ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា មិនមានវត្តមានមូលដ្ឋានកងទ័ពបរទេស នៅលើទឹកដីកម្ពុជាទេ ព្រោះវារំលោភលើរដ្ឋធម្មនុញ្ញកម្ពុជា ហើយមិនមានភាពចាំបាច់ឡើយ ដែលនេះគឺជាការបញ្ជាក់បន្ថែមទៀត បន្ទាប់ពីមន្ត្រីក្រសួងការបរទេស និងក្រសួងការពារជាតិបានច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មានបរទេស។
កាលពីសប្តាហ៍មុនកាសែតភាសាអង់គ្លេសមួយនៅទីក្រុងហុងកុងបានចេញផ្សាយអត្ថបទមួយតាមអនឡាញដោយលើកឡើងថា ទំនងជាមានការសាងសង់មូលដ្ឋានទ័ពជើងទឹករបស់ចិននៅក្នុងខេត្តកោះកុង ឬតាមឆ្នេរនៃសមុទ្រកម្ពុជា។
កាសែតនេះបានអះអាងដោយយោងលើប្រភពការទូតថា មូលដ្ឋាននេះអាចមានទីតាំងនៅលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចិន UDG ដែលមានទំហំរហូតដល់ទៅ ៤៥ ០០០ ហិកតា។ ក៏ប៉ុន្តែព័ត៌មាននេះត្រូវបានមន្ត្រីជាន់ខ្ពស់ច្រានចោលរួចហើយកាលពីចុងសប្តាហ៍។
ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបានថ្លែងកាលពីម្សិលមិញនៅក្នុងកិច្ចប្រជុំទីស្តីការគណៈរដ្ឋមន្ត្រីថា កង្វល់រឿងមូលដ្ឋានកងទ័ពជើងទឹកចិននេះត្រូវបានលើកឡើងដោយអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence តាមរយៈលិខិតមួយដែលបានសរសេរមកលោក។ លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ជូនចំពោះបងប្អូនជនរួមជាតិក៏ដូចជាមិត្តបរទេសទាំងអស់ថា តើកម្ពុជាមានការចាំបាច់ដើម្បីនឹងរំលោភលើរដ្ឋធម្មនុញ្ញរបស់ខ្លួនឬទេ?»។ លោកថ្លែងរំឭកអំពីរដ្ឋធម្មនុញ្ញរបស់កម្ពុជាដែលចែងថា កម្ពុជាមិនអនុញ្ញាតឲ្យមានវត្តមានកងទ័ពបរទេសលើទឹកដីកម្ពុជាទេ ហើយកម្ពុជាក៏មិនអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួនមានវត្តមានលើទឹកដីបរទេសដែរ ក្រៅពីការចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។
លោកបានថ្លែងបន្តថា៖ «ហើយខ្ញុំនឹងឆ្លើយតបលិខិតរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីបញ្ជាក់ជំហររបស់កម្ពុជាទាក់ទងនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលហាមឃាត់នូវវត្តមានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសកម្ពុជា មិនថាជើងគោក ជើងទឹក ឬជើងអាកាសនោះទេ»។
លោកនាយករដ្ឋមន្ត្រីបានចោទសួរថា៖ «តើកម្ពុជាត្រូវការកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនដើម្បីអ្វីទៅ? តើកម្ពុជាត្រូវការច្បាំងជាមួយអ្នកណា? កម្ពុជាមានកម្លាំងគ្រប់គ្រាន់ ដើម្បីការពារឯករាជ្យ អធិបតេយ្យភាពរបស់ខ្លួនរួចទៅហើយ។ មិនមានការចាំបាច់ ដើម្បីដាក់កងទ័ពបរទេសមកជំនួយទេ។ ប្រសិនបើមានការត្រូវការណាមួយនោះក៏គ្មានការចាំបាច់ដើម្បីនឹងត្រូវអន្តរាគមន៍ដោយកងទ័ពបរទេសទេ»។
លោកក៏បានចោទសួរទៅលើចេតនានៃការផ្សាយព័ត៌មានខាងលើ និងបានសម្ដែងការសោកស្ដាយដែលព័ត៌មានមិនបានបង្ហោះភាពច្បាស់លាស់។ លោកនាយករដ្ឋមន្ត្រីថ្លែងថា កម្ពុជានឹងមិនមែនជាទីលានសាកល្បងមនោគមន៍វិជ្ជា ឬអាវុធនោះទេ។
លោកបញ្ជាក់ថា៖ «យើងបដិសេធដាច់ខាត ការប្រកួតប្រជែងខាងមនោគមន៍វិជ្ជា ដើម្បីបំបែកបំបាក់ខ្មែរ និងសម្លាប់ខ្មែរដូចកាលពីអតីតកាល។ យើងទាត់ចោលដាច់ខាតនូវការប្រកួតប្រជែងយកកម្ពុជាធ្វើជាទីលានសាកល្បងអាវុធរបស់ខ្លួន ឬលក់អាវុធរបស់ខ្លួនមកឲ្យកម្ពុជា»។
ទោះយ៉ាងណាលោកថា កម្ពុជានៅតែស្វាគមន៍ការធ្វើសមយុទ្ធយោធាជាមួយប្រទេសផ្សេងៗតាមការព្រមព្រៀងគ្នាដោយផ្ដោតលើការហ្វឹកហាត់សង្គ្រោះជនរងគ្រោះនៅក្នុងគ្រោះមហន្តរាយប្រឆាំងអំពើភេរវកម្ម ឬគ្រោះធម្មជាតិណាមួយដូចជាការជម្លៀសពលរដ្ឋ ការសង្គ្រោះពេលធ្លាក់យន្តហោះការសង្គ្រោះពេលលិចនាវា និងការមុជទឹករកអ្នកបាត់ខ្លួនជាដើម។ លោកស្នើឲ្យមិត្តភក្ដិបរទេសប្រកួតនៅកម្ពុជាលើវិស័យសេដ្ឋកិច្ច និងសង្គម។
លោក David Hutt ដែលជាអ្នកសរសេរព័ត៌មានរបស់ Asia Times ថ្លែងនៅលើទំព័រធ្វីធើររបស់លោកកាលពីម្សិលមិញថា លោកបានសរសេរព័ត៌មានដោយផ្អែកលើប្រភពការទូតដោយរំពឹងថាលោក Mike Pence នឹងលើកឡើងពីកង្វល់នេះជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកថា លោក Mike Pence ពិតជាបានលើកពីបញ្ហានេះមែន។
លោក David Hutt បញ្ជាក់ថា៖ «ព័ត៌មានរបស់យើងមិនបាននិយាយថាកងទ័ពបរទេសបានបោះទីតាំងនៅកម្ពុជារួចហើយទេ បើទោះជាមានការលើកឡើងខ្លះក្នុងអត្ថបទរបស់យើង។ ប៉ុន្តែបើយោងតាមព័ត៌មានផ្ដល់ឲ្យដោយប្រភពរបស់យើងបានឲ្យដឹងថា វាអាចនឹងកើតមានហើយទីតាំងដែលយើងបានរៀបរាប់អាចជាកន្លែងដែលវានឹងកើតឡើង»។
លោកបដិសេធថាអត្ថបទរបស់លោកមិនមែនដើម្បីញុះញង់ធ្វើឲ្យប៉ះពាល់ដល់កម្ពុជាទេ ប៉ុន្តែគ្រាន់តែលើកជាសំណួរអំពីអនាគតទំនាក់ទំនងរវាងចិន និងកម្ពុជាពាក់ព័ន្ធទៅនឹងអធិបតេយ្យភាពរបស់កម្ពុជាតែប៉ុណ្ណោះ៕