ភ្នំពេញ: បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងពីប្រទេសតួកគីថា ស្ថានការណ៍នយោបាយនៅកម្ពុជាគឺប្រហាក់ប្រហែលគ្នានឹងតួកគីដែលកំពុងបោសសម្អាតក្រុមធ្វើរដ្ឋប្រហារមិនបានសម្រេច ខណៈកម្ពុជាក៏ត្រូវកម្ចាត់ក្រុមបដិវត្តន៍ពណ៌ដែលកើតចេញពីបក្សប្រឆាំងនោះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីម្សិលមិញថ្លែងដោយបានការពាររាជរដ្ឋាភិបាលថា បក្សប្រឆាំងនៅកម្ពុជាពិតជាបានប៉ុនប៉ងធ្វើរដ្ឋប្រហារបែបអហិង្សាក្នុងគោលបំណងតែមួយជាអ្វីដែលមន្ត្រីអតីតបក្សប្រឆាំង និងអ្នកវិភាគជំទាស់។
អ្នកវិភាគគោលនយោបាយអន្តរជាតិយល់ថា ទាំងលោក Recep Tayyip Erdogan ប្រធានាធិបតីតួគី និងលោក ហ៊ុន សែន ពិតជាមានភាពស្រដៀងគ្នាលើរបៀបនៃការដឹកនាំ និងទទួលបានជោគជ័យដូចគ្នាលើការបង្ក្រាបក្រុមប្រឆាំង ប៉ុន្តែអ្នកវិភាគនយោបាយយល់ថា ការវិវឌ្ឍនយោបាយនៅកម្ពុជា និងនៅតួកគីគឺមានភាពខុសគ្នាស្រឡះដោយនៅកម្ពុជាគ្មានទេការប៉ុនប៉ងធ្វើរដ្ឋប្រហារអ្វីនោះ។
ថ្លែងនៅចំពោះមុខក្រុមនិស្សិតដែលកំពុងសិក្សាក្នុងប្រទេសតួកគីកាលពីថ្ងៃអាទិត្យលោក ហ៊ុន សែន អះអាងថាស្ថានភាពនយោបាយកម្ពុជា និងប្រទេសតួកគីគឺស្រដៀងគ្នាតាមរយៈការប្រៀបធៀបចលនាដែលប៉ុនប៉ុងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់មេដឹកនាំប្រទេសទាំង ២ ។
លោកថ្លែងថា៖ «គោលដៅធំបំផុតគឺការលើកកម្ពស់កម្រិតទំនាក់ទំនងលើគ្រប់វិស័យ ជាពិសេសជំនឿទុកចិត្តខាងនយោបាយដែលប្រទេសទាំង ២ គឺមានជាមួយគ្នា។ ចំណុចនេះគឺជាចំណុចដែលល្អក្នុងទំនាក់ទំនងរវាងយើង និងតួកគី ហើយសភាពការណ៍យើង ហើយសភាពការណ៍តួកគីទៀតសោតគឺប្រហាក់ប្រហែលគ្នា»។
លោកពន្យល់ថា៖ «អ្នកទាំងអស់គ្នាបានដឹងហើយ ប្រហែលជាអ្នកខ្លះមកក្រោយគឺមិនជួបប្រទះ ប៉ុន្តែនៅចាំបានទេនៅឆ្នាំ ២០១៦ ពេលនោះមានរដ្ឋប្រហារមិនសម្រេចមួយនៅទីនេះ។ មកដល់ពេលនេះ ការបោសសម្អាតរបស់រដ្ឋាភិបាលទៅលើក្រុមប៉ុនប៉ងចូលរួមរដ្ឋប្រហារមិនបានសម្រេចនោះ នៅមិនទាន់បានបញ្ចប់ទេ។ សម្រាប់កម្ពុជាក៏មានរឿងអកុសលកើតឡើងតាមរយៈក្រុមបដិវត្តន៍ពណ៌ដែលរាជរដ្ឋាភិបាលកម្ពុជា តម្រូវធ្វើសកម្មភាពជាចាំបាច់»។
ចំពោះការវិវឌ្ឍនៃទំនាក់ទំនងប្រទេសទាំង ២ វិញកាលពីចុងខែមុនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រកាសថាកម្ពុជានឹងបើកស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងអង់ការ៉ានៅក្នុងឆ្នាំ ២០១៩ ខាងមុខដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងប្រទេសទាំង ២។
ក្នុងដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសទៅកាន់ប្រទេសតួកគីកាលពីដើមខែនេះរដ្ឋមន្ត្រីក្រសួងការបរទេសតួកគីលោក Mevlut Cavusoglu បានស្នើសមភាគីកម្ពុជាធ្វើបត្យាប័នសមាជិកជាន់ខ្ពស់នៃចលនា Gulen ចំនួន ៣ នាក់ដែលរដ្ឋាភិបាលទីក្រុងអង់ការរ៉ាចោទថាមានជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារមិនបានសម្រេចកាលពីឆ្នាំ ២០១៦ ដែលពួកគេជឿថាបានលាក់ខ្លួនក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋតួកគី (Anadolu news agency)។
ពាក់ព័ន្ធនឹងចលនា Gulen នេះ ស្ថានទូតតួកគីប្រចាំរាជធានីភ្នំពេញកាលពីឆ្នាំ ២០១៦ កន្លងទៅក៏ធ្លាប់ស្នើឲ្យរដ្ឋាភិបាលកម្ពុជាបិទសាលាអន្តរជាតិ Zaman និងសាកលវិទ្យាល័យ Zaman ផងដែរដោយភ្ជាប់ទៅនឹងចលនារបស់បព្វជិត និងជាឥស្សរជននយោបាយឈ្មោះ Fethullah Gulen ដែលរដ្ឋាភិបាលតួកគីចាត់ទុកថាជាក្រុមភេរវករតាំងពីឆ្នាំ ២០១៣ មក។
ក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅក្នុងប្រទេសតួកគីចន្លោះពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ តុលា កម្ពុជា និងតួកគីក៏បានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ អប់រំ កីឡា កសិកម្ម ធនធានទឹក ទេសចរណ៍ វិនិយោគ និងសកម្មភាពកម្ចាត់មីនជាដើម។ បើយោងតាមក្រសួងការបរទេសកម្ពុជាភាគីទាំង ២ ប្ដេជ្ញានឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនដល់ ៥០០ លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងប៉ុន្មានឆ្នាំខាងមុខ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្របក្សប្រឆាំងការចងចំណងមិត្តជាមួយបរទេសគឺជារឿងល្អ ប៉ុន្តែមើលមិនឃើញពីការទាញបានផលប្រយោជន៍អ្វីគួរឲ្យកត់សម្គាល់ពីតួកគីឡើយ។ ទោះជាយ៉ាងណាលោកមិនច្បាស់ថាពិតជាមានការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅតួកគីឬយ៉ាងណាទេ ព្រោះជាការចោទប្រកាន់របស់រដ្ឋាភិបាល ប៉ុន្តែថាវាខុសគ្នាស្រឡះទៅនឹងស្ថានការណ៍កម្ពុជា។
លោកថ្លែងថា៖ «ប៉ុន្តែនៅប្រទេសយើងគ្មានអ្នកណាមានគំនិត ប៉ុនប៉ងដើម្បីផ្តួលរាជរដ្ឋាភិបាលទេ ដូច្នេះវាខុសគ្នាត្រង់ហ្នឹង ប៉ុន្តែស្ថានភាពរំលាយគណបក្សប្រឆាំង ឬក៏បង្ក្រាបគណបក្សប្រឆាំងអាហ្នឹងស្ថានភាពហ្នឹងគឺដូចគ្នាហើយ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលជំទាស់នឹងការលើកឡើងរបស់លោក ច័ន្ទរ័ត្ន។ លោកថានៅកម្ពុជាគឺពិតជាមានការប៉ុនប៉ុងធ្វើរដ្ឋប្រហារដូចគ្នានៅតួកគីដែរគ្រាន់តែក្នុងទម្រង់ផ្សេងគ្នា ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
លោកថ្លែងថា៖ «នៅកម្ពុជាចលនារបស់ពួកគេ (CNRP) គ្រាន់តែយកលទ្ធិប្រជាធិបតេយ្យមកបាំង ក៏ប៉ុន្តែមិនមែនជាការគោរពរបបប្រជាធិបតេយ្យទេ កាលណាយើងនិយាយពីប្រជាធិបតេយ្យគឺយើងធ្វើការផ្លាស់ប្ដូរអំណាចរដ្ឋតាមរយៈការបោះឆ្នោតគឺ ៥ អាណត្តិទៅហើយពួកគេមិនដែលទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតទេ គេមិនទទួលស្គាល់ការសម្រេចជោគវាសនារបស់ប្រជាពលរដ្ឋទេ»។
លោក Paul Chambers សាស្ត្រាចារ្យ និងជាទីប្រឹក្សាពិសេសផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Naresuan យល់ថាលោក ហ៊ុន សែន កំពុងស្វែងរកភាពស្របច្បាប់តាមរយៈគំនិតពលរដ្ឋនិយម និងជាតិនិយមដើម្បីធ្វើឱ្យស្របច្បាប់ការគ្រប់គ្រងរបស់គាត់ក្នុងប្រទេសកម្ពុជាដែលស្រដៀងគ្នាទៅនឹងវិធីមួយចំនួនរបស់លោកប្រធានាធិបតីតួកគី Erdogan។
លោកថ្លែងថា៖ «ពួកគេមានលក្ខណៈស្រដៀងគ្នាក្នុងន័យថាប្រទេសនីមួយៗគ្រប់គ្រងដោយអ្នករំលោភអំណាចដែលព្យាយាមធ្វើឱ្យប្រជាពលរដ្ឋពុះកញ្ជ្រោលជាមួយនឹងបញ្ហាជាតិនិយម និងប្រឆាំងបរទេស»។ លោកបន្តថា៖ «ទាំងលោក ហ៊ុន សែន និងលោក Erdogan គឺទទួលបានជោគជ័យនៅក្នុងការបង្ក្រាបគណបក្សប្រឆាំង និងធ្វើឲ្យរាំងស្ទះដល់លទ្ធិប្រជាធិបតេយ្យ»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគបញ្ហាសង្គម និងនយោបាយក្នុងស្រុកយល់ថា អ្នកនយោបាយមិនគួរលាងជម្រះភាពកង្វក់របស់ខ្លួននៅក្រៅប្រទេសទេ។ លោកថាការវិវឌ្ឍនយោបាយគឺមិនដូចគ្នាទេនៅក្នុងប្រទេសទាំង ២ ដោយនៅក្នុងប្រទេសតួកគីគឺជាការបង្ក្រាបធ្វើរដ្ឋប្រហារបរាជ័យ និងការរឹតត្បិតក្រោយរដ្ឋប្រហារ។
លោកបន្តថា៖ «គ្មានករណីរដ្ឋប្រហារដូច្នេះក្នុងប្រទេសកម្ពុជាទេ (ប៉ុន្តែ) ជាកន្លែងនៃការបង្ក្រាបនូវអ្វីដែលគេហៅថា បដិវត្តន៍ពណ៌ទៅលើសង្គមស៊ីវិល សារព័ត៌មានឯករាជ្យ ការកាត់ផ្តាច់ និងរំលាយគណបក្សប្រឆាំងគេធ្វើឡើងដើម្បីបញ្ឈប់ការកើនឡើងនូវការគាំទ្រដ៏ពេញនិយមរបស់គណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោត និងសមត្ថភាពក្នុងការឈ្នះការបោះឆ្នោតនាពេលថ្មីៗនេះ»។
លោក ផៃ ស៊ីផាន ថ្លែងថាក្រុមឧទ្ទាមប្រឆាំងនៅកម្ពុជាដែលប៉ុនប៉ងធ្វើរដ្ឋប្រហារអហិង្សាតាមរយៈរូបភាពដើម្បីផ្តួលរំលំរដ្ឋាភិបាលប៉ុណ្ណោះ និងមិនខុសពីតួកគីប៉ុន្មានឡើយ៕