ភ្នំពេញ: លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​ចូល​រួម​រំលែក​ទុក្ខ រដ្ឋាភិបាល​ជប៉ុន ចំពោះ​គ្រោះ​ទឹក​ជំនន់​ដ៏​អាក្រក់ ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ១៧៩ នាក់ និង​បាត់​ខ្លួន​ជា​ច្រើន​នាក់ គិត​មក​ដល់​ត្រឹម​ថ្ងៃ​​ទី ១១ ខែ​កក្កដា ឆ្នាំ ២០១៨​។

នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​លោក ស៊ីន​ហ្សូ អាបេ នាយក​រដ្ឋ​មន្ត្រី ជប៉ុន ចុះ​ថ្ងៃ​ទី ១០ ខែ​កក្កដា ដែល​ទើប​តែ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​ទី ១១ ខែ​កក្កដា​នេះ លោក​ ហ៊ុន សែន បាន​​សម្តែង​ការ​សោក​ស្តាយ ជាពន់​ពេក នៅ​ពេល​ទទួល​បាន​ព័ត៌មាន​អំពីការ​បាត់​បង់​ជីវិត មនុស្ស​ជា​ច្រើន​ក្នុង​គ្រោះ​ទឹក​ជំនន់ និង​បាក់​ដី​ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បាន​បង្ក​ការ​ខូច​ខាត យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ប៉ែក​ខាង​ត្បូង និង​ខាង​លិច​ប្រទេស​ជប៉ុន តាំង​ពី​ចុង​សប្តាហ៍​មុន​មក​។

លិខិត​របស់​លោក​ ហ៊ុន សែន បាន​បញ្ជាក់​ថា​៖«តាង​នាម​រាជ​រដ្ឋាភិបាល​ និង​ប្រជា​ជន​កម្ពុជា ខ្ញុំ​សូម​សម្តែង​នូវ​ការ​ចូល​រួម​មរណ​ទុក្ខ​ដ៏ក្រៀម​ក្រំបំផុត​ចំពោះ​ឯក​ឧត្តម និង​ប្រជា​ជន​ជប៉ុន ពិសេស​គ្រួសារ​នៃ​សព ក្នុង​គ្រា​ទុក្ខ​សោក​ដោយ​ការ​បាត់​បង់​ដ៏​ធំ​ធេង​នេះ»។

អ្នកនាំពាក្យ​រ​ដ្ឋាភិបាល​ បានឲ្យ​ដឹងនៅ​ថ្ងៃ​ទី ១១ ខែ​កក្កដា​នេះ​ថា ចំនួន​អ្នកស្លាប់​​​ដោយសារ​​ជំនន់ទឹកភ្លៀ​ង និង​បាក់ដី ​​​ដែល​បាន​បំផ្លិចបំផ្លាញ​​ផ្នែកជាច្រើ​ន​​​​ នៃប្រទេស​ជប៉ុន​​ ​បាន​កើនឡើង​ដល់​ ​១៧៩​ នាក់។

កិច្ច​ប្រតិ​បត្តិ​ការ​រុក​រក​ ​និង​ជួយ​សង្រ្គោះ​ កំពុង​បន្ត​ ​ក្រោយ​ពី​ទឹក​ជំនន់​និង​បាក់​ដី​ បណ្តាល​មក​ទឹក​ភ្លៀង ​ហើយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម ​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​រាប់​សិប​នាក់​ទៀត​ នៅ​បាត់​ខ្លួន​​នៅ​ក្នុង​មហន្ត​រាយ​ទាក់​ទង​នឹង​អាកាស​ធាតុ​ដ៏​អាក្រក់​បំផុត​ អស់​រយៈ​ពេល​ជា​ច្រើន​ទស​វត្សរ៍​ហើយ​​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ជឿន​លឿន​មួយ​នេះ​៕