ភ្នំពេញៈ ​លោក ហ៊ុន ម៉ានី ​កូន​ប្រុស​​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​និង​ជា​​តំណាងរាស្រ្ត​​មណ្ឌល​ខេត្ត​កំពង់​ស្ពឺ​បា​ន​​ថ្លែង​ថា លោក​ ​​«​ហួស​ពី​ការ​ភ្ញា​ក់​​ផ្អើល​»​​ ចំពោះ​អត្ថា​​អធិប្បា​យ​​របស់​នាយករដ្ឋមន្រ្តី​ប្រទេស​ សិង្ហ​បុរី​ លោក Lee Hsien Loong អំពី​វត្ត​មាន​​វៀតណាម​​ក្នុង​ប្រទេស​ កម្ពុជា​ បន្ទាប់​ពី​​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​ផ្តួល​រំលំ។

​ប្រតិកម្ម​របស់​លោក ម៉ានី ​បា​ន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​ ​​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​​អត្ថាធិប្បាយ​របស់​លោក Lee Hsien Loo​n​g នៅ​លើ​​ទំព័រ​ហ្វេស​ប៊ុក​របស់​លោ​ក​ ​ដែល​បាន​បង្ហាញ​​ការ​រំលែក​ទុក្ខ​​ ចំពោះ​មរណ​ភាព​​របស់​​អតី​តនាយក​រដ្ឋ​មន្រ្តី​ថៃ ​និង​ជា​ឧត្តមសេនីយ៍ លោក Prem Tinsulanonda។

លោក​បាន​ថ្លែង​ថា អត្ថា​ធិប្បាយ​របស់​លោក Hsien Loong ​អំពី​ការ​ពិត​នៃ​ប្រវត្តិសាស្រ្ត​​បង្ហាញ​​តែ​ជ្រុង​មួ​យ​នៃ​ស្ថាន​ការណ៍​ ជា​ពិសេស​​ជំហរ​របស់​ប្រទេស​អាស៊ី​អាគ្នេ​យ៍​​​មួយ​ចំនួន​កាល​ពីពេល​នោះ។

កាល​ពី​ថ្ងៃ​សុក្រ លោក Lee Hsien Loong ​​បាន​ថ្លែង​ថា ​ការ​ដឹក​នាំ​របស់​លោក Prem ​បាន​ផ្តល់​អត្ថ​ប្រយោជន៍​មិន​ត្រឹម​​តែ​​​ប្រទេស​​ ថៃ​ ទេ ប៉ុន្តែដល់​តំបន់​ទាំង​មូល​។ លោក​​ថ្លែង​ថា ​កាល​ពេល​លោក Prem ជា​នាយក​រដ្ឋ​មន្រ្តី​ថៃ ​(១៩៨០​‑​១៩៨៨) ស្រប​ពេល​ជា​មួយ​សមាជិក​អាស៊ាន​ (​កាល​ពេល​នោះ​មាន​ចំនួន​​ប្រាំ)​ រួម​គ្នា​ប្រឆាំ​ង​​​នឹ​ងការ​ចូល​ឈ្លាន​ពាន​របស់​វៀត​ណាម​​​ទៅ​លើ​ប្រទេស ​កម្ពុ​ជា ​​និង​រដ្ឋាភិបាល​កម្ពុជា​ដែល​បា​ន​​​ជំនួស​ខ្មែរ​ក្រហម ។

លោក​បញ្ជាក់​ថា​៖ «​ប្រទេស ​(ថៃ)​ ជា​អ្នក​នៅ​ខ្សែ​មុខ​ដោយ​ប្រឈ​​មមុខ​នឹង​កម្លាំង​វៀត​ណា​ម ​​​​​ដែល​ឆ្លង​កាត់​ព្រំ​ដែន​របស់​ខ្លួន​​ជាប់​កម្ពុជា ។ ឧត្តម​សេនីយ៍ Prem ​តាំង​ចិត្ត​មិន​ទទួល​យក​​អ្នក​ជំនួស​នេះ​ហើយ​បាន​ធ្វើ​កា​រ​​ជា​មួយ​ដៃ​គូ​អាស៊ាន​​នានា​ដើ​ម្បី​ប្រឆាំង​នឹង​ការ​​កាន់​កាប់​រប​ស់​វៀត​ណាមនៅ​លើវេទិកា​​អន្តរជាតិ​​​​​»​​។

លោក Hsien Loong ​បាន​ថ្លែង​ថា៖ «​​នេះ​​បាន​រារាំង​មិន​ឲ្យ​មាន​ការចូល​ឈ្លាន​ពាន​យោធា​​​ និង​ការ​ផ្លាស់​ប្តូរ​​​នៅ​ក្នុង​តំបន់​​ពី​​ភាព​ស្រប​ច្បាប់​។ ​វា​បាន​ការ​ពារ​សន្តិសុខ​​​របស់​បណ្តាប្រទេស​អាស៊ី​អាគ្នេយ៍​ដទៃ​ៗ​ទៀត​ ​ហើយ​ជា​ការ​ការ​ពារ​តំបន់​​យ៉ាង​មាន​ប្រសិទ្ធភាព ​និង​លឿន​»។

​លោក ហ៊ុន ម៉ានី ​ថ្លែង​ថា គេ​មិន​គួរ​មើល​រំលង​ និង​បំភ្លេច​​អំពើ​ព្រៃ​ផ្សៃ​​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ជា​ពិសេ​ស​​ អំពើ​ប្រល័យ​ពូជ​សាសន៍ ​​ដែល​បាន​ប្រព្រឹត្ត​ដោយ​របប​ខ្មែរ​ក្រហម​នោះទេ​។ ​ជាង​នេះ​ផង​ដែរ ពិភព​លោក​មិន​គួរ​​ភ្លេច​ការ​ឈឺ​ចាប់​ របស់​ប្រជា​ជន​កម្ពុជា​ទេ​។ ​លោក​បាន​ថ្លែង​ថា ​រយៈ​ពេល​ ៣ ​ឆ្នាំ​ ៨ ​ខែ​​និង ​២០ ​ថ្ងៃ​​​ ដោយ​សារ​​ពិភពលោក​បិទ​ភ្នែក​​​មើល​មិន​ឃើញ​ខ្មែរ​ ​ ជន​រង​គ្រោះ​ស្លូត​ត្រង់​ជិត ​៣​ លាន​នាក់​​បាន​ស្លាប់​​ក្រោម​កណ្តាប់​ដៃ​​របស់​ខ្មែរក្រហម។

លោក​បានថ្លែង​ថា​៖ «​​ខណៈ​អ្នករាល់​គ្នា​កំពុង​លេង​នយោបាយ​​ ​ប្រជាជន​កម្ពុជា​ បាន​បន់​ស្រន់​​ថា ​​​មិន​ថា​ ការ​ជួយ​មក​ពី​នរណា​​ និង​មក​ពី​ណា​​ទេ ​យើង​ចង់​ឲ្យ​គេ​ជួយ​សង្គ្រោះ​​ពី​របប​ប្រល័យ​ពូជ​សាសន៍​​របស់​ខ្មែរ​ក្រហម​។ ​ការ​ជួយ​​​កើត​ឡើង​នៅ​ក្នុង​ទម្រង់​គណ​​​បក្សប្រជា​ជន​កម្ពុជា​​​ ដោយ​មាន​ការជួយ​ពី​ប្រទេស​ជិត​ខាង​របស់​យើង​គឺ​វៀត​ណាម​»។

អ្នក​ប្រវត្តិ​សាស្រ្ត​កម្ពុជា​ លោក ឌៀប សុផល ​បាន​ថ្លែង​ថា ជា​ការ​ពិត​នៃ​ប្រវត្តិសាស្រ្ត​ ​ខ្មែរ​ក្រហម​​ និង​វៀតណាម​​បាន​ប្រយុទ្ធ​គ្នា​​​អស់​រយៈ​ពេល​ជា​យូរ​​ បន្ទាប់​ពី​ពួក​គេ​​បាន​បរាជ័យ​​ក្នុង​ការ​ចរចា​ជា​ច្រើន​។ ​

លោក​បាន​ថ្លែង​ថា អ្វី​ដែល​លោក Lee Hsien Loong បាន​ថ្លែង​ គឺ​គ្រាន់​តែ​ជាជ្រុង​ម្ខាង​​ នៃ​ជម្លោះ​​ស្មុគ​ស្មាញ ​​រវាង​កម្ពុជា​និង​វៀតណាម​ និង​សង្គ្រាម​ត្រជាក់​។ ​លោក​​ថ្លែង​ថា ​បណ្តា​ប្រទេស​អាស៊ាន​ក្នុង​អំឡុង​ពេល​នោះ​ ជា​ពិសេស​ថៃ​​និង​សិង្ហបុរី ​គឺ​បារម្ភ​អំពី​អំណាច​របស់​វៀត​ណាម ​​​និង​​​របប​កុម្មុយនីស្ត​ ប៉ុន្តែ​ពួក​គេ​មិន​បាន​ខ្វល់​ខ្លាំង​អំពី​ស្ថាន​ភាព​ក្នុង​ប្រទេស​ទេ​។

លោក​បានថ្លែង​ថា​៖ «​​អ្វី​ទាំង​អស់​នេះ​យើង​មិន​គួរ​មើល​តែ​ជ្រុង​ម្ខាង​ទេ​។ យើង​ត្រូវ​តែ​មើល​ទៅ​​ជំហាន​​នៃ​សង្គ្រាម​​ត្រជាក់​​ដែល​ប្រទេស​នានា​​​បាន​ប្រយុ​ទ្ធ​​គ្នា​​​ ដើម្បី​សន្តិសុខ​ និង​អត្ថ​ប្រយោជន៍​របស់​ប្រទេស​ពួក​គេ»។

​លោក​បាន​ថ្លែង​ថា នៅ​ក្នុង​គោល​នយោបាយ​ការ​បរទេស​ ​អ្នក​នយោ​បា​យ​​និយាយ​​សម្រាប់​បុព្វ​ហេតុ​ប្រទេស​រប​ស់​ពួកគេ​ខណៈ​បញ្ហា​សន្តិសុខ​​នៅ​ក្នុង​​ប្រទេស​ដទៃ ​គឺ​ជា​រឿង​បន្ទាប់​បន្សំ​។

លោក​បន្ត​ថា​៖ «​អ្វី​ដែល​នាយក​រដ្ឋមន្រ្តីសិង្ហបុរី​​​ថ្លែង​​អំពី​វត្ត​មាន​​របស់​វៀតណាម ​[ក្នុង​ប្រទេស​ កម្ពុជា​] ចំពោះ​ខ្ញុំ​គឺ​គ្មាន​អ្វី​សង្ស័យ​ទេ​»។

លោក​បាន​ថ្លែង​ថា​៖ «​​គាត់​ថ្លែង​បែប​នេះ​ ដើម្បី​បង្ហាញ​ថា គាត់​មិន​គាំ​ទ្រវត្តមាន​​របស់​វៀត​ណាម​ក្នុង​ប្រទេស​ កម្ពុ​ជា​​​ ដោយ​សារ​វា​ប៉ះ​ពាល់​ដល់​សន្តិ​សុខ​​របស់​ប្រទេស​ ថៃ​ និង​សន្តិសុ​ខ​របស់​ប្រទេស​ សិង្ហបុរី​ ខណៈ​វៀត​ណាម​ជា​ប្រទេស​​ខ្លាំង​មួយ​​»។

លោក ឆាំង យុ ​​នាយក​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា​ បាន​ថ្លែង​ថា​ ​មាន​តម្រូវ​ការ​មួយ​​ឲ្យ​បង្កើត​​កម្មវិធី​​​សន្តិ​ភាព​អាស៊ា​ន​​ និង​អប់​រំ​សិទ្ធិ​មនុស្ស​ សម្រាប់​តំបន់​ ​ដោយ​ចាប់​ផ្តើម​ជា​មួយ​ប្រទេស​សិង្ហបុរី​។

​​មិន​មានអ្វី​ច្រើន​ត្រូវ​បាន​អភិវឌ្ឍ​​នា​ពេល​ថ្មី​​​ៗក្នុងការ​លើក​កម្ពស់​​ការ​គោរព​សិទ្ធិ​មនុស្ស​ នៅ​ក្នុង​តំបន់​​ រួម​ទាំង​អនុ​សញ្ញា​អាស៊ាន​​ ស្តីពី​​សេចក្តី​ប្រកាស​ប្រឆាំង​អំពើ​ភេរវកម្ម​ សិទ្ធិ​មនុស្ស​អាស៊ាន និង​​សេចក្តី​ប្រកា​ស​ស្តីពី​ចលនា​សកល​​ នៃ​​មជ្ឈ​ន្តិកជន​។

លោក​ ឆាំង យុ ​​បានថ្លែង​​បញ្ជាក់​ទៀត​ថា​៖ «​​នៅ​ពេល​​អ្នក​មិន​​រៀន​អំពី​ប្រវត្តិ​សាស្រ្ត​ អ្នក​ទំនង​ជា​​​​មិន​មាន​អរិយធម៌​​ខ្លាំង​នៅ​ក្នុង​ពិភពលោក​សម័យ​ទំនើប​»៕