ភ្នំពេញៈ បន្ទាប់ពី​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ប្រមាណ​ជាង​ ១ ​ឆ្នាំ​នូវ​កម្មវិធី​រុករក​អដ្ឋិធាតុ​ឈ្លើយសឹក និង​ទាហាន​បាត់​ខ្លួន​ក្នុង​សង្គ្រាម​ក្រោយពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​រឹតត្បិត​ទិដ្ឋាការ​ប្រឆាំង​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ប្រកាស​យល់ព្រម​ចាប់ផ្តើម​ឲ្យ​មាន​ការ​រុករក​អដ្ឋិធាតុ​ជាថ្មី ទោះបី​ការ​រឹតត្បិត​ទិដ្ឋាការ​នៅ​មាន​សុពលភាព​នៅ​ឡើយ​ក្តី​។

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន បាន​ចាត់ទុក​កាយវិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បន្ត​ប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នេះ​ថា បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​មនុស្សធម៌ និង​ការគោរព​សិទ្ធិ​មនុស្ស​របស់​កម្ពុជា​។

លោក​នាយក​រដ្ឋមន្ត្រី​ធ្លាប់​អះអាង​ថា មាន​ទាហាន​អាមេរិក​ជាង​ ៨០ នាក់​បាន​បាត់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​អំឡុង​សម័យ​សង្គ្រាម​វៀតណាម ហើយ​ជាង​ពាក់​កណ្ដាល​ត្រូវ​បាន​គេ​រកឃើញ​គិត​មក​ដល់​បច្ចុប្បន្ន​។

យោង​តាម​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​សមាជិក​ព្រឹទ្ធសភា​អាមេរិក​លោក Doug Ericksen និង​តំណាងរាស្ត្រ​អាមេរិក​លោក Vincent Buys ព្រម​ទាំង​ចម្លង​ជូន​លោកស្រី Ann Mills-Griffiths ប្រធាន និង​ជា​នាយិកា​ប្រតិបត្តិ​សមាគមជាតិ​នៃ​គ្រួសារ POW/MIA ចុះ​កាលបរិច្ឆេទ​កាលពី​ថ្ងៃទី​ ១២ ខែ​តុលា​នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​សៅរ៍​លោក​ ហ៊ុន សែន បាន​ «​យល់ព្រម​ចាប់ផ្តើម​ឡើង​វិញ​» នូវ​កម្មវិធី​រុករក​អដ្ឋិធាតុ​ឈ្លើយសឹក និង​ទាហាន​អាមេរិក​បាត់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​សង្គ្រាម​វៀតណាម បន្ទាប់ពី​ត្រូវ​បាន​ផ្អាក​តាំងពី​ខែ​កញ្ញា​ឆ្នាំ​ ២០១៧ មក​។

សហរដ្ឋ​អាមេរិក​ចាប់​តាំងពី​ឆ្នាំ​ ២០១៧ មក​បាន​ប្រកាស​ផ្អាក​លែង​ចេញ​ទិដ្ឋាការ​ប្រភេទ B1 និង B2 និង​ប្រភេទ B1/B2 ដល់​មន្ត្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជា​ដែល​មាន​តួនាទី​ចាប់ពី​ថ្នាក់​អគ្គនាយក​រហូត​ដល់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​នេះ​ព្រមទាំង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ​ផង​ដែរ​។ វិធានការ​ទាំងនេះ​គឺជា​ការឆ្លើយតប​ពាក់ព័ន្ធ​នឹង​ការ​ដែល​កម្ពុជា​មិន​ព្រម​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ហើយ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ទឹកដី​អាមេរិក​។

ក្នុង​ករណី​ដោយឡែក​អាមេរិក​ចាប់​តាំងពី​ខែ​ធ្នូ​ឆ្នាំ​ ២០១៧ ​មក​ក៏​បាន​រឹតបន្តឹង​ទិដ្ឋាការ​ប្រឆាំង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​ដែល​ខ្លួន​ចោទ​ថា បាន​ «​ធ្វើ​ឱ្យ​ខូច​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​» បន្ទាប់ពី​អតីត​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​។

លោក ហ៊ុន សែន បាន​ហៅ​កម្មវិធី​រុករក​អដ្ឋិធាតុ​ឈ្លើយសឹក និង​ទាហាន​អាមេរិក​បាត់​ខ្លួន​ក្នុង​សង្គ្រាម​ (POW/MIA) ​ថា​ «​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​អស់​ជាង​ ៣០ ​ឆ្នាំ​មក​ហើយ មុន​ពេល​ត្រូវ​ផ្អាក​បន្ទាប់ពី​កម្ពុជា​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​យ៉ាង​អយុត្តិធម៌​ដោយ​គ្រាន់តែ​បាន​ស្នើសុំ​ឲ្យ​សហរដ្ឋអាមេរិក​ផ្តល់​ការពិចារណា​បន្ថែម​ចំពោះ​ករណី​កម្មវិធី​ធ្វើ​មាតុភូមិ​និវត្តន៍​ខ្មែរ​នៅ​អាមេរិក​ដោយ​ឈរ​លើ​មូលដ្ឋាន​មនុស្សធម៌​ប្រហាក់​ប្រហែល​គ្នា​ដែរ​»​។

លោក​សរសេរ​បន្ត​ថា​៖​ «​ដូច​ដែល​យើង​បាន​ពិភាក្សា​លើក​មុន និង​ឆ្លើយតប​ចំពោះ​សំណើ​របស់​ឯកឧត្តម​ព្រម​ទាំង​សំណើ​របស់​អង្គការ​ពាក់ព័ន្ធ​ដទៃ​ទៀត​របស់​សហរដ្ឋអាមេរិក រដ្ឋាភិបាល​របស់​ខ្ញុំ​ដោយ​ក្នុង​ស្មារតី​មេត្តា​ករុណា​ដូច​កន្លង​មក​យល់ព្រម​ចាប់ផ្តើម​ឡើង​វិញ​នូវ​ប្រតិបត្តិការ​រុករក​អដ្ឋិធាតុ POW/MIA ដ៏សំខាន់​នេះ ទោះបី​ជា​ការរឹតត្បិត​ទិដ្ឋាការ​សហរដ្ឋអាមេរិក​នៅ​មាន​សុពលភាព​ក៏ដោយ​»​។

បន្ថែម​លើ​នេះ​លោក ឥសាន បាន​សរសេរ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម​របស់​លោក​កាលពី​ម្សិលមិញ​ដោយ​ចោទសួរ​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ថា​តើ​ «​នរណា​គោរព​សិទ្ធិមនុស្ស​ជាង​?» ​ដោយ​លើក​ឡើង​ពី​ការសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​លោក​ថា បាន​ឆ្លុះ​បញ្ចាំង​ពី​មនុស្សធម៌ និង​ការគោរព​សិទ្ធិមនុស្ស​។

លោក​សរសេរ​ថា​៖ «​ឥឡូវ​នេះ​ដោយ​ផ្អែក​តាម​សំណូមពរ​របស់​ព្រឹទ្ធសមាជិក​ ស.រ.អា នៅ​រដ្ឋវ៉ាស៊ីនតោន រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ធ្វើ​សម្បទាន​ឲ្យ​មាន​ការប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់​ខ្លួន​ក្នុង​សង្គ្រាម​ឡើងវិញ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​មនុស្សធម៌ និង​សិទ្ធិមនុស្ស ជាពិសេស​ចំពោះ​មនោសញ្ចេតនា​ចំពោះ​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​»​។

លោក​បាន​បន្ត​ថា​៖ «​ចំពោះ​កាយវិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បន្ត​ប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់​ខ្លួន​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ឆ្លុះបញ្ចាំង​ថា​តើ​នរណា​មាន​មនុស្សធម៌ និង​គោរព​សិទ្ធិមនុស្ស​ជាង​?»​។

លោកស្រី Emily Zeeberg អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​ស្ថានទូត​អាមេរិក​នៅ​មិន​ទាន់​ទទួល​បាន​ទំនាក់ទំនង​ផ្លូវការ​ណា​មួយ​នៅ​ឡើយ​ជុំវិញ​បញ្ហា​នេះ​។

លោកស្រី​ថ្លែង​តាមរយៈ​សារ​អេឡិចត្រូនិក​ថា​៖​ «​យើង​បាន​ឃើញ​ការរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បាន​កត់សម្គាល់​ពី​ការសម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុងការ​បន្ត​កិច្ចសហប្រតិបត្តិការ​​មនុស្សធម៌ ស្តីពី​បញ្ហា​ឈ្លើយសឹក និង​យុទ្ធជន​បាត់​ខ្លួន​ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ទំនាក់ទំនង​ជា​ផ្លូវការ​ណា​មួយ​នៅ​ឡើយ​ទេ​»៕