ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចូលរួម​ប្រកាស​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ​ ២០១៩ ដែល​បាន​រៀបចំ​ឡើង​នៅ​វិមាន​សន្ដិភាព​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​នេះ​។ កិច្ចប្រជុំ​កំពូល​លើក​ទី​ ២ ​នេះ​គឺ​មាន​ការចូលរួម​ពី​ប្រតិភូ​ជាង​ ៨៦០ ​នាក់​ មកពី​ ៤០ ​ប្រទេស និង​ធ្វើឡើង​ក្រោម​ប្រធានបទ​ «​ការឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​គន្លឹះ​នាពេល​បច្ចុប្បន្ន សន្ដិភាព ការផ្សះផ្សា​ជាតិ ការពឹងពាក់​គ្នា​ទៅវិញ​ទៅមក វិបុលភាព​ទៅវិញ​ទៅមក និង​គុណតម្លៃ​ជា​សកល​»​។

រដ្ឋាភិបាល​បានប្រកាស​ថា ក្នុង​ចំណោម​ប្រតិភូ​បរទេស​ទាំងនោះ​គឺ​មាន​មេដឹកនាំ​រដ្ឋាភិបាល សមាជិកសភា មេដឹកនាំ​ស្ដ្រី យុវជន និង​សាសនា រួមទាំង​តំណាង​សារព័ត៌មាន សាកល​វិទ្យាល័យ អង្គការ​សង្គមស៊ីវិល រួមទាំង​ពាណិជ្ជករ​។ បន្ទាប់ពី​លោក ហ៊ុន សែន ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​នោះ​ក៏​មាន​ការថ្លែង​សុន្ទរកថា​ជា​បន្តបន្ទាប់​ពី​ប្រធាន​សហស្ថាបនិក​អង្គការ​បណ្ដា​គណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP) លោក Jose de Venecia Jr និង​សុន្ទរកថា​ពី​សហស្ថាបនិក​សហព័ន្ធ​សន្ដិភាព​សកលលោក Hak Ja Han Moon​។

​ជាមួយ​គ្នា​នេះ​លោក U Henry Van Thio អនុ​ប្រធានាធិបតី​មីយ៉ាន់ម៉ា លោក Raynold Oilouch អនុប្រធានាធិបតី​រដ្ឋ​ប៉ាឡៅ​លោក Shirin Sharmin Chaudhury សមាជិក​សភា​ប្រទេស​បង់ក្លាដែស លោក Qasim Khan Suri អនុប្រធាន​សភា​ជាតិ​ប៉ាគីស្ថាន​លោក Jusuf Kalla អតីត​អនុប្រធានាធិបតី​ឥណ្ឌូនេស៊ី និង​លោក Kay Rala Xanana Gusmao អតីត​ប្រធានាធិបតី​ទីម័រ​ខាងកើត ក៏​ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា​នៅពេល​ព្រឹក​នោះដែរ ខណៈ​កិច្ចពិភាក្សា​ និង​កិច្ចប្រជុំ​ចំនួន​ ៤ ​ផ្សេង​ទៀត​ ត្រូវ​រៀបចំ​ធ្វើឡើង​នៅពេល​រសៀល ហើយ​សេចក្ដី​ថ្លែងការណ៍​នៃ​កិច្ចប្រជុំ​មួយថ្ងៃ​នេះ​នឹង​ប្រកាស​នៅ​យប់​ថ្ងៃ​ដដែល​ក្នុង​សណ្ឋាគារ​សុខា​។

ឈាន​ចូល​ថ្ងៃទី​ ២០ ខែ​វិច្ឆិកា កម្មវិធី​របស់​យុវជន និង​អ្នកតំណាង​សាសនា រួមមាន ពុទ្ធសាសនា គ្រិស្តសាសនា ខុងជឺ​សាសនា ហិណ្ឌូសាសនា និង​អ៊ិស្លាម​សាសនា ដើម្បី​ធ្វើ​បទបង្ហាញ​ស្ដីពី​ការកសាង​ជាតិ និង​សន្ដិភាព​ដែល​ត្រូវ​ជួបគ្នា​នៅពេល​ព្រឹក និង​កម្មវិធី​សម្ដែង​សិល្បៈ​វប្បធម៌​អាស៊ី ដើម្បី​សន្ដិភាព និង​ការអភិវឌ្ឍ​នៅពេល​រសៀល​ដែល​នឹង​ធ្វើ​ឡើង​នៅ​សាល​មហោស្រព​កោះពេជ្រ មុន​កម្មវិធី​ជប់លៀង​អាហារ​ពេល​ល្ងាច​នៅ​សណ្ឋាគារ​សុខា​ដើម្បី​ប្រកាស​បិទ​កម្មវិធី​។

លោក ឯក ថា អនុប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​ ២ ​នេះ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ម្សិលមិញ​ថា រដ្ឋាភិបាល​កម្ពុជា​ក៏បាន​អញ្ជើញ​ភ្ញៀវ​ជាតិ​ជាង​ ២០០ ​នាក់ ដើម្បី​ចូលរួម​កិច្ចប្រជុំ​នេះដែរ​។

លោក​បន្ត​ថា កិច្ចប្រជុំ​ប្រវត្តិសាស្ដ្រ​នេះ​គឺ​លើកឡើង​ពី​ផលវិជ្ជមាន​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ក្នុង​ការកសាង​សន្ដិភាព និង​ការផ្សះផ្សា​ជាតិ ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព វិបុលភាព និង​ការស្វែងរក​ការងារ​ដែល​ធ្វើ​ទៅ​បាន ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់​។

លោក​បន្ថែម​ថា ​កម្ពុជា​នឹង​មិន​អាច​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​ ២ ​នេះ​ឡើយ ប្រសិន​ណា​បើ​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​សង្គ្រាម​។ លោក​បញ្ជាក់​ថា​ សន្ដិភាព​ពេញលេញ ស្ថិរភាព​នយោបាយ គោលនយោបាយ​ការបរទេស​ដ៏រាក់ទាក់​របស់​ប្រទេស​កម្ពុជា​គឺ​បាន​ឆក់​បាន​បេះដូង​របស់​សហព័ន្ធ​សន្ដិភាព​សកល​ (UPF) និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​ប៉ាស៊ីហ្វិក ដើម្បី​អបអរ​ឱ្យ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ក្នុង​ឆ្នាំ​នេះ​។

លោក​ថា​៖ «​ប្រទេស​ កម្ពុជា​ បាន​ជួបប្រទះ​បទពិសោធ​អាក្រក់​ជិត​ ៤០ ​ឆ្នាំ ដោយសារ​សង្គ្រាម​ការបែកបាក់ និង​ការបំផ្លិចបំផ្លាញ ជាពិសេស​គឺ​វាលពិឃាត​របស់​ខ្មែរក្រហម​នៅ​ខែ​មេសា​ឆ្នាំ​ ១៩៧៥ ដល់​ថ្ងៃទី​ ៦ ​ខែ ​មករា ​ឆ្នាំ​ ១៩៧៩ ដែល​បាន​ធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​បាន​ស្លាប់ និង​ធ្វើឱ្យ​ប្រទេស​ទទួលរង​ការបំផ្លិចបំផ្លាញ​ដែល​ជា​បន្ទុក​ដ៏ធំ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ដើម្បី​ដោះស្រាយ​។ កម្ពុជា​នឹង​មិន​ជួប​នូវ​អតីតកាល​អាក្រក់​នោះ​ទៀត​ទេ​។ កម្ពុជា​ទទួល​បាន​សន្ដិភាព​ពេញលេញ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​»​។

លោក ហ៊ុន សែន បានប្រកាស​ដែរ​ថា នៅក្នុង​ឆ្នាំ​ ២០២០ ​ខាង​មុខ​នេះ​កម្ពុជា​ក៏​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​ដែល​ក្នុងនោះ​ក្រុម​មេដឹកនាំ​អឺរ៉ុប រួមទាំង មេដឹកនាំ​ក្នុង​តំបន់​សរុប​ ៥២ ​ប្រទេស​នឹង​មក​កម្ពុជា​៕