សៀមរាបៈ គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរដែលហៅកាត់ថា អាយស៊ីស៊ីអង្គរ បានចាប់ផ្ដើមកិច្ចប្រជុំពេញអង្គរយៈពេល ២ ថ្ងៃកាលពីម្សិលមិញនៅខេត្តសៀមរាប ដើម្បីប្រារព្ធខួបទី ២៥ នៃការបង្កើតគណៈកម្មាធិការនេះ និងកិច្ចប្រជុំបច្ចេកទេសលើកទី ៣១ របស់ខ្លួន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាជាមេរៀនមួយពីកម្ពុជា គឺគេមិនគួរយករឿងកិច្ចគាំពារបេតិកភណ្ឌប្រវត្តិសាស្ត្រមកលាយឡំជាមួយនឹងរឿងនយោបាយទេ។
កិច្ចប្រជុំនេះត្រូវបានចូលរួមដោយលោកស្រី Audrey Azoulay អគ្គនាយកអង្គការយូណេស្កូដែលបំពេញទស្សនកិច្ចលើកដំបូងនៅកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីអង្គទូតពីប្រទេសបារាំង និងជប៉ុន និងភាគីពាក់ព័ន្ធជាច្រើនទៀត។ បើតាមការប្រកាសព័ត៌មាន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក៏នឹងយាងចូលរួមបិទកម្មវិធីនេះនៅថ្ងៃពុធនេះដែរ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងក្នុងពិធីបើកកម្មវិធីកាលពីម្សិលមិញថា ការប្រារព្ធខួបទី ២៥ នៃការបង្កើតគណៈកម្មាធិការ អាយស៊ីស៊ីអង្គរ គឺដើម្បីរំឭកដល់ការប្ដេជ្ញាចិត្តដែលបានធ្វើឡើងកាលពី ២៥ ឆ្នាំមុន និងដើម្បីបង្ហាញពីភាពជោគជ័យនានាដែលគណៈកម្មាធិការនេះ និងរដ្ឋាភិបាលកម្ពុជាទទួលបាន។
លោកស្រីថ្លែងថា៖ «ជាការពិតណាស់បច្ចុប្បន្នរមណីយដ្ឋានបេតិកភណ្ឌអង្គរលែងប្រឈមនឹងបញ្ហាអសន្តិសុខ ប្រាង្គប្រាសាទដួលរលំ ឬការលួចវត្ថុបុរាណទៀតហើយ។ ប៉ុន្តែយើងក៏ជួបប្រទះនឹងបញ្ហាមួយចំនួនផ្សេងទៀតដូចជាការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន ការគ្រប់គ្រង ការតាំងទីលំនៅថ្មីនៅក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ ការគ្រប់គ្រងភ្ញៀវទេសចរ។ល។ ដែលចាំបាច់ត្រូវការដំណោះស្រាយ និងវិធីសាស្ត្រទប់ទល់ឲ្យបានសមស្រប និងមានប្រសិទ្ធភាពក្នុងពេលបច្ចុប្បន្ន និងពេលអនាគត»។
លោកស្រី Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូបានថ្លែងថា ការប្រារព្ធខួប ២៥ ឆ្នាំនេះជាមោទនភាពរបស់ប្រាសាទអង្គរដែលជានិមិត្តរូបនៃការផ្សះផ្សាជាតិនៅក្នុងប្រទេស និងក្នុងឆាកអន្តរជាតិ។ លោកស្រីបានថ្លែងថា ការប្រារព្ធខួបនេះបង្ហាញពីភាពជោគជ័យរបស់ក្រុមអ្នកជំនាញពីប្រទេសបារាំង និងជប៉ុន អង្គការយូណេស្កូ និងរដ្ឋាភិបាលកម្ពុជាដែលតំណាងដោយអាជ្ញាធរអប្សារា។
ទោះយ៉ាងណាក្តីលោកស្រីថ្លែងថា នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើរួមមានការរក្សាតំបន់អង្គរឲ្យនៅជាតំបន់បៃតង និងការគ្រប់គ្រងលំហូរភ្ញៀវទេសចរដើម្បីកុំឲ្យប៉ះពាល់ដល់ប្រាសាទ។
លោកស្រីថ្លែងតាមរយៈអ្នកបកប្រែថា៖ «យើងត្រូវគ្រប់គ្រងលំហូរទេសចរតាមរយៈធនធានឌីជីថលនានា តាមរយៈអង្គការយូណេស្កូ យើងនឹងធ្វើកិច្ចសហប្រតិបត្តិការ បើសិនជាយើងមិនចង់ឲ្យអង្គរនេះក្លាយជាជនរងគ្រោះនៃជោគជ័យរបស់ខ្លួននាពេលអនាគត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីនេះដោយបានឲ្យដឹងថា នៅក្នុង ១១ ខែនៃឆ្នាំ ២០១៨ នេះភ្ញៀវទេសចរជាង ២ លាននាក់បានមកទស្សនាប្រាសាទអង្គរវត្ត។ នៅឆ្នាំ ២០២០ កម្ពុជាគ្រោងនឹងទាក់ទាញភ្ញៀវទេសចរមកទស្សនាចំនួន ៧ លាននាក់ ហើយនៅឆ្នាំ ២០៣០ កម្ពុជាគ្រោងទទួលភ្ញៀវទេសចរចំនួន ១៤ លាននាក់។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ជោគជ័យនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ ក៏មិនអាចកាត់ផ្ដាច់បានពីការខិតខំរបស់កម្ពុជាក្នុងការរក្សាសន្តិភាព និងស្ថិរភាពនយោបាយបានទេ។ លោកបានស្នើសុំឲ្យដៃគូអភិវឌ្ឍន៍ប្រទេសជាមិត្ត និងអន្តរជាតិបន្តគាំទ្រផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងធនធានមនុស្ស និងស្នើឲ្យប្រជាជនកម្ពុជាទាំងអស់ចូលរួមសហការការពារឲ្យបានល្អដើម្បីភាពជោគជ័យការពារអភិរក្ស ការពារបេតិកភណ្ឌមនុស្សជាតិនៃរមណីយដ្ឋានអង្គរ។
លោកនាយករដ្ឋមន្ត្រីបានរំឭកថា កិច្ចការពារប្រាង្គប្រាសាទនានាត្រូវបានលោកយកចិត្តទុកដាក់តាំងពីការចរចារកសន្តិភាពកាលពីឆ្នាំ ១៩៨៧ នៅពេលដែលលោកបានជួបចរចាជាមួយសម្តេចព្រះនរោត្តម សីហនុ នៅប្រទេសបារាំង។
លោកបានថ្លែងថា៖ «ចំណុចនេះជាចំណុចរួមរវាងខ្ញុំ និងសម្តេចព្រះបិតាជាតិព្រះនរោត្តម សីហនុ ក្នុងពេលចាប់ផ្ដើមចរចារកដំណោះស្រាយនយោបាយដើម្បីបង្រួបបង្រួមជាតិ។ ចំណុចរួមនេះក៏ជាចំណុចនាំទៅដល់បណ្ដាភាគីពាក់ព័ន្ធដែរ»។
លោកបន្តថា៖ «នៅក្នុងរយៈពេលសង្គ្រាមក្នុងប្រទេសកម្ពុជាជិត ៣ ទសវត្សរ៍ យើងបានបញ្ចៀសការប្រយុទ្ធគ្នានៅតំបន់ដែលមានប្រាសាទ លើកលែងតែនៅសម័យ ប៉ុល ពត ដែលប្រាសាទខ្លះនៅខេត្តកំពង់ចាមត្រូវបានរុះយកទៅធ្វើទំនប់ទឹក»។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថាប្រាសាទនានានៅកម្ពុជាត្រូវបានហ៊ុមព័ទ្ធដោយទណ្ឌកម្មនយោបាយ និងការហ៊ុមព័ទ្ធពីខាងក្រៅ ដោយសារតែរឿងនយោបាយ។ លោកស្នើឲ្យពិភពលោកយកមេរៀនកម្ពុជាទៅគិត គឺមិនត្រូវយកបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់មនុស្សជាតិមកលាយឡំជាមួយនឹងរឿងនយោបាយទេ។
លោកថ្លែងថា៖ «នេះជាចំណុចដែលគួរដកពិសោធ មិនមែនសម្រាប់បញ្ហាកម្ពុជាទេ ក៏ប៉ុន្តែបញ្ហានេះគួរសម្រាប់ដកពិសោធន៍បញ្ហាពិភពលោកផងដែរ។ មិនគួរណាទុកឲ្យបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់មនុស្សជាតិនៅតាមបណ្ដាប្រទេសនានាឡូកឡំទៅដោយបញ្ហានយោបាយទេ»។
លោកបន្តថា៖ «បញ្ហានេះក៏ជាបទពិសោធរបស់អង្គការសហប្រជាជាតិ ឬក៏ជាបទពិសោធនានាដែលគេមិនត្រូវប្រើប្រាស់ទណ្ឌកម្មណាមួយដែលទណ្ឌកម្មនោះសូម្បីតែបេតិកភណ្ឌ ឬសម្បត្តិវប្បធម៌ក៏វាត្រូវទទួលរងគ្រោះដោយសារទណ្ឌកម្មរបៀបនោះដែរ»។
នៅពេលនិយាយពីការចូលមករស់នៅក្នុងតំបន់ការពាររមណីយដ្ឋានអង្គរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទគណបក្សនយោបាយដោយមិនបញ្ចេញឈ្មោះថា ជាអ្នកប្រាប់ឲ្យពលរដ្ឋទៅរស់នៅក្នុងតំបន់នោះ ហើយរដ្ឋាភិបាលត្រូវបានគេចោទថា បានរំលោភសិទ្ធិមនុស្សដោយការឲ្យពលរដ្ឋចាកចេញពីតំបន់អភិរក្ស។
លោកថ្លែងថា៖ «ពេលខ្លះយើងខ្ញុំក្លាយជារដ្ឋាភិបាលរំលោភសិទ្ធិមនុស្សក្នុងការតាំងលំនៅឋាន ប៉ុន្តែលោកជំទាវអគ្គនាយិកាក៏ដូចជាគណៈប្រតិភូទាំងអស់ចោទចេញជាសំណួរមួយថា អង្គការ (យូណេស្កូ) មុននឹងឲ្យចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកច្បាស់ណាស់ត្រូវមានលក្ខខណ្ឌតម្រូវធ្វើយ៉ាងម៉េច។ ឧទាហរណ៍ តំបន់អង្គរហាមសាងសង់ ហាមចំណុចនេះ ហាមចំណុចនោះ»។
លោកនាយករដ្ឋមន្ត្រីថ្លែងបន្តថា៖ «ត្រង់នេះហើយដែលគេចោទថា រដ្ឋាភិបាលខ្ញុំ ជារដ្ឋាភិបាលផ្ដាច់ការ រំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិលំនៅឋាន ដោយគេមិនបានស្វែងយល់អ្វីទៅដែលពិតប្រាកដ? ខ្ញុំអត់ចង់បានអ្វីទេ ខ្ញុំចង់បាននូវការវិនិច្ឆ័យជាក់លាក់ពិតប្រាកដថា តើនេះជាការរំលោភសិទ្ធិមនុស្សដោយជម្លៀសមនុស្សទាំងបង្ខំ ឬក៏អ្នកដែលមកនោះជាអ្នកបំពាន? ហើយយើងត្រូវការពារបេតិកភណ្ឌរបស់មនុស្សជាតិ»៕