ភ្នំពេញ:​ លោក​នា​យក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​ នៅ​ថ្ងៃ​ទី ​២៧ ​ឧសភា​ ខាង​មុខនេះ ​នឹង​ធ្វើដំណើរ​ទៅ​ទីក្រុង​បាង​កក​ ​ប្រទេស​ ថៃ ដើ​ម្បី​​ចូល​រួម​សន្និ​បាត​ប្រចាំ​ឆ្នាំ​លើក​ទី​៧៥ ​របស់​គណៈ​កម្មការ​សេដ្ឋ​កិច្ច​ និង​សង្គម​អង្គ​ការ​សហ​ប្រជា​ជាតិ ​សម្រាប់​តំបន់​អាស៊ី​-​ប៉ា​ស៊ីហ្វិ​ក​ ​(UN-ESCAP)​ ក្រោម​ប្រធាន​បទ​ «កា​រ​ផ្ដល់​សិទ្ធិ​អំណាច​ជូន​ប្រជា​ជន​ និង​ការ​ធានា​នូវ​បរិយាប័ន្ន​ភាព និង​សមភាព»។​

​តាម​សេច​ក្ដី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ ​កាល​ពី​ម្សិល​មិញ​បាន​ឲ្យដឹង​​ថា លោក​ ​ហ៊ុន​ ​សែន​ នឹង​ទៅ​ចូល​រួមកិច្ច​ប្រជុំ​កម្ម​វិធី​របស់​ UN-ESCAP​ ក្រោម​ប្រធាន​បទ ​«ការ​ផ្ដល់​សិទ្ធិ​អំណា​ច​​ជូន​​ប្រជា​ជន និង​ការ​ធានា​នូវ​បរិយាប័ន្ន​ភាព​ និង​សមភាព។

លោក​ កេ​ត​ សុផាន់ ​អ្នក​នាំពាក្យ​ក្រសួង​ការបរ​ទេស និ​ង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ កាល​ពី​ម្សិល​មិញ​បាន​ថ្លែង​ដោ​យ​​ទទួល​ស្គាល់​ពី​សមិទ្ធ​ផល​ដែល​កម្ពុជា​សម្រេច​បាន​ ​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ​និង​សង្គម​ UN-ESCAP​ បាន​អ​ញ្ជើ​ញ​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​សុន្ទ​រក​ថា​គន្លឹះ​នៅ​ក្នុង​ពិធី​បើក​សន្និ​បាត ​ដោយ​ផ្តោត​ជា​សំខាន់​ទៅ​លើ​បទ​ពិសោ​ធ​​​របស់​កម្ពុ​ជា​ ​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ និង​សង្គម​ដែល​បាន​លើក​កម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប។​

លោក​ សុផាន់ អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បញ្ជាក់​ថា​៖​ «​នៅ​ក្នុង​កម្ម​វិធី​នេះ ​សម្ដេច​នឹង​លើក​យក​ពាក្យ​គ​ន្លឹះ​សំខាន់ៗ​ទាក់ទង​ភាព​រីក​ចម្រើន​នៃ​សង្គម​កម្ពុជា ដែ​ល​​បាន​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ​ និង​លើក​ស្ទួយ​កម្រិត​ជីវ​ភាព​របស់​ពល​រដ្ឋ​យើង​ ហើយ​ចំ​ពោះ​​ព័​ត៌​មាន​លម្អិត​ សូម​រង់​ចាំ​សម្ដេច​ឡើង​ថ្លែង​រួចរាល់​សិន»៕​ ​