ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្កោល​ទោស​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​សាហាវ​ឃោរឃៅ​នៅ​ប្រទេស​ ស្រីលង្កា ដែល​​បាន​សម្លាប់​មនុស្ស​​រហូត​ដល់​ជាង ៣០០​ នាក់ និង​របួស​ជាង ៥០០ នាក់ ​ហើ​យ​​បាន​រំឭក​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ ត្រូវទប់​ស្កាត់​កុំ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ជម្រក​នៃ​អំពើ​ភេរវកម្ម។

លោក​បា​នថ្លែង​ដូច្នេះ​នៅ​ក្នុ​ង​ពិធី​​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់គ្រង​ (NUM)​ ជាង ២ ពាន់​នាក់ ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាល​ពី​ព្រឹក​ម្សិលមិញ។

លោក​បាន​ថ្លែង​ថា៖ «ហើយ​ខ្ញុំ​ករុណា​ខ្ញុំ​សុំ​ឆ្លៀត​យក​ឱកា​ស​​នេះ ​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​អំពើ​ភេរវកម្ម​ នៅ​ស្រីលង្កា ដែល​រហូត​មក​ដល់​ពេល​នេះ​ ចំនួន​អ្នក​ស្លាប់​ឡើង​គំហុក​រហូត​ទៅ​ដល់​ ២៩០ នាក់ ហើយ​អ្នក​របួស​ជាង​ ៥០០ នាក់​ទៅ​ទៀត»។

កាល​ពី​ថ្ងៃ​អាទិត្យ​ មាន​ការវាយ​ប្រហារ​ទៅ​លើ​ព្រះ​វិហារ​គ្រិស្ត​សាសនា​ នៅ​ក្នុង​ទីក្រុង Negombo ស្ថិត​នៅ​ភាគ​ខាង​ជើង​ នៃ​រដ្ឋធានី​កូឡុំបូ ប្រទេស​ ស្រីលង្កា។ មនុស្ស​ប្រមាណ ៤០ នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​រដ្ឋាភិបាល​បាន​បន្ទោស​ការ​វាយ​ប្រហារ​នេះ​ទៅ​លើ​ក្រុម​មួយ​ឈ្មោះ National Thowheed Jamath។

លោក ហ៊ុន សែន ថ្លែង​​បន្ត​ថា៖ «ត្រង់​ហ្នឹង​ហើយ ​ដែល​ខ្ញុំ​​ព្រះ​ករុណា​ខ្ញុំ​ តែង​តែ​រំឭក​ដាស់​តឿន​ចំពោះ​មន្ត្រី​នគរបាល​ មន្ត្រី​អាវុធ​ហត្ថ​ ជារួម​កម្លាំង​សមត្ថកិច្ច​ដែល​មាន​ភារកិច្ច​ទទួលខុស​ត្រូវ​លើ​បញ្ហា​សន្តិសុខ​ជាតិ ខ្ញុំ​ករុណា​ខ្ញុំ​ តែង​តែ​ប្រាប់​ពួក​គេ​ថា ឃើញ​ទឹក​ស្ងប់​ មិន​ត្រូវ​គិត​ថា ​នៅ​ក្នុង​ទឹក​គ្មាន​ត្រីឬ​ក្នុង​ទឹក​គ្មាន​សត្វ​ដែល​មាន​ពិសនោះ​ទេ។ កុំ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ជម្រក ក្លាយ​ជា​គោល​ដៅនៃការ​វាយ​ប្រហារ​ភេរវកម្ម ឬ​ជា​ជម្រក​នៃ​អំពើ​ភេរវកម្ម»។

លោក​ថា ការ​ដឹក​​នាំ​មិន​មែន​ចេះ​តែ​ដឹកនាំ មិន​មែន​ចេះ​ត្រឹម​​តែ​ស្រែក​ដូច​មនុស្ស​មួយ​ចំនួន​នោះ​​ទេ ប៉ុន្តែ​ការ​ដឹក​នាំ​ត្រូវ​​ចេះ​មាន​បទបញ្ជា ចេះ​មាន​បច្ចេក​ទេស ដើម្បី​គ្រប់គ្រង​​សភាព​ការណ៍​​យ៉ាង​ណា ដើម្បី​ឲ្យ​ប្រទេស​​មាន​សន្តិភា​ព មាន​សេចក្តី​សុខ ដោយមិន ​​ផ្ដល់​ឱកាស​ឲ្យ​ក្រុម​ភេរវកម្ម​ណា​មួយ ​វាយ​​ប្រហារ​បំផ្លាញ​ជីវិត​ប្រជាជន​នោះ​ទេ។

ជា​មួយ​គ្នា​នេះ លោកនាយក​រដ្ឋ​មន្ត្រី​​បាន​​កោត​សរសើរ​ដល់​កម្លាំងប្រដាប់​​អាវុធ​ដែល​បាន​រក្សា​សន្តិសុខ​សម្រាប់​ប្រជាពលរដ្ឋ​ ជា​ពិសេស​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​សប្បាយ​រីក​រាយ។ លោកបាន​ស្នើ​​​​កុំ​ឲ្យ​​យក​រឿង​សមត្ថកិច្ច​ខិល​ខូច​មួយ​ចំនួន ​មក​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​​ដល់​កង​កម្លាំង​ទាំង​​មូល។ ផ្ទុយ​​ទៅ​វិញ ​ពលរដ្ឋ​អាច​និយាយ​ឲ្យ​ចំ​ឈ្មោះ​មន្ត្រី​ខិល​ខូច តែ​មិន​គួរ​និយា​យ​លើ​នគរបាល​ទាំង​មូល​ទេ ព្រោះ​នគរបាល​ទាំង​មូល​​បាន​ធ្វើពលិកម្ម​ធំ​ធេង​ចំពោះ​ប្រជា​ពលរដ្ឋ។

កាល​ពី​ពាក់​កណ្ដាល​ខែ​មីនាកន្លង​ទៅ ការ​វាយ​ប្រហារ​លើ​ព្រះ​វិហារ​អ៊ិស្លាម​មួយបាន​កើត​ឡើង​នៅ​ប្រទេស​ នូវែល​សេឡង់ ដែល​អ្នក​បើក​ការ​វាយ​ប្រហារ​បាន​សម្លាប់​មនុស្ស​ ៥០ នាក់។ លោក​ ហ៊ុន សែន​ បាន​លើក​ជា​ចម្ងល់​ថា តើ​​អំពើ​ភេរវកម្ម​នៅ​ស្រី​លង្កា និង​នៅ​នូវែល​សេឡង់​ មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​ដែរ​ឬ​យ៉ាងណា?។

យ៉ាង​ណា​ក៏​ដោយ លោក​ ហ៊ុន សែន ​បាន​ថ្លែង​ថា​ បទ​ពិសោធ​នៅ​ស្រីលង្កា និង​​នៅ​នូវែល​សេឡង់ បាន​​ផ្ដល់​មេរៀន​កាន់​តែ​​ច្រើន​សម្រាប់​កម្ពុជា។

លោក​បញ្ជាក់​ថា​​៖ «ត្រូវ​បន្ត​ការ​គ្រប់​គ្រង​ឲ្យ​បាន​​ហ្មត់​ចត់ទៅ​លើ​ការ​ប្រើ​ប្រាស់​អាវុធ​ជាតិ​ផ្ទុះ​ សេរីភាព​ហួស​ហេតុទៅ​លើ​ការ​ប្រើ​​អាវុធ ប្រើ​ជាតិ​ផ្ទុះ គឺមិន​មែន​ជា​សេរី​ភាព​សម្រាប់​សេចក្តី​សុខ​របស់​ប្រជា​ពល​រដ្ឋ​ទេ។ ប្រទេស​ខ្លះ​បាញ់​គ្នា​ស្ទើរ​រាល់ឆ្នាំ បាញ់​កូន​សិស្ស​ បាញ់​អី ដោយ​សារ​តែ​​រឿង​អាវុធហ្នឹង។ ប៉ុន្តែ​កម្ពុជា សុំ​តឹ​ង​តែង​ប​ន្តិច​ហើយ។ តឹង​តែង​ប៉ុណ្ណឹង​ហើយ​ គង់​មាន​បញ្ហា។ អ្នក​ខ្លះ​ដក​អាវុធ​ភ្ជង់​គេ​ទៅ កើត​រឿង​ដោយសារ​អាវុធ​ហ្នឹង»។

ក្រសួង​ការ​បរទេស​ ក៏​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​ភ្លាមៗ​កាល​ពី​​ថ្ងៃ​អាទិត្យ ទៅ​លើ​ការ​វាយ​ប្រហារ​នៅ​ស្រី​លង្កា ដោយ​បាន​ថ្លែង​ថា៖ «រាជ​រដ្ឋាភិបាល​កម្ពុជា​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​ ចំពោះ​អំពើ​ហិង្សា​ដ៏​សាហាវ​ឃោរ​ឃៅ ហើយ​ទង្វើ​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ និង​ជ្រុល​និយម​​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​នេះ នឹង​មិន​ត្រូវ​បាន​អត់​ឱន​ជា​ដាច់ខាត។ ព្រះរាជាណាចក្រ​កម្ពុជា​ ប្ដេជ្ញាចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ និង​ជ្រុល​និយម​តាម​គ្រប់​ទម្រង់​ និង​រូបភាព»។

ក្រសួង​ការបរ​​ទេស​បន្ត​ថា៖​ «រាជ​រដ្ឋាភិបាល​ និ​ង​ប្រជា​​ជន​កម្ពុជា​ មាន​ជំហរ​សាមគ្គី​ភាព​ ជាមួយ​រដ្ឋាភិបាល​ និង​​​ប្រជាជន​ស្រី​លង្កា​នៅ​ក្នុង​គ្រា​ដ៏លំ​បាកនេះ និង​សូម​បួង​សួង​ឲ្យ​អ្នក​រងរបួស​​ទាំង​អស់ ​បាន​ជា​សះ​ស្បើយ​ឆាប់​រហ័ស​ឡើង​វិញ»។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោ​​បាយ​​យល់​ឃើញ​ថា លោក​នាយក​រដ្ឋ​មន្ត្រី​មាន​ហេតុ​ផល​សម​រម្យ​​ក្នុង​ការ​ពិចារណា​​ទៅ​លើ​ការ​វាយ​ប្រហារ​លើ​ព្រះ​វិហារ​​គ្រិស្ត​សាសនា​ នៅ​ស្រីលង្កា ដោយ​សារ​តែ​នៅ​កម្ពុជា​ក៏​មាន​ព្រះវិហារ​​គ្រិស្ត​សាសនា​ច្រើន​ដែរ។

ប៉ុន្តែលោក​ថ្លែង​ថា៖ «ទោះ​យ៉ាង​ណា ដើម្បី​ឲ្យ​​ការ​គ្រប់​គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព លោក​នាយក​រដ្ឋ​មន្ត្រី​ ដំបូង​បំផុត​ត្រូវ​តែ​ដាក់​ការ​គ្រប់​គ្រង​ឲ្យ​បាន​តឹង​រ៉ឹង​ ទៅ​លើ​បញ្ជី​អាវុធ និង​គ្រាប់​រំសេវ​ដែល​ភ្នាក់​ងារ​រដ្ឋាភិបាល​មាន»៕