ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅ​កាន់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​នា​ដើម​ខែ​ធ្នូ​ខាង​មុខ​នេះ​ដែល​គេ​រំពឹង​ថា​នឹង​មាន​ការពិភាក្សា​គ្នា​ទៅ​លើ​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២​។

លោកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស​បាន​ថ្លែងប្រាប់​អ្នក​កាសែត​ឲ្យ​ដឹង​ក្រោយពី​ជំនួប​ទ្វេភាគី​នៅក្នុង​ក្រសួង​ការបរទេស​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង លោក Amphay Kingdavong ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ​។

លោកស្រី ទួត បញ្ញា ថ្លែង​ថា​ភាគី​ទាំង​ ២ បាន​ត្រៀម​រៀបចំ​ទស្សនកិច្ច​ផ្លូវការ​សម្តេច​នាយករដ្ឋមន្ត្រី​ទៅ​ប្រទេស​ឡាវ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឲ្យ​ភាគី​ឡាវ​ផ្តល់​កិច្ចសហប្រតិបត្តិការ​ពេញ​ទំហឹង​ក្នុង​ការ​ត្រៀម​រៀបចំ​ឲ្យ​ទស្សនកិច្ច​បាន​ជោគជ័យ ហើយ​ខាង​ភាគី​ឡាវ​អះអាង​អំពី​ការ​ប្រឹងប្រែង​ និង​ការត្រៀម​រៀបចំ​ជា​ឯកសារ​ ឬ​ក៏​រៀបចំ​គ្រប់​បែបយ៉ាង​សម្រាប់​ធានា​ដំណើរ​ទស្សនកិច្ច​ប្រកប​ដោយ​ជោគជ័យ​។

លោកស្រី បញ្ញា ថ្លែង​ថា​៖ «(​ក្នុង​អំឡុងពេល​ទស្សនកិច្ច​នោះ​) ​អាច​នឹង​មាន​ពិភាក្សា​ទៅលើ​វិស័យ​អប់រំ​ និង​មាន​វិស័យ​ផ្សេង​ទៀត​ធម្មតា​ប្រទេស​ជិត​ខាង​គ្នា​អ៊ីចឹង​យើង​មាន​ពិភាក្សា​បញ្ហា​ហ្នឹង​ (​ព្រំដែន​) ​ដោយសារ​យើង​កំពុង​ដំណើរការ​បោះបង្គោល​អ៊ីចឹង យើង​នឹង​មាន​ពិភាក្សា​ដែរ​»​។

លោកស្រី​ថ្លែង​ថា​ភាគី​ឡាវ​បាន​អះអាង និង​សន្យា​ខិតខំ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ជំរុញ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត​ហើយ​អះអាង​ថា ភាគី​ឡាវ​នឹង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ពេញទំហឹង​ក្នុង​ការ​ត្រៀម​រៀបចំ​​ឲ្យ​ទស្សនកិច្ច​នេះ​ទទួល​បាន​ជោគជ័យ​។

គួរកត់សម្គាល់​ផង​ដែរ​ថា​កាលពី​ខែ​កញ្ញា ឆ្នាំ​ ២០១៨ ​លោក​នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​ទាំង​ ២ ​បាន​ឯកភាព​គ្នា​ដាក់​តំបន់​អូរតាង៉ាវ​ជា​តំបន់​គ្មាន​កងទ័ព តំបន់​គ្មាន​ប្រជាជន​រស់នៅ និង​ធ្វើ​អាជីវកម្ម និង​បង្កើត​ឲ្យ​មាន​ការ​ល្បាត​រួម​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ ២ ​នៅ​តំបន់​នោះ​ក្រោយ​ពី​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា ដោយ​កម្លាំង​ប្រដាប់អាវុធ​នៅ​តំបន់​ជាប់​ព្រំដែន​កាលពី​ខែ​សីហា ឆ្នាំ​ ២០១៧​។

លោក ម៉ែន គុង អ្នក​នាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង​បាន​ថ្លែង​ថា​រហូត​មក​ដល់​ពេល​នេះ​គឺ​កម្លាំង​នៅ​តាម​ព្រំដែន​បាន​អនុវត្តតាម​គោលការណ៍​ដែល​បាន​ព្រមព្រៀង​។

លោក​បាន​ថ្លែង​ថា​៖ «​កម្លាំង​នៅ​តាម​ប៉ុស្តិ៍​ព្រំដែន​ហ្នឹង​គាត់​អនុវត្ត​តាម​គោលការណ៍ និង​សេចក្តី​ថ្លែងការណ៍​នៃ​ប្រទេស​ទាំង​ ២ ទុក​កន្លែង​ដែល​ពុំទាន់​បាន​ដោះស្រាយ​ជា​កន្លែង​ដែល​គ្មាន​ប្រជាពលរដ្ឋ និង​កម្លាំង​ហើយ​គ្មាន​សកម្មភាព​ផ្សេង​»​។

លោក​ថា​បន្ទាប់ពី​មាន​បញ្ហា​ព្រំដែន​កម្ពុជា-ឡាវ បាន​ឡើង​កម្ដៅ​កាលពី​ខែ​សីហា ឆ្នាំ​ ២០១៧ រហូត​មក​ដល់​ពេល​នេះ​ការងារ​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា-ឡាវ​មិន​ទាន់​បាន​បន្ត​បោះបង្គោល​ព្រំដែន​នៅ​ឡើយ​ទេ​។

បញ្ហា​ព្រំដែន​កម្ពុជា-ឡាវ​បាន​ឡើង​កម្ដៅ​កាលពី​ខែ​សីហា ឆ្នាំ​ ២០១៧ ដោយសារ​កងទ័ព​ឡាវ​បាន​ចូល​មក​ឈរជើង​នៅ​តំបន់​អូរអាឡៃ និង​អូរតាង៉ាវ ស្ថិត​ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ហើយ​បើ​តាម​មន្ដ្រី​ព្រំដែន​គឺ​កម្ពុជា និង​ឡាវ មាន​ព្រំដែន​ជាប់​គ្នា​ប្រវែង ៥៤០ ​គីឡូម៉ែត្រ​ដោយ​ត្រូវ​បោះបង្គោល​ព្រំដែន​ប្រមាណ ១៤៥ ​បង្គោល​។

ប៉ុន្តែ​មក​ទល់ពេល​នេះ​ភាគី​ទាំង​​ ២ ​បាន​បោះ​រួច​ចំនួន​ ១២១ ​បង្គោល​នៅ​សល់​ប្រមាណ ២៤ ​បង្គោល​ទៀត ខណៈ​ចំណុច​នៅ​សេសសល់​នោះ​គឺ​ស្ថិត​នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង​៕