ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងទៅកាន់ប្រតិភូជាតិ និងអន្តរជាតិដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅវិមានសន្តិភាពកាលពីថ្ងៃម្សិលមិញដោយបានអះអាងថា ប្រទេសមួយចំនួនដែលប្រកាសតាំងខ្លួនជាប្រទេសលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស បែរជាប្រទេសទាំងនោះកន្លងមកបានគាំទ្រឱ្យមានរដ្ឋប្រហារប្រដាប់អាវុធនៅកម្ពុជា និងគាំទ្រដល់របបប៉ុលពតដែលបានកាប់សម្លាប់ប្រជាជនកម្ពុជា។
លោក ហ៊ុន សែន បានស្នើឱ្យពិភពលោកត្រូវស្វែងយល់អំពីឥរិយាបថរបស់ខ្លួនដែលធ្លាប់ប្រព្រឹត្តមកលើប្រទេសមួយចំនួនដូចជាកម្ពុជាធ្លាប់ទទួលបានបទពិសោធនេះរួចហើយ គឺប្រទេសដែលប្រកាសតាំងខ្លួនជាអ្នកគោរពលទ្ធិប្រជាធិបតេយ្យបានគាំទ្រឱ្យមានរដ្ឋប្រហារយោធានៅកម្ពុជា និងប្រទេសដែលប្រកាសតាំងខ្លួនជាអ្នកគោរពសិទ្ធិមនុស្សបានគាំទ្រដល់របបប៉ុលពតដែលជាអ្នករំលោភសិទ្ធិមនុស្ស និងកាប់សម្លាប់មនុស្ស ប៉ុន្តែបែរជាឱ្យសិទ្ធិពេញលេញអង្គុយនៅក្នុងអង្គការសហប្រជាជាតិពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩១ ទៅវិញ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី ២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយមន្ត្រីរាជរដ្ឋាភិបាលបានអះអាងថាមានអ្នកចូលរួមដែលជាប្រតិភូបរទេសជិត ១ ពាន់នាក់មកពី ៤៨ ប្រទេសនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយលោក ហ៊ុន សែន សង្ឃឹមថាបទពិសោធរបស់កម្ពុជាដែលធ្លាប់ទទួលរងគ្រោះពីឥរិយាបថគោលនយោបាយការបរទេសរបស់ប្រទេសទាំងនោះ គឺជាមេរៀនមួយដែលប្រជាជនកម្ពុជា និងពិភពលោកត្រូវស្វែងយល់ឱ្យបានច្បាស់។
លោក ហ៊ុន សែន ថ្លែងថា៖ «នេះគឺជាបទពិសោធ មិនគ្រាន់តែកម្ពុជាទេ ក៏ប៉ុន្តែពិភពលោកគួរត្រូវស្វែងយល់ឱ្យបានច្បាស់ អំពីឥរិយាបថរបស់ខ្លួននៅក្នុងទំនាក់ទំនងជាមួយប្រទេសដទៃដែលខ្លួនបានប្រព្រឹត្តទៅលើប្រទេសទាំងនោះ»។
លោក ហ៊ុន សែន ក៏រំឭកផងដែរថាចាប់ពីឆ្នាំ ១៩៧៩ គឺលោកបានផ្ដើមពីបាតដៃទទេ និងបើទោះបីជាស្ថិតក្នុងការហ៊ុមព័ទ្ធដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ពីប្រទេសលទ្ធិប្រជាធិបតេយ្យមួយចំនួន ក៏កម្ពុជាបានខិតខំដោយខ្លួនឯងដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនដូចពេលនេះ។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ថ្វីដ្បិតមានកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ និងការរៀបចំការបោះឆ្នោតដំបូងក្នុងឆ្នាំ ១៩៩៣ ប៉ុន្តែមិនបានជួយឱ្យកម្ពុជាបញ្ឈប់សង្គ្រាមស៊ីវិលឡើយ ហើយការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅឆ្នាំ ១៩៩៨ រហូតកម្ពុជាមានសុខសន្ដិភាពពេញលេញ គឺកើតឡើងដោយការដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ ដើម្បីផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ របស់ ហ៊ុន សែន ។
លោក ហ៊ុន សែន ថ្លែងថា៖ «ការអនុវត្តដ៏ជោគជ័យនូវនយោបាយឈ្នះ ឈ្នះ បានបញ្ឈប់សង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា ព្រមទាំងនាំមកនូវការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងនៅចុងឆ្នាំ ១៩៩៨ នេះគឺសន្ដិភាព និងការបង្រួបបង្រួមជាតិដែលសម្រេចបានដោយកម្ពុជាខ្លួនឯងផ្ទាល់ ដោយគ្មានការបង្ហូរឈាម គ្មានការប្រើអាវុធ ឬគ្រាប់រំសែវ និងដោយគ្មានការបង្គាប់បញ្ជា ឬការជួយជ្រោមជ្រែងពីខាងក្រៅ»។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកកាលពីថ្ងៃម្សិលមិញក៏មានតំណាងរដ្ឋាភិបាលបរទេសចំនួន ៧ ប្រទេស ដូចជា ប្រទេសហ្វីលីពីន មីយ៉ាន់ម៉ា សាធារណរដ្ឋប៉ាឡៅ ប្រទេសបង់ក្លាដែសប្រទេសប៉ាគីស្ថាន ប្រទេសឥណ្ឌូនេស៊ី និងប្រទេសទីម័រខាងកើតបានឡើងថ្លែងសុន្ទរកថាបន្តបន្ទាប់ស្ដីពីបញ្ហាជម្លោះដែលកំពុងកើតឡើង និងធ្លាប់កើតឡើងនៅក្នុងប្រទេសរៀងៗខ្លួន និងការខិតខំដើម្បីបញ្ឈប់ជម្លោះឈានទៅរកសន្ដិភាព។
ក្រៅពីនេះក៏មានសុន្ទរកថាពីសហស្ថាបនិកសហព័ន្ធសន្ដិភាពសកល លោកស្រី Hak Ja Han Moon ដែលលោកស្រីបានលើកឡើងពីតួនាទីដ៏សំខាន់របស់គ្រិស្តសាសនាដែលបានជួយសង្គ្រោះមនុស្សជាតិ។ ចំណែកលោក U Henry Van Thio អនុប្រធានាធិបតីមីយ៉ាន់ម៉ាបានចែករំលែកអំពីការខិតខំប្រឹងប្រែងរបស់ប្រទេសរបស់លោកក្នុងការស្វែងរកសន្ដិភាពជាមួយក្រុមជនជាតិភាគតិចប្រដាប់អាវុធ ហើយលោកបានចាត់ទុកថា ការអភិវឌ្ឍប្រកបដោយចីរភាព គឺមិនអាចខ្វះសន្ដិភាពបានឡើយ។
លោកអនុប្រធានាធិបតីរូបនេះបានថ្លែងថា៖ «ប្រទេស មីយ៉ាន់ម៉ា គឺជាប្រទេសមានជាតិសាសន៍ និងជនជាតិចម្រុះដែលមានរយៈពេលជាប្រវត្តិសាស្ដ្រយូរឆ្នាំមកហើយ។ ដូច្នោះរដ្ឋាភិបាលបច្ចុប្បន្នដែលជាអ្នកទទួលខុសត្រូវបានកសាងសន្ដិភាព និងការផ្សះផ្សាជាតិ។ ជាអាទិភាពរបស់រដ្ឋាភិបាលគឺការពង្រឹងដើម្បីឱ្យមានសន្ដិភាពយូរអង្វែង ដើម្បីបញ្ចប់សង្គ្រាមពាក់ព័ន្ធក្រុមជម្លោះប្រដាប់អាវុធនៃជនជាតិភាគតិចមួយចំនួន»។
កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩ ធ្វើឡើងពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ គឺបានសហការគ្នារៀបចំដោយរដ្ឋាភិបាលកម្ពុជា និងអង្គការសហព័ន្ធសន្ដិភាពសកល UPF ដើម្បីបង្ហាញពីផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងសង្គមស៊ីវិលលើការកសាងសន្តិភាព និងការផ្សះផ្សានៅក្នុងជម្លោះផ្សេងៗ ដើម្បីនាំមកនូវការអភិវឌ្ឍ វិបុលភាព និងដំណោះស្រាយសម្រាប់សង្គម។
លោក ឯក ថា អនុប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩ បានថ្លែងនៅក្នុងសន្និសីទមួយថា កិច្ចប្រជុំនេះនឹងធ្វើឱ្យមុខមាត់កម្ពុជាកាន់តែមានការទទួលស្គាល់នៅក្នុងតំបន់ និងក្នុងពិភពលោកថែមទៀត។
លោក ឯក ថា បានអះអាងថាការថ្លែងសុន្ទរកថារបស់លោក ហ៊ុន សែន ធ្វើឲ្យគណៈប្រតិភូបរទេសមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកចាប់អារម្មណ៍ និងកោតសរសើរនូវបទពិសោធដែលជាស្នាដៃ និងសមិទ្ធផលរបស់លោក ហ៊ុន សែន ហើយជាមួយគ្នានេះ ប្រជាពលរដ្ឋកម្ពុជាក៏ត្រូវមានមោទនភាពផងដែរ។
លោកថ្លែងថា៖ «ប្រទេសកម្ពុជា គឺជាប្រទេសគំរូក្រោមការដឹកនាំរបស់សម្ដេចតេជោ ហើយក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាមានការលូតលាស់ខ្លាំងណាស់ប្រមាណជាង ៧%។ អ៊ីចឹងៗខ្ញុំសូមសង្ខេបមក វាគ្មិនអន្តរជាតិទាំងមកពីនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ គាត់បានសរសើរកម្ពុជាគ្រប់គ្នាទាំងអស់តាមរយៈការថ្លែងសុន្ទរកថា»៕
វីដេអូ៖