប្រទេស​ទៅ​មុខ​»​។

លោក​បន្ត​ថា​ប្រទេស​ធំ​មួយ​ចំនួន​មិន​បាន​មើលងាយ​កម្ពុជា​ទេ ប៉ុន្តែ​ពួកគេ​ចង់​ជួយ​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ត្រឹមត្រូវ​​ និង​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​។

អ្នកវិភាគ​នយោបាយ កញ្ញា​ លី ស្រីស្រស់ ចាត់ទុក​ការលើកឡើង​របស់​លោក​ ហ៊ុន ម៉ាណែត ថា​ជា​ការ​មិន​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ​នូវ​អ្វី​ដែល​ថា​ជា​ការដាក់​សម្ពាធ​មក​លើ​កម្ពុជា​នោះ ជាពិសេស​សហភាព​អឺរ៉ុប និង​អាមេរិក​ដោយសារ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី​មួយ​ដែរ​ក្នុង​សន្ធិសញ្ញា​ស្តីពី​សិទ្ធិមនុស្ស​អន្តរជាតិ ដោយសារ​ប្រទេស​កម្ពុជា​មិន​បាន​ធ្វើ​តាម​គោលការណ៍​លទិ្ធប្រជាធិបតេយ្យ​។

កញ្ញា​បញ្ជាក់​ថា​៖ «​យើង​ឃើញ​ថា​ប្រតិកម្ម​ ឬ​យន្តការ​របស់​សហភាព​អឺរ៉ុប​មកលើ​កម្ពុជា និង​ការប្រកាស​ព្រមាន​ជា​សាធារណៈ​ក្នុង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជាដើម​គឺ​វា​ជា​គោលការណ៍​ក្នុង​សិទ្ធិ​ស្វ័យភាព​របស់​សហភាព​អឺរ៉ុប ខណៈ​ពេល​អន្តរាគមន៍​របស់​គណបក្ស​ប្រឆាំង​គឺ​គ្រាន់​ជា​អ្នក​ដែល​ពាំនាំ​ក្តីបារម្ភ​អំពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​»​។

កញ្ញា​បន្ថែម​ថា​៖ «​ស្ថានភាព​នៃ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ល្អ​។ ទាំង​ការរៀបចំ​ការបោះឆ្នោត និង​ការរំលាយ​គណបក្ស​ប្រឆាំង​»៕