ព្រះសីហនុៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការដោះលែងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិចំនួន ៧២ នាក់ ឱ្យនៅក្រៅឃុំបណ្តោះអាសន្នថ្មីៗនេះមិនមែនដោយសារសម្ពាធអន្តរជាតិនោះទេ គឺដោយសារការផ្តល់នូវការយោគយល់អធ្យាស្រ័យ ហើយក៏ដោយសារតែផែនការរដ្ឋប្រហារនៃមេដឹកនាំរបស់ពួកគេត្រូវបរាជ័យ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ ខ្សែ នៅខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា៖ «ដោយសារផែនការ (រដ្ឋប្រហារ) បរាជ័យ ខ្ញុំបានផ្តល់នូវការយោគយល់ អធ្យាស្រ័យចំពោះអ្នកដែលយើងបានចាប់ខ្លួន ៧២ នាក់ដែលយើងបានដោះលែងឱ្យនៅក្រៅឃុំ»។
លោក ហ៊ុន សែន បានថ្លែងថា៖ «ឥឡូវនេះ! រខេករខាកប៉ុណ្ណឹងហើយ ហ៊ានបង្ហោះថា ហ៊ុន សែន ត្រូវគេសង្កត់ទើបដោះលែង។ ឥឡូវ អ្នកឯងចង់សាក! ខ្ញុំប្រមូលយកមកវិញ ហើយចាប់ថែមទាំងអាអ្នកថា»។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា រឿងក្តីអ្នកដែលបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នមិនទាន់ត្រូវបានបញ្ចប់នោះទេ។ ពួកគេត្រូវតែអនុវត្តកាតព្វកិច្ចតាមរយៈការត្រួតពិនិត្យរបស់តុលាការបន្តទៅទៀត។ អ្នកដែលមិនទាន់ត្រូវបានកាត់ទោសនេះ ត្រូវតែប្រយ័ត្នប្រយែងគឺមិនត្រូវធ្វើសកម្មភាពអ្វីនោះទេ។ បើធ្វើសកម្មភាពគឺនឹងត្រូវចាប់ខ្លួនឡើងវិញ។
លោកក៏បានអំពាវនាវដល់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិដែលកំពុងរត់គេចខ្លួនឱ្យវិលត្រឡប់មកផ្ទះវិញ ដោយមិនមានការចាប់ខ្លួនទេ ប៉ុន្តែមនុស្សចំនួន ១៨ នាក់គឺមិនត្រូវបានលើកលែងនោះទេ។ ដីកាចាប់ខ្លួននៅតែបន្ត។ លោក ហ៊ុន សែន ថ្លែងថារដ្ឋាភិបាលរបស់លោកមិនអាចយកអធិបតេយ្យភាពកម្ពុជាទៅដោះដូរជាមួយការអនុគ្រោះ ឬជំនួយណាទាំងអស់។
លោកបញ្ជាក់ថា៖ «គឺមេខ្លោង ១៨ នាក់អត់រួចខ្លួនទេ ហើយបើអ្នកឯងបន្ត អ្នកណាចូលរួមគឺត្រូវចាប់ខ្លួនទៀត។ បើសិនអ្នកឯងធ្វើសកម្មភាពបែបដូចកន្លងទៅ»។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនលោក ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការឱ្យដោះលែងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិចំនួនជាង ៧០ នាក់ ដែលអាជ្ញាធរបានចាប់ខ្លួនក្រោមបទចោទ «រួមគំនិតក្បត់» បន្ទាប់ពីលោក សម រង្សី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិបានប្រកាសពីផែនការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាក្នុងគោលបំណងស្តារលទ្ធិប្រជាធិបតេយ្យ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា លោកនាយករដ្ឋមន្ត្រីបានបង្ហាញគុណធម៌ និងសីលធម៌ នៅពេលសមរភូមិត្រូវបានបញ្ចប់។ អ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះគឺជាជនស្លូតត្រង់ដែលចាញ់បោកគេ។
លោក ផៃ ស៊ីផាន បានថ្លែងថា៖ «ប៉ុន្តែអ្នកខ្លះដែលមានភ័ស្តុតាងពិតប្រាកដជាក់ស្តែង អ្នកហ្នឹងស្ថិតនៅក្នុងការឃ្លាំមើលរបស់តុលាការដដែល។ លោក (ហ៊ុន សែន) បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលចាញ់បោកគេរត់ទៅស្រុកក្រៅ ឬក៏កម្មករដែលនៅស្រុកក្រៅដែលចូលរួមបញ្ហានៅក្នុងហ្នឹងគ្រាន់តែគាំទ្រ អត់មានសកម្មភាពណាមួយដែលមើលថាវាមិនប៉ះពាល់ដល់សន្តិសុខជាតិទេ អ្នកទាំងនោះស្វាគមន៍ឱ្យត្រឡប់មកវិញ។ អត់មានការចោទប្រកាន់អីទេ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា យល់ថាការថ្លែងរបស់លោក ហ៊ុន សែន បែបនេះគឺជាការឆ្លើយតបទៅកាន់ការលើកឡើងរបស់លោក សម រង្ស៊ី ដែលជានិច្ចកាលនៅពេលមានការបន្ធូរបន្ថយសភាពការណ៍ផ្ទៃក្នុងកម្ពុជា លោក សម រង្ស៊ី តែងតែកេងយកផលប្រយោជន៍ពីសភាពការណ៍បែបនេះ។ លោក សម រង្ស៊ី បែរជាទាយថា នេះជាការខិតខំប្រឹងប្រែងរបស់លោក ឬជាសម្ពាធអន្តរជាតិជាដើមទៅវិញ។ លោក គិន ភា និយាយថាការកេងចំណេញរបស់លោក សម រង្ស៊ី បានធ្វើឱ្យលោក ហ៊ុន សែន ទទួលយកមិនបានទើបនាំទៅដល់ការព្រមានរបស់លោក ហ៊ុន សែន ថានឹងនាំប្រឡប់មកវិញនូវអ្នកដែលបានដោះលែងឱ្យនៅក្រៅឃុំ។
លោក គិន ភា បានថ្លែងថា៖ «អ៊ីចឹងហើយបានជាធ្វើឱ្យសម្តេច ហ៊ុន សែន ដែលជាគំនិតដើមដែលគាត់មានទឹកចិត្តថាចង់ឱ្យមានការបង្រួបបង្រួម ដោយសារតែភាពបរាជ័យនយោបាយនៃផែនការវិលត្រឡប់របស់លោក សម រង្ស៊ី មកកាន់កម្ពុជា។ អ៊ីចឹងគាត់យល់ថា វាជាពេលវេលាសមស្របដើម្បីបង្ហាញថា គាត់ជាអ្នកបង្រួបបង្រួមជាតិ។ អ៊ីចឹងគាត់អាចដោះលែងអ្នកទាំងអស់ហ្នឹងបាន»៕