កំពង់ស្ពឺៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ពន្យល់​ជា​សាធារណៈ​បើក​ផ្លូវ​អំពី​នីតិវិធី ដែល​នឹង​អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​បាន​លុះត្រា​ណា​តែ​បុគ្គល​នៅក្នុង​ក្រុម​អតីត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ដាក់​បម្រាម​នយោបាយ​ត្រូវ​តែ​ធ្វើ​សំណើ​ទៅកាន់​នាយករដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជាមុន​សិន ក្រោយ​វិសោធនកម្ម​មាត្រា​នៃ​ច្បាប់​នឹង​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​។

ទន្ទឹម​គ្នា​នេះ​ដែរ​ក្រុម​អ្នក​នយោបាយ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ខ្វែង​គំនិត​គ្នា​ទៅ​លើ​ដំណើរការ​នៃ​ការបើក​ច្រក​ឡើង​វិញ​ដល់​អ្នក​ដែល​ជាប់​បម្រាម​នយោបាយ​។ នេះ​បើ​យោង​តាម​សារ​ដែល​បាន​សរសេរ​ឆ្លើយឆ្លង​គ្នា​តាម​គណនី​បុគ្គល​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ហ្វេសប៊ុក​។

សេចក្ដី​ពន្យល់​របស់​លោក​ ហ៊ុន សែន បាន​ធ្វើ​ជា​សាធារណៈ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ-កម្មការិនី​ជិត​ ២​ ​ម៉ឺន​នាក់​ដែល​មកពី​រោងចក្រ​សហគ្រាស​ចំនួន​ ២៣ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​គឺ​ ១ ​ថ្ងៃ​មុន​ពេល​ដែល​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​គ្រោង​ចូល​រដ្ឋសភា​នៅ​ថ្ងៃ​នេះ​ដើម្បី​ពិភាក្សា​ទៅលើ​ការកែ​មាត្រា​ ៤៥ ​ថ្មី (​ស្ទួន​) ​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​យើង​ធ្វើ​នេះ​គឺ​មិន​សំដៅ​លើ​បក្ស ឬ​ក្រុម​ណា​មួយ​ទេ ធ្វើ​នេះ​គឺ​សំដៅ​លើ​បក្ស​នៅក្នុង​ព្រះរាជាណាចក្រ​​កម្ពុជា ព្រោះ​ថា​នៅក្នុង​ច្បាប់​ស្ដីពី​ពន្ធនាគារ​អនុញ្ញាត​ឲ្យ​នាយករដ្ឋមន្ត្រី​សុំ​លើកលែង​ទោស​ឲ្យ​ទណ្ឌិត​នៅពេល​ណា​ក៏​បាន និង​ទាក់ទង​ជាមួយ​ច្បាប់​អ្នក​ជាប់គុក​គឺ​អនុញ្ញាត​បើក​ផ្លូវ​ឲ្យ​នាយករដ្ឋមន្ត្រី​ធ្វើការ​សុំ​ទៅ​ព្រះមហាក្សត្រ ដើម្បី​សុំ​ព្រះរាជទាន​ទោស​នៅពេល​ណា​ក៏​បាន​ដែរ​»​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ពន្យល់​ថា ប៉ុន្តែ​ច្បាប់​ស្ដីពី​បក្សនយោបាយ​ដែល​បក្ស​នយោបាយ​នោះ​ត្រូវ​បាន​រំលាយ ហើយ​មេដឹកនាំ​របស់​គេ​ត្រូវ​បាន​ហាមឃាត់​ធ្វើ​នយោបាយ (​គឺ​) មិន​មាន​ច្រក​ណាមួយ​បើក​ផ្លូវ​ឲ្យ​នាយករដ្ឋមន្ត្រី​ធ្វើការ​សុំ​លើកលែង​ទេ ព្រោះ​តាម​​ផ្លូវច្បាប់​សាលក្រម​តុលាការ​កំពូល​បិទ​ផ្លូវ​តវ៉ា ដូច្នេះ​មាន​ន័យ​ថា​អត់​មាន​ច្រកចេញ​តែ​ម្ដង បើ​ចង់​ឲ្យ​កាត់​ឡើង​វិញ​គឺ​វា​ផ្ទុយ​នឹង​សាលក្រម ឬ​សាលដីកា​តុលាការ​កំពូល​ដែល​គេ​ចេញ​ហើយ​គឺ​បិទ​ផ្លូវ​តវ៉ា​តែម្ដង អ៊ីចឹង​គឺ​អត់​សើរើ​រឿង​ក្ដី​បាន​ទេ​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​ដូច្នេះ​ជម្រើស​ដែល​នៅ​សល់​បន្ទាប់ពី​ការសិក្សា​គ្នា​រួច​មក​គឺ នៅ​មាន​ជម្រើស​ពាក់ព័ន្ធ​តែ​ជាមួយ​នឹង​បើក​ច្រក​ឲ្យ​នាយករដ្ឋមន្ត្រី ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​លើក​បម្រាម ហាមឃាត់​ការធ្វើ​នយោបាយ​ឲ្យ​អ្នក​នយោបាយ​ឡើង​វិញ​។ ខ្ញុំ​គ្រាន់​តែ​បញ្ជាក់​ថា នេះ​មិនមែន​សំដៅ​ទៅ​លើ​ក្រុម​ណា​មួយ​នោះ​ទេ​គឺ​សំដៅ​សម្រាប់​រៀបចំ​ដំណើរ​ជីវិត​នយោបាយ​នៃ​បណ្ដា​បក្ស​នយោបាយ​ទៅ​អនាគត តែ​ក្នុង​នោះ​វា​អាច​ដោយ​ទាំង​មនុស្ស​មួយ​ចំនួន​ដែល​ត្រូវ​បាន​ច្បាប់​ដែល​ត្រូវ​បាន​តុលាការ​កាត់​រួច រំលាយ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​នៅពេល​នេះ​ដែរ​»​។

តុលាការ​កំពូល​កាលពី​ចុង​ឆ្នាំ​ ២០១៧ បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចាប់​ឃុំ​ខ្លួន​អតីត​ប្រធាន​គណបក្ស​នេះ​គឺ​លោក កឹម សុខា ដោយ​ជាប់​ចោទ​អំពើ​ក្បត់ជាតិ​រួម​ទាំង​អ្នក​នយោបាយ​នៃ​គណបក្ស​នេះ​ចំនួន​ ១១៨ ​នាក់​ត្រូវ​បាន​ជាប់​បម្រាម​នយោបាយ​រយៈពេល​ ៥ ​ឆ្នាំ​។

លោក​ ហ៊ុន សែន ថ្លែង​ថា​អ្នក​ដែល​ជាប់​បម្រាម​ត្រូវ​ធ្វើ​សំណើ​ជា​លាយលក្ខណ៍អក្សរ​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ផ្ទាល់ ឬ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជាមុន​ទើប​នាយករដ្ឋមន្ត្រី​ធ្វើ​សំណើ​ទូល​ទៅ​ព្រះមហាក្សត្រ​បាន​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​ប្រសិន​បើ​ពួកគេ​មាន​ការ​ស្នើសុំ​មក​នាយករដ្ឋមន្ត្រី ហើយ​នាយករដ្ឋមន្ត្រី​បាន​ពិនិត្យ​ឃើញ​ថា​គេ​មិន​បាន​ប្រឆាំង​នឹង​សាលដីកា​តុលាការ​កំពូល​នោះ​ទេ​។ ត្រូវ​ចាំ​ថា អ្នក​ដែល​ប្រឆាំង​នឹង​សាលដីកា​តុលាការ​កំពូល​មិនមែន​ត្រឹម​តែ​អត់​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ទេ គឺ​ត្រូវ​ជាប់គុក​ឡើង​វិញ​ផង ព្រោះ​កាលណា​ប្រឆាំង​នឹង​សាលដីកា​តុលាការ​កំពូល​ដូចជា​ត្រូវ​ជាប់គុក​ ២ ​ឆ្នាំ​កន្លះ អ៊ីចឹង​ទេ នៅ​ពេល​ច្បាប់​ចូល​ជា​ធរមាន​ក្នុង​ឋានៈ​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី ខ្ញុំ​ត្រៀម​នឹង​ទទួល​យក​នូវ​សំណើ​របស់​សាមីជន​ម្នាក់ៗ​មិនមែន​តំណាង​ឲ្យ​បក្ស​នយោបាយ​ណា​មួយ​មក​ស្នើ​ទេ​»​។

លោក​បាន​ថ្លែង​បន្ត​ទៀត​ថា​៖ «​បុគ្គល​ម្នាក់ៗ​ត្រូវ​ស្នើ​មក​នាយករដ្ឋមន្ត្រី ឬ​ស្នើ​ទៅ​តាមរយៈ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ព្រោះ​ក្នុង​នោះ ដើម្បី​ធ្វើ​សំណើ​ទៅ​ព្រះមហាក្សត្រ​គឺ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដូច្នេះ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ត្រូវ​យល់ដឹង​មិនមែន​ (​ច្បាប់​) ​ចេញ​ព្រឹប​អ្នក​ទាំង​ប៉ុន្មាន​រួច​អស់​នោះ​ទេ​។ ម្នាក់​ម្ដងៗ​ម្នាក់​មាន​ព្រះរាជក្រឹត្យ​មួយ ឬ​ ៤ ទៅ ៥ ម្នាក់​ស្នើ​មក​គឺ​មាន​ព្រះរាជក្រឹត្យ​មួយ ដូច្នេះ​វា​ជា​ឆន្ទានុសិទ្ធិ​របស់​នាយករដ្ឋមន្ត្រី​»​។

លោក​នាយករដ្ឋមន្ត្រី​ក៏​បដិសេធ​ជាថ្មី​ថា​ច្បាប់​នេះ​មិនមែន​សំដៅ​លើ​គណបក្ស ឬ​ក្រុម​ណា​ឡើយ ប៉ុន្តែ​សំដៅ​លើ​ទិដ្ឋភាព​រួម​នៃ​បក្សនយោបាយ​ទាំងអស់​ការបើក​ច្រក​នេះ សម្រាប់​អនាគត​របស់​កម្ពុជា មិនមែន​សម្រាប់​មនុស្ស​ប៉ុន្មាន​នាក់​ដែល​បម្រាម​របស់​គេ​ដល់​ឆ្នាំ​ ២០២២ ឬ ​២០២៣ ទោះបី​មិន​ត្រូវ​បាន​លើកលែង​ក៏​ត្រូវ​របូត​ដែរ ព្រោះ​គេ​ហាម​តែ​ ៥ ​ឆ្នាំ​ប៉ុណ្ណោះ​។

លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «​អ្នក​ខ្លះ​ថា យើង​ជិត​រួច​ហើយ​ឲ្យ​តែ​ច្បាប់​ចេញ​។ ចាំ​តើ អ្នក​ស៊ីញ៉េ​ (​ចុះ​ហត្ថលេខា​) ​នៅ​ទីនេះ បើ​គ្មាន​ការយល់ព្រម​ពី អ្នក​ស៊ីញ៉េ​ទេ សុំ​ប៉ុន​ណា​ក៏​វា​នៅតែ​អត់​ដែរ​។ គេ​ថា ច្បាប់​អី ចេះ​តែ​ឲ្យ​អំណាច​ទៅ​នាយករដ្ឋមន្ត្រី​ចុះ​បើ​មិន​ឲ្យ​អំណាច​ទៅ​នាយករដ្ឋមន្ត្រី​ឲ្យ​ទៅ​ពី​ណា​? ឲ្យ​ទៅ​ចោរ​យ៉ាងណា ព្រោះ​នាយករដ្ឋមន្ត្រី​អ្នក​កាន់​អំណាច​របប​សភា​គឺ​បែប​នេះ​»​។

ប្រធាន​ស្ដីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP) ​លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អង្គារ​ថា​ក្នុង​ចំណោម​អ្នក​ដែល​ជាប់​បម្រាម​ធ្វើ​នយោបាយ​រយៈពេល​ ៥ ឆ្នាំ​ដែល​ចង់​ទទួល​បាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​វិញ​គឺជា​ជន «​ក្បត់​» ​គណបក្ស​សង្គ្រោះជាតិ​ទៅ​វិញ​ទេ​។

លោក​សរសេរ​ថា​៖ «​យើង​ចាំ​មើល​ថា​ក្នុង​ចំណោម​អតីតមន្ត្រី​អតីត​គណបក្ស​សង្គ្រោះជាតិ​ទាំង​ ១១៨ ​រូប​នោះ តើ​មាន​នរណា​ខ្លះ​ចង់​ទទួល​បាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​វិញ តែ​សុខចិត្ត​ឲ្យ​លោក កឹម សុខា ត្រូវ​បាន​លោក ហ៊ុន សែន ចាប់​ទុក​ឃុំឃាំង​ដដែល ដោយសារ​តែ​ប្រធាន​របស់​យើង នៅតែ​ត្រូវ​បាន​លោក ហ៊ុន សែន ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ​ដដែល​»​។

លោក​បន្ថែម​ថា​៖ «​អ្នក​ដែល​ចង់​តែ​រួចខ្លួន ខ្លួនឯង​ប៉ុណ្ណោះ​ដោយ​មិន​គិតគូរ​ពី​វាសនា​លោក​ប្រធាន កឹម សុខា និង​ពី​វាសនា​គណបក្ស​យើង​...​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​ខ្ញុំ​សូម​សួរ​ទៅ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១៨ ​រូប​ថា តើ​យក​សិទ្ធិ​ធ្វើ​នយោបាយ​មក​ធ្វើ​អ្វី នៅ​ពេល​នេះ​បើ ហ៊ុន សែន មិន​ទាន់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ​ផង​ហើយ ហ៊ុន សែន នៅ​តែ​ចាប់​ឃុំឃាំង​លោក​ប្រធាន កឹម សុខា ជា​ចំណាប់ខ្មាំង​ដដែល​? អ្នក​ដែល​យល់​ព្រម​ទទួល​សិទ្ធិ​ពី ហ៊ុន សែន ដើម្បី​ចូល​ធ្វើ​នយោបាយ​វិញ នៅពេល​នេះ​គឺ​ច្បាស់​ជា​ទៅ​ធ្វើ​នយោបាយ​តាម​អ្វី​ដែល ហ៊ុន សែន ចង់​បាន​គឺ​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ក៏​បង្កើត​គណបក្ស​ថ្មី ដើម្បី​គ្រាន់​តែ​ជា​ឡប់ឡែ​តាម​បំណង ហ៊ុន សែន​»​។

ទោះបី​ជា​យ៉ាងណា​ក៏ដោយ​ក្រុម​អ្នក​ដែល​មាន​ទំនោរ​ទៅ​រក​លោក​ កឹម សុខា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​អាកប្បកិរិយា​​ក្រអឺតក្រទម និង​បំពាន​ម្ដង​ហើយ​ម្ដង​ទៀត​របស់​លោក​ សម រង្ស៊ី មក​លើ​គណបក្ស និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។ លើស​ពី​នោះ​លោក សម រង្សី គឺ​គ្មាន​តម្លៃ​តំណាង​ផ្លូវ​ច្បាប់​របស់​គណបក្ស​ឡើយ ព្រោះ​បាន​លាលែង​ពី​ប្រធាន​គណបក្ស​ និង​លះបង់​សមាជិកភាព​ថែម​ទៀត​ផង​។ ដូច្នេះ​ការវិល​ត្រឡប់​មក​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​គឺ​គ្មាន​ការទទួល​ស្គាល់​ និង​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ឡើយ​។

សេចក្ដី​ថ្លែងការណ៍​នេះ​មាន​ខ្លឹមសារ​ថា​៖ «​នេះ​គឺជា​ទង្វើ​ដ៏អសីលធម៌ និង​គ្មាន​គុណធម៌​របស់ (​ឯកឧត្តម​) សម រង្ស៊ី ក្រោយពី​ខ្លួន​បាន​ធ្វើ​បក្ស​ប្រហារ និង​ប្រកាស​ខ្លួនឯង​ថា​ជា​ប្រធាន​ស្ដីទី​ខ្យល់​នៃ​គណបក្ស​សង្គ្រោះជាតិ​តាមរយៈ​សន្និសីទ​ខុស​លក្ខន្តិកៈ​បក្ស​កាលពី​ដើម​ខែ​ធ្នូ​រួច​មក​។ គណបក្ស​សង្គ្រោះជាតិ សូម​ថ្កោលទោស​ចំពោះ​សម្តី​ញុះញង់ និង​បង្ក​បញ្ហា​របស់​ឯកឧត្តម​ សម រង្ស៊ី ដែល​បាន​ហៅ​អ្នក​ដែល​នឹង​ទទួល​បាន​ការលើកលែង​ចំពោះ​ការហាមឃាត់​ការធ្វើ​នយោបាយ​ថា​ជា​ជន​ក្បត់​បក្ស​»​។

សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​ឲ្យ​ដឹង​ថា​៖ «​នេះ​បង្ហាញ​កាន់តែ​ច្បាស់​ថា​ឯកឧត្តម សម រង្ស៊ី​កំពុង​តែ​ប្រមាថ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ប៉ុនប៉ង​ទប់ស្កាត់​មិន​ឲ្យ​មាន​ការលើកលែង​ការហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ថ្នាក់ដឹកនាំ​ទាំង​ ១១៨ (​នាក់​) ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដូចជា​ការដោះលែង​លោក​ប្រធាន កឹម សុខា ពី​ការឃុំ​ខ្លួន ព្រោះ​ខ្លាច​ថា​ខ្លួន​គ្មាន​ឱកាស​ធ្វើ​ជា​ប្រធាន​ស្ដីទី​បក្ស​សង្គ្រោះ​ជាតិ​ខ្យល់​បន្ត​ទៀត​។ នេះ​ជា​កលល្បិច​ដ៏ស្មោកគ្រោក​បំផុត​»៕