ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បញ្ជា​ឲ្យ​មន្ត្រី​នៅ​​ថ្នាក់ក្រោម​ជាតិ រួមគ្នា​ទប់ស្កាត់​បញ្ហា​អសន្តិសុខ​នៅក្នុង​ភូមិ​ស្រប​តាម​ពាក្យស្លោក​ភូមិ​ឃុំ​មាន​សុវត្ថិភាព ខណៈ​លោកចាត់ទុកថា ការធ្វើឲ្យ​ភូមិ​ឃុំ​មាន​សុខ​សុវត្ថិភាព​ពិតប្រាកដ​ គឺជា​មូលដ្ឋានគ្រឹះ​ដែល​អាច​ឲ្យ​គណបក្ស​កាន់​អំណាច​រក្សា​បាន​នូវ​ប្រជាប្រិយភាព​។

ការថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​ពិធី​បិទសន្និបាត​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​ ២០ ​ខែ​កុម្ភៈ​ស្រប​ពេលដែល​ក្រសួងមហាផ្ទៃ​ដាក់​ទិសដៅ​បន្ថែម ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការអនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​ ២០២០ នេះ​សម្រេច​បាន​ជោគជ័យ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ការធ្វើ​បែប​នេះ​នឹង​ធ្វើឲ្យ​បញ្ហា​នៅ​ភូមិ​សង្កាត់​នីមួយៗ​អស់​បញ្ហា​ប្រឈម​ហើយ​វា​ក៏​​ជា​យុទ្ធសាស្ត្រ​ក្នុង​ការទាក់ទាញ​ប្រជាប្រិយភាព​ដ៏ល្អ​មួយ​សម្រាប់​គណបក្ស​កាន់​អំណាច​ផងដែរ​ដោយ​នឹង​ទទួល​បាន​ការជឿទុកចិត្ត​ពី​ពលរដ្ឋ មិន​ថា អ្នកគាំទ្រ ឬ​មិន​គាំទ្រ ព្រោះ​នៅពេល​ដែល​គណបក្ស​ប្រជាជន​កាន់អំណាច គឺ​សន្តិភាព សុវត្ថិភាព​ត្រូវបាន​ធានា​។

លោក​ថ្លែងថា​៖ «​ការដាក់ចេញ​ជា​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព គឺជា​គោលនយោបាយ​ត្រឹមត្រូវ ប៉ុន្តែ​នៅ​ខ្វះ​គឺ​នៅត្រង់​ថា យើង​មិនបាន​ក្តាប់​ជាប់​នូវ​គន្លឹះ ហើយ​យើង​ងាក​ទៅ​ឆ្វេង​បន្តិច ងាក​ទៅ​ស្តាំ​បន្តិច ឬ​ហៅថា​ចាប់​នេះ​ចាប់​នោះ មិន​ឆ្ពោះ​ទៅណា​។ នៅពេល​ដែល​យើង​ជជែក​វែកញែក ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​រក​វិធី​ដោះស្រាយ​បញ្ហា​នោះ វា​នឹង​លេច​ឡើង​នូវ​មតិ​របស់​ប្រជាពលរដ្ឋ តើ​គួរ​ធ្វើ​បែប​ណា​? តើ​ពលរដ្ឋ​គួរ​ចូលរួម​ជាមួយ​យើង​? បើ​គាត់​មិន​សហការ​ជាមួយ​យើង​ទេ សុវត្ថិភាព​របស់​ពួកគាត់ ក៏​មិន​ត្រូវបាន​ធានា យើង​ក៏​អនុវត្ត​នូវ​កិច្ចការ​របស់​យើង​មិន​បាន​ដែរ​។ ទាល់​តែមាន​ទំនាក់ទំនង​ជាមួយគ្នា​ដែល​អាច​ដោះស្រាយ​បាន​នូវ​បញ្ហា​»​។

លោក​រំឭក​ពី​វិធានការ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដោយ​គ្មាន​បញ្ហា​គ្រឿងញៀន​ និង​ឧក្រិដ្ឋកម្ម​នានា​នេះ​ស្រប​ពេល​ដែល​លោក​ទទួល​ស្គាល់​ថា​កន្លែង​ដែល​នាំ​ឲ្យ​កើត​មាន​ឧក្រិដ្ឋកម្ម បញ្ហា​គ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សា គឺ​​តែងតែ​កើតមាន​នៅក្នុង​ភូមិ សង្កាត់ ជា​កន្លែង​ដែល​ប្រជាពលរដ្ឋ​រស់នៅ ដូច្នេះ​បើ​គ្មាន​ការចូលរួម និង​ចាត់វិធានការ​ឲ្យ​ចំ​គោលដៅ​នោះទេ បញ្ហា​ទាំង​នេះ​នឹង​មិនអាច​ដោះស្រាយ​បាន​នោះទេ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​សុំ​ឲ្យ​យកចិត្ត​ទុកដាក់​ទៅ​លើ​បញ្ហា​នេះ​តទៅ​ទៀត ព្រោះ​កុំឲ្យ​មាន​ឧក្រិដ្ឋកម្ម​គ្របដណ្តប់​ទៅលើ​បញ្ហា​ដែល​ប្រជាជន​កំពុង​ទទួលបាន​នូវ​សេចក្តី​សុខ​មាន​សុវត្ថិភាព ព្រោះ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​គឺមាន​សារៈសំខាន់​បើ​ពួកគាត់​ទុកចិត្ត នៅពេល​ណា​គណបក្ស​ប្រជាជន​កាន់អំណាច​សុវត្ថិភាព​របស់​ពួកគាត់​ត្រូវ​បាន​ធានា​បើ​ទោះ​ជា​ក្រីក្រ​បន្តិច​មែន​ប៉ុន្តែ​សុវត្ថិភាព​ត្រូវ​ធានា​ដែល​ត្រង់​នេះហើយ​ដែល​យើង​ត្រូវ​ប្រឹង​បន្តទៀត​»​។

តាមការស្ទង់មតិ​នៅ​ឆ្នាំ​ ២០១៩ ដែល​បានបង្ហាញ​នៅក្នុង​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ប្រមាណ​ ៨៤ ​ភាគរយ​បានបង្ហាញ​ពី​ភាពជឿជាក់​របស់​ពួកគេ​មកលើ​កម្លាំង​មាន​សមត្ថកិច្ច និង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​នៅក្នុង​ភូមិ សង្កាត់​របស់​ពួកគេ​ក្នុង​អត្រា​ ៨១,១ ​ភាគរយ​។

លោក ហ៊ុន សែន រំពឹង​ថា​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​នឹង​មិន​បាត់បង់​ទៅណា​នោះ​ទេ ប្រសិន​បើ​នៅតែ​អាច​រក្សា​បាន​នូវ​សុខ​សុវត្ថិភាព​នៅក្នុង​ភូមិសង្កាត់​ទូទាំង​ប្រទេស​។

លោក​ មាស នី អ្នកវិភាគ​បញ្ហា​សង្គម​បាន​ថ្លែងថា ការដែល​ធ្វើឲ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​គឺជា​រឿង​មួយ​ដែល​រដ្ឋាភិបាល គួរ​ធ្វើ​យូរណាស់​មកហើយ​។ ប៉ុន្តែ​លោក​ថា ការអនុវត្ត​យន្តការ​នេះ​ក៏​នៅតែ​មិន​ទាន់​ហួសពេល​នោះដែរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​រស់នៅ​ដោយ​គ្មាន​ការភ័យ​​ខ្លាច​៕