ភ្នំពេញៈ ​លោក​ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​គ្រោង​នឹង​ដឹក​នាំ​មន្ត្រី​ជាន់​ខ្ពស់​ទៅ​កាន់​ទីក្រុង​បាង​កក​ នៃ​ប្រ​ទេស ​ថៃ ​នៅ​ចុង​​សប្ដាហ៍​នេះ​ដើម្បី​ចូល​រួម​កិច្ច​ប្រ​ជុំកំ​ពូល​អាស៊ាន​លើក​ទី៣៤។​ ​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នេះ​​នឹ​ង​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃ​ទី​ ២២​ ​ដល់​ថ្ងៃ​ទី​ ២៣​ ​ខែ​ មិថុនា​ ​ឆ្នាំ ២០១៩។​

​លោក​ ​ប្រាក់​ ​សុខុន​ ឧបនាយក​រដ្ឋ​មន្រ្តី​ ​រដ្ឋ​មន្រ្តី​ការបរទេស ​និង​សហ​ប្រតិ​បត្តិ​ការ​អន្ត​រ​ជាតិ,​ លោក​ ប៉ាន​ ​សូរ​ស័ក្តិ​ រ​ដ្ឋ​មន្រ្តី​ពាណិជ្ជ​កម្ម​, លោក​ ​ហង់​ ជួន​ណារ៉ុន រដ្ឋ​មន្រ្តី​អប់​រំ​ យុវ​ជន​ ​និង​កីឡា ​ព្រម​ទាំង​ឥស្សរ​ជន​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិ​បាល​ និង​ថ្នាក់​ដឹកនាំ​ធុរ​កិច្ច​នៃ​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​នឹង​​អម​​ដំណើ​រលោក​នា​យក​រដ្ឋ​មន្ត្រី​ទៅ​ចូល​រួម​កិច្ច​ប្រ​ជុំកំ​ពូល​នោះ។​ យោង​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​ ​របស់​ក្រសួង​​ការ​បរ​ទេស​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ។​

សេច​ក្ដី​ប្រ​កាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ថា​៖​ «​កិច្ច​ប្រជុំ​នេះ​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ ដល់​ការ​លើក​កម្ពស់​កិច្ច​សហ​ប្រតិ​បត្តិការ​ និង​ពង្រឹង​កុង​សង់ស៊ុស ​ក្នុង​ចំណោម​សមា​ជិក​អាស៊ាន​ ​ដើម្បី​ដោះ​ស្រាយ​ការប្រឈម​សកល​ថ្មីៗ​ ​ក្រោមមូលបទ​ ​«​ជំរុញ​ភាព​ជា​ដៃ​គូ​សម្រាប់​ចីរ​ភាព»។ ​កិច្ច​ប្រជុំ​កំពូល​នេះ ​ក៏​នឹង​រិះ​រ​កមធ្យោ​បាយ​នានា ក្នុង​ការ​ធ្វើ​ឲ្យ​អាស៊ាន​ឈាន​ទៅ​កាន់​កម្រិត​ខ្ពស់​ថែម​ទៀត​ប្រកប​ដោយ​ចីរ​ភាព​ ​និង​មាន​ការ​តភ្ជាប់​ដោយ​រលូន»។​

​លោក​ ​ហ៊ុន​ ​សែន​ នឹង​ចូល​រួម​កិច្ច​ប្រ​ជុំ​មួយ​ចំ​នួន​ដូច​ជា​

១​-​កិច្ច​ប្រជុំ​កំពូល​រវាង​ប្រមុខ​រដ្ឋ​/​រដ្ឋាភិ​បាល​អាស៊ាន​ ​ជា​មួយ​តំណាង​អន្តរ​សភា​អាស៊ាន។​

២-​កិច្ច​ប្រជុំ​កំពូល​រវា​ង​ប្រមុខ​រដ្ឋ​/​រដ្ឋា​ភិ​បាល​អាស៊ាន​ ​ជា​មួ​យ​ក្រុម​ប្រឹក្សា​ផ្តល់​យោបល់​ធុរ​កិច្ច​អាស៊ាន​ ​និង​កិច្ច​ប្រជុំ​កំពូល​រវាង​ប្រមុខ​រដ្ឋ​/រដ្ឋាភិបាល​អាស៊ា​ន​ ជា​មួយ​តំណាង​យុវជន​អាស៊ាន​។​ ​ក្នុង​ការ​ត្រៀម​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​ ​នេះ​ដែរ​​ លោក​ឧប​នាយក​រដ្ឋ​មន្រ្តី​ ​ប្រាក់​ ​សុខុន​ នឹង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​ប​រ​ទេស​អា​ស៊ាន​ កិច្ច​ប្រជុំ​លើក​ទី​១​៩​ ​រប​ស់​ក្រុម​ប្រឹក្សា​សហ​គមន៍​ ​នយោ​បាយ​សន្តិសុ​ខ​អាស៊ាន​ និង​កិច្ច​ប្រជុំ​លើក​ទី២៣​ រប​ស់​ក្រុម​ប្រឹក្សា​សម្របសម្រួល​អាស៊ាន​ ដែល​កិច្ច​ប្រជុំ​ទាំង​នេះ នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​ ២១​-​២២​ ​ខែ​ មិថុនា​ ​ឆ្នាំ​ ២០១៩។​

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​នេះ​បាន​ឲ្យ​ដឹង​ថា​៖ ​«​មាន​ការ​រំពឹង​ទុក​ថា​ លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​ ​នឹង​ឆ្លុះ​ប​ញ្ចាំង​ពី​កិច្ច​ប្រឹង​ប្រែង របស់​អាស៊ាន​ក្នុង​ការ​ជំរុញ​ ​ដំណើរ​ការ​កសាង​សហ​គមន៍​ ​និង​លើក​កម្ពស់​ភាព​ជា​ដៃ​គូ ​របស់​អាស៊ាន​សម្រាប់​កា​រ​អភិវឌ្ឍ​ ​ប្រកប​ដោយ​ចី​រ​ភាព​នៅ​ក្នុង​ចំ​ណោម​បញ្ហា​ផ្សេង​ៗ​ទៀ​ត ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សន្តិភាព​ ​ស្ថិរ​ភាព​ ​និង​វិបុល​ភាព ​យូរ​អង្វែង​ ​ក្នុង​តំប​ន់​ ដើ​ម្បី​ជា​ផល​ប្រយោជន៍​ដល់​ប្រជាជន​អាស៊ាន»៕​