ភ្នំពេញ: ​ ដោយ​ភ្ជាប់​ជា​មួយ​នូវ​សារ​ជូន​ពរ​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​នា​ឱ​កាស បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រ​ពៃណី​ជាតិខាង​មុខ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​លើកឡើង​​ពីការ​ប្តេជ្ញា​ចិត្ត​យ៉ា​ង​​មុត​មាំ​​ ឥត​រាថយ​ និង​កាន់​តែ​ស្វាហាប់​​ជាង​ពេល​ណា​ៗ​ទាំង​អស់ក្នុង​ការ​បម្រើ​ប្រជាជន​ដែ​ល​បាន​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​លើ​​​គ្រប់​វិស័យជា​មួយ​នឹងការ​ធ្វើ​​កំណែទម្រង់​ស៊ី​ជម្រៅ​ ខណៈ​ដែល​​រដ្ឋាភិបាល​ បាន​ប្រឈម​ឧបសគ្គ​ជា​ច្រើន​​​ទាំង​ក្នុង​និង​ក្រៅ​ប្រទេសដើម្បី​ទប់​​ស្កាត់​ការជ្រៀត​​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា។

​នៅ​ក្នុង​សារ​ជូនពរ​ដល់​ប្រជា​​ពលរដ្ឋ​ សម្រាប់​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ ចេញ​កាល​ពី​ថ្ងៃ​ទី ៣ ខែ ​មេសា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​​ទទួល​បាន​លោ​ក ហ៊ុន សែន បាន​ផ្ដើម​រៀបរាប់ថា បុណ្យ​ចូ​ល​ឆ្នាំថ្មី​ក្នុងឆ្នាំនេះ គឺ​ស្រប​ពេល​រដ្ឋាភិបាល​របស់​លោក​ដែល​ទើប​ទទួលបាន​​ការ​គាំទ្រ​ពី​​ពល​រដ្ឋ​ដ៏​ច្រើន​លើសលប់ ​សម្រាប់​ការដឹកនាំ​ប្រទេស​រយៈពេល ៥ ឆ្នាំ​បន្ថែម​ទៀត ចាប់ផ្ដើម​អនុវត្ត​កម្ម​វិធី​នយោបាយ ​និង​យុទ្ធ​សា​​ស្ដ្រ​ចតុកោណ​ដំណាក់​កាល​ទី៤ រួមជាមួយ​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ឥត​រាថយ ​និង​កាន់តែ​ស្វាហាប់​ជាង​ពេលណាៗ​ទាំង​អ​ស់ ក្នុងការ​បម្រើប្រជាជន​ទ្វេដ​ង ក៏ដូចជា​ការ​ព​ន្លឿ​ន​កិច្ច​អភិវឌ្ឍន៍ និង​ការ​ជំរុញ​​ការ​អនុវត្ត​ការ​កែទម្រង់​កាន់តែ​ស៊ីជម្រៅ ​និង​ទូលំទូលាយ​គ្រប់​វិស័យ ដើម្បី​ឆ្ពោះទៅរក​អនាគត​មួយ​ដ៏​រុងរឿង ស្របតាម​ឆន្ទៈ​និង​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ ។

លោក​នាយក​រដ្ឋមន្ត្រី​បន្តថា ថ្វី​ដ្បិត​ប្រទេស កម្ពុជា​ បាន​ប្រឈម​ឧបសគ្គ​គ្រប់យ៉ាង​ទាំង​ក្នុង​ និង​ក្រៅប្រទេស ប៉ុន្តែ​រដ្ឋាភិបាល​បាន​បន្ត​អភិវឌ្ឍ​ប្រទេស​ជាតិ​ មានការ​រីកចម្រើន​គ្រប់​វិស័យ បាន​ការពារ​ឯករាជ្យ​ជាតិ សន្ដិ​​ភា​ព អធិបតេយ្យ​ និង​បូរណ​ភាព​​​ទឹកដី ការពារ​សមិទ្ធផល​សង្គម​ជាតិ ទប់ស្កាត់​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ដែល​ពាក់ព័ន្ធ​បដិវត្តន៍​ពណ៌​ ឬ​ការ​ញុះញង់​បង្កឱ្យមាន​អស្ថិរ​ភាព​នយោបាយ ​ឬ​ចលាចល​ក្នុង​សង្គម។

លោក​បញ្ជាក់​ថា សកម្មភាព​សម្រេច​ទាំង​នេះបានធ្វើឱ្យ​កម្ពុ​ជា​ សម្រេចបាន​នូវ​កំណើន​​​​​​សេដ្ឋ​កិ​ច្ច ៧,៥ ភាគ​រយ​ តាម​រយៈ​ការរីក​ចម្រើន​នៃ​វិស័យ​ឧស្សាហ​កម្ម​កម្មន្ត​​​សាល សំណង់ កសិកម្ម ទេស​​ចរណ៍​និង​អចលន​ទ្រព្យ​ជាដើ​ម ស្រប​ពេល​គេ​កត់​សម្គាល់​ឃើ​ញ​​ថា កម្ពុជា​ក៏​កំពុងតែ​ផ្លាស់ប្ដូរ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​ពី​ប្រទេ​ស​ពឹង​ផ្អែក លើ​វិស័យ​កសិកម្ម ទៅ​ជា​ប្រទេស​ដែល​​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម។

សារលិខិត​ដែល​បន្តថា ចំពោះ​​ជីវភាព​របស់​ពលរដ្ឋ គឺ​គិត​ជា​មធ្យម​ក្នុង​មនុស្ស​ម្នា​ក់ រក​ប្រាក់​ចំណូល​បាន ១ ០៤២ ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ ២០១៣ ប៉ុន្តែ​បាន​កើន​ដល់ ១ ៥៦៣ ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ ហើយ​អត្រា​ភាពក្រីក្រ ក៏បាន​ធ្លាក់ចុះ​ពី ៥៣,៥ ភាគ​រយ ក្នុង​ឆ្នាំ ២០​០​​៨ មក​នៅត្រឹម​រង្វង់ ៩ ភាគ​រយ​ក្នុង​ឆ្នាំ ២០១៨ និង​ត្រូវគេ​​ព្យាករ​ថា នឹង​បន្ត​ធ្លា​ក់ចុះ​ទៀត​នៅក្នុង​ឆ្នាំ ២០១៩ នេះ ស្របពេល​គ​ម្លាត​នៃ​ប្រាក់​ចំណូ​ល ​របស់​ប្រជាជនក៏មាន​ការ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ដែរ។

ក្នុង​ឆ្នាំ ២០១៨ រដ្ឋាភិបាល​ក៏បាន​ដាក់ឱ្យ​ប្រើប្រាស់ផ្លូវជា​តិ ស្ពាន​ឆ្លងកាត់​ទន្លេ ស្ពាន​ឆ្លងកា​ត់​ព្រំដែន​កម្ពុជា-ថៃ កំពង់ផែ សរុប​ចំនួន ៥ រួមទាំង​ការបើក​ការ​ដ្ឋាន​ស្ថាបនា​ផ្លូវ​ល្បឿន​លឿ​ន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដែ​ល​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ២ ពាន់​លាន​ដុល្លារ​អាមេរិក។

កាលពី​ឆ្នាំ ២០១៨ ដដែល​នេះ ការតភ្ជាប់​ខ្សែបណ្ដាញ​ចរន្ត​ដល់​ផ្ទះ​​អ្នកប្រើប្រាស់​ថាមពល​អគ្គិសនី​មាន​ចំនួន​​ដល់ ២,៥៥ លាន​ខ្នង​ផ្ទះស្មើ​ប្រមាណ ៧២​,​១៦ ភាគ​រយ​ នៃ​ចំនួន​ផ្ទះ​សរុប ៣,៣៨ លាន​ខ្នង និង​គ្របដណ្ដ​ប់​ដល់​ភូមិ​ប្រមាណ ៨៧ ​ភាគ​រយ​នៃ​ចំនួន​​ភូមិ​សរុប​ចំនួន ១៤​ ៣​៨៣ ភូមិ​ នៅ​ទូទាំង​ប្រទេស។

ចំពោះ​ការបង្កបង្កើន​ផល​ដំ​ណាំ​​ស្រូវ​នៅ​ទូទាំងប្រទេស​កាលពី​ឆ្នាំមុន​វិញ ក៏បាន​ធ្វើឱ្យ​បរិមាណ​ផលិតផល​ស្រូវ​រដូវវស្សា​ និង​រដូវ​ប្រាំង សម្រេចបាន​ប្រមាណ​ជាង ១០ លាន​តោន កើន​ឡើង​​ជាង​ឆ្នាំ ២០១៧ ចំនួន ២,​៣ ​ភាគ​រយ​ និង​អាច​សល់​អង្ករ​ជាង​​ ៤ លាន​តោន ដែល​ក្នុងនោះមា​ន​ចំនួន​ ៦២​ ម៉ឺន​តោន​បាន​​នាំចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

លោក​ ហ៊ុន សែន បន្ត​ថា រហូ​ត​​​មក​ដល់​ពេល​បច្ចុប្បន្ន កម្ពុជា​ក៏មាន​ការកើន​ឡើង​ចំនួន​រោង​ចក្រ​សរុប​ជាង ១ ៥០០ ​រោង​​ចក្រ ដែល​ភាគច្រើន​ជា​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ស្បែក​​ជើង និង​មាន​ឧស្សា​ហកម្ម​មធ្យ​ម តូច និង​សិប្បកម្ម​ជាង​ ១៥៦​ ៨​៩០ កន្លែង​នៅ​តាម​មូល​ដ្ឋាន ដែល​កំពុង​ស្រូបយក​កម្លាំង​ពលករ​សរុប​ជាង ១ លាន​នាក់ ស្រប​ពេល​​ពលករ​ចំណាក​ស្រុ​ក​​ជាង ១,២​ លាន​​នាក់​ផ្សេង​ទៀ​តកំពុង​បំពេញ​ការងារ​ក្នុង​ប្រទេ​ស ​​​ថៃ កូរ៉េ​ខាង​ត្បូង ម៉ាឡេស៊ី ជប៉ុ​ន សិង្ហបុរី និង​ហុងកុង។

ចំពោះ​វិស័យ​សំណង់ លោក​នាយក​រដ្ឋ​មន្ត្រី ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា គឺ​បច្ចុប្បន្ន​មាន​អគារ​ខ្ពស់ៗចាប់ពី ៥ ជាន់​ទៅដល់ ៤​០ ​ជាន់​មាន​ជាង ១ ០៨០ អគារ​ ក្នុង​រាជធានី​ភ្នំពេញ ហើយ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូលមក​កម្សាន្ត​ក្នុង​ប្រទេស​ កម្ពុជា ​ក្នុង​ឆ្នាំ ​២០​១​៨ មាន​ជាង ៦​ លាន ២ សែន​នាក់កើន​ឡើង​ប្រមាណ​ ១០,​៧​ ភាគ​រយ​បើ​ធៀប​ឆ្នាំ​ ២០១៧ ដែលជួយផ្ដល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ដោយផ្ទាល់​ជាង ៦២ ម៉ឺន​នាក់​ និង​ប្រយោល​ជាង ១ លាន​នាក់ និង​ផ្ដល់​ប្រាក់​ចំណូ​ល​​ជូន​ជាតិ​បាន​ប្រមាណ ១១៦ លាន​ដុល្លារ​អាមេរិក។

ក្រៅ​ពី​នេះ គិត​មក​ដល់​ពេល​បច្ចុបន្ន កម្ពុជា ​ក៏បាន​ចូល​រួម​ចំណែក​បញ្ជូន​កង​​យោធពល​ខេមរ​ភូមិន្ទ​សរុប​ចំនួន ៨១៣ នាក់ក្នុងនោះ​មាន​ស្រី ៦៦ នាក់ ជា​បន្ត​បន្ទាប់​ក្រោម​ឆត្រ​អង្គ​ការ​សហប្រជាជាតិ ទៅកាន់​សាធា​រណរដ្ឋ​លី​បង់សធា​រណរដ្ឋ​ស៊ូដង់​ខាង​ត្បូង សាធា​រណរដ្ឋ​ម៉ាលីនិង​សាធា​រណរដ្ឋ​អាហ្រ្វិក​កណ្ដាល។

លោក មាស នី អ្នកសិក្សា​ស្រាវជ្រាវ​​ពី​បញ្ហា​សង្គម​បាន​ទ​ទួ​ស​ស្គាល់​​ថា កម្ពុជាពិតជា​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ ប៉ុន្តែ​លោក​ថា ការរីក​ចម្រើន​របស់​កម្ពុ​ជា​នេះ​នៅ​ពុំទាន់​អាច​ប្រកួត​ប្រជែ​ង​បាន​​ជាមួយ​ប្រទេស​ជិត​ខាង​នៅ​​ឡើយនិង​ទាមទារ​ឱ្យ​រដ្ឋា​​ភិបា​ល​​ត្រូវ​​ប្រឹង​ប្រែង​បន្ថែម​ទៀត។

ទោះជា​យ៉ាង​ណាលោក មា​ស នី បន្ត​ថា ចំពោះ​សេដ្ឋកិច្ច​របស់​កម្ពុជា​ទៅ​ថ្ងៃ​ខាង​មុខគឺ​មិន​អា​ច​ទស្សន៍​ទាយ​បាន​ឡើយ ដោយ​សារ​លោក​ព្រួ​យ​បារម្ភ​ថា វិបត្តិ​នយោបាយ​នាពេល​បច្ចុប្បន្ន​ ដែល​កំពុង​រង​ការព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហ​គម​ន៍​​អន្តរជាតិនឹង​អាច​ធ្វើឱ្យ​ប៉ះ​ពា​ល់​​​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​នា​ពេល​ខាងមុខ។

លោក​បន្តថា៖ «តើ​សង្គមជាតិ​របស់​យើង​នេះ នឹង​ទទួលរង​អី​ខ្លះ ពី​ការរិះគន់​និង​ទណ្ឌកម្ម​ពី​អន្តរជាតិ ដោយ​សា​រ​តែ​វិបត្តិ​នយោ​បាយ។ ទោះបីជា​រដ្ឋាភិបាលបាន​អះអាងថា យើ​ង​​មិន​អី​ក៏ដោយ ក៏ប៉ុន្តែយើង​មិនទាន់​ឃើញ​មាន​វិធានការ​ណាមួយ​ឱ្យ​ជាក់លាក់ ថា​រដ្ឋាភិបាល​ពិតជា​អាច​ចៀស​ផុតពី​ផល​ប៉ះពាល់​ ដែល​ពាក់ព័ន្ធ​នឹង​វិបត្តិ​នយោបាយ»។

លោក គិ​ន ភា ប្រធាន​វិទ្យា​​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​ នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា និង​​លោ​ក សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​​កម្ពុជាមិន​អាច​ទាក់ទង​សុំ​អធិ​ប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ​កាល​​ពី​ម្សិលមិញ។

យ៉ាង​ណា​ក្តី​​​លោក ហ៊ុន សែ​ន បាន​គូស​បញ្ជាក់​ក្នុង​សារ​លិខិ​ត​​ដដែល​នេះ​ថា រាល់​សមិទ្ធផល​ដែល​សម្រេច បាន​គឺ​ដោយ​សារ​តែ​មាន​ការដឹកនាំ​ខាង​នយោ​​​បាយ​ត្រឹមត្រូវ ហើយក៏​បានការ​ជួយឧបត្ថម្ភ​គាំទ្រ​ពី​បណ្ដា​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ និង​សហ​​គមន៍​អន្តរជាតិ​ផងដែរ។

លោកបាន​បន្តថា សម្រាប់​ឆ្នាំ​ថ្មី​នេះរាជ​រដ្ឋា​​​ភិបាល​របស់​លោកនឹង​បន្ត​ពុះពារ​គ្រប់បែបយ៉ាង​បន្តទៀត ដើ​ម្បី​បន្ត​ថែរក្សា​ការពារ​សន្ដិ​ភាព ស្ថិរ​ភាព​នយោបាយសន្ដិសុខ​ និ​​ង​​​សណ្ដាប់ធ្នាប់​សាធារណៈ​ឲ្យ​កាន់តែ​រឹងមាំការពារ​រដ្ឋធ​ម្មនុ​ញ្ញ ការពារ​របប​រាជា​និយមស្រប​តា​ម​បាវចនា ជាតិ សាស​នា ព្រះមហា​ក្សត្រ។

ទន្ទឹមនេះ រដ្ឋា​ភិបាល​នឹង​បន្តធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​ ទៅ​តាម​អភិក្រម​ទាំង​ ៥ «ឆ្លុះ​កញ្ចក់ ងូត​ទឹក ដុះក្អែល ព្យាបាល និង​វះ​កាត់» ក្នុងនោះ​មានការ​ពង្រឹង​អភិបាលកិច្ច​ល្អ តាមរយៈ​ការពង្រឹង​ស្ថាប័ន​ជា​តិ និង​ថ្នាក់ក្រោម​ជាតិ ការធ្វើ​កំណែ​ទម្រង់​វិមជ្ឈការ ​និង​វិសហមជ្ឈការ និង​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ការ​អភិវ​ឌ្ឍ​ធនធាន​មនុស្សការកែ​លម្អ​ប្រព័ន្ធ​អប់រំ លើក​កម្ពស់​ប្រព័ន្ធ​ការពារ​សង្គម លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល​និង​ការ​កសា​ង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្តឲ្យ​កាន់​​តែ​រីក​ចម្រើន​ឥត​ឈប់​ឈរ​បន្ថែម​ទៀត៕