បន្ទាយមានជ័យៈ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាឱ្យលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាត់តាំងគណៈកម្មការស្រាវជ្រាវបន្ទាន់លើបញ្ហាដែលថា មានមនុស្សម្នាក់ក្នុងចំណោម ៥ នាក់បានស្លាប់ដោយសារការធ្វើទារុណកម្ម នៅឯខេត្ដបន្ទាយមានជ័យ បន្ទាប់ពីមានការចាប់ឃុំខ្លួនពាក់ព័ន្ធនឹងរឿងវិវាទដីធ្លីកាលពីថ្ងៃទី ១ ខែមករា។
លោកនាយករដ្ឋមន្ដ្រីបានចេញបញ្ជាបែបនេះ ខណៈដែលលោកជួបជាមួយអ្នកសារព័ត៌មានលើកទី ៤ កាលពីល្ងាចថ្ងៃទី ១៤ ខែមករា នៅពេលលោកថ្លែងដល់ចំណុចសំណូមពរឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយពីអំពើអសកម្មនានាក្នុងសង្គម និងអំពើពុករលួយផ្សេងៗ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់កម្ពុជា។ លោកថា អ្នកសារព័ត៌មានត្រូវហ៊ានបង្ហាញការពិត។
លោកបញ្ជាក់ថា៖ «យើងអត់ខ្លាចទៅលើបញ្ហានេះទេ។ ឥឡូវករណីលេចឡើង ខ្ញុំបានបញ្ជាទៅ កែវ រ៉េមី ខ្ញុំបានបញ្ជាទៅ សៅ សុខា ឱ្យចាត់តាំង គណៈកម្មការស្រាវជ្រាវបន្ទាន់លើបញ្ហាថា មានមនុស្សស្លាប់នៅឯខេត្ដបន្ទាយមានជ័យ ដោយសារការធ្វើទារុណកម្ម។ ប្រសិនបើយ៉ាងដូច្នោះមែន អ្នកដែលធ្វើឱ្យគេរបួសស្នាមរហូតដល់ស្លាប់ ត្រូវតែចាប់យកមកផ្ដន្ទាទោសឱ្យខាងតែបានដោយមិនមានការអត់ឱនទេ»។
លោក ហ៊ុន សែន បញ្ជាក់ថា ការណ៍ដែលលោកថ្លែងបែបនេះព្រោះមិនអាចទទួលយកអំពើអយុត្ដិធម៌បែបនេះបាននោះទេ ប្រសិនបើមានករណីបែបនេះកើតឡើងមែន។
លោកបន្ថែមថា៖ «ខ្ញុំបានជម្រាបហើយថា រឿងរ៉ាវជម្លោះដីធ្លីមិនត្រូវបានទទួលនូវការឃុំខ្លួនទេ។ ពិតមែនហើយខ្ញុំនិយាយត្រឹមតែបញ្ហាជម្លោះដីធ្លីទេ តែមិនមែននិយាយអំពីបញ្ហាព្រហ្មទណ្ឌទេ។ អ្នកខ្លះបង្កើតបញ្ហាព្រហ្មទណ្ឌគឺជារឿងមួយក៏ប៉ុន្ដែបើសិនករណីនោះពិត ព្រោះ សៅ សុខា បានបញ្ជាក់ហើយថាអនុវត្ដ។ ព្រោះខ្ញុំបានបញ្ជូនសារសំឡេងរបស់ កែវ រ៉េមី ហើយខ្ញុំក៏បញ្ជាក់សារសំឡេងនោះ (Forward) បញ្ជាក់ប្រាប់ទៅ កែវ រ៉េមី វិញឱ្យបញ្ជូនសំឡេងនោះទាំង ២ ឱ្យទៅ សៅ សុខា ហើយ សៅ សុខា ក៏បានបញ្ជាក់មកវិញ ធ្វើ។ ត្រូវតែចាប់អ្នកធ្វើទារុណកម្មគេនេះឱ្យបានហើយយកមកផ្ដន្ទាទោស។ យើងទទួលយកអត់បានទេ ចំណុចអស់ទាំងនេះ ហើយទៅមើលៗតើរឿងនេះជារឿងអ្វីពិតប្រាកដ»។
លោក ទុយ ស្រស់ តំណាងពលរដ្ឋមានទំនាស់ដីធ្លីនៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅបានស្លាប់កាលពីថ្ងៃទី ១ ខែមករា ក្រោយពេលមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ឃុំខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ និងបញ្ជូនបន្តទៅពន្ធនាគារខេត្តបាន ១ ថ្ងៃ ជនរងគ្រោះក៏បានស្លាប់តាមផ្លូវពេលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្ដបន្ទាយមានជ័យនៅថ្ងៃទី ១ ខែមករា។ នេះបើតាមលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។
លោក សៅ សុខា កាលពីថ្ងៃទី ១៣ ខែមករា បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយដើម្បីចុះធ្វើអធិការកិច្ចនូវបាតុភាពដែលបានកើតឡើង។
លោក សុខា បញ្ជាក់តាមរយៈសេចក្ដីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចនេះថា៖ «គណៈកម្មការមានភារកិច្ច ធ្វើអធិការកិច្ចនូវបាតុភាពដែលបានកើតឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យ។ ត្រួតពិនិត្យសកម្មភាពការងាររបស់នាយទាហាន កងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យក្នុងការប្រតិបត្ដិតួនាទីភារកិច្ច កងរាជអាវុធហត្ថ ការអនុវត្ដច្បាប់លក្ខន្ដិកៈទូទៅនៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ»។
លោកថា គណៈកម្មការនេះមានសិទ្ធិជួបពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងអង្គភាពដែលមានការពាក់ព័ន្ធ និងត្រូវចេញលិខិតអញ្ជើញនាយ នាយរង និងពលអាវុធហត្ថ ព្រមទាំងអ្នកដែលមានភារពាក់ព័ន្ធមកធ្វើការសាកសួរ បំភ្លឺ ដើម្បីស្រាវជ្រាវរកឱ្យឃើញការពិតជាក់ស្ដែង។
គណៈកម្មការប្រឆាំងអំពើទារុណកម្មថ្នាក់ជាតិក៏ចាប់ផ្ដើមចុះស្រាវជ្រាវរកយុត្តិធម៌ក្នុងសំណុំរឿងប្រជាពលរដ្ឋមានទំនាស់ដីធ្លីម្នាក់ស្លាប់ក្នុងពេលជាប់ឃុំនេះផងដែរ។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសថ្លែងកាលពីម្សិលមិញថា ក្រុមការងារគណៈកម្មការចំពោះកិច្ចបានចុះទៅធ្វើការស្រាវជ្រាវលើករណីបាតុភាពធ្វើទារុណកម្មរហូតមានមនុស្សស្លាប់នៅខេត្ដបន្ទាយមានជ័យនេះតាំងពីថ្ងៃទី ១៣ ខែមករាមកម្ល៉េះ។ លោកថ្លែងថា៖ «ពេលបញ្ចប់ការស្រាវជ្រាវយើងនឹងចេញរបាយការណ៍ពីករណីនេះហើយ»។
ជនរងគ្រោះ ៣ នាក់ក្នុងចំណោម ៥ នាក់ បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្ដបន្ទាយមានជ័យប្ដឹងលោក បោ ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យ និងបក្ខពួកពីបទហិង្សាដោយចេតនា និងអំពើឃោរឃៅអមនុស្សធម៌លើពួកគេរហូតបណ្ដាលឱ្យជនរងគ្រោះម្នាក់ឈ្មោះ ទុយ ស្រស់ បានស្លាប់។
លោក នូវ នឿន វ័យ ៦២ ឆ្នាំមានមុខរបរជាកសិករមានទីលំនៅក្នុងភូមិគីឡូម៉ែត្រលេខ ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ និងជាជនរងគ្រោះម្នាក់ក្នុងចំណោម ៥ នាក់ខាងលើបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា រឿងហេតុដំបូងពួកគាត់ទាំង ៥ នាក់បានទៅតវ៉ាលើបញ្ហាវិវាទដីធ្លីនៅក្បែរសាលាខេត្ដបន្ទាយមានជ័យកាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៩ ប៉ុន្ដែមិនមានការដោះស្រាយណាមួយពីអាជ្ញាធរនោះទេ បែរជាមានកម្លាំងកងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យជាង ៤០ នាក់មកដេញចាប់ វាយដំរហូតឈានដល់ចាប់ខ្លួនពួកលោកបញ្ចូលក្នុងឡានដឹកយកទៅវ៉ៃធ្វើទារុណកម្មនៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យ។
លោកអះអាងថា៖ «ពួកខ្ញុំមកតវ៉ារឿងដីធ្លី មិនមានការប្រើអំពើហិង្សាអ្វីទេ ក្នុងដៃមានត្រឹមបាយកញ្ចប់ដបទឹកសុទ្ធ ដោយសុំទាមទារឱ្យម្ចាស់ដីផ្ដល់សំណងដល់ពួកខ្ញុំ។ ក្រោយមកពួកខ្ញុំ កំពុងអង្គុយពិភាក្សាគ្នាម៉ោងប្រហែល ១ រសៀលថ្ងៃទី ២៨ ធ្នូ ២០១៩ ក៏មានកងកម្លាំងកងរាជអាវុធហត្ថខេត្តចាប់ពួកខ្ញុំទាំង ៥ នាក់ដាក់ខ្នោះ រុញចូលក្នុងឡានបានវាយតប់ធាក់ ពួកខ្ញុំតាំងពីនៅលើឡានរហូតដល់កងរាជអាវុធហត្ថខេត្ដគេក៏ធាក់ពួកខ្ញុំទម្លាក់ពីលើឡាន រួចទាត់ពួកខ្ញុំម្នាក់ ៣ ជើង និងវាយដោយដៃថែមទៀត ពួកខ្ញុំឈឺស្ទើរស្លាប់។ ដូចជារូបខ្ញុំ គេវាយរហូតរបូតធ្មេញឥឡូវសុខភាពខ្ញុំមានការលើសឈាម ញ័រដៃ ញ័រខ្លួន ហើយមិនដឹងទៅរកការព្យាបាលនៅឯណាទេ ព្រោះយើងអ្នកក្រគ្មានប្រាក់ ខ្វះខាតគ្រប់បែបយ៉ាង»។
លោក ស៊ុម ចាន់គា មន្ដ្រីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្ដបន្ទាយមានជ័យលើកឡើងថា ជាការល្អប្រសើរណាស់ដែលលោកនាយករដ្ឋមន្ត្រីបានយកចិត្ដទុកដាក់ចំពោះករណីធ្វើទារុណកម្មដល់ជនរងគ្រោះដោយអយុត្ដិធម៌រហូតបណ្ដាលឱ្យមនុស្សស្លាប់នេះ។ លោកស្នើឱ្យមន្ដ្រីពាក់ព័ន្ធ និងមន្ដ្រីថ្នាក់ក្រោមជាតិត្រូវពង្រឹងការអនុវត្ដច្បាប់ឱ្យមានតម្លាភាព កុំចាំរហូតមានបញ្ជាពីនាយករដ្ឋមន្ដ្រីទើបចាប់ផ្ដើមអនុវត្ដការងារ។
លោកថ្លែងថា៖ «ជនរងគ្រោះដែលត្រូវគេវាយធ្វើទារុណកម្ម ពួកគាត់នៅតែទាមទាររកយុត្ដិធម៌។ ក្រោយៗទៀតចំពោះការអនុវត្ដច្បាប់មន្ដ្រីខាងក្រោម មិនចាំបាច់ប្រមុខរាជរដ្ឋាភិបាលស្រែកទេ ចាប់ផ្ដើមធ្វើចាប់ផ្ដើមដឹងខ្លួនកុំទាល់តែមានកិច្ចអន្តរាគមន៍បានធ្វើ បើគ្មានអន្តរាគមន៍ប្រហែលជាទុករឿងចោលស្ងប់ទៅៗ ហើយលាបពណ៌ជនរងគ្រោះថា ជាក្រុមខាងនេះខាងនោះជាដើម។ ពេលនេះជនរងគ្រោះដែលនៅរស់ពួកគាត់កើតជំងឺបាក់ស្បាតក្រោយពីពួកគាត់ត្រូវគេធ្វើទារុណកម្មនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យ»៕