ភ្នំពេញៈ ​លោក នាយក​រ​ដ្ឋមន្ត្រី ​ហ៊ុន ​សែន​ កាល​ពី​ម្សិលមិញ ​បាន​អះអាង​ជា​ថ្មី​​ម្ដង​ទៀត​ថា ​ការ​បង្កើត​ឱ្យ​​មាន​ចលនា​ទទួល​ទាន​​នំ​បញ្ចុក​ មិនមែន​ជា​ចលនា​មួយ​របស់​បក្ស​កាន់​អំណាច​ចង់​ចរចា​ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​នយោបាយ​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដូច​មតិ​មួយ​ចំនួន​របស់​អ្នក​វិភាគ​នោះ​ទេ។​

ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​ពេទ្យ​នៅ​សាកល​វិទ្យាល័យ​ពុទ្ធិ​សាស្ដ្រ​កាលពី​ថ្ងៃ​ម្សិលមិញ ​លោក​ ហ៊ុន សែន ​បាន​ឲ្យ​ដឹង​​ថា​ការ​បំផុស​ចលនា​ឲ្យ​ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​ចូលរួម​ទទួល​ទាន​នំ​បញ្ចុក​នៅ​ថ្ងៃទី ៩ មិថុនា​ ​គ្រាន់​តែ​ចង់​ឲ្យ​ពលរដ្ឋ​ចេះ​សាមគ្គី​គ្នា ​ដោយសារ​រយៈពេល​ចុង​ក្រោយ​ នំ​បញ្ចុក​ត្រូវ​បាន​គេ​យក​ធ្វើ​រឿង​ដើម្បី​លាប​ពណ៌​គ្នា​ ​ដែល​នាំ​ឱ្យ​​មាន​ការ​បែក​បាក់​ជាតិ។​

លោក​ ​ហ៊ុន​ សែន​ ថ្លែង​ថា​៖ «​សុំ​កុំ​យក​បញ្ហា​ដែល​ខ្ញុំ​និយាយ​នេះ​ ធ្វើជា​កា​រវិភាគ​អ្វី​ផ្សេង​ ​ក្រៅ​ពី​រឿង​ស៊ី​នំបញ្ចុក​ ​ព្រោះ​​អ្នក​ខ្លះ​គិត​ថា​ វា​ជា​ជំហាន​ឈាន​ទៅ​រក​ការ​ចរចា​នយោបាយ​ស្អីៗ ​សុំ​កុំ​ភាន់​ច្រឡំ​ ខ្ញុំ​និយាយ​រឿង​នំ​បញ្ចុក​សុទ្ធសាធ​ ​និង​សាមគ្ដីភាព​ ឯកភាព​ជាតិ ​តាមរយៈ​នៃ​ការ​ទទួល​ទាន​នំ​បញ្ចុក​ថ្ងៃទី ៩ មិថុនា» ។

ទោះ​ជា​យ៉ាង​ណា ​ចលនា​ទទួល​ទាន​​នំ​បញ្ចុក​បាន​កើតឡើង​ស្របពេល​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១៤០ នាក់​ ​កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ​ ដោយសារ​ពួកគេ​ត្រូវ​តុលាការ​ចេញ​ដីកា​កោះ​ហៅ​បន្ទាប់​ពី​ពួក​គេ​​ត្រូវ​បាន​​អាជ្ញាធរ​ចោទ​ប្រកាន់​ថា​ បាន​រំលោភ​លើ​សាល​ដីកា​តុលាការ​កំពូល។​

​លោក​ ​ហ៊ុន​ ​សែន​ ក៏បាន​អំពាវ​នាវ​ផង​ដែរ​ដល់​គ្រឹះ​ស្ថាន​សិក្សា​ វត្ត​អារាម​ វិហារ​គ្រិស្ដសាស​នា​ វិហារ​អ៊ិស្លាម​​សាស​នា​ ​និង​តាម​បណ្ដា​រោង​ចក្រ​នៅ​ទូទាំង​ប្រទេស​ ក៏​ត្រូវ​ចូល​រួម​រៀប​ចំ​ពិធី​ឆាន់​និង​ទទួល​ទាន​​នំ​បញ្ចុក​ដែរ​ ​និង​បាន​​ប្រាប់​ឱ្យ​សមាជិក​សមា​ជិកា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​លោក​អះអាង​ថា​មាន​​ចំនួន​ ៧ ​លាន​នាក់​ ​ត្រូវ​បាន​បើក​ចិត្ត​ឲ្យ​​ទូលាយ​ ​នៅ​ពេល​មាន​អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង​ ​ចង់​ហៅ​ពួក​គេ​ឲ្យ​​ទៅ​ចូល​រួម​ទទួល​ទាន​​នំ​បញ្ចុក​ជា​មួយ​គ្នា​នៅ​ថ្ងៃទី​ ៩​ មិថុនា។​

​លោក ​ហ៊ុន ​សែន ​ចង់​ឲ្យ​​ពលរដ្ឋ​គ្រប់​មូល​ដ្ឋាន​ចូល​រួម​ទទួល​ទាន​នំ​​បញ្ចុក​ឱ្យ​បាន​ញឹក​ញាប់​ចាប់​ពី​ពេល​នេះ​តទៅ​ដោយ​មិន​មែន​ត្រឹម​ថ្ងៃទី​ ៩ ​មិថុនា​នោះ​ទេ ​ជា​ពិសេស​លោក​ចង់​ឲ្យ​គ្រប់​ស្ថាប័ន​រដ្ឋ​ដែល​រៀប​ចំ​ពិធី​ប្រជុំ​ថ្នាក់​ជាតិ​ឬ​អន្តរ​ជាតិ​នា​ពេល​ខាង​មុខ​ ក៏​ត្រូវ​យក​អាហារ​ប្រភេទ​ខ្មែរ​រួមទាំង​សម្ល​កកូរ​និង​នំ​បញ្ចុក​ដើម្បី​ទទួល​ភ្ញៀវ​ ​ព្រោះ​លោកបាន​​យល់​ថា​ ​ការ​ចូល​រួម​លើ​កត​ម្កើ​ង​អាហារ​របស់​ខ្មែរ​បែប​នេះ​ នឹង​អាច​ធ្វើ​ឱ្យ​តម្លៃ​អង្ករ​និង​ប្រភេទ​បន្លែ​ក្នុង​ស្រុក​ជា​ច្រើន​ ​កាន់​តែ​មាន​តម្លៃ​ជាង​មុន។​

លោក​ ​ហ៊ុន​ សែន​ ថ្លែង​​ថា​៖​ «​សង្ឃឹម​ថា​ ឆ្លង​កាត់​នូវ​ចលនា​នំ​បញ្ចុក​សាមគ្គី​ជាតិ​ ឯកភាពជាតិ​នេះ​ នឹង​ធ្វើ​ឲ្យ ​​(លុប​បំបាត់)​ ការ​លាប​ពណ៌​គ្នា ​ឬ​នឹង​ជំរុញ​ឲ្យ​​មាន​ចលនា​ដើម្បី​ប្រើ​របស់​ខ្មែរ ​ហើយ​ប្រហែល​ជា​​លើក​​នេះ​ បំបែក​ឯត​ទគ្គ​កម្ម​ពិភព​លោក​តែ​ម្ដង​ ព្រោះ​ក្នុង​ ១០​ លាន​នាក់​ ដែល​មាន​សិទ្ធិ​បោះឆ្នោត​ ហើយ​ស្រាប់​តែ​មាន​ ៨ ​លាន​នាក់​ ទៅ​ស៊ី​នំ​បញ្ចុក ​គឺ​បាន​សេច​ក្ដី​ថា​ អាច​បំបែក​ឯត​ទគ្គ​កម្ម​ពិភពលោក​បាន​ហើយ»។​

​លោក ​មាស​ ​នី​ អ្នក​វិភាគ​នយោ​បាយ​បាន​ឲ្យ​ដឹង​ថា ​ការបង្កើត​ចលនា​ទទួល​ទាន​​នំ​បញ្ចុក​នេះ​ គឺ​កើត​ចេ​ញ​ពី​បំណង​នយោ​បាយ ​និង​មិន​មែន​ជា​ការ​បង្ហាញ​អំពី​ឯក​ភាព​ជាតិ​និង​សាមគ្គី​ជាតិ​ឡើយ​ ​ផ្ទុយ​ទៅ​វិញ​គឺ​គណ​បក្ស​នយោ​បា​យ​មួយ​ចង់​បង្ហាញ​អំពី​​សាមគ្គី​ភាព​នៅ​ក្នុង​បក្ស​របស់ខ្លួន​ទៅ​កាន់​គណបក្ស ន​យោ​បាយ​មួយ​ទៀត​ប៉ុណ្ណោះ ​ព្រោះ​លោក​ថា​ មេ​ដឹក​នាំ​នយោបាយ​បច្ចុ​ប្បន្ន​កំពុង​យក​រឿង​ផ្ទាល់​ខ្លួន​វាយ​ប្រហារ​សង​សឹក​គ្នា ​ដែល​ធ្វើ​ឲ្យ​​ជម្លោះ​នយោ​បា​យ​កាន់​តែ​ធ្លាក់​ជ្រៅៗ​ទៅ​ និង​ក្ដី​បារម្ភ​ថា​ ជម្លោះ​នយោបាយ​នៅ​កម្ពុជា​ពេល​នេះ ​នឹង​ពុំ​អាច​ដោះស្រាយ​បាន​ឡើយ។​

​​លោក​ថ្លែងថា៖​ «​អាហ្នឹ​ង​យើង​ចាំ​មើល​ បើ​សិន​ជា​មនុស្ស​ចូលរួម​ច្រើន​កុះករ​ អា​ហ្នឹង​សុំ​កុំ​ឲ្យ​អ្នក​នយោ​បាយ​យក​ការ​ជួប​ជុំគ្នា​ចំនួន​ច្រើន​ថា​ អា​ហ្នឹង​ជា​ការ​គាំទ្រ​​គណ​បក្ស​មួយ​ ព្រោះ​វា​អាចមាន​អ្នក​ជាតិ​និយម​ដែល​ចង់​បាន​កា​រប​ង្រួប​បង្រួម​ជាតិ​ចូលរួម​ផងដែរ»។​ ​ ​

​​លោក​ ​គិ​ន​ ភា​ ប្រធាន​វិ​ទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភាក​ម្ពុជា​បាន​ឲ្យ​ដឹង​ផង​​ដែរ​ថា ការ​បង្កើត​ចលនា​ទទួល​ទាននំ​បញ្ចុក​នេះ​ មិន​មែន​ដើម្បី​បង្ហាញ​អំពី​សាម​គ្ដីជាតិ​និង​ឯក​ភាព​ជាតិ​ឡើយ​ ប៉ុន្តែ​ជា​ការ​ចង់​សាក​កម្លាំង​អ្នក​គាំ​ទ្រ​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​​ ភា​ ថ្លែង​ថា​៖​ «​ប៉ុន្តែ​ខ្ញុំ​គិតថា​ វា​ជា​រឿង​មិន​សូវ​ចាំបាច់​ទេ​ មែន​ទែន​ទៅ​ព្រោះ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​មិន​ចាំ​បាច់​អី​ទៅ​សាក​កម្លាំង​នយោ​បាយ​ជា​មួយ​ពួក​អតីត​ប្រឆាំង​នោះ​ទេ​ ព្រោះ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​កាន់​អំណាច​ទាំង​មូល​ ហើយ​​តាម​រយៈ​ការ​បោះ​ឆ្នោត​​ខែ​កក្កដា​ឆ្នាំ ២​០១៨​​ គឺ​​ប្រជា​ពល​រដ្ឋ​បាន​គាំ​ទ្រ​ CPP ​១០០% ​នៃ​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា ​មាន​ន័យ​ថា​ប្រជាជន​កម្ពុជា​គាំទ្រ​អស់​ហើយ​អ៊ី​ចឹង​ទេ ការ​ហូប​នំបញ្ចុក​នេះ​ ​ជា​ការ​ហូប​កម្សាន្ត​ទេ»៕