សហរដ្ឋអាមេរិកៈ ជាមួយ​នឹង​ការបញ្ជាក់​ខ្លាំងៗ​ថា​លោក​ស្អប់​ខ្លាំង​ណាស់​ចំពោះ​ក្រុមចោរ​លួច​កាប់​ព្រៃឈើ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​ព្រមាន​ពី​នាយ​សមុទ្រ​យ៉ាង​ម៉ឺងម៉ាត់​មក​ថា ឲ្យ​ចាប់​ក្រុមចោរ​កាប់​ឈើ​ទាំងនោះ ហើយ​ជាថ្មី​ម្តង​ទៀត​បញ្ជា​ឲ្យ​ឧទ្ធម្ភាគចក្រ​តាមដាន​ជន​ដែល​ចូល​លួច​កាប់​ព្រៃឈើ ហើយ​បាញ់​ពី​លើ​តែ​ម្តង​។

ការលើក​ឡើង​របស់​លោក​ ហ៊ុន សែន បែប​នេះ ខណៈ​លោក​ជួប​សំណេះ​សំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​នៅ​សហរដ្ឋ​អាមេរិក​នា​ថ្ងៃទី​​ ៣០ ខែ​កញ្ញា គ្រា​ដែល​លោក​ទៅ​ចូលរួម​ប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នា​ទីក្រុង​ញូវយ៉ក​។ ការព្រមាន​របស់​លោក​ ហ៊ុន សែន នេះ​ក៏​ធ្វើ​ឡើង​ក្រោយពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​រិះគន់​ច្បាប់​ព្រៃឈើ​ដោយ​ថា ច្បាប់​នេះ​មិន​ផ្តល់​អំណាច​ឲ្យ​អាជ្ញាធរ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​។

លោក​ក៏​បាន​ស្តីបន្ទោស​មន្ត្រី​ចំពោះ​ការ​បណ្តោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ និង​ការប្រើ​លេស​សម្អាត​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ទៅ​បំផ្លាញ​ព្រៃឈើ​ ខណៈ​សកម្មជន​ការពារ​បរិស្ថាន​ថ្មីៗ​នេះ ធ្លាប់​រិះគន់​ថា វិធានការ​មាន​ភាពយឺតយ៉ាវ និង​គ្មាន​ប្រសិទ្ធភាព​។

លោក ហ៊ុន សែន បាន​ទទួល​ស្គាល់​ការបាត់បង់​ព្រៃឈើ ប៉ុន្តែ​អះអាង​ថា​ដោយសារ​ចំនួន​ប្រជាពលរដ្ឋ​មាន​ការ​កើនឡើង​ហើយ​ថា ការកាប់​ព្រៃឈើ​គឺ​ជំនួស​ឲ្យ​ការដាំ​ចម្ការ​កៅស៊ូ​ដោយ​លោក​បញ្ជាក់​ថា បាន​បញ្ជា​ឲ្យ​ឧទ្ធម្ភាគចក្រ​បាញ់​ពី​លើ​ផង​ដែរ ។

លោក​សង្កត់ធ្ងន់​ថា​៖ «​គេ​ថា​បាត់បង់​ព្រៃឈើ វា​ជា​ការ​ត្រឹមត្រូវ​ណាស់​។ គេ​និយាយ​ពី​ការបាត់បង់​ព្រៃឈើ​គឺ​ត្រូវ ក៏​ប៉ុន្តែ​ខ្ញុំ​សួរ​ថា តើ​ព្រៃឈើ​ដែល​បាន​បាត់បង់​ទៅ​ជំនួស​ដោយ​ដី​អ្វី​? (​វា​) ​គឺ​ដីស្រែ ដីចម្ការ ដោយសារ​ប្រជាជន​យើង​កើត យើង​ត្រូវ​រក​ដី​ឲ្យ​គាត់​។ បើ​អ្នកឯង​ចិត្ត​សឿង​ឲ្យ​ដី​វិញ​មក​! អ្នកឯង​ឲ្យ​ដី​មក​វិញ​មក​»​។

លោក​ថ្លែង​បែប​នេះ​ដោយ​ភ្ជាប់​នឹង​ការរិះគន់​ក្រុម​គណបក្ស​ប្រឆាំង​ដែល​លោក​ថា​បាន​កាន់កាប់​ដី និង​ជំរុញ​ឲ្យ​ក្រុម​បក្សប្រឆាំង​ដែល​កំពុង​កាន់កាប់​ដី​ប្រគល់​ឲ្យ​រដ្ឋ​វិញ​ដោយ​ថា តាំងពី​ដើម​មក​មិន​មាន​អ្នកណា​មាន​ដី​នោះ​ទេ​។

លោក​បន្ថែម​ថា​៖ «​ខ្ញុំ​ទទួលស្គាល់​អាចោរ​លួច​កាប់​ព្រៃឈើ ​ខ្ញុំ​កំពុង​ឲ្យ​ឧទ្ធម្ភាគចក្រ​បាញ់​ពី​លើ​​ផង​ឥឡូវ​ហ្នឹង​។ ខ្ញុំ​ស្អប់​អាចោរ​លួច​កាប់​ឈើ ក៏ប៉ុន្តែ​ករណី​រាប់លាន​ហិកតា​ដែល​ប្រជាពលរដ្ឋ​ទៅ​កាប់​ដើម្បី​ធ្វើ​ស្រែ​ចម្ការ អាហ្នឹង​វា​ជា​ការ​បាត់បង់​ព្រៃឈើ​។ ដី​ហ្នឹង​អាណា​ជីក​យក​ទៅ​ណា វា​នៅ​ហ្នឹង រាប់​ទាំង​ពួក​ប្រឆាំង​ផង​ហ្នឹង​»​។

កាលពី​ចុង​ខែ​សីហា​ឆ្នាំ​នេះ​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជា​ឲ្យ​ខេត្ត​រតនគិរី មណ្ឌលគិរី និង​ខេត្ត​ស្ទឹងត្រែង​ចាត់​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព បន្ទាប់ពី​ទទួល​បាន​លិខិត​ពី​ប្រតិភូ​សហភាព​អឺរ៉ុប​ស្ដីពី​របាយការណ៍ «​បទល្មើស​ជា​ប្រព័ន្ធ ប្រទេស​វៀតណាម​បាន​បន្ត​នាំចូល​ឈើ​ហុប​ខុស​ច្បាប់​ពី​កម្ពុជា​» ដែល​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ៣១ ខែ​ឧសភា​ឆ្នាំ​នេះ ដោយ​បាន​រកឃើញ​ថា​មាន​ការ​កាប់​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​ទាំង​ ៣ ​ខាង​លើ​ជាពិសេស​នៅ​ចំណុច​ឧទ្យាន​ជាតិ​វីរជ័យ​ និង​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រិច​ព្រម​ទាំង​នៅ​ម្តុំ​ព្រៃ​ធម្មជាតិ​ខាង​ជើង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​។

ប៉ុន្តែ​អតីត​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រឆាំង​លោក​ អ៊ូ ច័ន្ទរ័ត្ន និយាយ​ថា វិធានការ​របស់​រដ្ឋាភិបាល​ពុំ​មាន​ប្រសិទ្ធភាព ដោយសារ​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​ការពារ​អ្នក​រកស៊ី​ឈើ​ធំៗ​ហើយ​ថា​រហូត​មក​ដល់​ពេល​នេះ​ពុំ​មាន​ការកាត់ទោស​អ្នក​រកស៊ី​ឈើ​ធំៗ​។

លោក​ថា​៖ «​យើង​ឃើញ​មាន​ចំណាត់ការ​ប៉ុន្មាន​ឆ្នាំ​មុន​ក៏​ដូចគ្នា​ដែរ​ប្រើ​សុទ្ធតែ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​មន្ត្រី​កងរាជ​អាវុធហត្ថ និង​គណៈកម្មការ​ដើម្បី​ត្រួតពិនិត្យ និង​ចាត់វិធានការ​។ ប៉ុន្តែ​កន្លង​មក​យើង​ពុំ​ឃើញ​មាន​ការ​ទប់ស្កាត់​ដោយ​ប្រសិទ្ធភាព​យើង​ឮ​សូរ​បាន​មួយ​ប្រាវ​ហើយ​យើង​ពុំ​ឃើញ​មាន​ការយក​មក​កាត់ទោស​ជាក់ស្តែង​ហើយ​ការកាប់បំផ្លាញ​បន្ត​នៅ​តែ​កើត​មាន​ដោយសារ​វា​ពាក់ព័ន្ធ​នឹង​មន្ត្រី​ដែល​មាន​អំណាច ឬ​អ្នក​មាន​អំណាច​»៕