ភ្នំពេញៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងដែលជាប្រធាន អនុគណៈកម្មការប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទឆ្នាំ ២០១៩ បានប្រកាសថា ការប្រឡងជ្រើសរើសនាយទាហានលើកនេះដែលមានបេក្ខជនចូលរួមប្រឡងជាង ៨ ៣០០ នាក់គឺធ្វើឡើងប្រកបដោយតម្លាភាព យុត្តិធម៌ និង ដោយពឹងផ្អែកទៅលើសមត្ថភាពពិតប្រាកដ ដោយមិនមានកាអន្តរាគមន៍ពីអ្នកមានអំណាចណាឡើយ។
លោក ហ៊ុន ម៉ាណែត បានថ្លែងប្រាប់បេក្ខជនប្រឡង និងអ្នកសារព័ត៌មាន មុនពេលបើកដំណើរការប្រឡង ជ្រើសរើស ក្របខ័ណ្ឌមន្ដ្រី យោធា នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ និងតាមបណ្ដាយោធភូមិភាគនីមួយៗ ទូទាំងប្រទេស កាលពីម្សិលមិញ ដែលមាន បេក្ខជន ចូលរួមប្រឡង សរុបចំនួន ៨ ៣៥២ នាក់ ក្នុងនោះស្រី ៣ ២៧០ នាក់ ដោយបែងចែកជា ៣៥៦ បន្ទប់។
ការប្រឡង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ ២០១៩ នេះគឺធ្វើឡើង នៅតាមមណ្ឌលប្រឡងរាជធានីភ្នំពេញ និងតាម បណ្ដាយោធភូមិភាគ រួមមានយោធភូមិភាគ ទី ១ ទី២ ទី៣ ទី៤ និងទី ៥ ដែលផ្ដោតទៅលើវិញ្ញាសាចំណេះដឹងទូទៅ ភាសាបរទេស និងវិញ្ញាសាកីឡា កាយសម្បទា ដើម្បីជ្រើសរើសនាយទាហាន នៃកងយោពលខេមរភូមិន្ទ វគ្គនាយទាហានសកម្មជំនាន់ទី ២៣ វគ្គ នាយទាហាន ទ័ពជើងគោកជំនាន់ទី ១១ វគ្គនាយទាហានបន្តវេនជំនាន់ទី ១២ និងវគ្គនាយទាហានជំនាញបច្ចេកទេស។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រឡងជ្រើសរើសនាយទាហាននឹងប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ មានតម្លាភាព និងយុត្តិធម៌ហើយថា អ្នកដែលបានជោគជ័យ និងត្រូវបានជ្រើសរើសយកធ្វើជាទាហាន គឺដោយសារតែសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេ ដោយមិនអាចមានការជួយអន្តរាគមន៍ណាមួយឡើយ។ លោកបញ្ជាក់ថា ៖«ការប្រកួតប្រជែង និងការខិតខំរបស់ប្អូនៗ សម្រាប់ការប្រឡងលើកនេះសូមយកចិត្តទុកដាក់ឲ្យមែនទែន ហើយភារកិច្ចរបស់អនុគណៈកម្មការប្រឡង ក៏ដូចជាគណៈកម្មការជ្រើសរើសរបស់យើងគឺថា ធ្វើម៉េចឲ្យការប្រឡង ការជ្រើសរើស នាយទាហានរបស់យើង ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវមានតម្លាភាពនិងយុត្តិធម៌»។
លោកបន្ថែមថា បេក្ខជនទាំងអស់ ត្រូវហ៊ានទទួលខុសត្រូវនិងត្រូវហ៊ានប្រកួត ដោយតម្លាភាព និងយុត្តិធម៌ ហើយបានព្រមានថា ពួកគេមិនត្រូវធ្វើសកម្មភាពណាមួយដែលរំលោភលើបទបញ្ជាផ្ទៃក្នុងដើម្បីទទួលបានជោគជ័យ ដោយមិនប្រឡងប្រកបដោយ តម្លាភាព នោះទេ។ លោកក៏បានណែនាំអនុគណៈកម្មការប្រឡងជ្រើសរើស ក៏ដូចជាគណៈមេប្រយោគ អគានុរក្ស និងអនុរក្សត្រូវអនុវត្តបទបញ្ជាឲ្យបានម៉ឺងម៉ាត់នៅក្នុងដំណើរការនៃការប្រឡងនេះ។
លោកបញ្ជាក់ដូច្នេះថា៖ «សូមកុំធ្វើសកម្មភាពណា ដែលប៉ះពាល់ទៅដល់ការប្រឡង និងប្រកួតប្រជែង និងត្រូវប្រឡងដោយតម្លាភាព និងយុត្តិធម៌។ យើងចង់ប្រឡងជានាយទាហាន ក្នុងនាមយុវជនជំនាន់ថ្មី ដូច្នេះយើងគួរប្រកួតដោយស្មើភាពគ្នា កុំបាច់ទៅរកឪម៉ែ ពូមីង មកជួយអន្តរាគមន៍»។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ លោកម៉ាណែត ក៏បានចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដោយហាមដាច់ខាតមិនឲ្យអ្នកគ្មានភារកិច្ចចូលមណ្ឌល ប្រឡងនោះឡើយ រួមទាំងមន្ត្រីយោធា ដែលពាក់ផ្កាយ ២ ផ្កាយ ៣ ផងដែរ ដើម្បីធានាដល់តម្លាភាព សុក្រឹត យុត្តិធម៌ក្នុងការប្រឡង។
លោកហ៊ុន ម៉ាណែត បានលើកឡើងថា៖ «ការគ្រប់គ្រងបទបញ្ជាត្រូវធ្វើឲ្យបានច្បាស់លាស់ ហើយមិនឲ្យមានអ្នកផ្សេងចូល (មណ្ឌលប្រឡង)។ កន្លងទៅពេលខ្លះនៅភ្នំពេញ គាត់ចូលមកផ្កាយ ២ ផ្កាយ ៣ ជូនក្មួយមក គាត់អត់ត្រូវមានសិទ្ធិចូល ទៅក្នុង ហ្នឹងទេ អ៊ីចឹងគឺសុំនៅខាងក្រៅ អ្នកដែលមានតួនាទី និងភារកិច្ចបានឲ្យចូល សុំឲ្យច្បាស់»។
លោកបានបញ្ជាក់បន្ថែម៖ «និយាយរួម គោលការណ៍តែ ១ គត់ឲ្យអ្នកជាប់ ជាប់ដោយសប្បាយចិត្ត និងមោទនៈ អ្នកធ្លាក់ ធ្លាក់ដោយ អស់ចិត្ត។ ការងារទាំងអស់នេះ ត្រូវការចូលរួមទាំងអស់គ្នា.តែផលប្រយោជន៍សម្រាប់អនាគតរបស់យើង យើងត្រូវលះបង់ទាំងអស់គ្នា»។
ជាមួយនឹងនេះដែរ លោកឧត្តមសេនីយ៍ ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម និងជាអនុប្រធានប្រចាំការនៃអនុគណៈកម្មការប្រឡង និងជាប្រធានមណ្ឌលប្រឡងនៅភ្នំពេញ បានថ្លែងថា នៅពេលការប្រឡងមានភាពសុក្រឹត និងយុត្តិធម៌ ហើយបេក្ខជន និងបេក្ខនារី បានបំពេញតាមលក្ខខណ្ឌនៃការប្រឡង វានឹងបង្កភាពងាយស្រួលដល់សាលាក្នុងការបង្រៀនពួកគេ។
លោកបានបញ្ជាក់ថា៖ «អ្វីដែលគណៈកម្មការបានធ្វើ បាននិងកំពុងធ្វើនេះ គឺមានភាពសុក្រឹត ច្បាស់លាស់ ត្រឹមត្រូវបំផុត។ កន្លងមកមានពាក្យចចាមអារ៉ាមថា ការប្រឡងចូលកងយោពលខេមរភូមិន្ទ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ មានការសូកប៉ាន់ថវិកា ខ្ញុំសូមប្រកាសថា គ្មានទាល់តែសោះ។ ខ្ញុំធានា ១០០ ភាគរយ ហើយបេក្ខជន បេក្ខនារី ឲ្យលុយ ទៅបុគ្គលណាម្នាក់ គឺអ្នកនោះ ចាញ់បោកគេហើយ»។
បេក្ខនារីម្នាក់ ឈ្មោះ រស់ សម្ផស្ស មកពីខេត្តកណ្តាល បានថ្លែងថា ការប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទគឺមានលក្ខណៈដូចការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែរដែលអនុរក្សមានភាពតឹងតែង ដែលមិនអនុញ្ញាតឲ្យមាន ការលួចចម្លងគ្នាឡើយ។
កញ្ញាបានបញ្ជាក់ថា៖ «អត់មានការមើលគ្នានិងបើកមើលសំណួរវិញ្ញាសាអ្វីទេ ហើយសំខាន់ គឺវិញ្ញាសាមិនមានការបែកធ្លាយនោះទេ។ ប្រសិនបើលទ្ធផលការប្រឡងរបស់ខ្ញុំជាប់ វាគឺជាមោទនភាពរបស់ខ្ញុំ ដោយសារខ្ញុំប្រឡងដោយពឹងលើសមត្ថភាពមិនមែនដោយខ្ញុំមានខ្សែឬក៏អ្វីទេ»។
បេក្ខជន ពីង ហៃហុយ មកពីខេត្តក្រចេះ បានថ្លែងថា ការឡងដែលចាប់ផ្តើមកាលពីម្សិលមិញ គឺបានប្រព្រឹត្ត ទៅ ដោយសុក្រឹត និងយុត្តិធម៌ ហើយបេក្ខជនបានខំប្រឹងប្រែងតាមសមត្ថភាពរបស់ពួកគេ។
លោកបញ្ជាក់ថា៖ «ប្រសិនបើខ្ញុំបានប្រឡងជាប់ជានាយទាហានជើងគោកនេះ គឺខ្ញុំនឹងប្តេជ្ញាចិត្ត បម្រើប្រទេសជាតិ និងសង្គមរបស់យើងឲ្យអស់ពីកម្លាំងកាយចិត្ត»។
បើតាម លោក ហ៊ុន ម៉ាណែត បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡងក្របខ័ណ្ឌកងទ័ព នៅក្នុងឆ្នាំ ២០១៩ នេះ គឺមានការកើនឡើងខ្ពស់ជាងបណ្ដាឆ្នាំកន្លងទៅ ប្រមាណជាង ១ ពាន់នាក់ ដោយកាលពីឆ្នាំ ២០១៧ មានតែ ៤ ០០០ នាក់ទេ ខណៈដែលឆ្នាំ ២០១៨ កើនដល់ ៧ ០០០ នាក់ ហើយឆ្នាំ ២០១៩ នេះ មានរហូតដល់ទៅជាង ៨ ៣០០ នាក់៕