កោះកុងៈ ក្រោយពី​មាន​ការរិះគន់​ជា​ហូរហែ​ទៅ​លើ​បញ្ហា​សន្តិសុខ និង​បរិស្ថាន​កខ្វក់​ដែល​អាច​នឹង​គំរាម​កំហែង​ដល់​តំបន់​ឆ្នេរ​ក្នុង​ខេត្ត​ព្រះសីហនុ​មួយ​រយៈ​ចុងក្រោយ​នេះ​លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ជា​សាធារណៈ​ឲ្យ​អាជ្ញាធរ​ខេត្ត​មួយ​នេះ​ត្រូវ​ស្ដារ​កិត្តិនាម​ដោយ​បង្ក្រាប​រាល់​សកម្មភាព​នានា​ដែល​បាន​ប្រឆាំង​នឹង​ច្បាប់​រដ្ឋ​។

នៅក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ក្នុង​ខេត្ត​កោះកុង​កាលពី​ថ្ងៃទី​ ១៥ ខែ​ធ្នូ លោក​ ហ៊ុន សែន​បាន​ថ្លែង​ទៅកាន់​សាធារណជន​ថា​៖ «​ខេត្ត​ព្រះសីហនុ​ត្រូវ​តែ​ខិតខំ​ខ្លាំង​ជាងគេ ដើម្បី​ស្ដារ​នូវ​មុខមាត់ ហើយ​បង្ក្រាប​ឲ្យ​ខាន​តែ​បាន​ទៅ​លើ​ពួក​ល្មើស មិន​ថា​ពួក​ល្មើស​នោះ​មកពី​ណា​នោះ​ទេ ហើយ​ពាក់​ផ្កាយ​ប៉ុន្មាន ខ.ម (​ឬ​) មិន ខ.ម ខ្ញុំ​មិនដឹង ដឹង​តែ​អាណា​ខុស ត្រូវ​តែ​ដាក់​អាហ្នឹង​តែ​ម្ដង​ទៅ​កុំ​ឲ្យ​វា​ពិបាក​ពេក​។ ត្រូវ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ពួក​គ្រឿងញៀន និង​ពួក​ប្រព្រឹត្ដ​ខុសច្បាប់​ប្រើ​តំបន់​មាត់​សមុទ្រ​ធ្វើ​សកម្មភាព​។ ចំពោះ​កិច្ចការ​នេះ​ត្រូវ​ខិតខំ​ដោះស្រាយ ឲ្យ​ខាង​តែ​បាន​»​។

លោក​បាន​រំឭក​ថា ប៉ុន្មាន​ឆ្នាំ​មុន​មាន​ឧក្រិដ្ឋជន​ម្នាក់​បាន​ប្រព្រឹត្ដ​កំហុស​នៅ​ប្រទេស​រុស្ស៊ី រួច​រត់​មក​គេច​ខ្លួន​ធ្វើការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ដោយ​អាជ្ញាធរ​ខេត្ត​នេះ​គ្មាន​សកម្មភាព​សោះ រហូត​ដល់​នាយករដ្ឋមន្ត្រី​ចេញ​បញ្ជា​ផ្ទាល់​ទើប​ចាប់​បាន ក្រោយពី​រដ្ឋាភិបាល​រុស្ស៊ី​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ចាប់​ឧក្រិដ្ឋជន​នោះ​ដើម្បី​បញ្ជូន​ទៅ​កាន់​រុស្ស៊ី​វិញ​។

លោក​​ ហ៊ុន សែន ថ្លែង​ថា​៖ «​ធ្វើ​យ៉ាងណា​ត្រូវ​តែ​ប្រុងប្រយ័ត្ន កុំ​ឲ្យ​តំបន់​មាត់សមុទ្រ​របស់​យើង ក្លាយ​ទៅ​ជា​ជម្រក​នៃ​ក្រុម​គ្រឿងញៀន ឬ​ក្រុម​ប្រព្រឹត្ដ​ខុសច្បាប់ ហើយ​កាន់តែ​សំខាន់​ជាង​នេះ​កុំ​ឲ្យ​ក្រុម​ភេរវកម្ម​ដែល​រត់គេច​ពី​ដីគោក​មក​ជ្រក​កោន​នៅ​ដែនទឹក​របស់​យើង​ឲ្យ​សោះ​»​។

ជាមួយ​គ្នា​នេះ​ដែរ​លោក​ ហ៊ុន សែន បាន​អំពាវនាវ​ដល់​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​រួម​គ្នា​ថែរក្សា​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ឲ្យ​នៅ​គង់វង្ស​ដោយ​បាន​បញ្ជា​ទៅ​លោក​ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​លោក សាយ សំអាល់ រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន​ថា មិន​ត្រូវ​ឲ្យ​មាន​ការបង្ហូរទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ​ជា​ដាច់ខាត​ត្រូវ​មាន​ការខិតខំ​ការពារ​ឆ្នេរ ការពារ​ព្រៃ ការពារ​បរិស្ថាន​ធម្មជាតិ និង​ខិតខំ​ពន្លឿន​ការកសាង​កន្លែង​ចម្រោះ​ទឹក​កខ្វក់ ដោយ​មុន​ដំបូង​គឺ​ត្រូវ​ខិតខំ​ពន្លឿន​នៅ​ខេត្ត​ព្រះសីហនុ​។

លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «​ចំណុច​នេះ​ដែល​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ត្រូវ​បន្ដ​ភាពម៉ឺងម៉ាត់​ជាមួយ​នឹង​ឯកឧត្តម ថោង ខុន ដើម្បី​ធ្វើ​កិច្ចការងារ​នេះ​ជាមួយ​នឹង​បណ្ដា​ខេត្ត​ដែល​ជាប់​ពាក់ព័ន្ធ​។ ខ្ញុំ​បាន​ទទួល​របាយការណ៍​ពី​ឯកឧត្តម ជា សុផារ៉ា ហើយ​អំពី​ទុន​នានា​បន្ថែម ដើម្បី​ធ្វើ​លូ​បង្ហូរទឹក​នៅឯ​ខេត្ត​ព្រះសីហនុ​ត្រូវ​ខិតខំ​ជំរុញ​ការអនុវត្ត​គម្រោង​នេះ ក៏​ប៉ុន្ដែ​ខ្ញុំ​គិត​ថា​គម្រោង​បែប​នេះ​គ្រាន់តែ​ជា​បណ្ដោះអាសន្ន​ទេ តែ​យើង​ត្រូវ​ធ្វើ​គម្រោង​ធំ​ជាង​នេះ ដើម្បី​ធានា​ថា​ទឹកកខ្វក់​ទាំងអស់​មិន​ត្រូវ​បាន​បង្ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ​នៅពេល​អនាគត​។ ប្រសិន​បើ​យើង​អភិវឌ្ឍ​លើ​គោក​បែរ​ជា​បំផ្លាញ​នៅក្នុង​សមុទ្រ តើ​មាន​ន័យ​អ្វី​ទៀត​ទៅ​»​។

បញ្ហា​ដោយឡែក​មួយ​ទៀត​ដែល​រង​ការរិះគន់​ខ្លាំង​ផង​ដែរ​ពី​សាធារណជន​មួយ​ចំនួន​ទាក់ទង​នឹង​ការចាក់ដី​លុប​សមុទ្រ ហើយ​បញ្ហា​នេះ​លោក​នាយករដ្ឋមន្ដ្រី​បាន​ថ្លែង​ផង​ដែរ​ដោយ​ហាម​ចាក់ដី​ចូល​សមុទ្រ ប៉ុន្តែ​ក៏​មិនមែន​ហាមឃាត់​ទាំងអស់​នោះ​ទេ កន្លែង​ខ្លះ​ក៏​ត្រូវ​​មាន​ការ​អនុញ្ញាត​ឲ្យ​មាន​រៀបចំ​ថ្ម ដើម្បី​ទប់​រលក​បង្កើត​ជា​ឆ្នេរ​សម្រាប់​លេង​​កម្សាន្ដ​ដែរ​។

លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «​ហាម​ដាច់ខាត​នូវ​ការចាក់ដី​ចូល​ក្នុង​សមុទ្រ ដោយ​គ្មាន​ការអនុញ្ញាត​ចំណុច​នេះ​អស់​លោក​ត្រូវ​ធ្វើឲ្យ​ជាប់ ធ្វើ​ជា​ប្រចាំ ដោយ​មិន​អាច​ធ្វើការ​ធ្វេសប្រហែស​នោះ​ទេ​។ យើង​ចង់​បាន​ការអភិវឌ្ឍ​ហើយ ក៏ប៉ុន្ដែ​ការអភិវឌ្ឍ​ណា​មួយ​ដែល​យើង​មិន​អាច​គ្រប់គ្រង​បាន មិន​ត្រូវ​បណ្ដែតបណ្ដោយ​នោះទេ​។ ពាក្យ​ថា​ហាមឃាត់​ដាច់ខាត ការចាក់ដី​ចូល​ក្នុង​សមុទ្រ​ដែល​គ្មាន​ការអនុញ្ញាត ហេតុអ្វី​បាន​ចាំបាច់​ថា គ្មាន​ការអនុញ្ញាត​។ ការអភិវឌ្ឍ​តែង​មាន​ការចាក់ដី ឬ​ការចាក់​ថ្ម ដើម្បី​ធានា​ថា​តំបន់​ទាំង​នោះ សូម្បី​តែ​កំពង់ផែ​ក្រុង​ព្រះសីហនុ​... តាមរយៈ​កម្ចី​ពី​ជប៉ុន យើង​កំពុង​ជីក​ជម្រៅ​ទឹក​ឲ្យ​វា​ជ្រៅ ប៉ុន្ដែ​នៅ​ក្បែរ​កំពង់ផែ​យើង​ត្រូវ​រៀបចំ​ឲ្យ​មាន​របាំង​កុំ​ឲ្យ​រលក​បុក​ចូល​នៅ​តំបន់​ខ្លះ​ទៀត​ក៏​យើង​អាច​មាន​ករណី​ធ្វើ​ដូច​គ្នា ឆ្នេរ​របស់​យើង​មាន ប៉ុន្ដែ​ងូតទឹក​មិន​បាន ដោយសារ​រលក​ធំ​ពេក​អ៊ីចឹង​ដើម្បី​កាត់បន្ថយ​រលក យើង​ក៏​អាច​មាន​លទ្ធភាព​អនុញ្ញាត​ឲ្យ​មាន​ការ​បាំង​ថ្ម​ដើម្បី​ឲ្យ​រៀបចំ​ឲ្យ​មាន​របត់​ដែល​យើង​អាច​ឲ្យ​ប្រជាជន​ងូតទឹក​បាន​»​។

លោក​បាន​សង្កត់ធ្ងន់​ថា​៖ «​ខ្ញុំ​ចង់​យក​ឱកាស​នេះ​បញ្ជាក់​ថា កន្លែង​ដែល​មិន​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​ចាក់ ប៉ុន្ដែ​គេ​ចាក់ យើង​ត្រូវ​មាន​វិធានការ​ម៉ឺងម៉ាត់ ដាច់​ខាត​នៅ​ពេល​ខាងមុខ​នេះ​ហើយ​ក៏​ត្រូវ​មាន​ទោសទណ្ឌ​ដែរ​។ ប្រសិន​បើ​ត្រូវការ​វិសោធនកម្ម​ច្បាប់ និង​បន្ថែម​ច្បាប់ ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​ដាក់​ទោស​ទណ្ឌ ជាមួយ​អ្នក​ដែល​បំពាន​ទៅ​លើ​ការចាក់ដី​ទៅ​ក្នុង​សមុទ្រ​ដោយ​គ្មាន​ការអនុញ្ញាត​»​។

តាមរយៈ​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ដែល​បាន​សរសេរ​នា​ថ្ងៃ​អាទិត្យ​ទី​ ១៦ ខែ​ធ្នូ​នេះ​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កូនក្មួយ​យុវជន អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ចូលរួម​ថែរក្សា​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ឲ្យ​នៅ​ស្រស់ស្អាត​គង់វង្ស​បានល្អ​សម្រាប់​ពលរដ្ឋ​យើង​គ្រប់​ជំនាន់ និង​ដើម្បី​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ឡើង ដើម្បី​ពលរដ្ឋ​យើង​សម្បូរ​ការងារ​ធ្វើ និង​ប្រទេស​ជាតិ​រីកចម្រើន​»​។

លោក យន្ដ មីន អភិបាលខេត្ដ​ព្រះសីហនុ​បាន​ថ្លែង​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ដោយ​ទទួល​ស្គាល់​ដែរ​ថា ពេល​កន្លង​មក​មាន​ការ​ទើសទាល់​ចំពោះ​ការ​អនុវត្ដ​ការងារ​មួយ​ចំនួន​នៅក្នុង​ខេត្ដ​នេះ​ផង​ដែរ​។

លោក​បាន​ថ្លែង​ថា​៖ «​ព្រោះ​កន្លង​មក​ពេល​ខ្លះ​វា​ទើស​ដែរ​ហ្នឹង ទើស​មុខ​ទើស​ក្រោយៗ​ដល់​ពេល​សម្ដេច​លោក​មាន​ប្រសាសន៍​មក​អ៊ីចឹង​កាន់តែ​មាន​កម្លាំង ហើយ​អ្នក​ដែល​ប្រព្រឹត្ដ​បទល្មើស​គាត់​កាន់​តែ​យោគយល់​ហើយ ចំណែក​ខេត្ដ​កាន់តែ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អនុវត្ដ​នូវ​ប្រសាសន៍​របស់​សម្ដេច​ក៏​ដូចជា លើក​មុខ​លើក​មាត់ លើក​សណ្ដាប់ធ្នាប់​ខេត្ដ​ឲ្យ​បាន​រឹតតែ​ល្អ​ថែម​ទៀត​»​។

លោក​បន្ថែម​ថា​៖ «​កន្លង​មក​ចេះ​តែ​មាន​អ្នកនេះ អ្នកនោះ ចេះ​តែ​មក​ធ្វើ​បញ្ហា​នៅក្នុង​ខេត្ដ ហើយ​យើង​ក៏​បាន​តឹងតែង​មក​យូរ​ដែរ​ហើយ​ក្នុង​ ២-៣ ​ខែ​កន្លង​មក​នេះ​គឺ​យើង​បាន​ប្រើ​វិធានការ​តឹងតែង​រួចហើយ ឥឡូវ​យប់​មិញ​សម្ដេច​បាន​រំឭក​ប៉ុណ្ណឹង​ទៀត​កាន់តែ​មាន​កម្លាំង ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​បងប្អូន​អ្នក​ដែល​មាន​សកម្មភាព​មិន​ល្អ​ក្នុង​ខេត្ដ​ខ្ញុំ​នឹង​ដកថយ​ទៅ កុំ​ឲ្យ​វា​ពិបាក​ដល់​ខេត្ដ​ទាន់ ព្រោះ​អី​នេះ​ជា​វិធានការ​រួម​របស់​រដ្ឋាភិបាល ហើយ​ខេត្ដ​ត្រូវ​តែ​ធ្វើ​ហើយ ទោះបី​យ៉ាង​ម៉េច​ក៏​ខេត្ដ​ត្រូវ​តែ​ធ្វើ​ដែរ អត់​អាច​ទុក​ឲ្យ​អ៊ីចឹង​បាន​ទេ​»​។

លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) បាន​គាំទ្រ​ចំពោះ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ចំពោះ​ការ​ឲ្យ​ខេត្ដ​ព្រះសីហនុ​ស្ដារ​មុខមាត់​ខេត្ដ និង​ហាមឃាត់​ដាច់ខាត​ចំពោះ​ជនល្មើស​ចាក់ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​នេះ​។

លោក សុខុម ថ្លែង​ថា​៖ «​តាម​ការលើកឡើង​របស់​សម្ដេច​នេះ​អាជ្ញាធរ​ខេត្ដ​គួរតែ​យក​ចិត្ដ​ទុកដាក់​មាន​ចំណាត់ការ​លើ​ជន​ដែល​ប្រព្រឹត្ដ​ល្មើស ពិសេស​ជន​ដែល​បាន​ចាក់ដី​លុប​សមុទ្រ​ដោយ​មិន​មាន​ច្បាប់​ដែល​ជា​សម្បត្ដិ​សាធារណៈ​របស់​រដ្ឋ​នោះ​ទៅ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​»​។

លោក សុខុម បាន​ថ្លែង​ដោយ​អះអាង​បន្ត​ថា​៖ «​មាន​ប្រសាសន៍​ (​លោក​នាយក​រដ្ឋមន្ត្រី​) ​កាលពី​ម្សិលមិញ​នេះ យើង​ឃើញ​ថា​លោក​កាន់តែ​រឹតបន្តឹង​ចំពោះ​ផ្លូវ​ច្បាប់​ឲ្យ​បាន​រឹងមាំ ដើម្បី​កុំ​ឲ្យ​បុគ្គល​មួយ​ចំនួន​ទៅ​ចាក់ដី​លុប​សមុទ្រ​ជា​បន្ដ​ទៀត​»៕