ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនផ្ដាសាយបក្សី (A/H5N1) ពីប្រទេសវៀតណាម ខណៈជំងឺនេះត្រូវបានគេរកឃើញផ្ទុះឡើងនៅភាគខាងត្បូងវៀតណាម។
នៅក្នុងពិធីចែកសញ្ញាបត្រដល់គរុសិស្ស និងនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកម្សិលមិញលោក ហ៊ុន សែន បានលើកឡើងថា ជំងឺគ្រុនផ្ដាសាយបក្សីអាចនឹងធ្វើឱ្យពលរដ្ឋវៀតណាមនាំគ្នាបង្ខំចិត្តបញ្ជូនមាន់មកលក់ឱ្យប្រទេសកម្ពុជា ដើម្បីបញ្ចៀសកុំឱ្យមានការសម្លាប់មាន់ពួកគេ ដោយអាជ្ញាធរវៀតណាម។ លោកព្រួយបារម្ភថា ប្រសិនបើមានបញ្ជូនមាន់ពីវៀតណាមចូលកម្ពុជា នៅពេលនេះនឹងអាចនាំជំងឺឆ្លងផ្ដាសាយបក្សីចូលមកកម្ពុជា ដែលលោកថាត្រូវតែប្រុងប្រយ័ត្នឱ្យបានមុន។
លោកថ្លែងថា៖ «ខ្ញុំទទួលបានព័ត៌មានជំងឺគ្រុនផ្ដាសាយបក្សីនៅវៀតណាម ចាប់ផ្ដើមផ្ទុះនៅភាគខាងត្បូងវៀតណាម។ អ៊ីចឹងទេ! (ក្រសួងកសិកម្ម) ត្រូវយកវិធានការប្រយ័ត្នប្រយែង។ អ៊ីចឹង! បានថាវាទៅវាមកៗដោយសារបញ្ហាការប្រែប្រួលអាកាសធាតុនេះឯង។ ជំងឺគ្រុនផ្ដាសាយបានឆ្លងរាលដាលនៅភាគខាងត្បូងវៀតណាម»។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម ( Vietnam News Agency) បានចុះផ្សាយនៅថ្ងៃទី ១៧ ខែកុម្ភៈ ថា ការផ្ទុះឡើងជំងឺផ្ដាសាយបក្សី A/H5N1 ត្រូវបានគេរកឃើញនៅខេត្តត្រាវិញ (Tra Vinh) ភាគខាងត្បូងនៃប្រទេស វៀតណាម។ មន្ទីរសុខភាពសត្វ និងបសុសត្វខេត្តនេះរាយការណ៍ថា សត្វមាន់ដែលចិញ្ចឹមដោយពលរដ្ឋចំនួន ២ គ្រួសារត្រូវបានធ្វើតេស្ដវិជ្ជមានជាមួយជំងឺផ្ដាសាយបក្សីនេះ និងមានសត្វមាន់ប្រហែល ១ ពាន់ក្បាលត្រូវបានសម្លាប់។
នៅក្នុងឆ្នាំ ២០២០ ប្រទេស វៀតណាម បានប្រកាសពីការផ្ទុះឡើងជំងឺផ្ដាសាយបក្សីចំនួន ១៦ លើកក្នុងនោះ A/H5N6 ចំនួន ១៤ លើក និង A/H5N1 ចំនួន ២ លើក ខណៈសត្វមាន់ដែលងាប់ និងសម្លាប់កើនដល់ជាង ៥៥ ០០០ ក្បាល។
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានថ្លែងកាលពីម្សិលមិញថា លោក វេង សាខុន បានទូរស័ព្ទប្រាប់មកលោកភ្លាម បន្ទាប់ពីទទួលបានអនុសាសន៍ពីលោក ហ៊ុន សែន ឱ្យចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនផ្ដាសាយបក្សីនេះ។
លោកបន្តថា នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំដែលមានការចូលរួមពីមន្ត្រីពេទ្យសត្វ និងប្រធានមន្ទីរគ្រប់ខេត្តក្រុងកាលពីថ្ងៃម្សិលមិញគឺលោកបានណែនាំបន្ទាន់មួយ ឱ្យពង្រឹងវិធានការទប់ស្កាត់ការនាំចូលបក្សីពីប្រទេសវៀតណាម។
លោកបន្តថា ក្រសួងនឹងចេញលិខិតណែនាំមួយបន្ថែមទៀត ដើម្បីបញ្ឈប់ការនាំចូលមាន់ទាំងស្រុងពីប្រទេសវៀតណាមចាប់ពីពេលនេះតទៅ ទាំងមាន់មានច្បាប់ និងអត់ច្បាប់អនុញ្ញាតរហូតទាល់តែមានសេចក្ដីណែនាំថ្មី។
លោកថា៖ «មន្ត្រីពេទ្យសត្វនៅវៀតណាមក៏ដូចជាមន្ត្រីពេទ្យសត្វនៅកម្ពុជាយើងដែរ ព្រោះយើងស្ថិតនៅក្រោមដំបូលអង្គការពេទ្យសត្វពិភពលោក។ អ៊ីចឹង! នៅពេលផ្ទុះជំងឺ យើងធ្វើសេចក្ដីប្រកាសមួយថា កន្លែងណាគឺជាតំបន់ផ្ទុះជំងឺ ប៉ុន្តែនៅពេលជំនាញចុះទៅធ្វើតេស្ដម្ដងទៀត និងតាមដានម្ដងទៀត ថានៅកន្លែងនេះលែងមាន។ អ៊ីចឹង! ខាងវៀតណាមនឹងធ្វើសេចក្ដីប្រកាសមួយដោយរំសាយតំបន់នោះលែងផ្ទុះជំងឺ។ នៅពេលវៀតណាមប្រកាសលែងមានផ្ទុះជំងឺ អ៊ីចឹង! យើងអាចដំណើរការធម្មតាឡើងវិញបាន»។
ទោះជាយ៉ាងណាលោកបន្ថែមថា កម្ពុជាបាននាំចូលសត្វមាន់ពីប្រទេសវៀតណាមគឺមានចំនួនតិចតួចប៉ុណ្ណោះ ហើយមួយរយៈចុងក្រោយនេះ ស្ទើរតែមិនមានការនាំចូលនោះទេ។ លោកបញ្ជាក់ថា ភាគច្រើនគឺកម្ពុជានាំចូលសត្វមាន់ពីប្រទេសថៃ ដើម្បីបង្គ្រប់តម្រូវការនៅក្នុងប្រទេសដែលក្នុងមួយថ្ងៃគឺនាំចូលប្រហែល ១ ម៉ឺន ៦ ពាន់ក្បាល៕