ភ្នំពេញៈ ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​នៅ​ប្រទេស​សិង្ហបុរី​កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​ «​កាន់តែ​ស្ថិតស្ថេរ​ជ្រាលជ្រៅ​» ​រវាង​អាស៊ាន និង​ចិន និង​បាន​ចាត់ទុក​ចិន​ជា​ «​ដៃគូ​យុទ្ធសាស្ត្រ​» ​ខណៈ​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang បាន​អំពាវនាវ​ឲ្យ​ «​កែលម្អ​ពាណិជ្ជកម្ម​សេរី​ឲ្យ​ប្រសើរ​ឡើង​»​។

ថ្លែង​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន‑ចិន​លើក​ទី ២១ ក្នុង​ទីក្រុង​សិង្ហបុរី​កាលពី​ថ្ងៃ​ពុធ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា​មេដឹកនាំ​អាស៊ាន​ទាំងអស់​ «​ស្វាគមន៍​កក់ក្តៅ​» ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី Li Keqiang និង​បាន​ហៅ​ចិន​ថា​ជា​ «​ដៃគូ​យុទ្ធសាស្ត្រ​» ​សម្រាប់​អាស៊ាន​។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ពុធ​។

លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ចំពោះ​មុខ​លោក Li និង​មេដឹកនាំ​អាស៊ាន​ដទៃៗ​ទៀត​ថា​៖ «​កម្ពុជា​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ចិន​គឺជា​ដៃគូ​យុទ្ធសាស្ត្រ​មួយ​មិន​អាច​ខ្វះ​បាន​របស់​អាស៊ាន ទោះ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ និង​បរិការណ៍​ណា​ក៏ដោយ ហើយ​សង្ឃឹម​ថា​ទំនាក់ទំនង​នេះ​នឹង​កាន់តែ​ស្ថិតស្ថេរ​ជ្រាលជ្រៅ​ក្នុង​ស្មារតី​តម្កល់​ផលប្រយោជន៍​រួម និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន​ជូន​ប្រជាជាតិ​ទាំងអស់​»​។

ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​នេះ​លោក​នាយករដ្ឋមន្ត្រី​ចិន Li Keqiang ក៏​បាន​អំពាវនាវ​ឲ្យ​អាស៊ាន​ធ្វើការ​ជាមួយ​គ្នា​ជាមួយ​ចិន​លើ​ពាណិជ្ជកម្ម​សេរី និង​ការរក្សា​សន្តិភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។ នេះ​បើ​យោង​តាម​ការរាយការណ៍​របស់​សារព័ត៌មាន Channel News Asia​។

លោក Li បាន​ថ្លែង​ថា​៖ «​ចិន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ធ្វើការងារ​ជាមួយ​ភាគី​ទាំងអស់ ដើម្បី​ពិភាក្សា​អំពី​របៀប​ដែល​យើង​អាច​កែលម្អ​ពាណិជ្ជកម្ម​សេរី​ និង​ធ្វើ​ឲ្យ​សកលលោក​មាន​សុខភាព​ប្រសើរ​ជាង​មុន​»​។

លោក​បន្ត​ថា​៖ «​យើង​ក៏​មាន​ឆន្ទៈ​ផង​ដែរ​ក្នុង​ការ​ធ្វើការ​ជាមួយ​អ្នក​ដទៃៗ​ស្តីពី​របៀប​ដែល​យើង​អាច​ធ្វើឲ្យ​ពាណិជ្ជកម្ម​មាន​លក្ខណៈ​ស្មើភាព​ជាង​មុន ដើម្បី​ឲ្យ​ពាណិជ្ជកម្ម​សេរី​ទទួល​បាន​ភាពរឹងមាំ​ខ្លាំង​ជាង​មុន​ និង​រីកចម្រើន​នៅ​កម្រិត​ខ្ពស់​ជាង​មុន​។ យើង​ត្រូវ​ការបញ្ជូនសារ​រឹងមាំ​មួយ​ជា​អន្តរជាតិ​»​។

ក្រៅពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​‑​ចិន​កាលពី​ម្សិលមិញ​លោក ហ៊ុន សែន ក៏​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ក្រៅ​ផ្លូវការ​អាស៊ាន​‑​អូស្ត្រាលី និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​‑​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​ ២០ ផង​ដែរ​។

នៅ​មុន​ពេល​ចាកចេញ​ទៅ​ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃ​អង្គារ​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា កិច្ចប្រជុំ​កំពូល និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​មាន​សារៈសំខាន់​ណាស់​សម្រាប់​មេដឹកនាំ​ដើម្បី​ពិភាក្សា «​បញ្ហា​ប្រឈម និង​ស្វែងរក​វិធី​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​»​។ នេះ​បើ​យោង​តាម​ការរាយការណ៍​របស់​សារព័ត៌មាន Xinhua News កាលពី​ថ្ងៃ​អង្គារ​។

លោក ស្រ៊ី ថាមរុង្គ បាន​ថ្លែង​ថា​មេដឹកនាំ​នៅ​កិច្ចប្រជុំ​កំពូល​នឹង​ពិភាក្សា​បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការបំពុល​បរិស្ថាន​បទល្មើស​តាម​អនឡាញ និង​ការ​វាយប្រហារ​ភេរវកម្ម​។

នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សិង្ហបុរី លី ស៊ានឡុង បាន​ថ្លែង​ក្នុង​អំឡុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ថា «​ការគំរាម​កំហែង​» ​ឆ្លងដែន​ និង​មិន​ឆ្លង​ដែន​រួមទាំង​ភេរវកម្ម​ និង​ការប្រែប្រួល​អាកាសធាតុ​អាច​នឹង​ទំនង​ជា​កើតឡើង​។

លោក លី បន្ត​ថា​៖ «​ភេរវកម្ម​មិនមែន​ត្រឹម​តែ​ជា​បញ្ហា​សន្តិសុខ​រូបវន្ត​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ការគំរាមកំហែង​ធ្ងន់ធ្ងរ​មួយ​ដល់​បណ្តា​ប្រទេស​អាស៊ាន​នានា​ផង​ដែរ​។ ការប្រែប្រួល​អាកាសធាតុ​កំពុង​ធ្វើឲ្យ​បណ្តា​ប្រទេស​អាស៊ាន​ងាយ​រងគ្រោះ​ចំពោះ​កម្រិត​ទឹកសមុទ្រ​កើនឡើង ដោយសារ​ឆ្នេរសមុទ្រ​វែង និង​តំបន់​ទំនាប​»​។

វា​មិន​ច្បាស់​ទេ​ថា តើ​មេដឹកនាំ​អាស៊ាន​នឹង​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅក្នុង​តំបន់​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែរ​ឬ​យ៉ាង​ណា​។

ពី​មុន​កិច្ចប្រជុំ​កំពូល​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស​ (APHR) បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​នៃ​រដ្ឋ​សមាជិក​អាស៊ាន​ «​ដាក់​សម្ពាធ​» ​លោក ហ៊ុន សែន លើ​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​។ លោក Charles Santiago ប្រធាន​គណៈកម្មាធិការ APHR និង​ជា​តំណាងរាស្ត្រ​ម៉ាឡេស៊ី​ថ្លែង​ថា សិទ្ធិមនុស្ស​កំពុង​ស្ថិត​ «​ក្រោម​ការ​គំរាម​កំហែង​» ​ទូទាំង​អាស៊ីអាគ្នេយ៍ ហើយ​គោលការណ៍​មិន​ជ្រៀតជ្រែក​មាន​ន័យ​ថា​ប្លុក​នេះ​ «​មិន​មាន​ឆន្ទៈ និង​មិន​អាច​» ​មាន​ជំហរ​មួយ​ប្រឆាំង​នឹង​ការរំលោភបំពាន​សិទ្ធិមនុស្ស​នោះ​ទេ​។

លោក មាស នី អ្នកវិភាគ​នយោបាយ​បាន​ថ្លែង​ថា​៖ «​បើ​គិត​ពី​ទិដ្ឋភាព​នយោបាយ ខ្ញុំ​មិន​រំពឹង​ថា​មាន​អ្វី​កើតឡើង​ទេ ដោយសារ​តែ​ប្រទេស​អាស៊ាន គេ​មាន​គោលការណ៍​មួយ​គឺ​មិន​ធ្វើការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​នីមួយៗ​។ ដូច្នេះ​សម្រាប់​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​ខ្មែរ ខ្ញុំ​មិន​គិត​ថា អាច​មាន​សេចក្តី​ថ្លែងការណ៍​អ្វី​រិះគន់​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ទេ​»៕ PS