ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា សេដ្ឋកិច្ច​កម្ពុជា​ដែល​ត្រូវបាន​ព្យាករ​ថា​នឹង​មាន​កំណើន​ប្រមាណ ៦,៥ ភាគរយ​ នៅ​ឆ្នាំ​ ២០២០ ​នេះ​នឹងរង​ផលប៉ះពាល់​ពី​ការភ័យខ្លាច​ជំងឺ​កូរ៉ូណា​ និង​ការរើសអើង​មិនមែន​ដោយសារ​ការព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ EBA នោះ​ទេ​។

លោក​បាន​ថ្លែងថា​៖ «​ការគ្រោង​របស់​យើង​កំណើន ៦,៥ ភាគរយ​ យើង​ច្បាស់​ណាស់​ថា មាន​ផលប៉ះពាល់​ធ្លាក់ចុះ​នៃ​កំណើន​នេះ​ហើយ ហើយ​មិនមែន​ដោយសារ​អា EBA នោះទេ​។ ផ្សារ​របស់​យើង​នៅតែ​មាន ហើយ​សេចក្ដី​ថ្លែងការណ៍​លើ EBA ក៏​នឹង​ធ្វើ​នៅ​ថ្ងៃទី​ ៣១ ខែ​ កុម្ភៈ ២០២០ ដែរ ព្រោះ​ខ្ញុំ​អត់​និយាយ​ទេ​»​។

លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ដែល​លោក​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​គរុសិស្ស គរុនិស្សិត​បញ្ចប់​ការសិក្សា​ឆ្នាំ​ ២០១៨-២០១៩ សរុប​ចំនួន​ជិត​ ២ ​ពាន់​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។ លោក​ពន្យល់ថា ការភ័យខ្លាច និង​ការរើសអើង​កំពុង​វាយប្រហារ​លើ​សេដ្ឋកិច្ច​ទាំង​ក្នុង​តំបន់ ក៏ដូចជា​ទៅលើ​ប្រទេស​កម្ពុជា​ដូចគ្នា​។

លោក​ថ្លែងថា​៖ «​រឿង​កើត​ចេញ​ពី​ការខ្លាច​ជ្រុល និង​ការរើសអើង​នាំ​ដល់​វិបត្តិ​។ ដំបូង​បំផុត​វាយ​ផាំង​ទៅលើ​ទេសចរ មិន​ថា​ប្រទេស​ណា​ទេ​ធ្លាក់​ទេសចរណ៍​ទាំងអស់​រាប់ទាំង​កម្ពុជា​។ ពួក​អឺរ៉ុប​អត់​មក​អាស៊ី​ដោយសារ​តែ​ខ្លាច​ឆ្លង ឯ​ពួកអាស៊ី អ្នក​ដែល​ធ្វើ​ដំណើរ​ច្រើន​ជាង​គេ​គឺ​ចិន ១២០ ​លាន ទៅ​ ១៥០ ​លាន​នាក់​ដែល​ធ្វើដំណើរ​ទស្សនា​»​។

លោក​ថា ភាពមិន​ច្បាស់លាស់​នៃ​កំណើន​សេដ្ឋកិច្ច​ដែល​កំពុង​រង​ផលប៉ះពាល់​ពី​សង្គ្រាម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​នោះ​ត្រូវ​បាន​បន្ថែម​មួយ​ព្រនង់​ទៀត​ទៅលើ​ភាពមិន​ច្បាស់លាស់​ស្ដីពី​បញ្ហា​ទាក់ទង​នឹង​ជំងឺ​ភ័យខ្លាច និង​ការរើសអើង​នេះ​។ លោក​ថា ការភ័យខ្លាច​នេះ​នឹង​ប៉ះពាល់​ដំបូង​ទៅ​វិស័យ​ទេសចរណ៍ បន្ទាប់មក​វា​​ប៉ះពាល់​ទៅ​លើ​ការដឹកជញ្ជូន​នៅក្នុង​វិស័យ​ឧស្សាហកម្ម​។

លោក​ថ្លែងថា​៖ «​សេដ្ឋកិច្ច​យើង​ច្បាស់​ណាស់​ថា ផលប៉ះពាល់​ដំបូង​គឺ​ពី​ទេសចរណ៍ មិនមែន​តែ​សេដ្ឋកិច្ច​កម្ពុជា​ទេ គឺ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ទាំងមូល រហូត​ដល់​សេដ្ឋកិច្ច​អឺរ៉ុប​ប៉ះទង្គិច​លើ​វិស័យ​ទេសចរណ៍​។ បន្ទាប់​ទៅ​ផ្នែក​ខ្លះ​នៃ​វិស័យ​ឧស្សាហកម្ម ដែល​មាន​វត្ថុធាតុដើម​ចេញ​ពី​ចិន ឬ​ការផលិត​ផ្នែក​ខ្លះ​ចេញពី​ចិន បន្ថែម​លើ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុងមាន​ស្រាប់​ដែល​នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ពិបាក​នឹង​ព្យាករ​ថា នឹង​មាន​កំណើន​ប៉ុនណា​?»​។

សម្រាប់​ប្រទេស​កម្ពុជា ព្រឹត្តិការណ៍​ធំៗ​ ២ ​កំពុង​កើតមានឡើង​នោះ​គឺ​ការអនុញ្ញាត​ឲ្យ​នាវា Westerdam ដែល​ផ្ទុក​មនុស្ស​ជាង​ ២ ០០០ ​នាក់​ចូល​ចត​។ ទង្វើ​សប្បុរសធម៌​នេះ​ត្រូវបាន​កោតសរសើរ​ពី​អន្តរជាតិ​ជាច្រើន​។ ស្របពេល​ជាមួយ​គ្នា​នេះ គណៈកម្មការ​អឺរ៉ុប​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ប្រមាណ​ ២០ ​ភាគរយ​ ដែល​ប៉ះពាល់​លើ​ទំនិញ​នាំចូល​សហភាព​អឺរ៉ុប​ ៤០ ​មុខ​មាន​ទឹកប្រាក់​សរុប​ជាង​ ១ ​ពាន់​លាន​ដុល្លារ​។ អ្នកវិភាគ​ធ្លាប់​បាន​លើកឡើងថា ទឹកប្រាក់​ជាង​ ១ ​ពាន់​លាន​នេះ​មាន​កម្រិត​ពន្ធ​ប្រមាណ​ជាង​ ១០០ ​លាន​ដុល្លារ​។

លោក ហ៊ុន សែន ថ្លែងថា​លោក​នឹងមិន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​តប​ទៅនឹង​សេចក្ដី​សម្រេច​របស់​សហភាព​អឺរ៉ុប​ទេ ពីព្រោះ​វា​ជា​ការសម្រេចចិត្ត​របស់​គេ​។ ប៉ុន្តែ​លោក​ស្នើឲ្យ​សហភាព​អឺរ៉ុប​ត្រូវតែ​គោរព​ដល់​ការសម្រេច​របស់​កម្ពុជា​ដូចគ្នា​ដែរ​។ លោក​ថា បើសិន​មាន​ការបិទ​រោងចក្រ​បណ្ដោះអាសន្ន​ណាមួយ​នៅ​កម្ពុជា វា​មិនមែន​មកពី​បញ្ហា EBA នោះ​ទេ ពីព្រោះ​ពន្ធ​ក្រោយ​ព្យួរ EBA នឹង​ចូល​ជាធរមាន​នៅ​ខែសីហា​។

លោក​ថ្លែងថា​៖ «​តែ​ប៉ុណ្ណឹង​ឆាប់​ចប់ កុំ​បាច់​ជជែក​សាំតាប៉ែ​អី​។ ខ្មែរ​រស់​វេទនា​ណាស់​ទម្រាំ​បាន​ប៉ុណ្ណេះ ងើបឈរ​ប៉ុណ្ណេះ ហើយ​បង់ពន្ធ​ឲ្យ​គេ​ទៅក្នុង​ ១ ​ឆ្នាំ​ ១០០ ​លាន ឬ​ជាង​ ១០០ ​លាន​អី​តិចតួច​បង់​ឲ្យ​គេ​ទៅ​។ ផ្សារ​នៅតែ​នាំចូល​នាំចេញ​ដដែល​។ ឲ្យ​ក៏​យក​មិន​ឲ្យ​ក៏​ហី អាហ្នឹង​រឿង​របស់​គេ សិទ្ធិ​របស់គេ​។ តែ​យើង​គ្រាន់តែ​សុំ​ឲ្យ​គេ​គោរព​សិទ្ធិ​របស់​យើង​ដែរ តែ​ប៉ុណ្ណឹង​»​។

គិត​ត្រឹម​ថ្ងៃ​អង្គារ​ម្សិលមិញ អ្នក​ដំណើរ​ប្រមាណ ៥០០ ​នាក់​ ពី​នាវា Westerdam កំពុង​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​សណ្ឋាគារ​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ​។ លោកនាយក​រដ្ឋមន្ត្រី​ថា អ្នកដំណើរ ៣០០ ​នាក់​ គ្រោង​ចាកចេញ​ពី​កម្ពុជា​តាម​យន្តហោះ​ ១ ​គ្រឿង​ឆ្ពោះ​ទៅ​កាន់​ទីក្រុង ឌូបៃ ប្រទេស ​អេមីរ៉ាតអារ៉ាប់រួម ហើយ​យន្តហោះ​ ១ ​គ្រឿង​ គ្រោង​ដឹក​ពួកគេ​ពី​កម្ពុជា​ទៅ​ប្រទេស​ ជប៉ុន​។ ចំណែក​យន្តហោះ​ ១ ​គ្រឿង​ទៀត​ គ្រោង​ដឹក​ពួកគេ​ចេញ​ពី​ក្រុងព្រះសីហនុ​។

ក្រសួង​សុខាភិបាល​កាលពី​យប់​ថ្ងៃ​ចន្ទ​បាន​បញ្ជាក់ថា បន្ទាប់ពី​ស្ត្រី​អ្នកដំណើរ​ជនជាតិ​អាមេរិកាំង​ម្នាក់​អាយុ ៨៣ ​ឆ្នាំ​ ត្រូវ​បាន​ធ្វើតេស្ត​រកឃើញ​មាន​ផ្ទុកមេរោគ​កូរ៉ូណាវីរុស​ដោយ​អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី ក្រសួង​សុខាភិបាល​កម្ពុជា​សម្រេច​ធ្វើតេស្ត​អ្នក​ដំណើរ​ទាំងអស់​ដែល​កំពុង​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ទីក្រុង​ភ្នំពេញ​។

ក្រសួង​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​៖ «​រាល់​បុគ្គល​ដែល​ធ្វើ​ដំណើរ​នៅលើ​នាវា​វេស្ទើដាម​ត្រូវ​បន្ត​តាមដាន​សុខភាព​របស់​ខ្លួន​ឲ្យ​បាន​ហ្មត់ចត់​។ បុគ្គល​ដែល​មាន​រោគសញ្ញា​ដូចជា ក្ដៅខ្លួន ក្អក ឬ​ពិបាក​ដកដង្ហើម​ត្រូវ​ផ្ដល់​ព័ត៌មាន​ទៅដល់​អាជ្ញាធរ​សុខាភិបាល​ក្នុង​ស្រុក និង​ប្រាប់​ពី​ប្រវត្តិ​ធ្វើដំណើរ​»​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អ្នកដំណើរ​សេសសល់​នៅលើ​នាវា​មាន​ចំនួន​ ២៣៣ ​នាក់​ និង​នាវិក និង​អ្នកបម្រើ​ការងារ​ចំនួន ៧៤៧ ​នាក់​។ ប៉ុន្តែ​អ្នកដំណើរ​ ២៣៣ ​នាក់ ​ត្រូវ​បាន​មន្ត្រី​សុខាភិបាល​យក​សំណាក​ឈាម​ទៅ​ធ្វើ​តេស្ត​រកមើល​មេរោគ​កូរ៉ូណា​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​រួចហើយ​។ បន្ទាប់ពី​លទ្ធផល​តេស្ត​ឈាម​ចេញ អាជ្ញាធរ​សុខាភិបាល​នឹង​ធ្វើ​តេស្ត​ឈាម​អ្នកបម្រើ​ការងារ និង​នាវិក​បន្តទៀត​។

អ្នកដំណើរ​ជនជាតិ​អាមេរិកាំង​ម្នាក់​គឺ​អ្នកស្រី Christina Kerby ដែល​ត្រូវ​បានរៀបចំ​ឲ្យ​ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​ភ្នំពេញ​បាន​សរសេរ​នៅលើ​ធ្វីធើរ​ថា អ្នកស្រី​មាន​ព័ត៌មាន​គួរ​ឲ្យ​រីករាយ​នោះ​គឺ​លទ្ធផល​តេស្ត​លើ​អ្នកដំណើរ​ចំនួន​ ៤០៦ ​នាក់​កាលពី​ថ្ងៃ​ចន្ទ​បង្ហាញ​ថា គ្មាន​អ្នកដំណើរ​ណា​ម្នាក់​មាន​ជំងឺ​កូរ៉ូណា​ទេ​។

អ្នកស្រី​ថា កាពីតែន​នាវា​បាន​មក​ស្វាគមន៍​អ្នកដំណើរ​ដល់​ទីកន្លែង ហើយ​បាន​សន្យា​ថា​នឹង​បន្តធ្វើ​កិច្ចការ​ដើម្បី​នាំយក​អ្នកដំណើរ​ទៅផ្ទះ​របស់​ពួកគេ​វិញ​ដោយ​សុវត្ថិភាព និង​ឲ្យ​បាន​ឆាប់​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កាលពី​ម្សិលមិញ​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក Dzulkefly bin Ahmad រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី ដើម្បី​​ពិភាក្សា​អំពី​បញ្ហា​ជំងឺ Covid-19 ជាពិសេស​ទៅលើ​អ្នកដំណើរ​ជនជាតិ​អាមេរិចកាំង​អាយុ ៨៣ ​ឆ្នាំ ​ដែល​ចេញពី​នាវា Westerdam ហើយ​ត្រូវបាន​ម៉ាឡេស៊ី​រកឃើញ​ថា មាន​ផ្ទុកមេរោគ​កូរ៉ូណា​វីរុស​។ នេះ​បើតាម​ទំព័រ​ធ្វីធើរ​របស់​លោក Dzulkefly bin Ahmad​។

កាលពី​ម្សិលមិញ​ដែរ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ចុះសួរសុខទុក្ខ​ដល់​ភ្ញៀវទេសចរ​មកពី​នាវា Westerdam ដែល​កំពុង​ស្នាក់នៅ​សណ្ឋាគារ​សុខា​រ៉េស៊ីដង់​ភ្នំពេញ​។ បើតាម​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរ​ទាំងនោះ​បាន​សន្យាថា ពួកគេ​នឹង​ប្រាប់​មិត្តភក្ដិ​របស់​គេ​អំពី​ភាពស្រស់ស្អាត​ប្រទេស​កម្ពុជា ការបដិសណ្ឋារកិច្ច​ដ៏ល្អ ហើយ​នឹង​នាំ​​មិត្តភក្តិ​របស់គេ​មកលេង​នៅ​កម្ពុជា​នាពេល​អនាគត​៕